នៅភូមិសង្កែ សង្កាត់ទ្រឿងខាញ ស្រុកបាសាក់ ខែត្រឃ្លាំង មានអ្នកតាមួយឈ្មោះយាយខ្មៅ ។ តាមរឿងរ៉ាវដែលចាស់ព្រឹទ្ធាចារ្យបានចាំតែងតំណាលតៗគ្នាមក មានសេចក្ដីថា ៖
កាលដែលពុទ្ធសករាជកន្លងទៅ ប្រមាណជា ២. ០០០ឆ្នាំ នោះមានព្រះសង្ឃមួយអង្គនាមលោកតា ស្រី ដើមឡើយលោកបួសនៅវត្តពាងសំរឹទ្ធ សង្កាត់អាំងនិញ ខែត្រជាមួយគ្នា ។ លោកគ្រូអង្គនោះ បាននិមន្តទៅកវត្តថ្មី នៅភូមិសង្កែ ហៅតាមនាមភូមិថា “វត្តសង្កែ” ។ កាលដែលផ្ដើមកវត្តនោះ លោកបានបោះគោលចារឹកទីបរិវេណវត្តជា ៤ ជ្រុង ទំហំដីវត្តប្រមាណជា ២ ហិកតារ ហើយបានសាងវិហារសង់កុដិ សាលា ដោយគ្រឿងឈើប្រក់ស្លឹក ។ លើដីជុំវិញវត្ត លោកដាំដើមឈើផ្សេងៗ មានចេកជាដើម ។ មានកន្លែងមួយនោះ ដាំដើមចេកទៅចេះតែរលួយគល់ងាប់ទាំងដើមទៅ លោកគ្រូចង់ឈ្នះ ក៏ប្រើសិស្សឲ្យដាំចេកនៅកន្លែងនោះទៀត អស់វារ ២ដង នៅតែងាប់ដដែល ។ លុះដាំលើកទី ៣ ស្រាប់តែឃើញចេកនោះនោះរស់ ដុះឡើងមានចុងពត់ចាក់ចុះទៅក្នុងដី ក្បែរគល់តែម្ដង ឯដើមពង់កោងឡើងផុតពីដី ។ លោកតាឃើញដូច្នោះ មានសេចក្ដីសង្ស័យណាស់ ទោះប្រើកូនសិស្សឲ្យជីកដីត្រង់កន្លែងនោះ ជម្រៅប្រមាណ ១ម៥០ ក៏ឃើញថ្ម ២ផ្ទាំងត្រួតលើគ្នា ថ្មមានភាពដូចគ្នាទាំងពីរផ្ទាំង ហើយមានពណ៌ដូចថ្លើមអណ្ដើក មានប្រហោង ៤ ជ្រុងត្រង់កណ្ដាល ឥតមានក្បាច់អ្វីទេ ។
អំពីលក្ខណៈ នៅវេលាដែលលោកគ្រូលើកផ្ទាំងថ្មនោះឡើង ក៏បានឃើញបដិមាមួយមិនច្បាស់ជារូបអ្វី ធ្វើដោយថ្ម ឋិតនៅពីខាងក្រោមផ្ទាំងថ្មនោះឯង ។ ពេលនោះព្រះសង្ឃ ព្រមទាំងឧបាសក-សិកាស្រុកជិតឆ្ងាយ ផ្អើលបបួលគ្នាមកមើលយ៉ាងសន្ធឹកសន្ធាប់ ថែមទាំងបបួលគ្នាធ្វើបុណ្យ ៣ យប់ ៣ ថ្ងៃផង ចម្រើនព្រះបរិត្ត រួចហើយយកអំបោះចងកួចភ្ជាប់នឹងរូបនោះ អន្ទងលើកឡើងដុសលាងស្អាតបាតហើយ ទោះឃើញប្រាកដជារូបស្ត្រីភេទ មានផ្នួងសក់ខាងលើចំកណ្ដាលសិរសា ។ នៅលើថ្ងាសមានជរទ្រជើងសក់ លែងខ្លួនទទេត្រឹមចង្កេះ ហើយមានស្នាមឆូតៗ ជាក្រវាត់ចងលើថ្នក់សំពត់ ឯសំពត់ស្លៀកសម្លុយចុះក្រោមដៃសងខាងសណ្ដូកចុះក្រោមតាមដងខ្លួន ពីត្រឹមកែងដៃអង្កុញបត់ទៅមុខ ។ ដៃស្ដាំក្ដាប់ចុះក្រោម ដៃឆ្វេងក្ដាប់ផ្ងារឡើងលើ ទទឹងស្មា ១ម១៣ កម្ពស់ពីបាតជើងទៅដល់ត្រឹមផ្នួងសក់ ១ម៥៣ ឈរលើផែនថ្មមួយផ្ទាំងរាង ៤ ជ្រុង ក្នុង១ជ្រុងប្រវែង ១ម១៤ កម្រាស់ ០ម០៤ ។ ឥឡូវនេះ គេប្រើលាបម្រ័ក្សណ៍ទាំងអស់ទៅហើយ ពិនិត្យមើលទៅមិនដឹងជាថ្មពណ៌អ្វីឡើយ ថែមទាំងគេតម្កល់បដិមានោះលើបល្ល័ង្កឈើ ហើយសង់សាលាមួយខ្នងដាក់រូបនោះទៀតផង ។
អំពីការបញ្ជាន់រូប តាមដំណើរនៃរឿងនោះថា: កាលនោះមានយាយចាស់ម្នាក់ឈ្មោះ យាយខ្មៅ ផ្ទះគាត់នៅជិតវត្តនោះ គាត់ឈឺស្ពឹកហើមជាង ២ ឆ្នាំមកហើយ ។ លុះបានឮគេផ្អើលមកគោរពបូជាដល់រូបនោះគគ្រឹកគគ្រេង ក៏ប្រើកូនចៅឲ្យទៅសុំទឹកអប់អំពីរូបនោះមកល្បងមើល លុះបានទឹកអប់មក គាត់អាស្រ័យផងលាបខ្លួនប្រាណផង ។ ចាប់ដើមពីថ្ងៃដែលគាត់បានព្យាបាលរោគ ដោយទឹកអប់នោះមក រោគគាត់ក៏បានស្រាកស្រាន្តបន្តិចម្ដងៗ អស់រយៈកាលតែ ៧ ថ្ងៃប៉ុណ្ណោះ យាយខ្មៅក៏បានដើររួច ហើយឲ្យកូននាំគាត់ទៅវត្តនោះ លុះទៅដល់ហើយ គាត់ចូលទៅក្រាបថ្វាយបង្គំរូបនោះ ស្រាប់តែខ្មោចចូលគ្រញែងខ្លួនដូចជាអារក្សជាន់ ក្រោកឡើង ស្រែកច្រៀងជាបទភ្លេងទសបារមី ហើយរាំដើរប្រទក្សិណរូបនោះ រួចនិយាយថា: លោកគ្រូមិនស្គាល់យើងទេឬ? ឯលោកគ្រូចៅអធិការក៏ឆ្លើយតបទៅវិញ: “អាត្មាមិនស្គាល់លោកយាយទេ ចុះលោកយាយឈ្មោះអ្វី? ដូចម្ដេចបានជាមកកាប់ខ្លួននៅក្នុងដីនេះ? តើនរណាយកមកកប់ទុកដូច្នេះ?” យាយខ្មៅចូល2រូបនោះតបវិញថា: “យើងនេះឈ្មោះទេពធីតារក្សាមនុស្សលោក ការដែលមកកាប់ខ្លួនក្នុងប្រឹថពីនេះ ឬអ្នកណាយកមកនោះ យើងឥតដឹងទេ យើងតែងចុះមកជួយស្រោចស្រង់មនុស្សលោកជានិច្ច មិនមែនឋិតនៅក្នុងទីតែមួយនេះទេ ក៏ឥឡូវនេះយើងមកចូលរូបយាយខ្មៅ ដើម្បីនឹងជួយសង្គ្រោះមនុស្សក្នុងស្រុកនេះ ឲ្យបានសេចក្ដីសុខសប្បាយទាំងអស់គ្នា បើលោកគ្រូចង់ឲ្យវត្តនេះបានថ្កុំថ្កើងរុងរឿង ត្រូវធ្វើតាមបង្គាប់យើង។
