អដ្ឋិធាតុរបស់ព្រះអាចារ្យហែម ចៀវ បាននាំយកពីកោះត្រឡាច កន្លែងដែលព្រះអង្គអស់ព្រះជន្មមកធ្វើបុណ្យរំលាយនៅថ្ងៃទី២០និង២១ ខែកក្កដា ឆ្នាំ១៩៧២ ហើយស្របពេលនោះសៀវភៅស្តីពីជីវប្រវត្តិរបស់ព្រះអង្គបានបោះពុម្ពផ្សាយក្រោមស្នាដៃរៀបរៀងរបស់លោកគុយ ឡូត ។
ដើមកំណើតរបស់ព្រះអាចារ្យ ហែម ចៀវ
លោកអាចារ្យហែម ចៀវ កើតនៅថ្ងៃអង្គារ ខែមាឃ ឆ្នាំច ពុទ្ធស័ករាជ ២៤៤១ គ្រឹស្តសករាជ ១៨៩៨ នៅឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល ។ ឪពុកឈ្មោះ ហែម ធ្វើជាមេស្រុក ម្តាយឈ្មោះ ទីវ ។ មានបងប្អូន៤នាក់ គឺឈ្មោះ ហែម លី, ហែម ហួត, នាងហែម សុច និងនាងហែម សាយ ឯលោកហែម ចៀវ ជាកូនទី២ បន្ទាប់ពីហែម លី ។
វ័យកុមារភាព
កាលនៅពីក្មេង កុមារហែម ចៀវ មានជីវភាពដូចក្មេងអ្នកស្រុក អ្នកស្រែធម្មតាដែរ។ ធ្លាប់ដើរតាមម្តាយទៅស្រែ ធ្លាប់ឃ្វាលគោជាមួយក្មេងគង្វាល ធ្លាប់អាស្រ័យទឹកតាមដានជើងគោ ធ្លាប់អាស្រ័យបាយហាលថ្ងៃក្តៅនៅកណ្តាលស្រែ ធ្លាប់ត្រូវភ្លៀង ត្រូវខ្យល់ គឺថាមានសម្បុរស្បែកជាកូនកសិករសុទ្ធសាធ ។ ដោយឪពុកម្តាយជាអ្នកកាន់គោរពព្រះពុទ្ធសាសនាមុតមាំនោះ កុមារហែម ចៀវ ក៏តែងបានចូលវត្តស្តាប់លោកសូត្រធម៌ លោកទេសន៍ រាល់ឱកាសបុណ្យជាមួយឪពុកម្តាយពុំដែលខាន ។
លុះវ័យល្មមឱ្យនៅវត្តហើយ មេស្រុកហែមជាឪពុកក៏នាំប្រគេនឱ្យនៅនឹងព្រះសង្ឃសត្ថា ជួន ណាត វត្តឧណា្ណលោម ក្រុងភ្នំពេញ ដោយព្រះគ្រូអង្គនេះក៏ជាអ្នកធ្លាប់ប្រាស្រ័យរកជិតដិតរបស់មេស្រុកហែម ស្រាប់ ។
វ័យសិក្សា
មកនៅនឹងព្រះគ្រូសង្ឃសត្ថា ជួន ណាត កុមារហែម ចៀវ ជាក្មេងយកចិត្តទុកដាក់រៀនសូត្រអក្សរលំនាំឥតមានធ្វេសដរាបដល់ចេះអានចេះសរសេរ ។ ជាកុមារមានបញ្ញាឆ្លៀវឆ្លាត មានឫកពាសមរម្យ ព្រះគ្រូសង្ឃសត្ថាសព្វព្រះទ័យណាស់ និមន្តទៅណា ទៅសូត្រមន្ត ទៅទេសន៍ តែងយកកុមារហែម ចៀវ ស្ពាយថង់យាមទៅតាមពុំដែលខាន ។
ធ្វើតាមទម្លាប់ពុទ្ធសាសនិកខ្មែរ ម្តាយឪពុកក៏បានបំបួស ហែម ចៀវ ជាសាមណេរ ហើយឱ្យនៅនឹងព្រះគ្រូសង្ឃសត្ថាតទៅទៀត ។ សាមណេរ ហែម ចៀវ ក៏ផ្តើមសិក្សាព្រះបរិយត្តិធម៌ឡើង ហើយការសិក្សាក៏បានចម្រើនលូតលាស់ជាលំដាប់ ។
ដល់អាយុ២០ឆ្នាំ (គ.ស ១៩១៧) ក៏បានបំពេញសម្បទាជាភិក្ខុនៅនឹងវត្តលង្កា ដោយមានព្រះមហាវិមលធម្ម ថោង ជាព្រះឧបជ្ឈាយ៍ មានព្រះគ្រូវរវិជ្ជា ល្វី ឯម និងព្រះគ្រូសង្ឃសត្ថា ជួន ណាត ជាគ្រូសូត្រ ។ មាននាមឆាយាជាបវរជោតញាណោ ។
ដោយការខិតខំឥតធ្វេស នៅឆ្នាំ១៩២១ ព្រះភិក្ខុ ហែម ចៀវ ក៏បានប្រឡងជាប់សញ្ញាបត្រសាលាបាលីជាន់ខ្ពស់បានលេខ៦ ។
វ័យក្នុងការធ្វើកាងារ
សម័យនោះ រាជការអាណានិគមបារាំង បានបង្កើតឱ្យមានសាលាបឋមសិក្សានៅតាមវត្តនានាក្នុងប្រទេស ហើយបង្កើតមុនគេគឺនៅនឹងខេត្តកំពត ។ កាលណោះចៅហ្វាយខេត្តកំពតគឺបារាំងឈ្មោះ រេស្យួម ក៏បានពឹងពាក់លោកគ្រូមេគណវត្តអង្គសូរភី ហៅវត្តកន្ថោរ ស្រុកកំពង់ត្រាច ខេត្តកំពត ឱ្យជួយរកព្រះសង្ឃដែលមានសញ្ញាបត្រចេញពីសាលាបាលីជាន់ខ្ពស់ ឱ្យជួយបង្រៀនព្រះសង្ឃឯទៀតដែលនឹងត្រូវប្រមូលជ្រើសរើសពីវត្ត ឯទៀតៗក្នុងខេត្តកំពត ដើម្បីឱ្យព្រះសង្ឃទាំងនោះមានចំណេះវិជ្ជាគរុកោសល្យដើម្បីនឹងបង្ហាត់សាលាបឋមសិក្សានៅក្នុងវត្តរបស់ខ្លួន ហើយត្រូវការព្រះសង្ឃដែលមានសមត្ថភាពពីភ្នំពេញ ជួយត្រួតសាលាបឋមសិក្សាក្នុងខេត្តកំពតផង ។
