សម័យនេះជាសម័យបច្ចេកវិទ្យាកុំព្យូរទ័រ ហើយមនុស្សបានបង្កើតម៉ាស៊ីនកុំព្យូរទ័រជាច្រើនប្រភេទដើម្បីប្រើប្រាស់ មានដូចជា៖ Laptop, Desktop និង Palmtop ជាដើម។ យើងតែងតែស្រលាញ់ និងយកចិត្តទុកដាក់ ថែទាំកុំព្យូទ័រ ទាំងនេះណាស់ ព្រោះអីទិញវាមកអស់ទាំងលុយៗ ហើយវាមានប្រយោជន៍ច្រើនសម្បើមណាស់ ក្នុងការសម្រួលការងារក្នុងអាជីព ការទំនាក់ទំនង ដែលអាចធ្វើឲ្យចំណេញពេលវេលា លុយកាក់ កំលាំងកាយចិត្ត និងបង្កើនប្រសិទ្ធភាពការងារបានយ៉ាងច្រើន។ នៅពេលមានបញ្ហា ដូចជាដើររអាក់រអួល យឺត បាត់បង់ឯកសារ ឬបញ្ហាផ្សេងៗទៀត យើងតែងតែស្វែងរក ពីមូលហេតុ និងជួសជុលកែលម្អភ្លាមៗ។ បើធ្វើខ្លួនងឯង មិនកើត ក៏ស្វែងរកជាងឯកទេសឲ្យជួយធ្វើយ៉ាងណាឲ្យវាមានដំណើរការល្អជាប់ជានិច្ច។
រឯអ្នករៀនខាង Programming ឬជាងជួសជុលវិញ ខិតខំប្រឹងប្រែងសិក្សា ស្វែងយល់នូវប្រព័ន្ធដំណើរការរបស់វា ពិសោធន៍ តាមដានសង្កេតយ៉ាងខ្លាំងក្លា។ បញ្ហាជាទូទៅ ដែលតែងតែកើតមាន ចំពោះកុំព្យូទ័រ គឺបណ្ដាលមកពីកម្មវិធីខាងក្នុងចាស់ពេក ការបញ្ចូលកម្មវិធីមិនបានពេញលេញ ឬមេរោគ ដែលចូលមកបំផ្លាញយារយី។ ដូចនេះហើយទើបមានការបង្កើតកម្មវិធីកំចាត់មេរោគ ជាច្រើនប្រភេទដើម្បីបោសសម្អាតលាងជំរះចេញដើម្បីឲ្យកុំព្យូទ័រមានសុខភាពល្អ។ តែយើងភាគច្រើនបានផ្លេចពីកុំព្យូទ័រធម្មជាតិ ដែលចាប្រភពដើម ជាមូលដ្ឋាន បង្កើតកុំព្យូទ័រទាំងអំបាលមាណខាងលើ។ កុំព្យូទ័រប្រភេទនេះ យើងមានមួយគ្រឿងម្នាក់ៗរួចជាស្រេចដាក់នៅលើករបស់យើង។ វាគឺ NECKTOP ជាម៉ាស៊ីនសាច់ឈាម ដែលមានកម្មវិធីយ៉ាងសម្បូរបែប មានអង្គចងចាំធំបំផុតគ្មានដែនកំណត់ តែក៏មានៅភាពស្មុគស្មាញបំផុតដែរ។ មានមេរោគជាច្រើនរាប់មិនអស់ បានចូលមកសំងំ និងបំផ្លាញកម្មវិធីទាំងឡាយ នៅកុំព្យូទ័រនេះ តាំងពីយើងចាប់កំណើតមកម្ល៉េះ ដែលធ្វើឲ្យវាមានប្រសិទ្ធភាពទាប ជួនកាលធ្វើឲ្យគាំងជាប់តែម្ដងក៏មាន។
មេរោគទាំងនេះមានដូចជា៖ ការផ័យខ្លាច អស់សង្ឃឹម អាត្មានិយម លោភលន់ ការបន្ទោសលើអ្នកដទៃ ជាដើម ដែលបានឆ្លងតាមរយៈឪពុកម្ដាយ មនុស្សជុំវិញខ្លួន និងបរិយាកាសសង្គម (ប្រព័ន្ធផ្សព្វផ្សាយ ព្រឹត្តិការណ៍នានា….)។ ហើយយើងក៏បានចម្លងមេរោគទាំងអស់នេះ ទៅកាន់ NECKTOP របស់អ្នកដទៃដោយមិនដឹងខ្លួនបន្តទៀត។ ដូចនេះមុនពេលយក USB របស់ខ្លួនទៅដោតជាមួយនឹង NECKTOP របស់គេ ឬយករបស់គេមកដោតជាមួយ NECKTOP របស់យើងគួរប្រយ័ត្នមែនទែន ព្រោះអាចចម្លងបេរោគឲ្យគ្នាទៅវិញទៅមកបាន។
Comments are closed.