តាម្នាក់ចូលចិត្តជល់មាន់ខ្លាំងណាស់។ ថ្ងៃមួយ គាត់ជាមួយអ្នកភូមិផ្សេងទៀត បានទៅសង្វៀនប្រជល់មាន់ដើម្បី លេងល្បែងនេះ ជាមួយគេឯងដូចសព្វដង។ ដើម្បីបានកំសាន្តសប្បាយ គាត់បានបញ្ចុះបញ្ចូលអ្នកភូមិជាមួយគ្នាម្នាក់ដែលជាម្ចាស់មាន់ឲ្យប្រេះល់មាន់ខ្លួនជាមួយមាន់ភូមិគេមួយទៀត ទោះមានខ្លួននៅខ្ចីក៏ដោយ។ តាចាស់ថាទោះបីជាមាន់នពក្មេងតែវាល្អអញ្ចេះ ល្អអញ្ចោះរហូតដល់ម្ចាស់មាន់យល់ព្រមដាក់ឲ្យប្រជល់។ អ្នកភូមិដែលមកជាមួយគ្នាបានចាក់មាន់ខាងភូមិខ្លួន ទោះបីជាមិនសូវសង្ឃឹមឈ្នះក៏ដោយចុះ ព្រោះអីមកជាមួយគ្នា ឈ្នះចាញ់យ៉ាងណា ក៏បានសាមគ្គី ហ៊ោរកញ្ជ្រៀវសប្បាយ ឬបានមុខស្ញូញជាមួយគ្នាដែរ។ ការប្រជល់មាន់បានចាប់ផ្ដើម មានការស្រែកហ៊ោរំពង ចុះឡើងម្ដងខាងនេះ ម្ដងខាងនោះហើយលទ្ធផលចុងក្រោយ មាន់ខ្ចីបានឈ្នះលើមាន់ខាងគេ សឹងតែមិនគួរឲ្យជឿ។ គ្រប់គ្នាសប្បាយរីករាយនឹងជ័យជម្នះ តែលោកតាបែរជាមុខស្រពោនទៅវិញ។
ម្ចាស់មាន់សរសើរលោកតាដែលពូកែមើលមាន់ ហើយសួរថា តើតាឈ្នះតិចពេកមែនទេបានមុខស្រពោន និងមិនសប្បាយចិត្ត។ តាមិនចេញស្ដីខំប្រឹងញញឹមទាំងក្រៀមក្រំ។ ក្រោយមកទើបគេដឹងថា តាមពិតលោកតាចាក់មាន់ខាងគេសោះ។ ការគិតគូរពីផលប្រយោជន៍ខ្លួនឯងជាសភាវគតិរបស់មនុស្សដែលកើតមានមកពីធម្មជាតិ អ្នកណាៗគិតពីខ្លួនឯងដែរ។ ទោះបីមនុស្សខ្លះមិនខ្វល់ពីខ្លួនឯង ហើយគិតគូរ និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីសេចក្ដីសុខរបស់អ្នកដទៃក៏ដោយ តែមានចំនួនតិចណាស់។ បុគ្គលទាំងនេះបានក្លាយជាវីរបុរសជាតិ ជាសន្ដបុគ្គលមនុស្សធម៌ ឬក្លាយជាព្រះ ដែលមនុស្សសាមញ្ញមិនងាយធ្វើបានដូចទេ។ ក៏បុន្តែភាពអាត្មានិយម មិនត្រឹមតែការគិតតែពីផលប្រយោជន៍ខ្លួនប៉ុណ្ណោះទេ តែវាជាគំនិតដែលរំលោភបំពាន កេងប្រវ័ញ្ចលើអ្នកដទៃដើម្បីខ្លួនឯងថែមទៀត ឬក៏ជាការគេចវេស មិនបំពេញកាតព្វកិច្ចជាមនុស្សជាសមាជិករួមគ្រួសារ រួមសហគមន៍ រួមសង្គមជាតិ និងរួមផែនដីឡើយ។
Comments are closed.