មានបុរសម្នាក់ អ្នកស្រុកគេហៅថា «ចៅអាចម៍សេះ » ព្រោះនៅខ្ញុំសេដ្ឋីគេឲ្យឃ្វាលសេះប្រហែលជា ៥០ ក្បាល គេឲ្យទៅសង់ខ្ទមនៅបៀតមាត់ទន្លេ ។ បុរសនោះព្យាយាមរំឭកគុណព្រះពុទ្ធ ទោះឃ្វាលសេះក្ដី ធ្វើការអ្វីក្ដី តែងទន្ទេញជាប់ «អញទៅដេញសេះ សម្មាសម្ពុទ្ធោ អញទៅលើកអាចម៍សេះ សម្មាសម្ពុទ្ធោ » ធ្វើការអ្វីៗក៏ទន្ទេញថា សម្មាសម្ពុទ្ធោដូច្នេះដរាបទៅ ។ ឯអាចម៍សេះនោះទៀតបុរសមិនលើកចោលទេ តែងកើបច្រកការុងទុកបានជាច្រើន ។ថ្ងៃមួយមានសំពៅ ៥០០ មកពីស្រុកចិននាំទំនិញមកលក់ ។ បុរសស្រែកហៅថា « ឲ្យចូលមកនេះសិន» ។
លុះសំពៅចូលមកសួរថា « អ្នករាល់គ្នាបើកសំពៅមកពីណា ?» ។ នាយសំពៅថា « មកពីស្រុកចិន» ។ បុរសថា « អ្នកស្គាល់ស្ដេចក្រុងចិនទេ ?» ។ នាយសំពៅថា «ស្គាល់ ព្រោះខ្ញុំនៅជិតព្រះរាជវាំងដែរ » ។ បុរសថា « ស្ដេចក្រុងចិននោះជាក្លើអញ ហើយជាមិត្រសម្លាញ់ថ្ងៃមុនរៀងមក បើអ្នកត្រឡប់ទៅស្រុកចិនវិញ អញផ្ញើរបស់ទៅក្លើអញផង»នាយសំពៅនោះឆ្លើយថា បាទ ! ហើយនាំគ្នាចេញសំពៅទៅលក់ដូរ, មិនយូរប៉ុន្មាន នាយសំពៅត្រឡប់មកវិញ ចូលទៅរកបុរសនោះ សួរថា «អ្នកឯងមានអ្វីផ្ញើទៅ? យកមកខ្ញុំទៅឥឡូវហើយ » ។
បុរសថាខ្វះអ្វី ខ្ញុំរៀបដាក់ក្នុងការុងបម្រុងផ្ញើទៅ» នាយសំពៅក៏ប្រើជើងឈ្នួលឲ្យជញ្ជូនដាក់សំពៅ នូវរបស់ប្រហែល ៤00ការុង ដែលសុទ្ធតែការុងពេញដោយអាចម៍សេះ ហើយក៏លាបុរសនោះ ចេញសំពៅទៅស្រុកចិន, ដល់ទៅដំណាក់ផែស្ដេចក្រុងចិន ហើយក៏បោះយុថ្កា ឡើងទៅក្រាបទូលថា «មានក្លើព្រះអង្គ ផ្ញើរបស់ពីស្រុកខ្មែរមកថ្វាយ ដាក់នឹងការុងច្រើនណាស់ » ។ ស្ដេចក្រុងចិនឆ្ងល់ថា « អញមិនដែលទៅស្រុកខ្មែរទេ អញមានក្លើឯណានៅស្រុកខ្មែរ?» ក៏មានព្រះបន្ទូលឲ្យទៅជញ្ជូនការុងអាចម៍សេះនោះ មកដាក់គរនៅមុខព្រះលាន ទ្រង់ឲ្យស្រាយមាត់ការុងចាក់មើល តើជារបស់អ្វីខ្លះ» ដល់ស្រាយទៅ ឃើញសុទ្ធតែដុំមាសគ្រប់ការុង ។ ស្ដេចមានព្រះទ័យត្រេកអររកទីបំផុតគ្មាន ក៏ទ្រង់គិតក្នុងព្រះចិន្ដាថា «នឹងបានអ្វីផ្ញើទៅគេវិញ, មានតែព្រះរាជបុត្រីមួយ ព្រះជន្ម ១៨ ឆ្នាំ ព្រះរូប ព្រះឆោមល្អលើសស្រីទាំងអស់ គិតផ្ញើទៅឲ្យគេ, ហើយក៏ទ្រង់ចាត់ឲ្យជាងធ្វើស្គរមួយយ៉ាងធំពាសស្បែកសត្វទាំងសងខាង តែឲ្យមានកន្លែងបើកចេញចូលម្ខាងបាន ហើយក៏ដាក់ព្រះរាជបុត្រីនោះទៅក្នុងស្គរ មានទាំងកន្សែងបក់បោយមួយផង ហើយចាត់បម្រើឲ្យបើកសំពៅយកទៅឲ្យចៅអាចម៍សេះ បម្រើទៅដល់ហើយក៏ស្រែកហៅបុរសនោះថា «ស្ដេចក្រុងចិនជាក្លើ ផ្ញើស្គរមួយមកឲ្យអ្នកឯងវាយលេង» ។
