លេខ១០ លេខ៩ លេខ៧

បាល់ទាត់ជាកីឡាពេញនិយមខ្លាំងណាស់ ទូទាំងពិភពលោក នាសម័យយើងនេះ។ កីឡាករល្បីៗ ជាច្រើនត្រូវបានមនុស្សគ្រប់ទិសទីស្គាល់ និងចូលចិត្ត ជាងអ្នកនយោបាយកំពូលៗ ឬតារាភាពយន្ត សិល្បករ ផ្នែកផ្សេងៗទៅទៀត។ កីឡាករទាំងនោះ មានដូចជា ប៉េឡេ ម៉ារ៉ាឌូណា ហ្ស៊ីដាន រ៉ូណាល់ដូ បែកខេម ជាដើមដែលជាតារាជើងចាស់ និងតារាកំពុងរះចិញ្ចាច ដូចជា ម៉ែសស៊ី គ្រីស្ទីណូរ៉ូណាល់ដូ ណៃម៉ាជាដើម។ ក្នុងចំណោម ពួកគេភាគច្រើនបំផុត គឺពាក់អាវលេខ១០ លេខ៩ លេខ៧។ លេខ១០ លេខ៩ លេខ៧ ពិតជាធ្វើឲ្យកីឡាករលេងបានល្អ និងមានឈ្មោះល្បីល្បាញមែនឬ? បើមិនដូចនេះទេ ហេតុអ្វីក៏កីឡាករកំពុលសុទ្ធតែ មានលេខទាំងនេះ នៅលើខ្នង៕ ហេតុអ្វីមានអព្ភូតហេតុ មិនគួរឲ្យជឿយ៉ាងនេះ? ឬមកពីរឿងនេះ ដែលធ្វើឲ្យ អ្នកលេងបាល់ទាត់អាជីព ជាពិសេសមិនអាជីពមួយចំនួនធំ ទាមទារពាក់អាវលេខវេទមន្តទាំងនេះ?

ប្រហែលជាគេគិតថា ពេលចូលទីលាន អ្នកមើលប្រាកដជាតម្រង់ខ្សែភ្នែក ទៅលើលេខទាំងនេះហើយ មើលទៅ? ឬអាចគិតថាខ្លួនជាតួអង្គឯកក្នុងទីលាន? លេខអាវ ធ្វើឲ្យមនុស្សល្បី ឬ មនុស្សធ្វើឲ្យលេខអាចល្បី? នៅប្រទេសខ្មែរយើងនាសម័យទសវត្ស១៩៦០ និង១៩៧០បុរសៗនិយមកាត់សក់ម៉ូតូ គង់ សំអឿន នាស់ ព្រោះគាត់ជាតារាភាពយន្តដ៏ល្បីល្បាញនាសម័យនោះ រហូតដល់បច្ចុប្បន្នទៀត។ អ្នកណាៗក៏កម្មង់ឲ្យកាត់សក់ម៉ូតដូច គង់ សំអឿនដែរ ទោះបីមុខមាត់របស់គាត់ខុសឆ្ងាយពី គង់ សំអឿន រាប់រយគីឡូក្ដី ដែលធ្វើឲ្យជាងកាត់សក់មានការលំបាកមិនតិចទេដើម្បីកែឆ្នៃ តម្រូវចិត្តអតិថិជន។ មនុស្សខ្លាំងក្លា ល្បីល្បាញ មិនមែនដោយសារតែកំលាំង ឥទ្ធិពល ឬវត្ថុអ្វី ឬអ្នកផ្សេងទៀត ដែលនៅខាងក្រៅខ្លួន ដែលមិនមែនជាខ្លួនឡើយ។ អ្វីគ្រប់យ៉ាងកើតឡើងដោយអំណាចដែលនៅខាងក្នុងខ្លួនឯងនោះហើយ។ បើយករបស់ក្រៅខ្លួនមកអួតសំញ៉ែង គឺមិនខុសគ្នាពីសត្វស្វាដែលបានពាក់ម្កុដមាសទេ។

Comments are closed.