អ្នកតា តន់ មានទីតាំងក្បែរភូមិយោត្រ សង្កាត់មេ-សប្រច័ណ្ឌ ស្រុកពារាំង ខេត្តព្រៃវែង ។ បើចង់ទៅកាន់ទៅកន្លែងអ្នកតានេះ គេអាចធ្វើដំណើរពីសាលាស្រុកពារាំង តាមផ្លូវលំមួយ ដែលលាតសន្ធឹងសំដៅទៅទិសខាងជើង ។ ឯភូមិដែលនៅជាប់នឹងផ្លូវលំនេះជាហូរហែគឺ ភូមិព្រះម្លូ គរ ស្វាយ ព្រហូត ជ្រៃ ព្រៃដំបង និងភូមិក្រាំង ។ ទៅពីភូមិក្រាំងទៅខាងជើងទៀត ចម្ងាយប្រមាណ ៥ គ.ម. ទើបដល់ភូមិយោត្រ ដែលជាកន្លែងនៃអ្នកតា តន់ បើគិតពីសាលាស្រុកពារាំងទៅដល់កន្លែងអ្នកតានេះ ចម្ងាយប្រមាណ ១៥ គម. ។
អ្នកតានេះ ស្ថិតនៅមាត់ព្រែកយោត្រ ត្រើយខាងកើត គឺត្រើយផ្នែកខាងកើតស្រុកស៊ីធរកណ្ដាល ក្នុងខេត្តព្រៃវែងដែរ ប៉ុន្តែនៅឆ្ងាយដាច់ស្រយាលប្រមាណជាង ២០ គ.ម. ពីសាលាស្រុកស៊ីធរកណ្ដាល ។
ព្រែកត្រង់ភូមិយោត្រនេះ ឈ្មោះថាព្រែកយោត្រដែរ ព្រោះហៅតាមឈ្មោះភូមិ ត្រើយខាងកើតគេចាត់ចូលទៅក្នុងស្រុកស៊ីធរកណ្ដាល ឯត្រើយខាងលិចគឺនៅក្នុងស្រុកពារាំង ។ ព្រែកនេះ បែកចេញពីត្រើយខាងត្បូងនៃទន្លេតូច ដែលបែកចេញពីទន្លេមេគង្គ ត្រង់ជីហែក្នុងស្រុកកោះសុទិនហើយធ្លាយចេញទៅទន្លេមេគង្គទៀត ត្រង់បាណាមនិងអ្នកលឿង ។
ដើមកំណើតអ្នកតា គេមិនបានដឹងប្រាកដថាអ្នកតានេះកើតក្នុងឆ្នាំណាទេ ប៉ុន្តែបើតាមលោកតាម្នាក់ឈ្មោះ តា កែប ដែលជារូបសម្នឹងរបស់តា តន់ នៅភូមិយោត្រ ដែលបានដំណាលប្រាប់ខ្ញុំ តាំងពីក្មេងរវាងអាយុជាង ១០ឆ្នាំម្ល៉េះថា កាលណោះភូមិយោត្រ ពុំទាន់មានផ្ទះទេ នៅតាមមាត់ទន្លេ និង មាត់ព្រែកយោត្រពីដើម មានសុទ្ធតែព្រៃឫស្សី និង រនាមញៀតស្បាត មានតែផ្លូវដំរីចុះទៅផឹកទឹកទន្លេតែមួយកន្លែងប៉ុណ្ណោះ ក្រៅពីនោះ ចេញចូលពុំរួចឡើយ ។
ពេលក្រោយមក មានមនុស្សចុះពីស្រុកស្រែ គឺមកពីភូមិក្រាំង ដែលនៅចម្ងាយពីគ្នាប្រមាណ ៥ គ.