សូមបញ្ជាក់ថា ពេលនោះក្នុងខេត្តកំពត គេនិមន្តព្រះសង្ឃពីវត្តខ្លះក្នុងខេត្តឱ្យគង់នៅនឹងវត្តមួយសម្រាប់ឱ្យនៅរៀន ដើម្បីយកចំណេះវិជ្ជាទៅបង្ហាត់បង្ហាញនៅសាលាបឋមសិក្សាដែលនឹងបង្កើតឱ្យមាននៅនឹងវត្តរបស់ព្រះសង្ឃទាំងនោះ ។ ឯទីវត្តប្រជុំសមណនិស្សិតដើម្បីសិក្សាគរុកោសល្យនោះ គឺវត្តក្រាំងដូង ស្រុកបន្ទាយមាស ខេត្តកំពត ។ គឺថាគេនិមន្តលោកទៅទីនោះពុំមែនទៅបង្រៀនធម៌អ្វីទេ គឺអប់រំសមណនិស្សិតដើម្បីឱ្យចេះដឹងទៅបង្រៀននៅសាលាបឋមសិក្សាតទៅទៀតប៉ុណ្ណោះ ។ គិតទៅផ្នែកអប់រំជាតិយើង ត្រូវមានព្រះសង្ឃជាអ្នកដឹកមុខមុនគេជាដរាប ។
ចំណែកព្រះមេគណវត្តអង្គសូរភី កាលបើ រ៉េស៊ីដង់ ខេត្តកំពត ពឹងពាក់ដូច្នោះក៏និមន្តទៅភ្នំពេញជួបនឹងព្រះគ្រូសង្ឃសត្ថា ជួន ណាត ដែលធ្លាប់ស្គាល់គ្នាឱ្យជួយរកព្រះសង្ឃមានសមត្ថភាពតាមរាជការកំណត់នោះ ។ ព្រះគ្រូសង្ឃសត្ថា ក៏ហៅព្រះភិក្ខុ ហែម ចៀវ មកប្រាប់ពិគ្រោះការដោយចង់តម្រូវឱ្យភិក្ខុនេះចេញទៅបម្រើផ្នែកនោះផង ។ ព្រះភិក្ខុ ហែម ចៀវ ក៏បានព្រមព្រៀងនិមន្តទៅ ដោយសេចក្តីស្ម័គ្រ ។
តាំងពីបានចេញពីភ្នំពេញទៅបំពេញកិច្ចការនៅក្រាំងដូង ព្រះភិក្ខុ ហែម ចៀវ បានខិតខំយកចិត្តទុកដាក់បម្រើរដ្ឋ និងសាសនាខ្លាំងណាស់ ឥតគិតខ្លាចនឿយហត់សោះឡើយ ។ លោកបានបង្ហាត់បង្រៀនព្រះសង្ឃដែលមករៀននោះដោយព្រះទ័យស្មោះ និងដោយខិតខំបំផុត ។ លោកតែងមានពុទ្ធដីកាថា លោកចង់ឱ្យព្រះសង្ឃទាំងនោះចេះដឹង ដើម្បីយកចំណេះនោះទៅបង្រៀនកូនចៅខ្មែរតទៅទៀតឱ្យចេះដឹងព្រមគ្នាផង។ ក្រៅអំពីការបង្ហាត់គរុវិជ្ជា ភិក្ខុហែម ចៀវ ត្រូវបានឧបាសក ឧបាសិកាច្រើនវត្តនិមន្តទៅសម្តែងធម៌ទេសនាពន្យល់ពីបុណ្យបាប ពីផ្លូវលោក និងផ្លូវធម៌ ដែលមានគេចុះចូលពេញចិត្តនឹងលោកជាច្រើន ។ ដោយចិត្តមេត្តានិងសន្តោសនេះ មានព្រះសង្ឃ និងពុទ្ធបរិស័ទចូលចិត្តលោកណាស់ ។
នៅខែមីនា ឆ្នាំ១៩៣១ សាលាបាលីជាន់ខ្ពស់ត្រូវការជ្រើសរើសសាស្ត្រាចារ្យសាលាបាលីពីររូប ។ បេក្ខជនដែលអាចប្រឡងបានត្រូវមានជាចាំបាច់មធ្យមសិក្សាប័ត្រសាលាបាលីជាន់ខ្ពស់ ព្រះភិក្ខុហែម ចៀវ ក៏ឆ្លៀតមកប្រឡងនឹងគេ ដែរ ។ គួរឱ្យស្តាយបន្តិច ក្នុងការប្រឡងជ្រើសរើសនោះលោកប្រឡងជាប់លេខ៣ ដូច្នេះលោកពុំបានជាប់ជាសាស្ត្រាចារ្យដូចបំណងឡើយ ឯអ្នកជាប់លេខ១ និងលេខ២ ដែលត្រូវតែងតាំងជាសាស្ត្រាចារ្យនោះ ក៏ជាមិត្តរបស់លោកដែរ គឺព្រះភិក្ខុ អ៊ុច រស់ និងប៉ែន សុខ ។ ឯព្រះភិក្ខុ ហែម ចៀវ ក៏ទៅក្រាំងដូងវិញ ។
ប៉ុន្តែកន្លងមកប្រមាណជា៦ខែ សាស្ត្រាចារ្យម្នាក់នៅសាលាបាលីជាន់ខ្ពស់ គឺលោកឧកញាព្រះធម្មប្រីជា «កង» បានទទួលអនិច្ចកម្មទៅលោកក្រមការ ជុំ ម៉ៅ ធ្វើការនៅព្រះរាជបណ្ណាល័យ ដែលជាអ្នកចាត់ការក្នុងសាសនសិក្សាធិការ ក៏បានពិគ្រោះនឹងព្រះគ្រូសង្ឃសត្ថា ចង់សុំតាំងព្រះភិក្ខុ ហែម ចៀវ ជាសាស្ត្រាចារ្យជួសឡើងដោយពុំចាំបាច់ប្រឡងទៀត ព្រោះលោកកាលប្រឡងនោះក៏ជាប់លេខ៣ស្រាប់ ។ ព្រះគ្រូសង្ឃសត្ថា សុំឱ្យលោកជុំ ម៉ៅ ពិគ្រោះនឹងអស់លោកឯទៀតចុះ កុំឱ្យមានពាក្យគេថា លោកជួយតែសិស្សរបស់ឯង ។ លោកជុំ ម៉ៅ ក៏បានពិគ្រោះនឹងអ្នកធំខាងលើទៀត ជាដើមគឺនាងកញ្ញាកាបឺឡែស អ្នកគ្រប់គ្រងព្រះរាជបណ្ណាល័យ ។ ព្រះមហាវិមលធម្ម ថោង ចាងហ្វាងសាលាបាលីជាន់ខ្ពស់ ។ រ៉េស៊ីដង់ ស៊ូប៉េរីយើរ ព្រមទាំងសម្តេចចក្រីប៉ុណ្ណ រដ្ឋមន្ត្រីក្រសួងសិក្សាធិការ ។ អស់លោកទាំងនោះបានយល់ព្រមតាមសំណើនេះ ។
ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៣២ ព្រះភិក្ខុ ហែម ចៀវ ត្រូវបានតែងតាំងជាសាស្ត្រាចារ្យភាសាបាលីនៅសាលាបាលីជាន់ខ្ពស់ ។ បន្ថែមលើនាទីសាស្ត្រាចារ្យនេះ លោកត្រូវតែងតាំងជាសមាជិកក្រុមជំនុំព្រះត្រៃបិដកផងទៀត (រាជប្បញ្ញត្តិលេខ៣៦ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ១៩៣២ ក្នុងជំនាន់ហ្លួងស៊ីសុវត្ថិ មុនីវង្ស និងរ៉េស៊ីដង់ ស៊ូប៉េរីយើរ ស៊ីលវ៉េស្ត្រ ។
កាលបើបានធ្វើជាសាស្ត្រាចារ្យនៅសាលាបាលីជាន់ខ្ពស់ហើយ លោកក៏បានមានមិត្តភក្តិអ្នកចេះដឹងកាន់តែច្រើន ជាពិសេសបាននៅជិតព្រះសង្ឃ កំពូលៗជំនាន់នោះផង ដែលរឹតតែធ្វើឱ្យលោកមានចំណេះទូទៅប្រសើរឡើង ។ ម្យ៉ាងទៀតការបង្ហាត់បង្រៀនសិស្សក៏អាចឱ្យលោកមានការពិសោធជ្រាលជ្រៅថែមទៀត ។ សាស្ត្រាចារ្យសម័យនោះគេហៅខ្លីថា «អាចារ្យ»។ លោកអាចារ្យ ហែម ចៀវ មានគេស្គាល់ច្រើនដោយសារលោកពូកែបង្រៀន ពូកែទេសន៍ ប៉ុន្តែសំខាន់បំផុតដែលធ្វើឱ្យលោកមានឈ្មោះល្បីនេះគឺត្រង់លោកជាព្រះសង្ឃស៊ីវិល័យ ភ្លឺស្វាង លោកមានគំនិត ថ្មីៗជាច្រើន ពោលឱ្យចំទៅ គឺថាលោកជឿនលឿនស្រឡាញ់ឯករាជ្យស្រុកទេស ហ៊ាននិយាយ ហ៊ានថា ដែលសម័យនោះគេពុំសូវហ៊ាន ។
លោកអាចារ្យ ហែម ចៀវ មានរូបលក្ខណៈ ស្មាធំ ចង្កេះរៀវ ថ្ងាសទូលាយ ថ្គាមថ្លែន សំឡេងក្រាងក្រឪ មូលគ្រលួច ។ ជាអ្នកមានវោហារ បានមាត់បានក គេចូលចិត្តសម្តីលោកណាស់ ។ លោកមានកិរិយាស្រគត់ស្រគំ ហើយមានបរិមណ្ឌលសមរ្យមិនរយីករយាក ឫកពាថ្លៃថ្នូរ និងសង្ហា ។ លោកជាអ្នកមានអនាម័យ ។
និស្ស័យក្នុងការបណ្ដុះគំនិត
ក-លោកអាចារ្យហែម ចៀវ មានគំនិតជឿនលឿននិយម ចូលចិត្តដឹងស្ថានការណ៍ពិភពលោក ។
លោកចូលចិត្តអានសារព័ត៌មាន ទស្សនាវដ្តីជាភាសាថៃ និងកាសែតបារាំង មានកាសែតឡាវេរីតេ អូពីនីញ៉ុង អាំប៉ាស្យ៉ាល់ និងប្រេសដឺសេហ្កង ។ ឯសារព័ត៌មាន និងទស្សនាវដ្តីជាតិយើង ពុំទាន់មានទេ មានតែសារព័ត៌មាននគរវត្ត ដែលចាប់ចេញផ្សាយពីឆ្នាំ១៩៣៦ ដឹកនាំដោយលោកសឹង ង៉ុកថាញ់, ប៉ាច ឈឺន, សឹម វ៉ា…ឯទស្សនាវដ្តីគ្មានសោះ ។
សម័យនោះប្រជាជនពិភពអារ៉ាប់ និងអាហ្វ្រិក ដែលនៅក្រោមអាណានិគមបារាំង ចេះមានគំនិតបាស់បោលទាមទារយកឯករាជ្យ ហើយមេអាណានិគមនិយមនេះតែងតែប្រើកម្លាំងអាវុធបង្ក្រាបប្រទេសទាំងនោះ ។ ដំណឹងទាំងនេះ នាំឱ្យលោកអាចារ្យ ហែម ចៀវ មានគំនិតកាន់ជើងជួយគិតវាសនាប្រទេសតូចតាចទាំងនោះ រួចផ្គូផ្គងមកនឹងប្រទេសខ្មែរដែលនៅក្រោមអំណាចបារាំងផងដែរ ។ លោកតែងនិយាយស្ងាត់កំបាំងថា «បារាំងជាអ្នកជិះជាន់គេណាស់» ។
លោកអាចារ្យហែម ចៀវ មានមិត្តបារាំងម្នាក់ឈ្មោះម៉ានីពូ ដែលចេះតែនិយាយពីរឿងនយោបាយសាកលលោកប្រាប់លោក ហាក់ដូចជារឹតតែបំភ្លឺលោកឱ្យកាន់តែភ្លឺឡើងទៀត ។