បុរសឮដូច្នោះក៏ត្រេកអរណាស់ ។ អ្នកបម្រើយកស្គរទៅចងក្នុងរោងសេះនោះ ។ បុរសនោះក៏ចេះតែវាយលេងទាំងនិយាយផងថា «ក្លើអញស្រឡាញ់អញផ្ញើស្គរនេះមកឲ្យអញវាយលេង»។ ថ្ងៃមួយ បុរសនោះវាយស្គរ ហើយចេញទៅឃ្វាលសេះ ។ នាងដែលនៅក្នុងស្គរចេញមក រៀបបាយទឹកទុកបម្រុងឲ្យបុរសនោះ ហើយចូលទៅក្នុងស្គរ ចេញមករៀបបាយទឹក មកវិញឃើញបាយគិតថា «នរណាអេះ មករៀបបាយឲ្យអញៗឃ្លានបាយ អញស៊ីហើយ» ។
ឯនាងនោះធ្វើដូច្នេះជាច្រើនថ្ងៃ បុរសនោះសង្ស័យនឹកថា «នរណាយកបាយឲ្យអញស៊ីរាល់ថ្ងៃម្ល៉េះ?» ចាំលបមើល ក៏ឃើញនាងដ៏មានរូបល្អឯក ចេញពីក្នុងស្គរមក ហើយបក់បោយកន្សែង ឲ្យកើតជាអាហារឡើងមួយរំពេច ។ បុរសនោះក៏ភ័យស្រែកថា « សម្មាសម្ពុទ្ធោ មកពីណាល្អម្ល៉េះ ? ហើយក៏រត់ទៅ» ។ នាងនោះចេញតាមបុរសនោះស្រែកថា «សម្មាសម្ពុទ្ធោ កុំចាប់អញ អាណិតអញ លែងអញទៅ » ។
នាងថា « ខ្ញុំមិនលែងទេ អ្នកឯងជាប្ដីខ្ញុំហើយ ឪពុកខ្ញុំឲ្យខ្ញុំមកនៅធ្វើជាប្រពន្ធអ្នកឯង ព្រោះអ្នកឯងបានផ្ញើមាសប្រាក់ ទៅឲ្យឪពុកខ្ញុំច្រើនណាស់» ។ បុរសថា «ទេ ! ខ្ញុំមិនយកទេ» ។ នាងនោះនិយាយលួងលោមច្រើនដង បុរសក៏ស្ងៀម, នាងដឹកដៃបុរសនោះមករោងសេះវិញ ។ ក្នុងវេលាយប់នោះ នាងអធិដ្ឋានកន្សែងបក់បោយ ហើយបក់ទៅ កើតជាប្រាសាទរាជវាំង មានមនុស្សគឹកកងរំពងនៅក្នុងនោះ ។ ចៅអាចម៍សេះហើយនិងនាងនោះ ក៏នៅលើប្រាសាទ មានមនុស្សបម្រើឆ្វេងស្ដាំ ។ អ្នកស្រុកទាំងពួងឃើញហើយ ភ្ញាក់ផ្អើលគ្រប់គ្នា ក៏រត់ទៅប្រាប់សេដ្ឋីជាចៅហ្វាយបុរសនោះថា «មានកើតប្រាសាទរាជវាំង ត្រង់ខ្ទមចៅអាចម៍សេះនោះច្រើនណាស់ » ។
សេដ្ឋីសង្ស័យ រត់ទៅមើលឃើញហើយក៏ភិតភ័យ រត់ទៅទូលស្ដេចតាមរឿង ។ ស្ដេចទ្រង់ជ្រាប ទ្រង់ចាត់បម្រើ ឲ្យទៅពិនិត្យមើលឃើញពិតដូច្នោះមែន ក៏មានព្រះទ័យទោមនស្សជាខ្លាំងថា «ឈ្មោះណាហ៊ានមកសាងប្រាសាទរាជវាំងក្នុងនគរអញ មានតែអញទេជាស្ដេចក្នុងនគរនេះ» ទើបទ្រង់ប្រជុំនាហ្មឺនសព្វមុខមន្ត្រី មានព្រះបន្ទូលចាត់ឲ្យរៀបរេហ៍ពល លើកទៅចាប់ទាំងព្រះអង្គក៏ស្ដេចយាងជាមួយផង ។ វេលានោះមានបម្រើទៅប្រាប់ចៅអាចម៍សេះហើយ នឹងប្រពន្ធចៅអាចម៍សេះបានឮ ក៏មានសេចក្ដីភិតភ័យណាស់ ។ នាងប្រាប់ប្ដីថា «កុំឲ្យភ័យទុកងារឲ្យខ្ញុំច្បាំងនឹងស្ដេចនេះវិញ នាងក៏រៀបខ្លួនចេញទៅ ហើយអធិដ្ឋានកន្សែងបក់ កន្សែងបោយឲ្យស្ដេចបរាជ័យ ព្រមទាំងរេហ៍ពល ។ ចៅអាចម៍សេះនិងនាងនោះបានសោយរាជ្យជាស្ដេច ដោយអំណាចដឹងគុណព្រះពុទ្ធ ។
ការខំប្រឹងប្រែង តែងមានផលច្រើន
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Next Post
Comments are closed.