(បទកាកគតិ)
១- អរិយសត្ថា—–គំនិតចែងចារ—–ចងទុកជាច្បាប់
ឲ្យអស់សិស្សផង—–ត្រងត្រាប់សណ្តាប់—–យកជាតម្រាប់
តម្រង់អាត្មា។
២- ឲ្យមានប្រយោជន៍—–ប្រយ័ត្នអសោចិ៍—–រាល់រូបអ្នកណា
អម្បាលមករៀន—–របៀនសាស្ត្រា—–ប្រយ័ត្នអាត្មា
ការកេរ្តិ៍លោកិយ។
៣- ទោះនឹងចេញទៅ—–ប្រយ័ត្ននានៅ—–ផ្គាប់ផ្គុនមន្រ្តី
ឲ្យត្រូវនឹងច្បាប់—–សណ្តាប់សួស្តី—–ដូចលោកស្រដី
ប្រដៅទុកមក។
៤- បើមិនចង់ទេ—–ចង់នៅទំនេរ—–ជួញប្រែរិះរក
ចិញ្ចឹមជីវិត—–គួរគិតរៀនយក—–របៀននោះមក
ទើបរកទ្រព្យបាន។
៥- វាយលេខទាត់ក្បាច់—–សឹងផ្សំសម្រេច—–ឲ្យបានដឹងដាន
ដឹងដើមដឹងចុង—–ដឹងបង់ដឹងបាន—–ដឹងគិតប្រមាណ
កត់ត្រាបញ្ជី។
៦- ឲ្យបានប្រយោជន៍—–ប្រយ័ត្នអសោចិ៍—–ជាអ្នករកស៊ី
សម្រាប់លោកិយ—–ប្រក្រតីជាទី—–សម្គាល់បញ្ជី
ស្មៀនត្រាសៀវភៅ។
៧- គន់គិតប្រយ័ត្ន—–អស់ទ្រព្យសម្បត្តិ—–ឲ្យស្ទាត់ដោយនូវ
វាយលេខទាត់ក្បាច់—–ឲ្យស្រេចឃើញផ្លូវ—–សឹមថយចេញទៅ
តាមផ្លូវលោកិយ។
៨- ល្មមដឹងតិចច្រើន—–ល្មមដឹងក្រវើន—–ទ្រព្យធនអ្វីៗ
លេខនិងអក្សរ—–កំដរស្មារតី—–សម្រាប់លោកិយ
ឯងនេះទើបត្រូវ។
៩- បើតែវិលវេះ—–ខ្ជិលដេកស្រមេះ—–ស្រមូញស្ញូញស្ញូវ
ស្រទាងលើខ្នើយ—–កន្តើយលក់ទៅ—–នរណានឹងនៅ
ដាស់តឿនឲ្យទៀត។
១០- មិនដឹងឬអ្វី—–ក្នុងរាជ្យលោកិយ—–រាជការចង្អៀត
នរណាទុកឯង—–លេងវាយដៃព្រាត—–ឃើញហើយគេបៀត
តម្រៀតរាជការ។
១១- ហេតុនេះគួរគិត—–គួរកាន់គំនិត—–គួរគិតឧស្សាហ៍
សង្វាតរករៀន—–របៀនសាស្ត្រា—–តម្រិះប្រាជ្ញា
បង្ការទុកទៅ។
១២- បើដោះខ្លួនរួច—–រាប់ជាអ្នកស្រួច—–ដឹងគិតរាក់ជ្រៅ
ក្នុងរាជ្យលោកិយ—–សេចក្តីឥឡូវ—–គិតឲ្យឃើញផ្លូវ
នឹងទៅមុខទៀត។
១៣- រីត្រង់ឯខ្លៅ—–បើថយចេញទៅ—–រកស៊ីចង្អៀត
គិតគូរម្តេចម្តា—–ប្រវាបែរបៀត—–ពឹងអ្នកកន្ទៀត
ដូចខ្លួនកាលណា។
១៤- ហេតុតែខ្លួនឯង—–ចេះគិតតាក់តែង—–ឲ្យគ្រប់ប្រការ
ទាំងលេខទាំងក្បាច់—–ស្រេចនូវអាត្មា—–ឯងឲ្យអស់ការ
គិតគូរសព្វសាយ។
