មាននិទានមួយដំណាលថា : មានបុរស ២ នាក់ជាក្លើនឹងគ្នា ។ ថ្ងៃមួយ ក្លើម្នាក់បានទៅខ្ចីគោក្លើម្នាក់ ដើម្បីទឹមរទេះទៅលក់ទំនិញ ។ ក្នុងវេលាដែលខ្ចីគោម្ចាស់គោនោះជួបជុំគ្នាទាំងប្ដីប្រពន្ធ ។ លុះក្លើខ្ចីគោទឹមបរទៅលក់ទំនិញរួចហើយ បាននាំគោទៅជូនក្លើវិញ តែពុំឃើញក្លើ ឃើញតែម្រាក់១ ក៏ជូនគោទៅម្រាក់ ៗ ទទួលយកគោនោះហើយ ។ ក្រោយពីនោះ គោនោះងាប់ទៅ ។ លុះក្លើម្ចាស់គោត្រលប់មកដល់ផ្ទះវិញ ឃើញគោនោះងាប់ ក៏នឹកខឹង ហើយទៅប្រាប់ឲ្យក្លើដែលខ្ចីគោសងគោនោះវិញ ។ ឯក្លើខ្ចីគោឆ្លើយថា “ កាលអញយកគោទៅសង ពុំឃើញក្លើឯងឃើញតែម្រាក់ ៗ ទទួលយកគោនោះជ្រះស្រឡះហើយឥតតវ៉ាអ្វីទេ ម្ដេចក៏ក្លើបង្គាប់អញឲ្យសងគោទៀត ” ។ ក្លើម្ចាស់គោថា “ ម្ដេចក៏ក្លើមិនរងចាំអញមកដល់ផ្ទះសិន ហើយម្ដេចក៏ជូនគោទៅប្រពន្ធអញវិញ ដូច្នេះ ត្រូវតែក្លើសងគោអញខានមិនបានទេ” ។ ក្លើខ្ចីគោឆ្លើយថា “អញបានយកគោទៅជូនម្រាក់ជាជ្រះស្រឡះហើយ បើក្លើបង្ខំអញឲ្យសងទៀតចាំអញទៅទៅសូមព្រះរាជទ្រព្យឲ្យបានសិនទើបសង” ។ បុរសទាំង ២ នាក់ពុំសុខចិត្តតែរៀងខ្លួន ក៏បណ្ដើរគ្នាទៅប្ដឹងចៅក្រម លុះដើរបន្តិចទៅ ត្រូវថ្ងៃក្ដៅណាស់ ក៏នាំគ្នាចូលទៅជ្រកម្លប់ឈើមួយ ។ គាប់ចួនវេលានោះ មានបុរសជាម្ចាស់នឹងខ្ញុំបណ្ដើរគ្នាមកដល់ដែរ ខ្ញុំដឹកសេះដើរមុន ម្ចាស់សេះដើរពីក្រោយឆ្ងាយ ។ ចៅដឹកសេះបានចួបនឹងបុរស ២ នាក់ដែលកើតក្ដីនឹងគ្នា អង្គុយក្រោមម្លប់ឈើនោះ ក៏និយាយថា “ចូរចៅដេញសេះឲ្យផង” ។ បុរសនោះដេញហើយ សេះនៅតែមិនព្រមដើរ ក៏និយាយថា “ ចៅអើយ ! សេះឯងមិនព្រមដើរទេ ” ។ ទើបចៅដឹកសេះនោះថា “ ចូរចៅចោលវាឲ្យផង ” ។ បុរសកើតក្ដីថា “ អញមិនហ៊ានចោលទេខ្លាចបាក់ជើងសេះចៅឯង ” ។ ចៅដឹកសេះថា “ចោលចុះមិនអីទេ ” ។ បុរសខ្ចីគោគេក៏ចោលទៅ ត្រូវជើងសេះនោះបាក់ ។ ចៅម្ចាស់សេះដើរមកទាន់ ក៏សួរថា “ហេតុអ្វីបានជាចៅចោលសេះអញឲ្យបាក់ជើង ? ដូច្នេះត្រូវសងសេះអញវិញ ” ។ បុរសខ្ចីគោឆ្លើយថា “ ចាំអញទៅសូមព្រះរាជទានព្រះរាជទ្រព្យបានសិន សឹមអញសងចៅ ” ហើយក៏នាំគ្នាទៅដល់ផ្ទះ របស់បុរសជាក្លើនឹងបុរសដែលខ្ចីគោនោះ,បុរសខ្ចីគោគេ ក៏ដើរចូលទៅក្នុងផ្ទះក្លើនោះ តែមិនបានឃើញក្លើ ឃើញតែប្រពន្ធ ៗនោះមានផ្ទៃពោះជាង ៧ ខែ ហើយបុរសខ្ចីគោគេនោះនិយាយសុំទឹកគេថា “ម្រាក់អើយ ! អញសុំទឹកផឹកផង” ។ នាងនោះក៏ទៅសិតទឹករួចក៏ចុះជណ្ដើរមក នឹងហុចទឹកឲ្យ ស្រាប់តែកាំជណ្ដើរបាក់ធ្លាក់ដល់ដី រលូតកូនទៅ ។ ឯប្ដីមកដល់ឃើញ ហើយនិយាយថា “ហេតុអ្វីក៏ក្លើប្រើប្រពន្ធអញឲ្យសិតទឹកផឹក ទាល់តែធ្លាក់ពីលើជណ្ដើររលូតកូន ដូច្នេះក្លើឯងត្រូវសងកូនអញ” ។ បុរសខ្ចីគោឆ្លើយថា “ ចាំអញទៅសូមព្រះរាជទានព្រះរាជទ្រព្យសិន សឹមអញសង ចៅឯងវិញ” ហើយក៏កោះគ្នាបណ្ដើរទៅ ទៅដល់ទី ១ មានដើមឈើច្រើន បុរសខ្ចីគោនិយាយថា “ ចូរអ្នករងចាំអញទៅជុះមួយរំពេចសិន” ហើយគេចទៅឡើងដើមឈើ ១ ដើមនឹកក្នាញ់ថា “ខ្លួននេះអភ័ព្វណាស់នឹងលោតទម្លាក់សម្លាប់ខ្លួនចោលទៅ ល្អជាងនៅរស់” ។ ជួនជានៅខាងក្រោមដើមឈើនោះ មានបុរស ២នាក់ ឪពុកនិងកូនកំពុងត្បាញកន្ទេល។ បុរសនោះលោតទៅ ក៏ធ្លាក់ទៅលើឪពុកដែលកំពុងត្បាញកន្ទេលនោះស្លាប់ទៅ ឯខ្លួនអ្នកលោតមិនស្លាប់ទេ ។ បុរសជាកូនឃើញឪពុកស្លាប់ ក៏ខឹងខ្លាំងណាស់និយាយថា “ត្រូវចៅឯងសងឪពុកអញវិញ” ។ បុរសលោតពីចុងឈើឆ្លើយថា “ បើចៅឲ្យអញសងឪពុកឯងអញក៏សងដែរ តែចាំអញទៅសូមព្រះរាជទានព្រះរាជទ្រព្យបានសិន” ។ បុរសទាំង ៥ នាក់ជាគូវិវាទគ្នា ក៏បណ្ដើរគ្នាទៅរកចៅក្រម ហើយប្ដឹងដោយនូវដំណើរទីទៃ ៗ ពីគ្នា ។
ឯចៅក្រមជំនុំជម្រះកាត់សេចក្ដីថា “ ត្រូវឲ្យបុរសខ្ចីគោគេនោះសងគោគេវិញ, ត្រូវឲ្យបុរសខ្ចីគោ ដែលចោលបាក់ជើងសេះគេនោះសងសេះគេវិញ ត្រូវឲ្យបុរសខ្ចីគោដែលប្រើប្រពន្ធគេឲ្យសិតទឹកឲ្យផឹកជាហេតុឲ្យរលូតកូនគេនោះសងកូនគេវិញ ត្រូវឲ្យបុរសខ្ចីគោដែលលោតសម្លាប់ខ្លួន ជាហេតុឲ្យស្លាប់ឪពុកគេនោះ សងឪពុកគេវិញ ” ។
បុរសខ្ចីគោ ដែលជាប់ចោទទាំង ៤ រឿងនោះ ពុំសុខចិត្តក៏នាំគ្នា ឡើងទៅគាល់ព្រះមហាក្សត្រ ក្រាបបង្គំទូលសូមព្រះរាជទ្រព្យ ។ ព្រះមហាក្សត្រមានព្រះបន្ទូលដណ្ដឹងថា “ហេតុអ្វីក៏ព្រះស្ដែងមកសូមប្រាក់អញដូច្នេះ ?” ។ បុរសខ្ចីគោក្រាបបង្គំទូលថា “ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះបាទអម្ចាស់ បានខ្ចីគោក្លើនេះ ទឹមបរដឹកនាំទំនិញទៅលក់ រួចនាំយកគោនោះទៅជូនវិញ តែពេលនោះជួបតែនឹងម្រាក់ ពុំជួបនឹងក្លើ បានប្រគល់គោនោះទៅឲ្យម្រាក់ ៗ ក៏ទទួលគោនោះជ្រះស្រឡះហើយ ៗ វិលមកផ្ទះវិញ ” ។ ក្រោយមក ក្លើនេះមកប្រាប់ខ្ញុំព្រះបាទអម្ចាស់ថា “ គោនោះងាប់ទៅហើយ ៗ បន្ទោសខ្ញុំព្រះបាទអម្ចាស់ថា “ វេលាក្លើទៅសងគោវិញ ម្ដេចក៏មិនរងចាំអញសិន ហើយម្ដេចក៏ទៅជាយកគោទៅជូនប្រពន្ធអញវិញ មិនជូនអញ? ដូច្នេះត្រូវក្លើឯងសងគោអញ សូមទ្រង់ជ្រាបដំណើរក្ដីរបស់ខ្ញុំព្រះបាទអម្ចាស់ ដូចក្រាបបង្គំទូលនេះ” ។ ព្រះមហាក្សត្រទ្រង់ត្រាស់ដណ្ដឹងទៅបុរសជាម្ចាស់គោថា “ ដំណើរក្ដីនេះ ដូច្នេះមែនឬពុំមែនទេ?” ។ បុរសម្ចាស់គោក្រាបបង្គំទូលថា “ សូមទ្រង់ព្រះមេត្តាប្រោស ដូច្នេះមែន ” ។ ទើបព្រះអង្គត្រាស់សួរទៀតថា “តើព្រះស្ដែងនឹងឲ្យគេសងទៀតឬអ្វី ?” ។ ម្ចាស់គោក្រាបបង្គំទូលថា “ខ្ញុំព្រះបាទអម្ចាស់ឲ្យសង ” ។ ទើបព្រះអង្គត្រាស់ថា “បើព្រះស្ដែងឲ្យគេសងគោ ត្រូវព្រះស្ដែងឲ្យប្រពន្ធទៅក្លើព្រះស្ដែង ទើបព្រះស្ដែងបានគោ ត្បិតប្រពន្ធព្រះស្ដែងទទួលយកគោពីគេជ្រះស្រឡះហើយ តើឥឡូវនេះព្រះស្ដែងសុខចិត្តឲ្យប្រពន្ធទៅក្លើព្រះស្ដែងឬទេ?” ។ បុរសនោះក្រាបបង្គំទូលថា “ សូមទ្រង់ព្រះមេត្តាប្រោស, ខ្ញុំព្រះបាទអម្ចាស់ពុំព្រមឲ្យប្រពន្ធទៅក្លើនេះទេ ” ។ ព្រះអង្គមានព្រះបន្ទូលថា “បើព្រះស្ដែងមិនព្រមឲ្យប្រពន្ធទៅគេទេ ព្រះស្ដែងក៏មិនត្រូវបានសំណងគោនោះដែរ ព្រោះប្រពន្ធព្រះស្ដែងទទួលយកគោនោះជ្រះស្រឡះហើយ ម្ដេចក៏ព្រះស្ដែងមកទារសំណងពីគេទៀត ? ” ។
ព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យក្ដីរឿងគោរួចហើយ ទ្រង់ដណ្ដឹងសួររឿងសេះតទៅទៀត ។ ឯបុរសខ្ចីគោជាដើមហេតុដែលចោលសេះគេឲ្យបាក់ជើងនោះ ក្រាបបង្គំទូលថា “ សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះបាទអម្ចាស់ឈប់នៅក្រោមម្លប់ឈើ ១ គាប់ជួនជាបុរសនេះ ដឹកសេះមកដល់ទីនោះដែរ បានប្រើខ្ញុំព្រះបាទអម្ចាស់ឲ្យដេញសេះ ៗមិនព្រមដើរ ក៏បង្គាប់ខ្ញុំព្រះបាទអម្ចាស់ឲ្យចោល ខ្ញុំព្រះបាទអម្ចាស់ប្រកែកថា “មិនហ៊ានចោលទេ ក្រែងបាក់ជើងសេះ” បុរសដឹកសេះថា “ ចោលទៅចុះ ”ខ្ញុំព្រះបាទអម្ចាស់ក៏ចោលទៅត្រូវជើងសេះបាក់” ។ ទើបព្រះអង្គមានព្រះបន្ទូលនឹងអ្នកដឹកសេះថា “ដំណើរក្ដីនេះ ដូច្នេះមែនឬដូចម្ដេច?” ។ បុរសនោះក្រាបបង្គំទូលថា “ពិតដូច្នោះមែន” ព្រះអង្គត្រាស់ថា “បើព្រះស្ដែងឲ្យគេសងសេះ ត្រូវព្រះស្ដែងប្រគល់ខ្ញុំព្រះស្ដែងឲ្យទៅគេ ព្រោះខ្ញុំព្រះស្ដែងប្រើគេឲ្យចោល ទាល់តែសេះព្រះស្ដែងនេះបាក់ជើង ព្រះស្ដែងព្រមឬមិនព្រម ? ” ។ បុរសម្ចាស់សេះនោះក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់ពុំព្រមទេ ត្បិតមានខ្ញុំតែម្នាក់” ។ ព្រះអង្គត្រាស់ថា “ បើដូច្នោះមិនត្រូវឲ្យគេសងសេះព្រះស្ដែងដែរ ព្រោះព្រះស្ដែងមិនព្រមឲ្យខ្ញុំទៅគេ ” ។ ព្រះមហាក្សត្រទ្រង់កាត់ក្ដីរឿងសេះហើយ ទ្រង់សួររឿងស្រីរលូតកូនតទៅទៀត ។ បុរសខ្ចីគោគេក្រាបបង្គំទូលថា “ កាលដែលខ្ញុំព្រះបាទអម្ចាស់ដើរមកតាមផ្លូវនោះ ស្រេកទឹកខ្លាំងណាស់ បានចូលទៅសូមទឹកនៅផ្ទះក្លើនេះ ជួនជាថ្ងៃនោះ ក្លើមិននៅៗ តែម្រាក់ ៗ ចុះជណ្ដើរទៅសិតទឹកបាក់កាំជណ្ដើរធ្លាក់ទៅដី រលូតកូនទៅ លុះក្លើមកដល់យល់ម្រាក់រលូតកូនដូច្នោះ ក៏ខឹងខ្លាំងណាស់ បង្គាប់ឲ្យខ្ញុំព្រះបាទអម្ចាស់ សងកូន” ។ ទើបព្រះអង្គត្រាស់សួរទៅប្ដីនោះថា “ដំណើរក្ដីនេះតើពិតដូច្នេះ ឬពុំមែនទេ ?” ។ បុរសប្ដីក្រាបបង្គំទូលថា “ពិតដូច្នោះមែន” ។ ព្រះអង្គត្រាស់សួរថា “ ព្រះស្ដែងនឹងឲ្យគេសងកូននោះឬអ្វី?” សូមទ្រង់ព្រះមេត្តាប្រោស ខ្ញុំព្រះបាទអម្ចាស់សុំឲ្យក្លើសងកូននោះវិញ ។ “ប្រពន្ធព្រះស្ដែងផើមបានប៉ុន្មានខែហើយ?” ។ “សូមទ្រង់ព្រះមេត្តាប្រោស ផើមបាន ៧ ខែហើយ” ព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យថា “បើព្រះស្ដែងឲ្យគេសងកូននោះ ត្រូវព្រះស្ដែង ឲ្យប្រពន្ធព្រះស្ដែង ទៅធ្វើជាប្រពន្ធគេទុកឲ្យផើមបាន ៧ខែសិន សឹមព្រះស្ដែងយកមកធ្វើជាប្រពន្ធព្រះស្ដែងវិញចុះ តើព្រះស្ដែងព្រមឲ្យ ឬទេ ?” បុរសប្ដីក្រាបបង្គំទូលថា “ ខ្ញុំព្រះបាទអម្ចាស់មិនព្រមឲ្យទេ” ។ ព្រះមហាក្សត្រទ្រង់ត្រាស់ថា បើព្រះស្ដែងមិនព្រមឲ្យប្រពន្ធទៅគេ ចុះឲ្យគេយកកូនពីណាមកសងព្រះស្ដែងវិញបាន ? ” ។