សម័យនោះផងដែរ បារាំង និងអាល្លឺម៉ង់ ផ្តើមច្បាំងគ្នា លោកអាចារ្យហែម ចៀវ បានតាមដានព្រឹត្តិការណ៍នោះ រាល់ៗថ្ងៃ ហើយបើឃើញព័ត៌មានថា ទ័ពបារាំងចាញ់អាល្លឺម៉ង់ លោករមែងមានពុទ្ធដីកាប្រាប់សិស្សគណ និងមិត្តភក្តិថា «បារាំងអន់ណាស់ អាល្លឺម៉ង់ទើបខ្លាំងពូកែ !» ។
សម័យនោះ ប្រទេសយើងនៅក្រោមអំណាចបារាំង មន្ត្រីខ្មែរភាគច្រើនសឹងតែចូលចិត្តបារាំង ផ្គាប់ផ្គុនបារាំងដើម្បីបុណ្យស័ក្តិ គេមិនត្រូវការនឹងរឿងរំដោះស្រុកទេសអ្វីទេ ។ ពំនោលរបស់ព្រះអាចារ្យហែម ចៀវ រមែងជ្រួតជ្រាបដល់ត្រចៀកអស់លោកទាំងនោះ ដែលធ្វើឱ្យអស់លោកទាំងនោះមិនសប្បាយចិត្ត ។ គេកួចក្នុងចិត្តថា លោកអាចារ្យហែម ចៀវ នេះប្រឆាំងនឹងបារាំងហើយ ។
លោកគ្រូអាចារ្យប៉ែន សុខ ដែលជាមិត្តភក្តិដឹងថាមានគេមិនសប្បាយចិត្តនឹងព្រះអាចារ្យ ហែម ចៀវ ក៏ប្រាប់រំលឹកព្រះអាចារ្យនេះថា ៖ «សូមឱ្យលោកប្អូនចៀវ ឯងប្រយ័ត្នមាត់បន្តិចទៅ ពីព្រោះមានគេសម្គាល់ថា យើងប្រឆាំងនឹងបារាំង ប្រយ័ត្នគិញបារាំងគេយកការណ៍បានគេនឹងចាប់ទៅធ្វើទោស!» ។
តែលោកអាចារ្យ ហែម ចៀវ ឆ្លើយតបវិញថា ៖ «លោកបងសុខ ឯងបើមិនហ៊ាននិយាយនៅឱ្យស្ងៀមទៅ បើមិនជួយចូកជួយចែវកុំយកជើងរាទឹក! នៅឱ្យស្ងៀម! ចាំឆ្អិនសឹមស៊ីទៅ ! សម័យនេះត្រូវតែហ៊ាននិយាយខ្លះ ដាស់គ្នាឱ្យយល់រឿងពិភពលោក ។ ពិភពលោកគេភ្ញាក់ផ្អើលខ្លះហើយ យើងត្រូវបើកភ្នែកមើលគេខ្លះផង !» ។
លោកអាចារ្យសុខ ក៏នៅស្ងៀមខ្លាចព្រះអាចារ្យ ហែម ចៀវ បន្ទោស ។
លោកអាចារ្យ ហែម ចៀវ មានសិស្សជំនិតមួយរូប គឺលោកនួន ឌួង ។ លោកនួន ឌួង មាននិស្ស័យដូចលោកដែរ ។
ខ-ដោយនិស្ស័យគំនិតជាអ្នកបដិវត្តន៍ ដែលសម័យនោះគេមិនដឹងនឹងឱ្យឈ្មោះហៅថាដូចម្តេចផង លោកអាចារ្យ ហែម ចៀវ តែងតែចង់ឃើញស្រុកទេសចេញផុតពីចំណុះគេ ចង់ឃើញការតស៊ូរបស់ប្រជាជនខ្មែរដើម្បីឯករាជ្យ ។
ដូច្នេះទេសនាក្នុងទីណាក៏ដោយ ពោលអ្វីក៏ដោយច្រើនតែផ្អៀងទៅលើការរំលឹកដាស់តឿនពុទ្ធបរិស័ទឱ្យយល់រឿងជាតិនោះជាដរាប ។ ធម្មទេសនារបស់លោកមានច្រើនតែរឿងវីរិយៈ ព្យាយាម កុំឱ្យខ្ជិលច្រអូស ។ លោកថា ការខ្ជិលច្រអូស បណ្តែតបណ្តោយ ប្រចាំគេប្រចាំឯងនោះ គឺជាទោសនាំឱ្យខ្លួនធ្លាក់ទៅក្នុងទាសភាពដោយត្រង់តែម្តង ។ លោកចូលចិត្តយកពាក្យ «ទាសភាព» នេះមកវែកញែកណាស់ ហើយផ្គូផ្គងប្រៀបធៀបជារបៀបដាស់តឿនសម្រាប់ស្រុកទេសផង លោកមានពុទ្ធដីកា រឿយៗថា «យើងរាល់គ្នានៅក្នុងវដ្តសង្សារនេះ សឹងស្ថិតនៅក្នុងអានុភាពរបស់កិលេសគ្រប់គ្នា យើងជា «ទាសករ» របស់កិលេសគ្រប់គ្នា ។ ទាសភាពនេះជាទម្ងន់ សង្កត់ជីវិតយើងមួយជាន់ទៅហើយ ប៉ុន្តែធ្វើម្តេច បើយើងនៅត្រាំក្នុងអន្លង់វដ្តសង្សារដូច្នេះទៅហើយ នឹងគេចទៅឯណារួច ? យើងទ្រាំទៅចុះ ! ប៉ុន្តែបើយើងនេះឯង នៅសុខចិត្តប្រគល់ខ្លួនជា «ទាសករ» របស់មនុស្សដូចគ្នាទៀតនោះ ការនេះគួរឱ្យស្តាយពេកណាស់ យើងដូចជាសត្វធាតុតែម្តង ! យើងមិនគួរទទួលទម្ងន់ «ទាសភាព» នេះមកទូលរែកទៀតសោះ !» ។
លោកអាចារ្យ ហែម ចៀវ បានរំលឹកសិស្សគណថា កើតមកជាមនុស្សត្រូវមានការព្យាយាម តស៊ូ កុំអស់សង្ឃឹមឱ្យសោះ ។
