តើលោក ពូទីន ទាញសម្មតិកម្មបែបណា, ទើបសម្រេចចិត្តវាយអ៊ុយក្រែន?
ហេតុអ្វីលោក ពូទីន វាយអ៊ុយក្រែន? ចម្លើយដ៏សាមញ្ញមួយ នោះគឺលោកស្គាល់លោកខាងលិចច្បាស់ជាងនរណាៗទាំងអស់។ បើលោក ដឹងថា បើអឺរ៉ុប និងអាមេរិកនឹងចូលជួយអ៊ុយក្រែន លោកក៏ប្រហែលជានឹងមិនហ៊ានបើកប្រតិបត្តិយោធានោះដែរ។
កាលពីឆ្នាំ២០២១ ៣៨ភាគរយនៃហ្គាសដែលអឺរ៉ុបប្រើគឺទិញពីរុស្ស៊ី រីឯអាមេរិក នៅស្ទាក់ស្ទើរនៅឡើយ ក្នុងការដាក់ទណ្ឌកម្មលើឧស្សាហកម្មប្រេង និងឧស្ម័នរបស់រុស្ស៊ី ព្រោះថាបើធ្វើបែបនេះនោះសេដ្ឋកិច្ចអាមេរិកដែល កំពុងជួបអតិផរណាស្រាប់ទៅហើយ នឹងកាន់តែយ៉ាប់ ម្យ៉ាងវាក៏ធ្វើឲ្យ ពិភពលោកខ្វះខាតថាមពល ឬតម្លៃសាំងឡើងថ្លៃកប់ពពកជាដើម។
នេះជាអាវុធដែលលោកពូទីន ទុកវាយបកលើលោកខាងលិច។
ចូរកុំភ្លេចថារុស្ស៊ីជាប់ទណ្ឌកម្មរបស់លោកខាងលិចតាំងពីឆ្នាំ២០១៤ មកម្លេះ។ កូនសោរដ៏សំខាន់មួយទៀតគឺចិន ដែលបានយល់ព្រមរកស៊ី ជាមួយរុស្ស៊ីដោយមិនចាយកលុយដុល្លារអាមេរិក។ ទណ្ឌកម្មមើលពី ក្រៅគឺធ្ងន់ធ្ងរមែន តែវាធ្វើមិនដូចជាការនិយាយនោះទេ។
លើសពីនេះទៅទៀត, សកម្មភាពរបស់លោកខាងលិច ក៏ជាការជំរុញឲ្យលោក ពូទីនប្រើជាសម្មតិកម្ម មុននឹងសម្រេចចិត្តធ្វើសង្រ្គាមលើ អ៊ុយក្រែន។
កាលពីឆ្នាំ២០០៣ ទោះបីជាមានការជំទាស់សម្ពន្ធមិត្តខ្លួនឯង និងអង្គការសហប្រជាជាតិក៏ដោយ ក៏សហរដ្ឋអាមេរិកនៅតែបើកប្រតិបត្តិការយោធាចូលអ៉ឺរ៉ាក់ ដោយមានការគាំទ្រពីចក្រភពអង់គ្លេស។ នៅពេលនោះ ក្រុមអ្នកច្បាប់ជាច្រើនចាត់ទុកប្រតិបត្តិការយោធារបស់ អាមេរិកជាទង្វើឈ្លានពានដោយខុសច្បាប់។
អតីតប្រធានាធិបតីអាមេរិក លោក ប៊ូស នៅពេលនោះ គិតជាមុនថាអាមេរិកនឹងមិនទទួលរងការខូចខាតពីទណ្ឌកម្មណាមួយ។ លោក ពូទីន ក៏ប្រហែលជាបានគិតដូចលោក ប៊ូសដែរ ពីព្រោះថាអស់ពេលជាច្រើនឆ្នាំមកនេះ មិនមែនត្រឹមតែមហាអំណាចដូចអាមេរិកទេ ដែលមិនខ្វល់ពីច្បាប់អន្តរជាតិ សូម្បីតែអ៉ីស្រាអែលក៏បំពានដែរ។
អ៉ីស្រាអែល បានធ្វើអាណានិគដោយខុសច្បាប់រាប់សិបឆ្នាំលើដែនប៉ាឡេស្ទីន ហើយសហរដ្ឋអាមេរិកទទួលស្គាល់អធិបតេយ្យភាពអ៉ីស្រាអែលលើតំបន់ Golan Heigth ជាដែនដីមួយដែលអង្គការសហប្រជាជាតិថាជាកម្មសិទ្ធិរបស់ស៊ីរី។
ម្លោះហើយនៅក្រោមជំនាន់លោក ពូទីន រុស្ស៊ីខ្លួនឯងបានធ្វើតេស្ដលើព្រំដែននៃច្បាប់អន្តរជាតិអស់ជាច្រើនឆ្នាំ មកទល់នឹងសព្វថ្ងៃ។ ពួកគេ បានវាយប្រហារលហ្ស៊កហ្ស៊ីកាលពីឆ្នាំ២០០៨ និងក្រសោបយកតំបន់គ្រីមេពីអ៊ុយក្រែនកាលពីឆ្នាំ២០១៤។ អ្វីដែលយូអិន អាចធ្វើបាននោះគឺចេញ ដំណោះស្រាយដោយស្នើឱ្យរុស្ស៊ីប្រគល់គ្រីមេឱ្យអ៊ុយក្រែនវិញ៕
Comments are closed, but trackbacks and pingbacks are open.