មាននិទានមួយថា : មានអាស្រមបទមួយនៅទីមួយ មានតាបស ៤ រូប គង់ចម្រើនមេត្តាភាវនាក្នុងអាស្រមបទនោះ សុទ្ធតែយកខ្នងចូលក្នុងបែរមុខចេញក្រៅដូចគ្នា គ្រប់ទិសទាំង ៤ ។ ថ្ងៃមួយ មានព្រាហ្មណ៍ម្នាក់ យកមាស ១ ម៉ឺនតម្លឹងទៅសុំផ្ញើនឹងតាបសទាំង ៤ ៗ ឲ្យព្រាហ្មណ៍យកមាសទៅទុកកណ្ដាលអាស្រម រួចព្រាហ្មណ៍នោះដើរចេញទៅ ។ ឯតាបសទាំង ៤រូប ដែលប្រែក្រោយឲ្យគ្នាចម្រើនមេត្តាភាវនានោះ លុះយូរបន្តិចទៅ តាបស ១ រូបចូលទៅលួច យកមាសនោះចេញមិនឲ្យតាបសទាំង ៣ រូបដឹង ។ ខាងក្រោយមក ព្រាហ្មណ៍ម្ចាស់មាសចូលទៅរកតាបសទាំង ៤ សុំយកមាសវិញ ។ តាបសឲ្យព្រាហ្មណ៍ចូលទៅយកមាសត្រង់កន្លែងដែលទុកនោះ ស្រាប់តែបាត់មាស ពុំឃើញ ទើបព្រាហ្មណ៍នាំតាបសទាំង ៤ រូបទៅប្ដឹងចៅក្រមតាមដំណើរ ។ ចៅក្រមកាត់សេចក្ដីនេះមិនដាច់ស្រេច ក៏នាំព្រាហ្មណ៍និងតាបសទាំង ៤ រូបនោះទៅក្រាបបង្គំទូលព្រះមហាក្សត្រតាមរឿងគ្រប់ប្រការ ហើយព្រាហ្មណ៍ក្រាបបង្គំទូលថា “សូមព្រះរាជទាន ខ្ញុំព្រះបាទអម្ចាស់យកមាស ១ ម៉ឺនតម្លឹងទៅផ្ញើនឹងតាបសទាំង ៤ ដែលចម្រើនភាវនានៅអាស្រមបទមួយនោះ តាបសទាំង ៤ នោះទទួលបញ្ញើខ្ញុំព្រះបាទអម្ចាស់ ហើយឲ្យយកមាសទៅទុកនៅកណ្ដាលអាស្រម ហើយខ្ញុំព្រះបាទអម្ចាស់ដើរចេញទៅ ” ។ លុះយូរបន្តិចទៅខ្ញុំព្រះបាទអម្ចាស់វិលមកសុំយកមាសអំពីតាបសវិញ ពុំឃើញមាសនោះឡើយ ទើបខ្ញុំព្រះបាទអម្ចាស់ឲ្យតាបសរកមាសឲ្យ តាបសរកមាសពុំឃើញ បានជាខ្ញុំអម្ចាស់នាំតាបសទាំង ៤ មកក្រាបបង្គំទូលព្រះបាទអម្ចាស់ សូមព្រះអង្គទ្រង់ព្រះចិន្ដាពិចារណារកមាសឲ្យខ្ញុំព្រះបាទអម្ចាស់ ត្បិតព្រះធរណីព្រះអង្គលួចមាសខ្ញុំព្រះបាទអម្ចាស់បាត់ ” ។
ព្រះមហាក្សត្រទ្រង់ត្រាស់ដណ្ដឹងទៅតាបសទាំង ៤ ថា “ ហៃព្រះស្ដែងមហាឫសី ទាំង ៤ អើយ ! ដំណើរសេចក្ដីព្រះស្ដែងនោះដូចម្ដេច? ” ។ តាបសទាំង ៤ ក្រាបបង្គំទូលព្រះមហាក្សត្រថា ព្រាហ្មណ៍យកមាសទៅផ្ញើនឹងអាត្មាទាំង ៤ ទុកនៅកណ្ដាលអាស្រមនោះ ដូចព្រាហ្មណ៍ក្រាបទូលមែន ប៉ុន្តែអាត្មាភាពអង្គុយស្មិងស្មាធិ៍បែរមុខ ចេញផ្សេង ៗ ពីគ្នា ពុំដឹងនរណាចូលទៅលួចមាសនោះឡើយ សេចក្ដីទាំងនេះ សូមព្រះអង្គទ្រង់ព្រះចិន្ដាពិចារណាហោង ” ។