ម. មានគ្នា ៤-៥ នាក់ មកកាប់គាស់ឈើរើព្រៃរនាមតាមមាត់ទន្លេតូច ដាំដំណាំ មាន ពោត ត្រសក់ជាដើម ។ មនុស្សទាំងនោះ មកធ្វើការដាំដំណាំនេះ តែពេលថ្ងៃៗទេ ដល់ល្ងាចត្រឡប់ទៅដេកឯផ្ទះវិញ មិនហ៊ានដេកក្នុងច្បារដំណាំ ក្រែងមានខ្លា ដំរីមកយាយីនៅពេលយប់ ព្រោះជាកន្លែងដែលធ្លាប់មានសត្វសាហាវចុះ ។ លុះទៅមកៗ យូរៗទៅកាន់តែស៊ាំចិត្តគំនិតលែងខ្លាច ក៏នាំគ្នាធ្វើខ្ទមតូចៗក្នុងចម្ការរបស់ខ្លួន ហើយដេកនៅទាំងយប់ទាំងថ្ងៃប្រកាន់ទីកន្លែងតែរៀងៗខ្លួន ។
ក្នុងចំណោមអ្នកទាំងនោះ អ្នកដែលមកតាំងទីកន្លែងនៅក្នុងចម្ការនោះមុនគេ គឺឈ្មោះតា ស្វា ប្រពន្ធឈ្មោះយាយ ដ្រាំ ។ គាត់កាប់គាស់រានដីដាំពោតនៅជាប់នឹងមាត់ព្រែកនោះ ។ នៅពេលថ្ងៃៗ ពួកហ្វូងស្វាទាំងឡាយចេះតែនាំគ្នាមកលួចកាច់ពោត គាត់ដេញមិនឈ្នះសោះ ចំណែកឯយប់ៗវិញ គឺត្រូវហ្វូងដំរីដែលចុះពីលើមកផឹកទឹក ក៏កាច់ស៊ី ព្រមទាំងជាន់បំបាក់ដំណាំថែមទៀតផង ។ ទើបគាត់សុខចិត្តធ្វើខ្ទមចាំពោត នៅក្រោមដើមស្លែងធំពីរដើម ហើយនៅដេកចាំទាំងយប់ទាំងថ្ងៃនៅក្បែរខ្ទមនោះ គាត់ធ្វើខ្ទមតូចមួយទៀតប្រក់ស្បូវ សម្រាប់ដាក់បាយទឹកឲ្យខ្មោចព្រៃ និងបាយាបរៀងរាល់ថ្ងៃ ។ កាលណាគាត់មិននៅ គាត់យកដុំថ្មឧបកិច្ចធ្វើជាអ្នកតា ដាក់លើខ្ទមតូចនោះ ហើយនិយាយផ្ញើពោតដោយពាក្យថា “លោកតាអើយមើលថែទាំពោតឲ្យខ្ញុំផង កុំឲ្យដំរីស្វាមកបំផ្លាញ” ។ ចាប់តាំងពីពេលនោះមក បើទុកជាគាត់ទៅណាមកណា មួយថ្ងៃ ឬ ពីរថ្ងៃក៏ដោយ ក៏គ្មានស្វាដំរីមកជិតពោតគាត់ដែរ ។
តពីពេលនោះមក អ្នកធ្វើពោត ត្រសក់នៅក្បែរនោះ ឃើញខ្ទមរបៀបជាខ្ទមអ្នកតាដូច្នោះ ក៏ឆ្លាក់ឈើធ្វើជារូបមនុស្ស អង្គុយពែនភ្នែនរបៀបជាអ្នកតា យកមកដាក់ឲ្យជួយមើលពោត ត្រសក់កុំឲ្យសត្វស៊ី ។ អ្នកធ្វើដំណើរតាមផ្លូវមកទិញពោត ត្រសក់ ឃើញខ្ទមរបៀបជាខ្ទមអ្នកតាដូច្នោះ ក៏ថ្វាយនេះ ថ្វាយនោះ យូរទៅការឧបកិច្ចនោះ ក៏កាន់តែមានឥទ្ធិពលខ្លាំងឡើងៗ រហូតដល់មានខ្ទមត្រឹមត្រូវ ហើយបើអ្នកណាមាត់អាក្រក់ ជេរពោលរោលអាល នូវពាក្យអាសគ្រាមផ្សេងៗ អ្នកតានឹងធ្វើទុក្ខបុកម្នេញ ឲ្យចុកពោះឬឈឺអ្វីផ្សេងៗ ទាល់តែបន់ស្រន់ថ្វាយនេះ ថ្វាយនោះ ទើបនឹងសោះស្បើយ ។ កន្លែងត្រង់នេះសព្វថ្ងៃបានប្រែក្លាយទៅជាភូមិអ្នកស្រុកស្ដុកស្ដម្ភ ឈ្មោះហៅថា “ភូមិយោត្រ” ។