អំពីរបៀប កាលដែលយាយខ្មៅថ្លែងប្រាប់លោកគ្រូអធិការដូច្នេះរួចហើយ លោកក៏ចាត់ការឲ្យធ្វើតាមបង្គាប់គឺ: ឲ្យធ្វើរាន ៨ថ្នាក់ ១ ស្លាធម៌ ១គូ ទឹកអប់ ១គូ បាយសី ១គូ ក្លស់បាំង ១គូ ទៀន ៥ ធូប ៥ ព្រមទាំងលាជនិងផ្កា រួចហើយមានឲ្យលេងភ្លេងខ្មែរបញ្ជាន់រូបយាយខ្មៅថែមទៀត ។ គ្រឿងសែនថ្វាយ តាំងពីបុរាណកាលមកទល់គ្នានឹងសម័យសព្វថ្ងៃនេះ ក៏នៅតែដូចដើមដដែល ឥតមានការប្លែកឡើយ ។
អំពីពិធីបន់ស្រន់ កាលដើមបើមានជំងឺកើតឡើងក្ដី ឬមានប្រាថ្នាការអ្វីក្ដី ប្រាថ្នាឲ្យធ្វើស្រែបានផលល្អ ជួញប្រែឲ្យបានចំណេញឬស្បថស្បែនឹងគ្នាក្ដី គេតែងទៅបន់ស្រន់សុំទឹកអប់ អំបោះចងដៃនិងក តាមសេចក្ដីដែលគេប្រាថ្នានោះ ដោយហោចទៅ សូម្បីតែចង់បានបុត្រធីតា ក៏ទៅសុំនៅទីនោះដែរ ការបន់ស្រន់នេះនៅមានដដែល តាំងពីបុរាណកាលមករហូតដល់សព្វថ្ងៃ ឥតកែប្រែឡើយ ។ អំពីការសែនថ្វាយ គ្រឿងតង្វាយមាន ហែផ្កា ថ្វាយអង្ស័ក កងក កងដៃ-អង្កាំ ចិញ្ចៀនសុទ្ធតែធ្វើដោយមាស ទម្ងន់ពីមួយជីទៅដល់ ១តម្លឹងក៏មាន ។ ជួនកាលគេថ្វាយបាយសី-ស្លាធម៌ដូង ចេក នំ ឬ ក្លស់ ។ សព្វថ្ងៃនេះ គេច្រើនតែថ្វាយឡង់មួយគូប៉ុណ្ណោះ អ្នកខ្លះបន់កោរសក់ថ្វាយក៏មាន ។ លុះយាយខ្មៅនោះស្លាប់ទៅ ក៏ទៅចូលរូបយាយដទៃទៀតជាច្រើនតំណ ទល់មកដល់សព្វថ្ងៃ ទោះចូលរូបយាយណាក៏ដោយ ក៏នៅតែហៅថា: “យាយខ្មៅ” ដូចឈ្មោះយាយដែលចូលរូបពីដំបូងនោះដែរ ។
អំពីបទភ្លេង ពិធីបញ្ជាន់រូបយាយខ្មៅនោះ មានរបៀបសែនថ្វាយដូចបានបរិយាយមកខាងលើស្រាប់ ឯបទភ្លេងនោះមានតែ ១ទេគឺ: ភ្លេងទសបារមី ឬហៅយ៉ាងខ្លីថា: បារមីដូច្នេះវិញក៏បាន មានទំនុកច្រៀងថា :
សូមថ្វាយបង្គំ សម្ដេចបារមី
មានរិទ្ធិក្រាសក្រៃ អំណាចជាក់ស្ដែង ។
មិនដឹងទេឬ? ឈ្មោះទេពធីតា
ចុះមករក្សា មនុស្សលោកសព្វថ្ងៃ ។
អញ្ជើញគ្រូតូច អញ្ជើញគ្រូធំ
ស្ថិតនៅលើកំពូលភ្នំ កៃលាសឋាននាយ ។
នាងស្រីសែនស្រណោះ អណ្ដាតជាភ្លើង
គ្រលួចឆេះឡើង បង្ក្រាបបិសាច ។
Comments are closed.