រមាសជាសត្វព្រៃ មានប្រក្រតីនៅតែក្នុងព្រៃជានិច្ច ។ សត្វនេះបរិភោគបន្លាជាអាហារ ហើយផឹកតែទឹកល្អក់ បើគ្មានទឹកល្អក់ទេ វាយកជើងជ្រំឲ្យតែតែល្អក់ទើបវាផឹក ។ នៅលើខ្នងសត្វនេះមានដុះសត្វមួយស្រទាប់មើលទៅហាក់ដូចជាអានសេះ មានស្បែកគ្រោតគ្រាតកំពីកកំពកជ្រៅខ្លះ រាក់ខ្លះ ជាជម្រកនៃសត្វល្អិត មានខ្ទួយជាដើម ។ សត្វនេះជាទីប្រាថ្នានៃព្រានព្រៃ ព្រោះថាសាច់ ឈាម ស្បែក រោម សរសៃ លាមក ឬទឹកមូតរបស់វា សុទ្ធសឹងជាឱសថយ៉ាងវិសេសទាំងអស់ ។ រមាសមានជើងមុខ-ក្រោយប្រហែលនឹងជើងដំរី តែមិនធំដល់ដំរីទេ ប្រហែលប៉ុនក្របីព្រៃណាដែលធំ ។ បាតជើងមានក្រឡាបួនជ្រុង ដូចក្រឡាចត្រង្គវាច្រើនរស់នៅក្នុងហ្វូងដំរី ជាសត្វមានអានុភាពជាងដំរី ព្រោះដំរីខ្លាចរមាសណាស់ ។ រមាស បានជាមានរូបរាងដូចពណ៌នាមកនេះ ដោយសារមានដំណើរដើម ក្នុងរឿងព្រេងមួយនិទានថា ៖
កាលនោះមានស្ដេចមួយអង្គ មាននាមពុំប្រាកដ ទ្រង់មានជាប់ជំពាក់ព្រះទ័យប្រតិព័ទ្ធលើស្រីម្នាក់ឈ្មោះនាងមុខរាហ៍ ។ យប់មួយព្រះអង្គទ្រង់គង់លើរមាសជាទីន័ងជាមួយអាមាត្យជាទម័ក ធ្វើដំណើរទៅកាន់លំនៅនាងមុខរាហ៍នោះ ។ ទៅបានពាក់កណ្ដាលផ្លូវ ព្រះអង្គទ្រង់យល់ស្រីម្នាក់មានរូបរាង ភិនភាគដូចនាងមុខរាហ៍ តែលុះព្រះអង្គពិនិត្យបញ្ជាក់ទៅក៏យល់ថាច្រឡំទេ ទើបព្រះអង្គទ្រង់យាងហួសទៅប្រញាប់ឲ្យបានទៅដល់ទីដៅឆាប់ ៗ ។ កាលបើបានទៅដល់ហើយ ព្រះអង្គទ្រង់បញ្ជាឲ្យនាយទុំជាទម័ក ចងរមាសនៅក្រោមដើមក្រសាំង ហើយព្រះអង្គយាងចូលទៅផ្ទះនាងមុខរាហ៍ ។ នាងនោះកាលបើឃើញស្ដេច យាងដល់ហើយ ក៏ស្ទុះមកគួរសម សំណេះសំណាលនឹងព្រះមហាក្សត្រតាមការលោកីយ៍ ហើយក៏បង្គំទូលសួរព្រះអង្គថា “ ព្រះអង្គយាងមកនេះ ដោយយានពាហនៈអ្វី ” ។ ពេលនោះព្រះរាជាទ្រង់តបថា ៖ “ បងមកដោយរមាសឥឡូវចងទុកក្រោមដើមក្រសាំង ” ។
ពេលនោះ សត្វរមាសស្ដាប់មិនច្បាស់ ឮខ្លះមិនឮខ្លះ ឮត្រង់កន្ទុយពាក្យថា “ដើមក្រសាំង ៗ” ក៏ចូលចិត្តយល់ថា ព្រះមហាក្សត្រថា ព្រះអង្គទ្រង់យាងដោយដើមក្រសាំងទៅវិញ ពុំមែនមកដោយខ្លួនទេ ។ ម្ល៉ោះហើយ ក៏កើតអាក់អន់ស្រពន់ចិត្តជាខ្លាំងដោយនឹកឃើញថា៖ ខ្លួនមានសេចក្ដីស្មោះត្រង់នឹងព្រះអង្គណាស់ ខំយកអាសាព្រះអង្គ ជូនមកទាំងយប់អាធ្រាត្រ ងោកងុយយ៉ាងណាក៏ស៊ូទ្រាំ ឥឡូវស្ដេចទៅជាថាយាងមកដោយដើមក្រសាំងទៅវិញ ។
លុះគិតតូចចិត្តខ្លាំងដូច្នោះហើយ ក៏ស្ទុះបោលបណ្ដាច់ចំណងយ៉ាងលឿនតម្រង់ទៅព្រៃធំ ប្ដេជ្ញាក្នុងចិត្តថា លែងត្រឡប់មកនៅពឹងពាក់នឹងមនុស្សតទៅទៀតហើយ ។ ឯនាយទុំជាទម័កខំរត់តាមហើយស្រែកអង្វរយ៉ាងណា ក៏រមាសពុំព្រមងាកសោះ គិតតែខំបោលសម្រុកព្រៃតែម្ដង ។ នាយទុំក៏រត់តាមជាប់ពីក្រោយទៅដែរ ។ ព្រះមហាក្សត្រ កាលបើទ្រង់ជ្រាបថា រមាសបោលបណ្ដាច់ខ្សែដូច្នោះហើយ ស្ដេចក៏ទ្រង់យាងតាមទៅដែរ លុះតាមទៅដល់វាលមួយ នាយទុំបានទាន់ ស្រវាចាប់តោងកន្ទុយរមាសជាប់ តែរមាសមិនព្រមឈប់ នាយទុំបានយកជើងធាក់ដីជ្រែង ដីក៏របើកទៅទាំងផ្ទាំង ។ ព្រះមហាក្សត្រទ្រង់ទតយល់ដូច្នោះ ទ្រង់ក៏ស្រែកប្រាប់ទៅទុំថា “ ទុំលែង ! ទុំលែង ! ” ឮហើយទើបនាយទុំហ៊ានលែងរមាសនោះទៅ, ឯរមាសក៏បោលចូលក្នុងព្រៃបាត់ដោយជាប់ទាំងអានដែលរចនាដោយឌិនទៅផង ។
ព្រះមហាក្សត្រទ្រង់ខ្ញាល់ណាស់ ទ្រង់ដាក់បណ្ដាសាតាមក្រោយ ដល់រមាសនោះថា “ ចាប់តាំងពីថ្ងៃនេះតទៅ ពូជអាឯងនេះ ត្រូវស៊ីតែបន្លាជាអាហារ និងផឹកតែទឹកល្អក់ដរាបកុំបីសល់ខាន ”។
ព្រោះហេតុនោះឯង ទើបសត្វរមាសទាំងឡាយ មានសាច់មួយស្រទាប់នៅលើខ្នង មើលទៅដូចជាកម្រាល ហើយមានសណ្ឋានកំពីកកំពកដូចសម្បកឈើ ថែមទាំងបរិភោគបន្លាជាអាហារ និងផឹកតែទឹកល្អក់ ដល់សព្វថ្ងៃនេះ ។
ចំណែកត្រង់កន្លែងដីដែលរបើកទាំងផ្ទាំង ដោយនាយទុំឈរជ្រែងនោះ ក៏ក្លាយទៅជាបឹងមួយ ហៅថា “ បឹងទុំលែង ” ជាប់រហូតមក ឯភូមិរបស់នាងមុខរាហ៍ក៏ជាប់ហៅថា ភូមិនាងមុខរាហ៍ រហូតមកដែរ ។ ត្រង់កន្លែង ដែលព្រះរាជា ទ្រង់ទតឃើញស្រីម្នាក់ប្រហែលនាងមុខរាហ៍ក៏ឲ្យឈ្មោះថា ភូមិប្រហែល ឥឡូវនេះក្លាយទៅជា ភូមិប្រហាលទៅវិញ ភូមិប្រហាលនេះនៅក្នុងឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
Comments are closed.