បានដឹងតាមពាក្យចាស់ៗតំណាលថាមកថា អ្នកតានេះមុនដំបូងឈ្មោះថា “តាម៉ៅ” ប្រពន្ធឈ្មោះ “យាយខៀវ” ទេ ហើយឈ្មោះនេះទៀតក៏មិនដឹងជាអ្នកណាឲ្យដែរ ។ តាម៉ៅ គាត់មានឥទ្ធិពលណាស់ សូម្បីតែភ្លើងព្រៃឆេះរោលរាលមកដល់ខ្ទមហើយ ក៏មិនឆេះខ្ទមស្បូវរបស់គាត់ដែរ ។
ម៉្យាងទៀត បើអ្នកភូមិយោត្រនេះ ធ្វើដំណើរទៅណាមកណាហួសពេល មិនហ៊ានមកផ្ទះវិញ គ្រាន់តែនឹកដើម តាម៉ៅ ភ្លាម ក៏ស្រាប់តែព្រឺក្បាលព្រឺស្បែក-រោម លែងខ្លាច ហ៊ានដើរមកផ្ទះវិញភ្លាម ។ ឥទ្ធិពលខ្លាំងយ៉ាងនេះហើយ បានជាចាស់ទុំជំនាន់នោះប្រែឈ្មោះឲ្យគាត់ថា “តាតន់” ដូច្នេះវិញ មិនដឹងជាចាស់ៗជំនាន់នោះយល់ពាក្យ “តន់” នេះថាពិសេសជាងពាក្យ “ម៉ៅ” ដូចម្ដេចទេ បានជាផ្លាស់ឈ្មោះពីម៉ៅ មក តន់ ដូច្នោះវិញនោះ ។
ឥទ្ធិពលអ្នកតាតន់
អ្នកតានេះ តាំងពីដើមរហូតមកដល់សព្វថ្ងៃនេះ មានកិត្តិសព្ទល្បីថាជាអ្នកមានឫទ្ធានុភាព ពូកែឆុតឆាប់ណាស់ ក្នុងការជួយអ្នកផងមិនឲ្យមានទុក្ខទោសគ្រោះថ្នាក់ ដោយជំងឺផ្សេងៗ បានឡើយ ។ ឧទាហរណ៍ដូចជាអ្នកភូមិជិតខាងនៃភូមិយោត្រនេះ មានកើតជំងឺឆ្លងរាតត្បាតឬអសន្តិសុខផ្សេងៗ ហើយអ្នកភូមិយោត្រហ្នឹងឯង ដឹងភ្លាមក៏ចាប់ធ្វើពិធីសែនព្រេន លេងភ្លេងថ្វាយអ្នកតា នោះរាតត្បាតទាំងឡាយនឹងមិនអាចឆ្លងចូលមកដល់ភូមិយោត្រយើងបានឡើយ គឺអ្នកតាអាចបញ្ចៀសជំងឺទាំងនោះបានដោយងាយ ។ ប៉ុន្តែបើដឹងហើយ បង្អែបង្អង់មិនព្រមធ្វើពិធីសែនព្រេន ទុកទាល់តែរោគដ៏សាហាវនោះ រាលដាលចូលមកដល់ក្នុងភូមិ ចាប់ឈឺមនុស្សម្នាក់ ពីរនាក់សត្វពាហនៈខ្លះ ហើយទើបនាំគ្នារៀបរណ្ដាប់សែនព្រេនបញ្ជូនឲ្យ មានលេងភ្លេងបញ្ជាន់រូបជាដើម បើកាលណាអ្នកតានេះ ចូលមកនិយាយថា “ឈ្មោះនេះ ១ (អ្នកឈឺ) យើងឲ្យគេខកទៅហើយ មិនអាចសុំគេវិញបានទេ” អ្នកជំងឺនោះមុខតែស្លាប់ដូចពាក្យអ្នកតាប្រាប់នោះមិនខាន។