ព្រះមហាក្សត្រទ្រង់ព្រះចិន្ដាពិចារណា ជាមួយនឹងនាម៉ឺនមុខមន្ត្រី នូវសេចក្ដីវិនិច្ឆ័យ រកមាសនោះពុំឃើញ ព្រះអង្គថប់ចង្អៀតក្នុងព្រះរាជ ហឫទ័យមមៃពុំភ្លេចឡើយ ។ កាលនោះមានព្រះរាជបុត្រីមួយព្រះអង្គ ទ្រង់ព្រះនាមវិចិត្រសារី មានប្រាជ្ញាឈ្លាសវៃ យល់ធម៌អាថ៌គ្រប់ប្រការ ព្រះនាងទូលព្រះវរបិតាថា “ សេចក្ដីនេះ សូមព្រះអង្គកុំព្រួយព្រះរាជហឫទ័យឡើយ ខ្ញុំម្ចាស់វិនិច្ឆ័យរកមាសថ្វាយបានដូចព្រះចិន្ដា ទើបព្រះនាងឲ្យហៅតាបសទាំង ៤នោះមក ហើយព្រះនាងនាំនិទានឲ្យតាបសទាំង ៤ ស្ដាប់ថា “កាលពីព្រេងនាយ មានស្រីក្រមុំម្នាក់ ទៅរៀនសិល្បសាស្ត្រ មន្តអាគមនឹងតាបស ១ រូប លុះរៀនបានចេះស្រេចហើយ កាលដែលនាងលាគ្រូទៅផ្ទះម្ដាយវិញនោះ នាងនិយាយនឹងតាបសជាគ្រូថា “ ខ្ញុំឥតអ្វីនឹងតបស្នងគុណលោកជាគ្រូឡើយ ខ្ញុំសូមមត់ប្ដេជ្ញានឹងលោកគ្រូថា បើម្ដាយខ្ញុំឲ្យខ្ញុំមានប្ដីកាលណា ខ្ញុំនឹងលាប្ដីខ្ញុំមកឲ្យលោកគ្រូមកប្រតិព័ទ្ធនឹងខ្ញុំ ហើយទើបខ្ញុំវិលទៅកាន់ប្ដីខ្ញុំវិញ ” ។ នាងមត់ដូច្នេះហើយ នាងលាគ្រូមកនៅនឹងម្ដាយ លុះម្ដាយឲ្យនាងមានប្ដី នាងទៅនៅនឹងប្ដីពុំបានរួមសុខទុក្ខឡើយ នាងប្រាប់ប្ដីនាង ដោយនូវដំណើរពាក្យដែលនាងបានប្ដេជ្ញានឹងតាបសនោះហើយ នាងលាប្ដីនឹងទៅកាន់តាបសនោះ ឯប្ដីសោតពុំឃាត់ខាំងឡើយ បើកឲ្យនាងទៅ ទើបនាងស្លៀកពាក់តែងគ្រឿងប្រដាប់ស្អាងអាត្មា ហើយលីលាទៅ ជួនជាជួបនឹងខ្លាទោល ១ ប្រុងខាំនាងជាអាហារ ទើបនាងប្រាប់ដោយដំណើរ ដែលនាងលាប្ដីទៅរកតាបសជាគ្រូនោះ ហើយនាងថា “បើអញមកអំពីតាបសជាគ្រូអញហើយ អញនឹងមកឲ្យព្រះស្ដែងស៊ីអញហោង” នាងថាដូច្នោះ ខ្លាពុំហ៊ានស៊ីនាងឡើយ បើកឲ្យនាងទៅ ។ នាងដើរអំពីនេះទៅបានប្រទះនឹងចោរ, ចោរប៉ុនប៉ងនឹងយកគ្រឿងប្រដាប់អំពីនាង នាងប្រាប់អំពីដំណើរដែលនាងនិយាយនឹងខ្លានោះ ហើយនាងថា “ បើអញមកអំពីតាបសជាគ្រូខ្ញុំហើយ ខ្ញុំនឹងដោះគ្រឿងប្រដាប់អំពីខ្ញុំឲ្យអ្នកហោង” ។ នាងថាដូច្នោះចោរពុំហ៊ានយកគ្រឿងប្រដាប់អំពីនាងនោះឡើយបើកឲ្យនាងទៅ លុះនាងទៅដល់តាបសជាគ្រូហើយ នាងថ្លែងរំលឹកអស់ពាក្យ សត្យមត់ប្ដេជ្ញានឹងតាបសនោះ ។ តាបសប្រាប់នាងថា “ ហៃនាងអើយ ! អញអរណាស់, ឯពាក្យសត្យដែលនាងមត់ប្ដេជ្ញានឹងអញនោះទៀងប្រាកដមែន តែអញពុំមានចិត្តប្រតិព័ទ្ធនឹងនាងឡើយ ត្បិតនាងមានប្ដីហើយ រីកាមេសុមិច្ឆាចារអញពុំប្រាថ្នាទេ ចូរនាងទៅកាន់ប្ដីនាងវិញចុះ ” ។ ទើបនាងក្រាបលាតាបសវិលមក ដើរតាមផ្លូវដដែលមិនប្រទះចោរនឹងខ្លានោះឡើយ នាងមកដល់ប្ដីនាងដោយស្រួល ។ នាងវិចិត្រសារី និទានប្រស្នាទាំង ៤ ចំពូកនេះ ឲ្យតាបសស្ដាប់ហើយ ទើបនាងដណ្ដឹងទៅតាបសទាំង ៤ ថា “ខ្ញុំនិទានប្រស្នាទាំង ៤ នោះដូច្នេះ តើលោកយល់ថាចិត្តអ្នកឯណាប្រសើរ ? ” ។ តាបសមួយឆ្លើយថា “អាចក្ដីយល់ថា ចិត្តប្ដីដែលបើកឲ្យប្រពន្ធទៅនោះឯងប្រសើរលើស” ។ តាបសមួយឆ្លើយថា “អាចក្ដីយល់ថាចិត្តខ្លា ដែលមានអំណត់ស៊ូតែអត់អាហារពុំខាំនាងនោះឯងប្រសើរលើស” ។ តាបសមួយឆ្លើយថា “ឯអាចក្ដីយល់ថា ចោរដែលមានចិត្តលោភ យល់គ្រឿងពស្ត្រាភរណៈរបស់ដែលគួរនឹងយក ហើយប្រែខ្វែងជាមានអំណត់អត់ពុំយកឡើយ នោះឯងប្រសើរលើស” ។ តាបសមួយឆ្លើយថា “ កាលនាងទៅដល់តាបសជាគ្រូហើយ តាបសនោះគួរតែត្រេកអរសាទរទទួលនាងដូចពាក្យសត្យមត់ប្ដេជ្ញានោះ តែតាបសនោះមានអំណត់អត់ពុំទទួលយក បើកនាងឲ្យទៅកាន់ប្ដីវិញ ” ។
ព្រះនាងវិចិត្រសារី ទ្រង់ព្រះសណ្ដាប់តាបសទាំង ៤ នោះហើយក៏កត់សម្គាល់ថា តាបសសរសើរចិត្តប្ដីនោះ ជាអ្នកមានចិត្តច្រើនប្រច័ណ្ឌ, តាបសដែលសរសើរចិត្តខ្លា ជាអ្នកមានចិត្តច្រើនប្រមាថអាយុសត្វពុំគិតខ្លាចបាប, តាបសដែលសរសើរចិត្តចោរនោះ ជាអ្នកមានចិត្តលោភចង់យកទ្រព្យរបស់គេ ហើយព្រះនាងយល់ច្បាស់ថា តាបសនោះឯងលួចមាសព្រាហ្មណ៍, ឯតាបសមួយសរសើរចិត្តតាបសជាគ្រូនោះ ជាអ្នកមានចិត្តចង់លួចប្រពន្ធគេ ។ ព្រះនាងយល់ដូច្នេះហើយមានព្រះបន្ទូលថា “ បពិត្រតាបសទាំង ៤ អើយ ! បើនរណាមានទ្រព្យរបស់មាសប្រាក់រតនៈច្រើនចូរឲ្យមកខ្ញុំចុះ ខ្ញុំនឹងដោយជាប្រពន្ធអ្នកនោះ” ។ ឯតាបសមួយដែលស្រលាញ់ចិត្តចោរនោះ គិតស្មានថានឹងបានព្រះនាងជាប្រពន្ធ ក៏ទៅមាសមួយម៉ឺនតម្លឹងដែលព្រាហ្មណ៍ផ្ញើនោះមកថ្វាយព្រះនាង ៗ ថា “តាបសនោះឯង លួចមាសព្រាហ្មណ៍មែនពិតហោង” ។ ព្រះនាងក៏យកមាសនោះ ទៅថ្វាយព្រះមហាក្សត្រ ជាព្រះវរបិតា ទើបព្រះអង្គឲ្យហៅព្រាហ្មណ៍ជាម្ចាស់មាសនោះមក ព្រះអង្គឲ្យយកមាសទាំង ១ ម៉ឺនតម្លឹងនោះ ព្រះរាជទានទៅព្រាហ្មណ៍នោះ ។ ព្រាហ្មណ៍នោះក្រាបថ្វាយបង្គំ ទទួលយកតែមាស ៤ ពាន់តម្លឹង ហើយលាទៅលំនៅអាត្មាហោង ។
Comments are closed.