នៅក្នុងឃុំរាក់ជ័យ ស្រុកបាភ្នំ ខែត្រព្រៃវែង មានភូមិមួយដែលនៅខាងលិចគោកសណ្ដែក ចម្ងាយប្រមាណ ៣ គ.ម. គេហៅភូមិនេះថា “កំពង់ខ្សាច់ស” ។ កាលពីដើម កំពង់ខ្សាច់ស ជាទីប្រជុំជននៃសាលាស្រុកបាភ្នំ ។ ដោយទឹកជនលិចជាញឹកញយពេក រាជការក៏រើសាលាស្រុកអំពីកំពង់ខ្សាច់ស ទៅដាក់នៅសង្កាត់ឈើកាច់វិញ ។ កំពង់ខ្សាច់ស ស្ថិតនៅជាប់នឹងមាត់បឹងដ៏ធំមួយ ដែលមានទឹកខួបប្រាំងខួបវស្សា ព្រមទាំងសម្បូណ៌ដោយមច្ឆជាតិផង ។ នៅខែវស្សា បឹងខ្សាច់ស មានទឹកល្ហល្ហាចប្រៀបបាននឹងបឹងទន្លេសាប នារដូវប្រាំង, ប៉ុន្តែ នៅរដូវប្រាំង បឹងនេះ រួមមកនៅតូចវិញ ។
មុនឆ្នាំ ១៩៥០, កំពុងខ្សាច់ស ជាផ្សារមួយយ៉ាងធំមធ្យម ប្រកបសោយសេចក្ដីសុខសប្បាយរុងរឿង ប៉ុន្តែដោយស្រុកមានអសន្តិសុខ ក្នុងសម័យនោះ អ្នកផ្សារ ក៏នាំគ្នារត់ឡើងទៅនៅឯគោកសណ្ដែកខ្លះ ទៅនៅពាមរក៍ខ្លះអស់ទៅ ។ សព្វថ្ងៃ កំពង់ខ្សាច់ស ក្លាយទៅជាភូមិអ្នកស្រុកធម្មតា ។ បានជាហៅថា “កំពង់ខ្សាច់ស” ដោយមានរឿងព្រេងដែលចាស់ៗ និទានតៗ មកថា ៖ ក្នុងអតីតកាលយូរអង្វែងណាស់មកហើយ ឮថា មានក្រពើឈ្មោល ១ នៅឯភ្នំជើងមីដែងក្នុងស្រុកកូសាំងស៊ីន មានមហិទ្ធិឫទ្ធិខ្លាំងពូកែណាស់ អាចកាឡាខ្លួនជាមនុស្សក៏បាន ជាលោកសង្ឃក៏បាន ។ ថ្ងៃមួយ ក្រពើនេះ បានកាត់មករកប្រខាំគ្នានឹងក្រពើមួយទៀតនៅទន្លេហោះហៀវ ក្នុងសង្កាត់កំពង់ភ្នំ ស្រុកលើកដែក (កណ្ដាល) ។ លុះមកដល់ពាម (បាណាម) ដែលមានទន្លេបែកជាបី ក្រពើនោះរក៍ 2 ទន្លេហោះហៀវមិនឃើញ ។ ត្រង់នេះ គេសន្មតហៅថា “ពាមរក៍” រហូតមកដល់សព្វថ្ងៃ ។ ពេលនោះក្រពើ ក៏បានឃើញទូកតានឹងយាយពីរនាក់ ដែលកំពុងអុំធ្វើដំណើរទៅកំពង់ភ្នំ ក្រពើក៏កាឡាខ្លួនជាភេទលោកនេន សុំដោយសារទូកតានិងយាយនោះទៅ ។ ក្នុងពេលដែលតានិងយាយកំពុងអុំទូក លោកនេន ក៏សួរតាថា : ត្រង់ណាគេហៅថាទន្លេហោះហៀវតា ? តាឆ្លើយថា បន្តិចទៀតដល់ហើយ ។ អើបើដល់ហើយ សូមតាប្រាប់អាត្មាផង ។ មិនអីទេ ចាំខ្ញុំករុណាទូលពុទ្ធដីកា ។