១៥- បើបានគេកោត—–គេមានចំណោទ—–គេកោតប្រាជ្ញប្រាយ
គេយល់ឯងចេះ—–ចំណេះលែបខាយ—–ពុំមានក្លែងក្លាយ
បំបាត់បានឡើយ។
១៦- រីត្រង់អ្នកខ្លៅ—–ផ្តេកផ្តិតចិត្តទៅ—–យកគេជាត្រើយ
កាលម្តងគេត្រង់—–គង់ចិត្តនៅឡើយ—–ដល់ពីរដងហើយ
គេប្រែប្រាជ្ញា។
១៧- គេគិតទាយទាត់—–វាយលេខបំភ្លាត់—–បំផ្លាញអាត្មា
ចំណេញទៅគេ—–ទទេអសារ—–ខ្លួនឯងឥតការ
ខាតទុនក្រខ្លួន។
១៨- នេះឯងក្មេងអើយ—–កុំប្រហែសឡើយ—–រៀនទុកជាក្បួន
ទាំងលេខទាំងក្បាច់—–អាស្រ័យនៅខ្លួន—–អក្សរឲ្យសួន
ទាន់ខ្លួននៅក្មេង។
១៩- តែចាស់បន្តិច—–វិញ្ញាណភ្លាំងភ្លេច—–គំនិតប្រែផ្សេង
គិតការច្រើនមុខ—–កើតទុក្ខចំបែង—–ប្រាប់អស់ក្មេងៗ
ចាំទុកឲ្យហើយ។
២០- កុំអាងម៉ែឪ—–សម្បត្តិដែលនៅ—–មានច្រើននោះឡើយ
ក្រែងឥតពីម៉ែ—–ពីឪទៅហើយ—–ខ្លួនខ្លៅឆោតឆើយ
ល្ងិតល្ងង់មោហា។
២១- ក្រែងអស់ទាំងទ្រព្យនោះវាមិនខ្ជាប់—–នៅនឹងអាត្មា
ខ្លួនឯងឆោតខ្លៅ—–កំឡៅមោហា—–មិនចេះរក្សា
មិនបានគង់ទេ។
២២- ខូចខាតមិនខាន—–គំនិតមិនបាន—–ប្រហែសខ្ញុំគេ
គេវាយគេធាក់—–គេប្រើគេជេរ—–មិនឲ្យទំនេរ
ខ្មាសគេតិចអី។
២៣- ដូច្នេះគួរគិត—–គួរឃើញគំនិត—–គួរគិតសេចក្តី
ជាមនុស្សដូចគេ—–គួរតែឃ្មាតខ្មី—–រំឭកស្មារតី
ស្រឡាញ់របៀន។
១៤- កុំគិតខ្ជិលពេក—–កុំគិតពួនដេក—–កុំគិតវេះវៀន
កុំគិតមានពុត—–រមត់កិចកៀន—–កុំគិតអៀនប្រៀន
វេះវៀនចិត្តកាច។
២៥- ឲ្យរៀនចិត្តល្អ—–ដឹងធម៌អក្សរ—–គួរគិតកោតខ្លាច
ការកេរ្តិ៍ប្រយ័ត្ន—–គួរកាត់ចោលកាច—–គួរឲ្យខ្លួនខ្លាច
កុំឲ្យគ្រូទាយ។
២៦- ពាក្យគ្រូធ្ងន់ណាស់ដំនៀលដល់ចាស់—–ពីព្រេងមុននាយ
ឯត្រង់ពាក្យម្តាយ—–ទំនាយគ្រូទាយ—–នេះឯងមិនងាយ
អាក្រក់ណាស់ណា។
២៧- ឲ្យប្រុងប្រយ័ត្ន—–បម្រើប្រណិបតន៍—–កាន់ចិត្តស្នេហា
កុំឲ្យអន់អាក់—–ថ្នាំងថ្នាក់ចិន្តា—–គ្រូទាយហើយណា
ឆុតឆាប់ណាស់ហោង។
២៨- ឲ្យដឹងបាបបុណ្យ—–ស្គាល់ទោសនិងគុណ—–ជាទុនទៅមុខ
គុណគ្រូបាធ្យាយ—–គុណម្តាយឪពុក—–រៀមច្បងទំនុក
ឲ្យសុខអនុកូល។
