មាននិទានមួយថា : មានសត្វឥន្ទ្រីមួយនៅលើកោះ កណ្ដាលសមុទ្រ ហើយមានក្រពើមួយធ្វើរូងនៅលើកោះនោះផង ។ សត្វឥន្ទ្រីនោះតែងទៅឆាបដំរីអំពីត្រើយសមុទ្រយកមកឆី នៅខាងរូងក្រពើជាប្រក្រតី ។ ថ្ងៃមួយ ក្រពើមើលយល់ឥន្ទ្រីពាំដំរីនិងឆីហើយ ក្រពើនោះគិតគ្នាន់ក្នុងចិត្តថា “ អញនឹងដណ្ដើមសាច់ដំរីអំពីឥន្ទ្រីឆី ។ លុះឥន្ទ្រីពាំដំរីមកដាក់ដល់ឋានដែលធ្លាប់តែបរិភោគរៀងរាល់ថ្ងៃនោះ ក្រពើនោះវាចេញអំពីរូងឡើងទៅរកឥន្ទ្រីហើយសួរថា “ ម្នាលឥន្ទ្រី ! ម្ដេចក៏ព្រះស្ដែងមកលួចសាច់ដំរីជាអាហារអញ ? ” ។ ឥន្ទ្រីឆ្លើយថា “ ដំរីនេះអញឆាបយកមកអំពីត្រើយសមុទ្រជាប្រាកដទើបតែអម្បាញ់មិញនេះឯង ម្ដេចក៏ព្រះស្ដែងថាអញលួចអាហារព្រះស្ដែង ? ” ។ ក្រពើនិងឥន្ទ្រីវិវាទគ្នា ប្រាថ្នាចង់បានសាច់ដំរីទៅវិញទៅមក ពុំដាច់ស្រេចឡើយ ទើបនាំគ្នាទៅប្ដឹងពោធិសត្វជាតាបសនៅទីនោះ ។ ក្រពើនិងឥន្ទ្រីប្ដឹងដោយដំណើរទីទៃ ៗ ។ ក្រពើថា “ ខ្ញុំខាំដំរីនឹងឆីនៅរូងខាងរូងលំនៅខ្ញុំ ឥន្ទ្រីនេះមកដណ្ដើមសាច់ដំរី នឹងយកឆីជាអាហារវា ” ។ ឥន្ទ្រីថា “ ដំរីនេះខ្ញុំឆាបអំពីត្រើយសមុទ្រជាប្រាកដ ទើបតែមកដល់ ខ្ញុំគិតនឹងឆី ស្រាប់តែក្រពើនេះវាវារឡើងអំពីរូង ទៅថា “ ខ្ញុំលួចចំណីអាហារវា ” ទាំងនេះសូមព្រះអង្គពិចារណាឲ្យខ្ញុំហោង ” ។ ទើបតាបសមកមើលដល់ទីកន្លែងដំរីឃើញតែស្នាមក្រចកឥន្ទ្រី ពុំឃើញចង្កូមក្រពើនោះឡើយ ព្រះអង្គយកក្រចកឥន្ទ្រីមកផ្ទាប់មើលយល់ថាមែន ។ តាបសថា “ឥន្ទ្រីនេះយល់ជាមានសាក្សីមែនពិត ឯក្រពើឥតសាក្សីអ្វីឡើយ” ទើបកាត់សេចក្ដីនោះឲ្យក្រពើចាញ់ឥន្ទ្រី ។ តាបសកាត់សេចក្ដីដូច្នេះ ហៅថាសុគតិគមនំហោង ។
Comments are closed.