អំពីរឿងព្យាយាម «វីរិយៈ» លោកឧស្សាហ៍នាំព្រះជនកជាតកមកតំណាលណាស់ ស្ទើរគ្រប់រឿងដែលត្រូវទេសនា ។ ដើម្បីពន្យល់អ្នកស្តាប់ឱ្យកើតគំនិតព្យាយាមឡើង លោកថា ព្រះជនកពោធិសត្វ លោកពុំលះបង់វីរិយភាពឡើយ សូម្បីលិចសំពៅវង្វេងកោះត្រើយ ឃើញមុខជាស្លាប់កណ្តាលសមុទ្រនោះដូចម្តេច ក៏លោកនៅតាំងស្មារតីត្រដរហែលតទៀត ថែមទាំងឆ្លៀតខ្ពុរមាត់សម្អាតធ្មេញ ទន្ទេញធម៌ អធិដ្ឋាន ពេលព្រះចន្ទពេញបូរមីដែលលោកមើលពីក្នុងសមុទ្រទៅ… គឺលោកមានវីរិយភាពមាំណាស់ ពុំបណ្តោយឱ្យការអស់សង្ឃឹមមកទាញយកអាយុសង្ខារលោកឡើយ ។
នោះជារឿងមហាជនក នៅក្នុងលំហសមុទ្រ ម្តេចក៏គង់លោកខំទាល់តែបានសម្រេច ចុះយើងរាល់គ្នានៅលើគោកត្រលាំង ម្តេចក៏ខ្ជិល ម្តេចក៏ដាក់ធុរៈចំពោះកិច្ចការ ? ម្តេចក៏ចាំវាសនាមកដឹកមុខ ? រួចពីពោលដូច្នេះ ព្រះអាចារ្យហែម ចៀវ ក៏ពោលបញ្ឆៀងៗ មករឿងស្រុកទេស ដែលរាល់គ្នាត្រូវតែព្យាយាមរចនាឱ្យប្រសើរថ្លៃថ្លាឡើង ។
គ-ប្រការមួយទៀត លោកចូលចិត្តទេសនារំលឹកដាស់តឿនប្រជាជនខ្មែរឱ្យមានគំនិតលះបង់ទម្លាប់អាក្រក់នៅក្នុងសង្គមផង ។
សម័យនោះ ខ្មែរយើងនៅមានទម្លាប់ម្យ៉ាងក្នុងរឿងរៀបចំកូនឱ្យមានគូស្រករ គឺម្តាយឪពុកខាងស្រីចូលចិត្តឱ្យកូនប្រសារបម្រុងការមកនៅបម្រើខ្លួន ។ ជួនកាលបង្គាប់ឱ្យខាងប្រុសធ្វើផ្ទះក្បឿង គ្រឿងស្រឡៅបីបួនខ្នងឱ្យខ្លួន ។ ការបង្គាប់ដូច្នោះ លោកយល់ថា ជាអយុត្តិធម៌ពេកណាស់ ហើយខុសនឹងសង្គហធម៌ផង ។ ព្រោះម្តាយឪពុកត្រូវមានសង្គហធម៌ចំពោះកូន មិនថាប្រុស ថាស្រីទេ គឺសង្គ្រោះស្រឡាញ់ស្មើ បើយើងគាបសង្កត់តែទៅលើកូនប្រុសដូច្នេះ ហាក់យើងមិនពេញចិត្តកូនប្រុសសោះ ។ កូនប្រុសនោះពុំមែនមានតែខាងគេទេ យើងក៏មានដែរ ហើយបើយើងមិនព្រមនាំគ្នាជម្រុះទម្លាប់នេះចេញទេ កូនប្រុសយើងក៏ត្រូវធ្ងន់កដែរ ពេលដែលត្រូវទៅស្តីដណ្តឹងកូនស្រីគេនោះ ។ ម្យ៉ាងទៀត ការគាបសង្កត់ខ្លាំងពេក គឺបង្គាប់ខ្លាំងពេករហូតដល់ខាងប្រុសគ្នាធ្លាក់ក្រដុនដាបនោះ វាមិនមែនវេទនាតែប្រុសនោះទេ ខាងកូនស្រីយើងឯងនេះ ក៏ត្រូវវេទនាទៅផងដែរ ។ ហេតុនេះបើយើងបន្ធូរបន្ថយខ្លះ ជួយសម្រាលខ្លះទៅនោះ ក៏ដូចជាជួយខ្លួនយើងទៅវិញទេ ។ កូនប្រសារយើងបានធូរ កូនស្រីយើងក៏បានស្រួល យើងជាម៉ែឪក៏ស្រណុកចិត្ត គ្រួសារទាំងមូលក៏មានសុភមង្គល ។
ឃ-លោកអាចារ្យ ហែម ចៀវ ចូលចិត្តអប់រំឱ្យម្តាយឪពុកបញ្ជូនកូនទៅសាលារៀន ។
ឆ្លៀតឱកាស រឿយៗ លោកបានរំលឹកដាស់តឿនឱ្យពុទ្ធបរិស័ទបញ្ជូនកូនចៅទៅរៀននៅសាលា ដែលរាជការបានបង្កើតតាមវត្តខ្លះ ហើយថាឱ្យនាំកូនចៅ ឱ្យទៅរៀននៅក្រុងផងទៅ ដោយសុំផ្តាំផ្ញើទុកនឹងលោកសង្ឃ ។ លោកតែងថា ការចេះដឹងជាពន្លឺធំណាស់ កាលណាយើងល្ងង់បីដូចជាភ្នែកងងឹត ចេះតែដើរទៅពានត្រោកពានត្រាំង ។ សម័យនោះ ប្រជាជនខ្មែរយើងពុំសូវឱ្យកូនចៅទៅរៀននៅសាលាទេ យល់ថា សាលានោះជាសាលាបារាំង រៀនទៅ ពួកបារាំង នឹងកេណ្ឌយក ទៅធ្វើទាហាន ។ លោកគ្រូអាចារ្យ ហែម ចៀវ តែងតែជួយពន្យល់បំបាត់កម្លាចចង្រៃនោះចេញជា រឿយៗ ។
ង-ក្រៅពីនេះលោកអាចារ្យ ហែម ចៀវ តែងគិតដល់សុខភាពនៃអ្នកភូមិផង
