ព្រឹទ្ធាចារ្យចាប៉ីដងវែងដ៏ល្បាញល្បីរបស់កម្ពុជា លោកតា ប្រាជ្ញ ឈួន បានទទួលមរណភាពហើយ នៅម៉ោងប្រមាណជាង ១ រំលងរំលងអាធ្រាត្រឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៨២ឆ្នាំ ដោយជរាពាធ បន្ទាប់ពីក្រុមគ្រួសារបានយកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតអស់ជាច្រើនថ្ងៃមក។ ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះចៅអធិការវត្តបទុមវតី សពលោកតា ប្រាជ្ញ ឈួន ត្រូវបានក្រុមគ្រួសារយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តបទុមវតី ។
លោកតាប្រាជ្ញ ឈួន បានកើតនៅក្នុងគ្រូសារមួយ នៅខែតុលា ឆ្នាំ១៩៣៦ នៅភូមិត្រពាំងកក់ ឃុំខ្វាវ ស្រុក ទ្រាំង ខេត្តតាកែវ។ ដោយសារតែមាននិស្ស័យខាងការច្រៀងចាប៉ីដងវែង នៅអាយុ១២ ឆ្នាំគាត់អាចច្រៀងចាបីបានយ៉ាងល្អគ្រាន់បើ ដោយមានការបង្ហាត់ និង ការជម្រុញពីបងប្រុស និង ឪពុកមារខាងឪពុករបស់គាត់ដែលជាអ្នកច្រៀងចាប៉ីដ៏ល្បីល្បាញមួយរូបផងដែរនៅក្នុងសម័យសង្គមរាស្ត្រនិយមគឺលោក ប៉ែន ឌុក ដែលប្រជាជនខ្មែរជាទូទៅ តែងស្គាល់ថា លោកតា ចង្កូម៨។
កាលដែលគាត់កាន់ចេះដេញចាប៉ី ហើយយល់ពីសំលេងរបស់ចាប៉ីកាន់តែច្បាស់ ជាហេតុធ្វើអោយគាត់កាន់តែមានចំណូលចិត្តកាន់តែខ្លាំងទៅលើវិស័យចាប៉ីដងវែង និង ធ្វើអោយគាត់កាន់តែប្រឹងប្រែងទ្វេរដង ព្រោះគាត់មើលពីភាពល្បីល្បាញរបស់សិល្បករចាប៉ីដងវែងនាសម័យនោះដូចជាលោក ប៉ែន ឌុក និង ស្មៀន ឈិន……។
ដោយសារតែជម្ងឺកញ្ជ្រិលបានធ្វើអោយគាត់ពិការភ្នែក តែអាចមើលឃើញព្រិលៗទាំងមិនច្បាស់ហើយ លោកតា ក៏ជាកូនសិស្សរបស់ព្រះសង្ឃព្រះនាម អេត សែន នៅវត្តប្រមរ។ ព្រះសង្ឃបានបង្ហាត់បង្រៀនបាលី ចម្រៀង កំណាព្យ និងរឿងនិទានអក្សរសិល្ប៍ផ្សេងៗដល់រូបលោកដែលជាហេតុធ្វើឲ្យលោកតាសម្បូរវោហារ និងចេះដឹងផ្នែកអក្សរសាស្ដ្របានច្រើន។
បន្ទាប់ធ្វើការហាត់រៀន ចេះ នូវចាប៉ីដវែង ទស្សនិកជនដំបូងគេរបស់គាត់គឺ អ្នកស្រុក អ្នកភូមិ ជាពិសេសនៅពេលមានបុណ្យនៅភូមិដូចជាបុណ្យដារលានភូមិ និង បុណ្យផ្សេងៗ ដោយ លោកតា ប្រាជ្ញ ឈួន ជាអ្នកចម្រៀងចាប៉ីដែលមានសំឡេងធំមូលក្រអួនប្រកបដោយទឹកដមនិងភាពប៉ិនប្រសព្វ។
កិត្តនាមរបស់គាត់កាន់តែមានភាពល្បីល្បាញពីភូមិមួយទៅ ភូមិមួយ ហើយ នៅឆ្នាំ ១៩៦២ លោកបានចូលរួម «ការប្រឡងប្រជែងដើម្បីជ្រើសរើសអ្នកចេះដឹងផ្នែកចាប៉ីដងវែង» របស់វិទ្យុជាតិ ហើយក៏បានឈ្នះការប្រកួតដោយទទួលបានចំណាត់ថ្នាក់លេខ១ក្នុងចំណោមអ្នកចូលរួមទាំង២០នាក់។
ចាប់តាំងពីពេលនោះមក លោកតា ក៏ចាប់ផ្តើមច្រៀងដាក់វិទ្យុជាតិនៅឯភ្នំពេញ។ ខ្លឹមសារនៃចម្រៀង គឺត្រូវបានកំណត់ដោយចាងហ្វាងវិទ្យុ ដែលក្នុងនោះច្រើនតែទាក់ទងនឹងប្រវត្តិសាស្រ្ត នយោបាយ និងអ្នកល្បីៗជាច្រើននៅក្នុងសហប្រជាជាតិ។
ភាពល្បីល្បាញរបស់លោកតា មិនបានយូរប៉ុន្មានផងក៏ត្រូវបានជួបនៅរបបដ៏ជូរចត់ដូចទៅនិងប្រជាជនដ៏ទៃដែរ គឺ របបកម្ពុជាប្រជាធិបតេយ្យ (ប៉ុល ពត) នៅថ្ងទី១៧ មេសា ១៩៧៥។នៅក្នុងរបបដ៏ខ្មៅងងឹតនេះដែរ លោកស្ទើរតែនឹងបាត់បង់ជីវិតលែងបានកាន់ដងចាប៉ីច្រៀងទៀតនៅពេលនោះ។
ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហមបានដួលរលំទៅ នៅថ្ងៃទី៧មករាឆ្នាំ១៩៧៩ លោកតា ប្រាជ្ញ ឈួន បានចាប់ផ្តើមអាជីពជាអ្នកច្រៀងចាប៉ីឡើងវិញ ដើម្បីចិញ្ចឹមជីវិត និងគ្រួសារ។ លោកតា បានត្រឡប់មកភ្នំពេញ និងបានច្រៀងនៅកម្មវិធីវិទ្យុជាតិកម្ពុជា។ក្រៅពីនោះ លោកក៏បានទទួលការអញ្ជើញឲ្យទៅច្រៀងក្នុងកម្មវិធីផ្សេងៗទៀតដែរតាមកម្លាំងចិត្តដែលគាត់មាន រហូតដល់គាត់លែមានកម្លាំងក្នុងការច្រៀងបាន។
បច្ចុប្បន្នលោកតា ប្រាជ្ញ ឈួន មានកូនចំនួន ៥នាក់ ក្នុងនោះមាន ៣នាក់ដែលរស់នៅជាមួយគាត់ និង រស់់នៅជាមួយប្រពន្ធទី២របស់គាត់ដែលអ្នកនៅមើលថែគាត់ ក្រោយពីប្រពន្ធទីមួយរបស់គាត់បានស្លាប់។ មួយជីវិតរបស់លោកកាន់ដងចាប៉ីជាប្រចាំ។ ដោយសារភាពល្បីល្បាញរបស់លោកតា លោកតាត្រូវបានគេអញ្ជើញទៅច្រៀងនៅតាមខេត្តនិងរាជធានីមួយចំនួន។
ទាក់នឹងការច្រៀងរបស់អ្នកចាប៉ីសព្វថ្ងៃវិញ អ្នកជំនាញផ្នែកចាប៉ឺដងវែងរូបនេះ ហាក់មិនពេញចិត្តនឹងអ្នកច្រៀងចាប៉ីបច្ចុប្បន្នមួយចំនួនដែលចូលចិត្តតែច្រៀងបណ្តោយ តែមិនសូវច្រៀងទទឹងនោះទេ។
យ៉ាងណាក៏ដោយ បើទោះបីជាមហាជនខ្មែរទទួលស្គាល់ថា អ្នកចាប៉ីដងវែងលោកតា ប្រាជ្ញ ឈួន ជាអ្នកចាប៉ីដ៏មានទេពកោសល្យកម្រមានក្តី ក៏អ្នកចាប៉ីដ៏មានកិត្តិនាមរូបនេះ មានប្រសាសន៍ថា អ្នកចាប៉ីជំនាន់ក្រោយៗនេះ មិនសូវមានអ្នកណាយកគំរូតាមលោកនោះទេ ពីព្រោះតែរបៀបនៃការដេញ និងច្រៀងចាប៉ីរបស់លោកពិបាកជាងគេ។
លោកព្រឹទ្ធភិរម្យ ប្រាជ្ញ ឈួន ជាអ្នកចាប៉ីដ៏ល្បីល្បាញ ដ៏ពូកែ តែគួរឲ្យសោកស្តាយណាស់សម្រាប់អ្នកចាប៉ីរូបនេះនោះ គឺកូនៗរបស់លោកទាំង ៥ នាក់របស់លោក គ្មាននរណាម្នាក់ចេះច្រៀងចាប៉ីដូចខ្លួននោះដែរ។ កូនៗរបស់លោកទាំង ៥ នាក់នោះ អ្នកខ្លះធ្វើជាទាហាន និងកសិករជាដើម។ លោកថា ជីវិតជាអ្នកចាប៉ីពិបាកនឹងរកថវិកាចិញ្ចឹមជីវិត ហើយម្យ៉ាងកូនៗរបស់លោកទាំងនោះ ហាក់មិនសូវមានចំណូលចិត្តនឹងចាប៉ីប៉ុន្មាននោះទេ។
លើសពីនេះទៅទៀត លោកតាក៏ធ្លាប់ទៅបញ្ចេញសំនៀងនៅឯបរទេសផងដែរ ដូចជានៅសហរដ្ឋអាមេរិក២ដង ប្រទេសបារាំងបាន៣ដង និងទៅប្រទេសសឹង្ហបុរីបានម្តង។
ចម្រៀងរបស់លោកតា មានជាកំប្លែងខ្លះ(ល្បោយចាប៉ី) ហើយភាគច្រើនគឺផ្តល់ជាការអប់រំ។ លោកតា ចូលចិត្តច្រៀងរៀបរាប់ពីច្បាប់ប្រុស ច្បាប់ស្រី ហើយលោកតាចេះច្រៀងច្បាប់ក្រមង៉ុយដល់ទៅ៤ច្បាប់។ មិនតែប៉ុណ្ណោះ លោកតា នៅចេះតែងបទចម្រៀងភ្លាមៗស្របពេលនឹងកំពុងច្រៀងទៀតផង ហើយឃ្លាឃ្លោងក៏ជួនគ្នាបានល្អទៀត។
សូមបញ្ជាក់ផងដែរថា លោកតាភារម្យចាប៉ីដងវែង លោកតា ប្រាជ្ញ ឈួន គឺបានទទួលមរណភាពនៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ ២០១៨ នៅជន្មាយុ៨២ឆ្នាំ ដោយរោគាពាទ្យ។ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្របានប៉ុន្មានថ្ងៃ ហើយត្រូវបានគ្រួសារបានតម្កល់នៅវត្តបទុមវត្តីទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ក្រោមការឧបត្ថម្ភរបស់សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត។
Comments are closed.