ការស្បថ – បើមានមនុស្សក្នុងភូមិ ឈ្លោះទាស់ទែងគ្នា មួយថាមួយខុស ប្រកែកគ្នាចុះឡើងៗ មិនដាច់ស្រេចសោះ នោះគេក៏នាំគ្នាទៅស្បថចំពោះមុខអ្នកតា តន់ មុខជានឹងឃើញយ៉ាងឆុតឆាប់ អ្នកតានឹងធ្វើទុក្ខបុកម្នេញអ្នកដែលមិនទៀងត្រង់ ឲ្យឈឺចុកចាប់រហូតដល់ស្លាប់ក៏មាន ឬ ទៅជាឆ្កួតវង្វេងភ្លាំងភ្លេចក៏មាន ។
សំណែន – ការធ្វើពិធីសែនថ្វាយចំពោះអ្នកតា តន់ នេះ គឺធ្វើក្នុងពេលដែលបន់ស្រន់ កុំឲ្យមានជំងឺ ចូលលុកលុយក្នុងភូមិនោះ គ្មានពិធីអ្វីជាការធំដុំទេ គ្រាន់តែមានក្បាលជ្រូកស្ងោរមួយដាក់លើថាស ឬ តុ ស្រា ១កំប៉ុង រូបសេះ រូបដំរី- ជ្រូក- ទា ធ្វើដោយដើមចេក និងពែដើមចេកមួយ បួនជ្រុង ក្នុងមួយជ្រុងៗ ប្រវែង ៤ ឬ ៥ ដេស៊ីម៉ែត្រ ធ្វើមានដំបូលពីលើ ហើយមានមុខស្រួចដូចកប៉ាល់ ។ ក្នុងពែនោះមានដាក់ចំណីចំណុក- បាយទឹក- អង្ករបន្តិចបន្តួចជារបៀបសែនបញ្ជូន កាត់ស្រទបចេកធ្វើលុយកាក់ខ្លះ ហើយនាំគ្នាយកពែនិងរូបដំរី- សេះទាំងនោះទៅដាក់មុខខ្ទមអ្នកតា ។ នៅចំពីខាងមុខប្រដាប់ប្រដាទាំងនោះ ត្រូវរៀបកន្លែងមួយ មានខ្នើយ កន្ទេលក្រហម ព្រមទាំងស្លាបារីមួយជើងស្រាពក៍ សម្រាប់ឲ្យរូបសម្នឹងអង្គុយនិងអាស្រ័យ ។ ក្រៅពីគ្រឿងសំណែនទាំងនេះ មានភ្លេងខ្មែរមួយវង់ទៀត សម្រាប់ប្រគំថ្វាយអ្នកតាផង ។
របៀបលេងភ្លេង និង បញ្ជាន់រូប – កាលណាគេរៀបចំស្រួលបួលហើយ គេនាំគ្នាអុជទៀន ធូប ដោតនៅមុខខ្ទមអ្នកតា រួចក្រុមភ្លេងក៏ចាប់លេង ។ ដំបូងបង្អស់គេលេងបទថ្វាយគ្រូ រួចលេងបទសំពោង-ផាត់ជាយ ជាលំដាប់លំដោយហូរហែតទៅ តាមតែអ្នកភ្លេងចេះ គ្មានកំណត់ថាប៉ុណ្ណេះប៉ុណ្ណោះបទទេ លេងទាល់តែរូបនោះចូល ទើបភ្លេងឈប់សម្រាក ដើម្បីទុកឱកាសឲ្យអ្នកភូមិចូលទៅបែរបន់សុំសេចក្ដីសុខ សុំឲ្យជួយកម្ចាត់នូវជំងឺដែលកើតក្នុងភូមិជា ឬសុំកុំឲ្យមានជំងឺឆ្លងមកដល់ស្រុកភូមិជាដើម ។ អ្នកខ្លះសុំខ្សែ ទឹក យកមកពាក់នឹងលុបលាងមុខមាត់ ដើម្បីការពារភយន្តរាយផ្សេងៗ ។ ការសុំឲ្យជួយដូច្នេះ ច្រើនតែបានសម្រេចដូចសេចក្ដីប្រាថ្នា ។