នៅតាមស្រុកភូមិដែលលោកបាននិមន្តទៅដល់ បើឃើញក្មេងក្មាងឯណាមិនស្អាតប្រឡាក់ប្រឡូស លោកតែងនាំយកទៅនិទានជាឧទាហរណ៍ឱ្យអ្នកឯទៀតសម្អាតកូនចៅ ដោយរំលឹកថា មានតែការកខ្វក់ ការប្រឡាក់ប្រឡូស នឹងនាំឱ្យមានរោគ មានជំងឺ ហើយបើមានជំងឺឆ្លងផងទៀត នឹងឆ្លងស្លាប់អស់ទាំងភូមិមិនខាន ។
លោកថា ខ្មែរយើងស្លាប់ដោយជំងឺឆ្លងនេះច្រើនលើកមកហើយ តាំងពីសម័យឧដុង្គមក ស្លាប់ដោយរោគអុត អាសន្នរោគ អហិវាតរោគ ស្ទើរអស់រលីងពីស្រុក ។ លោកថា ខ្មែរយើងមានគ្នាតិចផង បើស្លាប់ដោយរោគរាតត្បាតស្ទើរពាយដូច្នេះទៀត មុខគួរឱ្យស្តាយពន់ពេកណាស់ ។ លោកសុំឱ្យពុទ្ធបរិស័ទសម្អាតកូនចៅ និងរូបកាយ ចៀសវាងជំងឺផង ។
ច-ទស្សនៈចំពោះសង្គម
ជាមួយនឹងជីវភាពសង្គមសម័យនោះ លោកអាចារ្យ ហែម ចៀវ តែងតែទាស់ព្រះទ័យយ៉ាងខ្លាំង ព្រោះមិនឃើញមានជនជាតិខ្មែរស្រវាស្រទេញរៀនវិជ្ជាបច្ចេកទេសអ្វីសោះ ។ សម័យនោះពួកយន្តការី ធ្វើរថយន្ត ធ្វើម៉ាស៊ីន អ្វីៗសុទ្ធតែជនជាតិយួន សូម្បីអ្នកតខ្សែភ្លើងក៏ជាជាតិយួនដែរ ខ្មែរគ្មានម្នាក់សោះ ។ លោកចង់ឱ្យខ្មែរយើងចេះដឹងវិជ្ជាផ្នែកនេះណាស់ ព្រោះដូចជាយ៉ាប់ពេក ខ្មែរម្ចាស់ស្រុកហើយទៅពឹងគេឱ្យធ្វើការជួសសព្វបើរឿងជួសជុលរថយន្ត តភ្លើង អ្វីៗដូច្នេះ ។
ដោយគំនិតនេះលោកអាចារ្យហែម ចៀវ ក៏ចាត់ឱ្យកូនសិស្សលោកជាច្រើននាក់ទៅរៀននៅសាលាដែក និងរៀនរឿងខ្ចៅខ្ចងម៉ាស៊ីនភ្លើង គ្រឿងភ្លើងនេះ មានឈ្មោះប៉ោ ជាដើម ដែលក្រោយមកចេះដឹងគ្រាន់បើគ្រឿងម៉ាស៊ីនរថយន្ត ផ្សេងៗ ។
ឈ្មោះប៉ោ នេះតែងខ្ចីរថយន្តគេបើកជូនលោកអាចារ្យពេលដែលលោកត្រូវគេនិមន្តទៅទេសន៍ខេត្ត ឆ្ងាយៗ ។
សូមបញ្ជាក់ថា សម័យនោះរថយន្តឈ្នួលតិចណាស់ ពិបាករង់ចាំជិះណាស់ ហើយទៅមកយូរពេកផង ។ បើគេនិមន្តទាល់តែទៅមុនពេលកំណត់បុណ្យទើបបាន មកវិញក៏ដូចគ្នាដែរ គឺរអាក់រអួលណាស់មិនដូចចិត្តទេ ។ ដំណើរនោះនាំឱ្យខកច្រើន ហើយខូចពេលដែលត្រូវបង្ហាត់បង្រៀនសិស្សសាលាបាលីផង ។ លោកមានសិស្សចាំជួយរករថយន្តដូច្នេះ ជាការស្រួល ចង់និមន្តចេញទៅថ្មើរម៉ានក៏បាន មកវិញថ្មើរម៉ានក៏បាន មិនខាតពេលនឹងធ្វើការនៅភ្នំពេញឯណេះ ។
ព្រះអាចារ្យហែម ចៀវ ត្រូវគេនិមន្តខ្វាត់ខ្វែងសម្បើមណាស់ និមន្តទេសន៍ និមន្តឱ្យទៅជួយរៀបចំបុណ្យ សឹងតែគ្មានលស់អាទិត្យ ។ លោកជាអ្នកពូកែចាត់ចែងរៀបចំបុណ្យ បុណ្យអ្វីក៏ដោយ បុណ្យខ្មោច បុណ្យផ្កា បុណ្យកឋិន បុណ្យជាទម្លាប់របស់ខ្មែរ ។ កាលបុណ្យសពញោមព្រះអាចារ្យ ប៉ែន សុខ ជាមិត្តនោះ ក៏មានលោកអាចារ្យ ហែម ចៀវ ជាអ្នកជួយដែរ ។
សម័យនោះគេត្រូវការលោកសម្បើមណាស់។ ឈ្មោះលោកក៏កាន់តែលេចឮខ្លាំងឡើងនៅក្នុងប្រទេស ។ សម័យនោះគេល្បីថា សិស្សរបស់ព្រះគ្រូសង្ឃសត្ថា ជួន ណាត ពូកែទេសន៍ និងចេះដឹងសម្បើមណាស់ ។
លុះព្រះគ្រូសង្ឃ សត្ថា ឡើងងារជាព្រះពុទ្ធឃោសាចារ្យ ព្រះអាចារ្យ ហែម ចៀវ ក៏បានងារជាព្រះបាឡាត់ឃោសនាគរបស់ព្រះពុទ្ធឃោសាចារ្យតមក ។ កាលណោះលោកគង់នៅជាមួយនឹងព្រះពុទ្ធឃោសាចារ្យកុដិជាមួយគ្នា គឺកុដិមួយស្ថិតនៅខាងក្រោយមហាកុដិសម្តេចព្រះសង្ឃរាជ នាវត្តឧណ្ណាលោមសព្វថ្ងៃនេះ ។
ឆ-លោកគ្រូអាចារ្យ ហែម ចៀវ ជាអ្នកដឹងគុណមាតា បិតាខ្លាំងណាស់