ព្រះមហាក្សត្រសួរដំណើរក្ដី រឿងស្លាប់ឪពុកតទៅទៀត ។ បុរសខ្ចីគោក្រាបបង្គំទូលថា “ ដើមឡើយខ្ញុំព្រះបាទអម្ចាស់លាអ្នកដើមចោទទាំង ៣ នាក់ថា “សូមទៅបត់ជើងមួយរំពេចសិន លុះចូលទៅក្នុងព្រៃយល់ដើមឈើមួយធំ ដោយនឹកអន់ចិត្តនឹងភ័ព្វសំណាងរបស់ខ្លួនខ្លាំងពេក ក៏ឡើងទៅលើចុងឈើនោះប្រុងនឹងលោតទៅសម្លាប់ខ្លួនបង់ ដល់លោតចុះមក ស្រាប់តែត្រូវលើឪពុកបុរសនេះស្លាប់ទៅ ឯខ្ញុំព្រះបាទអម្ចាស់ពុំស្លាប់, វេលាលោតចុះមក ខ្ញុំព្រះបាទអម្ចាស់ពុំបានឃើញបុរសឪពុកនឹងកូន នៅខាងក្រោមដើមឈើនោះទេ បុរសជាកូនឃើញឪពុកស្លាប់ ក៏ប្រចាប់ខ្ញុំព្រះបាទអម្ចាស់ថា “ត្រូវសងឪពុកគេវិញ” ដំណើរក្ដីនេះប៉ុណ្ណេះ សូមទ្រង់ជ្រាបក្រោមល្អងធូលីព្រះបាទ” ។ ទើបព្រះមហាក្សត្រត្រាស់សួរទៅបុរសជាកូននោះថា “ តើព្រះស្ដែងនឹងឲ្យគេសងឪពុកព្រះស្ដែងវិញឬអ្វី ?” ។ បុរសជាកូននោះ ក្រាបបង្គំទូលថា “សូមទ្រង់ព្រះមេត្តាប្រោស, សូមឲ្យគេសងឪពុកខ្ញុំព្រះបាទអម្ចាស់វិញ” ។ “បើដូច្នេះ មានតែព្រះស្ដែងឲ្យម្ដាយព្រះស្ដែងទៅធ្វើប្រពន្ធគេ ដើម្បីឲ្យគេបានជាឪពុករបស់ព្រះស្ដែង ជំនួសឪពុកដែលស្លាប់ទៅតើព្រះស្ដែងព្រមទេ ?” ។ “ខ្ញុំព្រះបាទអម្ចាស់នឹងឲ្យម្ដាយទៅធ្វើជាប្រពន្ធបុរសនេះ ដូចម្ដេចបាន បើម្ដាយខ្ញុំព្រះបាទអម្ចាស់វេលានេះ កំពុងកើតទុក្ខធ្ងន់ផង ខ្ញុំព្រះបាទអម្ចាស់ពុំព្រមទេ ” ។ ព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យថា “ បើព្រះស្ដែងពុំព្រម តើនឹងឲ្យគេយកឪពុកពីណា មកជំនួសឪពុកព្រះស្ដែងបាន បើឪពុកព្រះស្ដែង ស្លាប់ទៅហើយ ដោយផលកម្មរបស់គាត់ នឹងបន្ទោសនរណា ” ។
ព្រះមហាក្សត្រទ្រង់ព្រះរាជវិនិច្ឆ័យក្ដីទាំង ៤ រឿង ដោយប្រការដូច្នេះហើយ បុរសទាំង ៥ នាក់ ដែលកើតក្ដីនឹងគ្នា ក៏ចូលចិត្តស្ដាប់បានលែងចោទប្រកាន់គ្នា ហើយក្រាបថ្វាយបង្គំលា ទៅកាន់លំនៅអាត្មាទីទៃ ៗ រៀងខ្លួនហោង ។
Comments are closed.