អ្នកតា តន់ ចូលភ្លាម រូបនោះចាប់យកសំពត់ស ដែលគេដាក់បម្រុងនៅលើថាំងតែក្បែរនោះ មកស្លៀក ពាក់អាវស ហើយពានា ឬ ជួតក្បាលសំពត់ស ដៃកាន់ឈើច្រត់ ។ ឯការពានា ឬ ជួតក្បាលសំពត់សនេះ មានន័យខុសគ្នាគឺ
១- បើកាលណាហេតុនេះមិនជាធំដុំប៉ុន្មានទេ គ្រាន់តែមានមនុស្សឈឺធម្មតា ហើយបន់ស្រន់ឲ្យបានជាសះស្បើយ អ្នកតានោះចូលមក គ្រាន់តែស្លៀកសនិងពានាស (មិនមានជូតក្បាលទេ) ទាញស្លាមកទំពា សូត្រផ្លុំៗ និងលាបទឹកលើខ្នងអ្នកជំងឺតែប៉ុណ្ណោះ ។
២- បើកាលណាមានភយន្តរាយធំ ដូចជាកើតជំងឺរាតត្បាតពាសពេញស្រុកភូមិជាដើម ពេលនោះ អ្នកតាចូលមកភ្លាមតាំងយកសំពត់ស្លៀកចងក្បិន សំពត់មួយទៀតជួតក្បាលយ៉ាងមាំ ដៃកាន់ឈើច្រត់គ្រវីជារបៀបគុនដំបង លោតទៅឆ្វេង លោតទៅស្ដាំតាមសង្វាក់ស្គរ ហាក់ដូចជាខឹងសម្បារយ៉ាងខ្លាំងនឹងអ្នកណាមួយ ។ លុះលោតគុនរួចហើយ អង្គុយពែនភ្នែនទាំងហត់គឃូស ចាប់បារីជក់ ស៊ីស្លា អ្នកស្រុកចូលស្រមកសុំសេចក្ដីសុខ- ចម្រើន រួចគេនាំគ្នាសែនព្រេន ច្រួចស្រា ដាក់ញាំ- ភ្លា បាយសម្លនៅក្បែរខ្ទមនោះ និយាយថា “សូមលោកតាអញ្ជើញសេពសោយនូវភស្តុភារនេះ រួចហើយសូមលោកតាមេត្តាបណ្ដេញបំបរនូវជំងឺទាំងនោះឲ្យឆ្ងាយទៅ” បន្ទាប់មកគេយកពែ និងរូបដំរី- សេះទាំងនោះទៅបណ្ដែតតាមទន្លេ ឲ្យចុះតាមខ្សែទឹកទៅក្រោម ។ មុននឹងលេងពែ អ្នកទាំងនោះនាំគ្នាស្រែកហ៊ោ ៣ ដង រួចស្រែកថា “សូមអញ្ជើញយករបស់ទាំងនេះទៅចុះ” ខ្លះស្រែកឧបកិច្ចតបមកវិញថា “យើងលាសិនហើយ យើងលែងមកវិញហើយ” ដូច្នេះជាដើម ។
អំពីរូបសម្រាប់ចូល – អ្នកតាតន់ និង យាយខៀវ នេះមានរូបសម្នឹង ជាយូរយារណាស់មកហើយដែរ គឺរូបដំបូងបង្អស់ឈ្មោះ តាកែប ។ អ្នកតាតន់ ចូលរូប តាកែប តាំងពីគាត់អាយុ ៣០ ឆ្នាំប្លាយម្ល៉េះ ឥឡូវគាត់ស្លាប់ទៅជាង ១០ ឆ្នាំហើយ បើគិតតាំងពីពេលដែលគាត់ចូលជារូប អ្នកតាតន់ មកដល់សព្វថ្ងៃនេះរវាង ៧០ ប្លាយឆ្នាំហើយ ។ លុះផុតពីលោកតាកែប នេះមក ក៏ប្រកាន់ចូលរូបយាយ “ជៃ ” ជាកូនលោកតា “កែប” នេះតទៅទៀត ។ លោកយាយ ជៃ ធ្វើជារូបបានជាង ១០ ឆ្នាំក៏ធ្វើមរណកាលទៅ បន្ទាប់មកមានរូបស្រីម្នាក់ទៀតឈ្មោះ ម៉ែត សព្វថ្ងៃអាយុជាង ៤០ ឆ្នាំហើយ គាត់ធ្វើរូបតាំងពីអាយុ ៣៤ ឬ ៣៥ ឆ្នាំមកម្ល៉េះ ។