លោកឧបត្ថម្ភមាតាបិតាដោយសេចក្តីគោរព ។ ម្យ៉ាងវិញទៀត ចំពោះព្រះពុទ្ធឃោសាចារ្យ ជួន ណាត ជាគ្រូនោះ ក៏លោកគ្រូអាចារ្យហែម ចៀវ គោរពប្រណិប័តន៍ណាស់ ។ លោកបម្រើគ្រូតាមតែគ្រូត្រូវការ ។
ក្នុងសម័យមួយនោះ ឆ្នាំ១៩៣៩ មានលោកគ្រូចៅអធិការមួយអង្គនាម ឱក ឱម ចង់បានសៀវភៅធម៌មួយមុខ ក្នុងការដែលលោករៀបចំធ្វើបុណ្យមួយ លោកក៏បានអារាធនាព្រះពុទ្ធឃោសាចារ្យរៀបរៀងធម៌នោះដើម្បីលោកនឹងយកទៅបោះពុម្ពចែកជាធម្មទានក្នុងពេលបុណ្យ ។ ដោយមានការជាមមាញឹកពេក ក្នុងឋានៈលោកជាចាងហ្វាងរងសាលាបាលីជាន់ខ្ពស់ ពុំមានពេលនឹងរៀបរៀងបាន ព្រះពុទ្ធឃោសាចារ្យ ជួន ណាត ក៏ប្រគល់ភារៈឱ្យព្រះបាឡាត់ឃោសនាគ ហែម ចៀវ រៀបរៀងធម៌នោះ ។ ព្រះអាចារ្យ ហែម ចៀវ ក៏ទទួលភារៈធ្វើដោយសេចក្តីគោរព ។ ពេលនោះលោកឆ្លៀតសម្បើមណាស់ ព្រោះលោកក៏រវល់ណាស់ដែរ ។ អត្ថបទធម៌ដែលលោករៀបរៀងនោះមានចំណងជើងថា «ទានកថា» ដែលនិយាយដោយពិស្តារ អំពីរការឱ្យទាន ឈ្មោះទាន របៀបឱ្យទាន និងអានិសង្សរបស់ទាន ។ អត្ថបទធម៌នោះត្រូវបានពុទ្ធសាសនបណ្ឌិត្យបោះពុម្ពផ្សាយតាំងពីឆ្នាំ១៩៣៩ នោះដល់គ្រានេះ ។
ជ-ព្រះអាចារ្យ ហែម ចៀវ ចូលចិត្តធ្វើទាន
ព្រះអាចារ្យ ហែម ចៀវ ពុំមែនជាអ្នកសន្សំមានបានអ្វីឡើយ ប្រាក់កាសដែលលោកបានមកពីទេសនា ឬបានមកពីគេប្រគេន ផ្សេងៗ លោករមែងចែករំលែកឱ្យសិស្សគណ និងអ្នកក្រលំបាកដែលលោកបានប្រទះ ។
ក្នុងធម្មទេសនារបស់លោក លោករមែងរំលឹកដាស់តឿនថៅកែ គហបតី អ្នកមាន ឱ្យមានសទ្ធាជ្រះថ្លាក្នុងការឱ្យទាន ។ ឱ្យអ្នកមាន មានចិត្តសន្តោសមេត្តាចំពោះអ្នកក្រ រួចលោកឆ្លៀតពន្យល់មនុស្សឱ្យមានសមភាព ភាតរភាពឱ្យមានការរាប់រកគ្នាទៅវិញទៅមក កុំប្រកាន់ពូជពង្សខ្ពស់ទាប មានក្រ លោកយល់ថាមនុស្សកើតមកមានវេទនារម្មណ៍ ដូចៗគ្នា មានសម្រេកគម្លានដូចគ្នា មានចំណង់ចង់បានសុខសប្បាយដូចគ្នា ដូច្នេះត្រូវតែមនុស្សផ្តល់សង្គ្រោះចំពោះគ្នានឹងគ្នាផង ។
ជាការណ៍ពិតដែលបង្ហាញនូវគំនិតរបស់លោកនេះ នៅក្នុងសៀវភៅ «ទានកថា» របស់លោកៗ បានសរសេរមួយអន្លើថា ពួកសត្វទាំងអស់សុទ្ធតែមានសេចក្តីសុខ ទុក្ខជាប់ទាក់ទងដោយរាងកាយ ឬថាមានរាងកាយជាទីអាស្រ័យនៅនៃសេចក្តីសុខ ទុក្ខដូចគេហដ្ឋានជាទីអាស្រ័យនៃមនុស្ស ។
ជីវិតដែលតាំងនៅបាន ក៏ព្រោះអាស្រ័យរាងកាយ ការគ្រប់គ្រងចិញ្ចឹមរាងកាយដោយអាហារ ផ្សេងៗ ក៏ឈ្មោះថាគ្រប់គ្រងជីវិត។ ការរក្សាជីវិតរបស់មនុស្សទាំងអស់ ជាភារៈយ៉ាងធ្ងន់បំផុត សាច់ឈាម ស្បែក សរសៃ ពណ៌សម្បុរ ដែលចម្រើនស្រស់បស់ឡើងបាន ក៏ព្រោះអាស្រ័យអាហារ កាលបើប្រាសចាកអាហារហើយ សន្តតិរូប គឺរូបដែលចម្រើនជាប់តទៅ ក៏ឈប់ចម្រើន រាងកាយទាំងមូលក៏ស្វិតស្រពោនថយចុះទៅ ទាំងជីវិតសោតក៏តាំងនៅបានដោយក្រ ។ អាហារជារបស់សំខាន់សម្រាប់ជីវិតឱ្យប្រព្រឹត្តទៅសមដូចបាលីថា «សព្វេ សត្តា អាហារដ្ឋិតិកា» ពួកសត្វរាល់រូបមានជីវិតតាំងនៅបានព្រោះអាហារ ។ វត្ថុដទៃក្រៅអំពីអាហារនោះទៀត ជនជាតិមនុស្សត្រូវមានលំនៅសម្រាប់ជាទីជ្រកកោន សំពត់សម្រាប់ស្លៀកដណ្តប់ ថ្នាំសម្រាប់កែរោគក្នុងគ្រាដែលត្រូវការ ។ វត្ថុអម្បាលនេះសុទ្ធតែជារបស់សម្រាប់ឧបត្ថម្ភទប់ទល់ជីវិតដោយពិត បើប្រាសចាករបស់ណាមួយ ជីវិតរមែងតាំងនៅបានដោយលំបាក ។ ជនជាតិមនុស្សលុះតែមានចំណេះវិជា្ជ ឬកម្លាំងកាយ កម្លាំងបញ្ញាបរិបូណ៌ ទើបអាចស្វែងរកអាហារបានបរិភោគ រកទីអាស្រ័យនៅនិងគ្រឿងប្រើប្រាស់សម្រាប់ជួួយជីវិតបានគ្រប់គ្រាន់ល្អ ។
