ក្រសួងលុបលក្ខខណ្ឌបង្ហាញលទ្ធផលតេស្ត PCR ៧២ ម៉ោងមុន និង ឈប់ធ្វើតេស្តរហ័ស លើអ្នកដំណើរមកកម្ពុជា
ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការសម្រេចរបស់គណៈប្រចាំការ នៃគ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩។
ក្នុងនោះ គណៈប្រចាំការ នៃគ.ប.ក. គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹង ជំងឺកូវីដ-១៩ បានសម្រេចដូចខាងក្រោម៖
១. លុបចោល លក្ខខណ្ឌតម្រូវឱ្យអ្នកដំណើរមកពីបរទេស ត្រូវបង្ហាញលទ្ធផលតេស្ត PCR អវិជ្ជមាន ក្នុងរយៈពេល ៧២ ម៉ោង មុនពេលមកដល់កម្ពុជា។
២. លុបចោល ការតម្រូវឱ្យធ្វើតេស្តរហ័ស នៅពេលមកដល់កម្ពុជា។
៣. អនុញ្ញាតឱ្យបើកដំណើរការឡើងវិញ នូវការផ្តល់ទិដ្ឋាការពេលមកដល់ (Visa on Arrival) សម្រាប់អ្នកដំណើរអន្តរជាតិទាំងអស់ ទាំងអ្នកដំណើរតាមផ្លូវអាកាស ផ្លូវគោក និង ផ្លូវទឹក។
បន្ថែមលើសពីនេះ ក្រសួងបានបញ្ជាក់ឱ្យដឹងផងដែរថា ទោះបីមានការលុបចោល លក្ខខណ្ឌតម្រូវដូចមានចែងក្នុងចំណុចទី ១ និង ទី ២ ខាងលើនេះក៏ដោយ ក្រសួងសូមលើកទឹកចិត្តដល់អ្នកដំណើរទាំងអស់ គប្បីធ្វើតេស្តរហ័សដោយខ្លួនឯង។ ជាមួយគ្នានេះ អ្នកដំណើរទាំងអស់ត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅពេលមកដល់កម្ពុជា។
ដោយឡែក ចំពោះអ្នកដំណើរដែលពុំបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ ថ្ងៃ នៅតាមទីតាំងដែលកំណត់ដោយក្រសួងសុខាភិបាល ឬ អាជ្ញាធរមានសមត្ថកិច្ច៕
សូមអានលម្អិតសេចក្ដីប្រកាស នៅខាងក្រោម ៖
Comments are closed, but trackbacks and pingbacks are open.