ស្វែងរកសុភមង្គល

មានបុរសចំណាស់ម្នាក់រស់នៅក្នុងភូមិដាច់ស្រយាលមួយ ហើយគាត់ជាបុរសដែលអភ័ព្វជាងគេម្នាក់លើលោក។ អ្នកភូមិស្រុកនឿយណាយនឹងគាត់ ព្រោះគាត់តែងតែត្អូញត្អែរ គ្មានភាពរីករាយអសង្ឃឹម និងមួម៉ៅជានិច្ចជាកាល។ កាន់តែចាស់ទៅ ពាក្យសំដីគាត់ក៏កាន់តែយាប់ធ្វើឲ្យគេគេចចេញពីគាត់សឹងគ្រប់ៗគ្នា ព្រោះគាត់តែងធ្វើឲ្យគេមួម៉ៅតាមគាត់។ និយាយឲ្យចំទៅគឺគាត់តែងនាំរឿងមិនសប្បាយចិត្តដល់គេគ្រប់គ្នាក្នុងភូមិ។
រយៈកាលយូៗទៅ ពេលបុរសចំណាស់បានឈានចូលវ័យ ៨០ឆ្នាំ ហើយពេលនោះមានរឿងចំលែកមួយកើតឡើងលើគាត់ដែលធ្វើឲ្យគេសើចគឺ បុរសចំណាស់នោះចេះសប្បាយចិត្តហើយថ្ងៃនេះ គាត់មិនរអ៊ូរទាំទៀតទេ ហើយញញឺម សូម្បីតែមុខគាត់ក៏ស្រស់ស្រាយណាស់ដែរ។ អ្នកភូមិទាំងអស់មូលមីរមកសួរគាត់ថាតើមានអ្វីកើតឡើងចំពោះគាត់។ បុរសចំណាស់ក៏តបថា “គ្មានអ្វីអស្ចារ្យទេ ៨០ឆ្នាំហើយដែលខ្ញុំខំស្វែងរកសុភមង្គល ភាពសប្បាយរីករាយ តែវាគ្មានបានការទេ។ តែក្រោយពេលខ្ញុំបានសំរេចចិត្តថារស់នៅដោយមិនចាំបាច់មានសុភមង្គលនោះហើយរស់នៅសប្បាយជាមួយជីវិតរាល់ថ្ងៃវិញ។ អញ្ជឹងហើយបានជាខ្ញុំសប្បាយចិត្ត។”
មានពេលខ្លះដើម្បីស្វែងរកសុភមង្គលឲ្យខ្លួនឯងនិងគ្រួសារយើងភេ្លចសោយសុខនូវជីវិតប្រចាំថ្ងៃដែលចេះតែកន្លងហួសពីមួយថ្ងៃទៅមួយថ្ងៃយ៉ាងលឿននោះ។ រហូតពេលខ្លះ យើងក៏កន្លងពេលវេលា១០ ឆ្នាំ ២០ឆ្នាំទៅដោយមិនសូវបានរស់នៅឲ្យមានន័យ ឬពេលខ្លះមិនបាននៅក្បែថែរក្សាអ្នកជំវិញខ្លួនទៀតផង។ ដូចនេះហើយមានតែការគិតប្រចាំថ្ងៃថាតើត្រូវធ្វើអ្វីដើម្បីសំរេចបំណងនិងធ្វើអ្វីដើម្បីឲ្យជីវិតមានន័យទើបយើងមិនបានខ្ជីខ្ជារពេលវេលានោះ។

Comments are closed.