ចំណែកមនុស្សដែលគ្មានចំណេះវិជ្ជា ខ្សោយកម្លាំង ឬឥតគុណសម្បត្តិណាមួយក៏មិនអាចរក្សាជីវិតរាងកាយឱ្យរស់នៅ តាមទំនើងខ្លួនឯងបានឡើយ មនុស្សបែបនេះត្រូវអាស្រ័យពឹងផ្អែកនឹងអ្នកដទៃឱ្យគេជួយចិញ្ចឹមជីវិតរបស់ខ្លួនជាដរាប គឺឱ្យជួយប្រាប់ឧបាយក្នុងការចិញ្ចឹមជីវិត ការរក្សារាងកាយ និងការរក្សាចិត្តឱ្យតាំងនៅដោយល្អ ព្រោះថាមនុស្សក្នុងលោកទាំងអស់រមែងមានវាសនា ឬគុណសម្បត្តិ និងកម្លាំង ផ្សេងៗគ្នា ចំណែកខាងមនុស្សដែលខ្សត់ខ្សោយវាសនា និងគុណសម្បត្តិ ឬខ្សោយកម្លាំងកាយ នឹងសម្ងំនៅតាមទំនើងខ្លួនឯងមិនបាន ត្រូវធ្វើសមាគមគប់រកមនុស្សដែលសម្បូរវាសនា និងគុណសម្បត្តិ ឬកម្លាំងកាយឱ្យជួយណែនាំបង្ហាត់បង្រៀន ជួយជ្រោមជ្រែងដោយទ្រព្យរបស់ ឬភោជនាហារសម្រាប់ចិញ្ចឹមជីវិត ។ មនុស្សដែលមានវាសនានិងគុណសម្បត្តិខ្ពង់ខ្ពស់ ក៏ត្រូវតែទទួលអភិបាលរក្សាមនុស្សដែលនៅតូចទាន់ខ្ចី ឬថោកទាបជាងខ្លួន ដោយកិច្ចប្រៀនប្រដៅ និងទ្រព្យសម្បត្តិជាដើមទុន ឬអាហារសម្រាប់បរិភោគរាល់ថ្ងៃជាដរាប ដូចមាតាបិតាជាប្រធាននៃបុតធីតា ។ ការឱ្យអាហារ ឬគ្រឿងប្រើប្រាស់គ្រប់យ៉ាងនេះជាកល្យាណប្បវេណី ជាទំនៀមមួយដ៏វិសេសជាប់មកតាំងពីមុនពុទ្ធកាល តាមបាលីលោកហៅថា «ទានៈ» ប្រែថា «ការឱ្យ» ។ បុគ្គលខ្លះក្នុងលោកនេះជាអ្នកមានចិត្តអាណិតទោរទន់ទៅរកមនុស្សសត្វដទៃ ហើយបានឱ្យគ្រឿងបរិភោគ ដោយសេចក្តីអាណិតតែម្យា៉ងមិនអាស្រ័យយកកម្លាំងប្រើប្រាស់ ការឱ្យទានដូច្នេះហៅថា «ករុណាទាន» ។
បុគ្គលខ្លះយល់ច្បាស់ក្នុងគុណូបការៈ ឬគុណសម្បត្តិណាមួយរបស់លោកអ្នកមានគុណមាតា បិតា គ្រូអាចារ្យ ឬលោកអ្នកទ្រទ្រង់នូវគុណមានសីលគុណជាដើម ក៏ធ្វើទានចំពោះលោកអ្នកមានគុណនោះ ការឱ្យទានដូច្នេះហៅថា «បូជាទាន ឬបដិការទាន»។
មនុស្សពួកខ្លះជាអ្នកមានចិត្តធូរទូលាយចង់ឱ្យប្រយោជន៍ឱ្យសេចក្តីសុខ សេចក្តីចម្រើនដល់អ្នកដទៃ ដែលជាញាតិសាលោហិត ឬមិត្តសម្លាញ់ ឬក៏ជាមនុស្សរួមជាតិជាមួយគ្នា ដែលល្មមទទួលអំណោយការសង្គ្រោះបាន ហើយចែកទ្រព្យសម្បត្តិជាដើមទុនក្តី គ្រឿងបរិភោគ គ្រឿងប្រើប្រាស់ក្តី ដើម្បីទំនុកបម្រុងជួយជាកម្លាំងសង្គ្រោះឱ្យកើតប្រយោជន៍ស្មើមុខគ្នាឡើង ការឱ្យទានដូច្នេះហៅថា «អនុគ្គហទាន ឬសង្គហទាន» ។
នេះគ្រាន់តែសម្រង់ខ្លីមួយដែលយកចេញពី «ទានកថា» របស់លោកអាចារ្យហែម ចៀវ ដែលសឱ្យឃើញថាលោកជាអ្នកឱ្យទាន និងជាអ្នកចូលចិត្តសង្គ្រោះចំពោះគ្នានឹងគ្នា ជាពិសេសចំពោះជនរួមជាតិខ្មែរនេះឯងតែម្តង ។ នេះក៏គឺជាតម្លៃនៃគុណធម៌របស់លោកមួយផ្នែកយ៉ាងសំខាន់ ។
ព្រះអាចារ្យហែម ចៀវ និង ការបដិវត្ត
ក្នុងពេលនោះដែលប្រទេសយើងនៅក្រោមអំណាចបារាំង មានអ្នកស្នេហាជាតិមួយចំនួន មានចិត្តមោះមុត ឥតខ្លាចគុកច្រវាក់ ឥតខ្លាចស្លាប់ ឥតខ្លាចចោលស្រុក បានលបលាក់បបួលគ្នា ធ្វើការតស៊ូប្រឆាំងនឹងបារាំង ។ ក្នុងបណ្តាវីរជនទាំងនោះ មានលោកសឹង ង៉ុកថាញ់ ជាមេដឹកនាំ បាននាំគ្នាធ្វើបដិវត្តន៍ឡើង ៕
Comments are closed.