២៩- គ្រូមួយផងគ្នា—–រួមរ័ក្សចិត្តជា—–ស្នេហាមិត្រមូល
កុំនាំអុជហេតុ—–បំបែកចិត្តចូល—–កាច់កិនត្រកូល
បង្កើតមាត់ក។
៣០- កុំធ្វើម៉ាក់ងាយ—–នឹងគ្រូបាធ្យាយ—–រៀនចិត្តឲ្យល្អ
ទោះអ្នកឯណា—–ណែផ្លូវអក្សរ—–អ្នកនោះឯងអរ
ដោយចិត្តមេត្រី។
៣១- កុំឲ្យសៅហ្មង—–លើកលោកកន្លង—–ពោលពាក្យស្រដី
រឹងរួសទ្រគោះ—–ឈ្លាសឈ្លោះសេចក្តី—–កើតទោសអប្រិយ
ជេរពោលប្រមាទ។
៣២- អ្នកនោះស្មើគ្រូ—–បង្កើតអភិរូហ៍—–គុណគេឱវាទ
គេជួញប្រដៅ—–គេហៅឱហាត—–ដាស់តឿនសង្វាត
ឲ្យឯងចេះឆាប់។
៣៣- បើឯងចេះហើយកុំភ្លេចគុណឡើយ—–ឲ្យដឹងដោយច្បាប់
គិតគូរឲ្យខ្លាច—–ដើរតាមសណ្តាប់—–គន្លងធម៌ច្បាប់
កុំឲ្យម៉ាក់ងាយ។
៣៤- នេះឯងគន្លង—–ត្រឹមត្រូវទំនង—–អំពីព្រេងនាយ
ឯករាជ្យឥឡូវ—–ច្រើនតែម៉ាក់ងាយ—–ចេះហើយជេរម្តាយ
ប្រមាទគ្រូវិញ។
៣៥- ហេតុដូច្នេះឯង—–លោកិយយល់ស្តែង—–តែងឃើញម្តេចមិញ
ហិនហោចសូន្យសុងលិចលង់ទៅវិញ—–ទោសនោះឯងវិញ
កើតពីឯណា។
៣៦- កើតពីចិត្តឯង—–បង្កើតស្វះស្វែង—–បំផ្លាញអាត្មា
រោលរាលក្នុងពោះ—–ឆេះក្នុងឱរា—–បង្កើតទោសា
ឲ្យទុក្ខរូបឯង។
៣៧- ចេះតែបន្តិច—–លើកខ្លួនកំប៉ិច—–កំប៉ោងឥតក្រែង
តែងឃើញរៀងមកយ៉ាងដូច្នេះឯង—–ម៉្លោះហើយវាតែង
ខុសនឹងទេព្តា។
៣៨- រីអ្នកចិត្តល្អ—–ដឹងខ្មៅដឹងស—–ចេះពិចារណា
ស្គាល់គុណនិងទោសសន្តោសអាត្មា—–អត់ឱនចិន្តា
ពុំដែលសៅហ្មង។
៣៩- អ្នកនោះឯងនៃ—–សោតសឹងប្រពៃ—–សួស្តីកន្លង
បរលោកលោកិយឥតបីសៅហ្មង—–ទាំងទេព្តាផង
ចម្រើនឲ្យសុខ។
៤០- ដរាបរៀងទៅ—–សុខពីឥឡូវ—–រៀងទៅឯមុខ
ចៀសចាកប្រាសប្រាណពីឋាននរក—–រៀនរួចបានសុខ
ដល់សួគ៌ាល័យ។
៤១- អរិយសត្ថា—–គន់គិតចែងចារ—–ចងជាសេចក្តី
តម្រង់តម្រាប់—–ជាច្បាប់យ៉ាងថ្មី—–ដាស់តឿនស្រដី
សិស្សសព្វប្រការ។
៤២- គួរគិតរករៀន—–កិច្ចការរបៀន—–របបសាស្ត្រា
តាមច្បាប់និទាន—–ទូន្មានអាត្មា—–រៀងរាល់រូបា
សូរេចចប់ហោង៕
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Prev Post
Next Post
Comments are closed.