កំនាព្យខ្មែរ៖ ច្បាប់​ពាក្យ​ចាស់

(បទព្រហ្មគីតិ)

១- ពាក្យចាស់ពាក្យពីព្រេង—–ទោសខ្លួនឯងមើលមិនយល់
ទោសគេតូចសោតសល់—–រមិលយល់ប៉ុនទាំងភ្នំ។
២- ចូលព្រៃសត្វសាហាវ—–រកអំពាវគ្នាមកជុំ
ដល់បានស្ករទឹកឃ្មុំ—–ពួនសម្ងំឆីម្នាក់ឯង។
៣- បានហើយចង់បានទៀត—–ឆ្លៀតហើយឆ្លៀតពុំគិតឈ្វេង
មើលយល់តែម្នាក់ឯង—–មិនយល់គេឯទៀតផង។
៤- នឹងស៊ីចង់ពិសា—–ខ្ជិលទំពាឲ្យហ្មត់ហ្មង
យល់នាមថាជាមង—–យល់ឯផងថាជាកួយ។
៥- យល់តាថាជីដូន—–យល់ឯកូនថាជាក្មួយ
យល់ពីរថាជាមួយ—–យល់ឯព្រួយថាជាសុខ។
៦- យល់ទោសថាជាគុណ—–យល់ឯបុណ្យថានរក
យល់ល្អថាអាក្រក់—–យល់លាមកថាជាផ្កា។
៧- ស្លៀកស្បង់មិនកោរសក់—–ឆ្លុះកញ្ចក់ធ្មេចនេត្រា
យល់សេះថាជាលា—–យល់គជាថាកណ្តុរ។
៨- ពាក្យនេះលោកពីព្រេង—–អ្នកណាឈ្វេងប្រាជ្ញាយល់
ឃើញថ្លុកកុំថាថ្នល់—–ក្រែងកំហល់កំហុសមាន។
៩- អ្នកប្រាជ្ញកាន់ពាក្យទៀង—–កុំលំអៀងពាក្យបុរាណ
កុំដើរផ្លូវបំពាន—–ពាក្យអ្នកចាស់លោកដៀលថា។
១០- ពាក្យនេះពីព្រេងព្រឹទ្ធ—–គួរឲ្យគិតពិចារណា
កុំអួតអង្គអាត្មា—–ថាចំណេះចំណាំមាន។
១១- ដេកយប់កុំដេកយូរ—–ខ្លាចក្តីទូជ៌នដល់ប្រាណ
បើស៊ីកុំតាមឃ្លាន—–គិតប្រមាណគ្រប់គ្នីគ្នា។
១២- លើកដាក់តាមកម្លាំង—–កុំពើចខ្លាំងឈឺដល់ស្មា
ប្រើគេប្រើឲ្យត្រា—–កុំស៊ាំស៊នរនចៅរ៉ៅ។
១៣- ទោះគិតកុំរួសរាន់—–គិតឲ្យគ្រាន់ទើបដើរទៅ
កុំឲ្យមានអាស្រូវ—–កើតដំនៀលដល់អាត្មា។
១៤- កុំយកឆ្អិនជាឆៅ—–កិច្ចក្នុងក្រៅមានតម្រា
កុំអាងឯងប្រាជ្ញា—–ចោលច្បាប់ក្បួនលោកព្រេងនាយ។
១៥- ស្រដីឲ្យស្រួលស្រេច—–គិតសេចគ្រេចកុំគិតងាយ
រំពឹងឲ្យវែងឆ្ងាយ—–យល់លង្វែកពាក្យលោកថា។
១៦- ពាក្យព្រេងលោកស្រដី—–ថាកុំបីចិញ្ចឹមខ្លា
ពាក្យព្រេងលោកឧបមា—–គិតត្រង់ណាធ្វើឲ្យបាន។
១៧- កាន់កពស់ឲ្យខ្ជាប់—–ក្រែងក្រឡាប់ខាំឯប្រាណ
អូសទូកកុំឲ្យល្អាន—–ទឹកថ្លាសោតកុំឲ្យល្អក់។
១៨- ស្លឹកឈើឥតកម្រើក—–បើកក្រើកត្បិតខ្យល់បក់
ទឹកថ្លាល្គឹកបើល្អក់—–ត្បិតរលកខ្លាំងសោះសា។
១៩- យល់តូចកុំខិតខំ—–គួរសន្សំយកជាគ្នា
បានច្រើនកុំខំពារ—–សន្សឹមក្សិណតិចៗទៅ។
២០- អ្នកមានរក្សាខ្សត់—–ដូចសំពត់ព័ទ្ធពីក្រៅ
អ្នកប្រាជ្ញរក្សាខ្លៅ—–ដូចសំពៅនូវសំប៉ាន។
២១- អ្នកខ្ពស់រក្សាទាប—–ដោយសភាពធម៌បុរាណ
អ្នកឆ្អែតរក្សាឃ្លាន—–នាអ្នករុងរក្សាឆ្មារ។
២២- រក្សាទៅមុខរឹង—–ឥតកំដឹងអស់អម្បាល
ចំណេរចីរកាន់កាល—–ដូចរបងស្រាស់បន្លា។
២៣- កុំឆ្អែតពេកតែឯង—–មិនគិតក្រែងអស់គ្នីគ្នា
គេឃ្លានៗផ្ទៃផ្សា—–ឲ្យឆីរ៉ាបានឆ្អែតផង។
២៤- កុំមានចិត្តលលើ—–ពឹងក្រពើឲ្យចម្លង
កុំកាច់ឩសរបង—–វាំងចំណារឯអាត្មា។
២៥- មានទូកហើយមានថ្នោល—–មានបង្គោលមានយុថ្កា
ទាំងពួរទាំងច្រវា—–ក្រជឹងចាប់ដោយនូវគ្រប់។
២៦- ប្រយ័ត្នក្រែងព្យុះខ្យល់—–បក់បោកដល់នឹងទល់ទប់
ប្រយ័ត្នប្រយោជន៍គ្រប់—–ទើបហៅជាក់មានគំនិត។
២៧- ពាក្យព្រេងគិតគួរចាំ—–ជាបណ្តាំប្រដៅចិត្ត
ពាក្យព្រេងពាក្យព្រេងព្រឹទ្ធ—–មុខគួរគិតៗឲ្យគ្រាន់។
២៨- ពាក្យនេះជាសណ្តាប់—–ទុកជាច្បាប់ទៀងជាក់ស្បាន់
ពាក្យនេះជាកំណាន់—–កំណត់នៅឥតឃ្លាតឃ្លា។
២៩- សូរេចនូវនិទាន—–ពាក្យទូន្មានដោយប្រការ
អម្បាលនេះឯងណា—–ចាំទុកកាយគ្រប់គ្រាន់ហោង៕

Comments are closed.