លុះតា និងយាយ អុំទូកដល់ទន្លេហោះហៀវ ក៏ប្រាប់ថា : ត្រង់នេះហើយហៅថា “ទន្លេហោះហៀវលោកចៅ !” ។ កាលដែលបានដឹងថាទន្លេហោះហៀវហើយ លោកនេននោះក៏កាឡាខ្លួនជាក្រពើភ្លាម លោតចុះទៅក្នុងទឹកភ្លុងបានជួបនឹងក្រពើហោះហៀវនោះ ក៏ចាប់ប្រខាំគ្នាយ៉ាងសម្បើមអស្ចារ្យ, ដល់ទីបំផុត ក្រពើនៅភ្នំជើងមីដែង ត្រូវក្រពើទន្លេហោះហៀវខាំដាច់កន្ទុយ និង ខាំត្រូវកន្លែងឯទៀតជាដំណំ ។ ក្រពើត្រូវរបួស ក៏ហែលគេចមកលាក់ខ្លួនពួនអាត្មាក្នុងបឹងមួយ នៅខាងកើតពាមរក៍ ។ លុះដល់មនុស្សគេទៅឃើញក្រពើកំបុតកន្ទុយនៅក្នុងបឹងនោះ ក៏នាំគ្នាសន្មតនាមបឹងនោះហៅថា “បឹងក្រពើកំបុតៗ” រហូតដល់សព្វថ្ងៃ ។ លុះភៀសខ្លួនរួចពីអាសន្នធំហើយ ក្រពើនោះក៏វារលូនទៅទៀត ប្រាថ្នានឹងវិលទៅលំនៅខ្លួនឯភ្នំជើងមីដែងវិញ ដើម្បីនឹងឲ្យបានជួបប្រពន្ធកូន ប៉ុន្តែជាអកុសល លូនមកដល់ខាងកើតបឹងនោះ ដែលសព្វថ្ងៃគេហៅថា “ខ្សាច់ស” ក៏ដាច់ខ្យល់ស្លាប់ទៅ ។ អ្នកស្រុកនាំគ្នាអារយកសាច់ ហើយចម្រាញ់យកខ្លាញ់ ។ ដោយហេតុតែក្រពើនោះ មានឫទ្ធិអំណាច អ្នកស្រុកមិនហ៊ានអាស្រ័យក៏យកទៅចាក់ចោលនៅវាលខ្សាច់ ។ សាច់ក្រពើនោះស ក៏គេសន្មតហៅទីនោះថា “ខ្សាច់ស” ។ ខ្លាញ់ក្រពើដែលចម្រាញ់បាននោះ គេយកទៅចាក់ចោលក្នុងបឹង ១ ធំ ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ហើយគេសន្មតហៅបឹងនោះថា “បឹងចាក់ខ្លាញ់” ទាំងភូមិ និងវត្តនៅក្បែរមាត់បឹងនោះ ក៏ហៅថា “ភូមិចាក់ខ្លាញ់ វត្តចាក់ខ្លាញ់ដែរ” រហូតដល់សព្វថ្ងៃនេះ ។
ចំណែកក្រពើញី, កាលបើបាត់ប្ដីយូរពេក មិនឃើញត្រឡប់ទៅវិញ ក៏លាកូនមកតាមប្ដី ។ លុះមកដល់កណ្ដាលផ្លូវ បានដឹងថាប្ដីស្លាប់ទៅហើយ ក៏ទ្រោមពួនស្លាប់ខ្លួននៅទីនោះទៅ, ខ្មោចក្រពើនោះឯង ក៏ក្លាយទៅជាថ្មដោយអំណាចឫទ្ធិ ។ កន្លែងនោះ អ្នកស្រុកសន្មតហៅថា ថ្មក្រពើទ្រោម រហូតដល់សព្វថ្ងៃ ។ ឯកូនក្រពើទៀតសោត កាលបើបាត់មេបាយូរពេក មិនឃើញត្រឡប់ទៅវិញ ក៏តាមមកទៀត, មកដល់ពាក់កណ្ដាលផ្លូវក៏បានដឹងថា : មេ និងបាខ្លួនស្លាប់អស់ហើយ ក៏ក្រាំងខ្លួនស្លាប់នៅទីនោះទៀតទៅ, ទីក្រាំងខ្លួននោះ ក៏ក្លាយទៅជាថ្មអំណាចឫទ្ធិដែរ ។ ត្រង់នោះ អ្នកស្រុកហៅថាភូមិថ្មក្រាំង ហៅក្លាយមកទៀតថា ភូមិថ្មទ្រាំងនៅតែសព្វថ្ងៃនេះ ។ ចម្ងាយពីថ្មក្រពើទ្រោម ទៅភូមិថ្មទ្រាំងប្រមាណ ១ គ.ម. នៅខាងកើតឆៀងអាគ្នេយ៍ផ្សារគោកសណ្ដែក ក្នុងសង្កាត់រាក់ជ័យ ស្រុកបាភ្នំ ខែត្រព្រៃវែង ។
Comments are closed.