គ្រឿងផ្សំ៖
– ខ្ទឹមស
– ខ្ទឹមក្រហម
– ម្ទេសខ្មាំង
– ត្រប់រោម
– ក្រូចឆ្មារ
– ដូងទុំ
– ត្រួយល្ពៅ
– ស្អំ
– ត្រកួន
– ត្រយូងចេក
– ត្រប់ស្រួយ
– សណ្តែកគួរ
– ត្រប់វែង
– ផ្កាស្នោ
– ផ្កាចំប៉ី
– កាពិល្អ
– ទឹកត្រី
– ទឹកខ្មេះ
– ស្ករ
– ម្សៅស៊ុប
– ខ្លាញ់រាវ
*វិធីធ្វើទឹកគ្រឿងកាពិមាន២បែប
+វិធីធ្វើទី១៖
-យកត្រប់រោមទុំ កោសរោមចេញ ហាន់ស្តើងៗបុកលាយជាមួយនិងខ្ទឹមស ខ្ទឹមក្រហម កាពិ ម្ទេសខ្មាំង (សុទ្ធតែប្រើឆៅទាំងអស់) ចូលគ្នាឱ្យម៉ដ្ឋ ហើយច្របាច់ក្រូចឆ្មាចាក់ទឹកខ្មេះ ទឹកត្រី ស្ករស ម្សៅស៊ុប កូរចូលគ្នាឱ្យសព្វ ភ្លក្សមើលឱ្យល្មមតាមចូលចិត្ត ។
+វិធីធ្វើទី២៖
-ត្រីឆ្អើបេះយកសាច់លីងជាមួយខ្ទឹមស ខ្ទឹមក្រហម ម្ទេសខ្មាំងឱ្យឈ្ងុយ ហើយបុកឱ្យល្អិត (លីង ដាក់ខ្លាញ់បន្តិច) កាពិចៀនឱ្យឆ្អិនដាក់បុកជាមួយត្រីឆ្អើ ទើបបារដាក់កូនចាន ច្របាច់ក្រូចឆ្មា ចាក់ទឹកត្រី ស្ករ ម្សៅស៊ុប ដាក់ទឹកក្តៅបន្តិច កូរចូលគ្នាឱ្យសព្វ ភ្លក្សមើលឱ្យល្មម។
វិធីចំអិនអន្លក់ក៏មានពីរបែបដែរ៖
-ត្រួយល្ពៅសកឱ្យស្អាត ស្អំបេះយកស្លឹកខ្ចីៗ ត្រយូងចេកសកស្រទាប់ខ្ចី កាត់ជាកំណាត់ៗ ត្រាំទឹក ម្ជូរឱ្យស សណ្តែកគួរ ត្រកួនកាត់វែងៗ ត្រប់ស្រួយកាត់ក្បាលលាងទឹក។
-កោសដូងពូតយកខ្ទិះធម្មតា ដាក់ស្ងោរអន្លក់ទាំងអស់នេះឱ្យឆ្អិន ទើបរៀបដាក់ចានសំប៉ែត ចំណែកស្អំត្រូវយកខ្ទិះរម្ងាស់ឱ្យខាប់ ដាក់ស្អំត្រលប់ចុះឡើង (ឱ្យកាន់តែស្រពោន)។
វិធីចំអិនមួយបែបទៀត៖
-ស៊ុតទាគោះដាក់ចានវាយឱ្យបែក។
-ផ្កាស្នោ ផ្កាចំប៉ី លាងទឹកឱ្យស្អាត ត្រប់វែងចិតសំបកកាត់កង់ៗចិតជាបន្ទះៗដាក់ត្រាំទឹក ស្អំបេះ យកស្លឹកខ្លីៗ។
-ដាំខ្ទះចាក់ខ្លាញ់ទុកឱ្យក្តៅ យកផ្កាស្នោ ស្អំ ផ្កាចំប៉ី ត្រប់វែង ជ្រលក់និងស៊ុតទាដាក់ចានឱ្យឆ្អិន។
កាលណាគេធ្វើទឹកគ្រឿងកាពិ ត្រូវចំអិនអន្លក់ឱ្យបានច្រើនមុខ (ទើបមានឱជារស ឆ្ងាញ់) តែបើមិនចូលចិត្តអន្លក់ឆ្អិនទេ អាចប្រើអន្លក់ឆៅជំនួសក៏បាន តាមការចូលចិត្តរៀងៗខ្លួន ៕
Comments are closed.