អ្នកតានេះ មិនដែលមានធ្វើពិធីឡើង ឬ សែនព្រេនរៀងរាល់ឆ្នាំទេ គឺគេសែនឬ លេងភ្លេងតែពេលណាមានអាសន្នមកដល់ប៉ុណ្ណោះ ។
ឥទ្ធិពលអ្នកតា
មានការអស្ចារ្យយ៉ាងចម្លែកមួយគឺ បើមានអ្នកណាមួយមានបំណងចង់លេងល្បែងស៊ីសងអ្វីមួយ ឬ ជាល្បែងភ្នាល់ ដូចជាប្រណាំងទូក ង ស៊ីសងជាប្រាក់កាសជាដើម ពុំនោះដូចជាការប្រកួតប្រជែងយកមុខងារនាទីជាអ្វីមួយ ដូចជាឈរឈ្មោះជាបេក្ខជនបោះឆ្នោតធ្វើមេឃុំក្ដី កាល ណាជិតដល់កំណត់ប្រឡងប្រជែងហើយ ទៅអុជទៀន ធូប បន់ស្រន់សុំឲ្យជួយ បើកាលណាមិនមានបណ្ដាលឲ្យឃើញអ្វីជាហេតុ ដូចជាឃើញសត្វអាសិរពិសជាដើម វារចេញពីក្បែរខ្ទមអ្នកតា តន់ មកបង្ហាញឲ្យឃើញជាប្រផ្នូលទេ នោះការប្រឡងប្រជែងច្រើនតែបានជាប់ ។ តែប្រសិនបើបន់ស្រន់ទៅហើយ បណ្ដាលហេតុឲ្យឃើញភ្លាមៗ ដូចជាពស់ជាដើម លូនចេញមកវារកាត់មុខ នោះជាការប្រាប់បញ្ជាក់ឲ្យដឹងថា សេចក្ដីប្រាថ្នានោះពុំបានសម្រេចទេ កុំប្រឡងប្រជែងជាជាង ។ ប៉ុន្តែហេតុដែលធ្វើឲ្យឃើញភ្លាមៗ ដូច្នេះជួនកាលក៏ឃើញ កាលក៏មិនឃើញដែរ ដូចមានតំណាលថា
ពីយូរណាស់មកហើយ អ្នកតានេះ បានលេងបៀជាមួយនឹងអ្នកតាដូចគ្នាមួយទៀត ។ ការលេងរបស់អ្នកតានេះ មិនមែនដាក់ប្រាក់កាសទេ គឺលេងដាក់សត្វ ដូចជាក្រពើ ពស់ មូសជាដើម។ កាលណាបើលេងឈ្នះបានក្រពើ នោះអ្នកភូមិមុខតែឃើញក្រពើ ហែលស្ទុយចុះស្ទួយឡើងក្នុងទន្លេ ឬ ព្រែក ក្បែរខ្ទមអ្នកតានោះមិនខាន ។ បើលេងឈ្នះពស់ មុខជាឃើញសត្វពស់ធំៗ ប្រមាណប៉ុនកំភួនជើង កំភួនដៃ ឬ ប៉ុនភ្លៅមនុស្សក៏មាន លូនចុះលូនឡើងក្បែរខ្ទមអ្នកតានោះ ។ ពិសេសទៅទៀត បើមានអ្នកណាចង់ឃើញក្រពើ ឬ ពស់ គ្រាន់តែយកស្លាធម៌មួយគូ ឬ នំចំណីទៅថ្វាយ សុំមើលក្រពើ ពស់ មុខជាឃើញវារ ឬ លូនក្បែរៗទីនោះមិនខាន ។ ប៉ុន្តែក្រពើគេខានឃើញរវាងជិត ១០ ឆ្នាំហើយ ឯពស់ជួនកាលឃើញ ជួនកាលមិនឃើញទេសព្វថ្ងៃនេះ ។ ឯក្រពើបានជាពុំដែលឃើញហែលដូចពីដើម ព្រោះអ្នកស្រុកឃើញញឹកញាប់ពេក ក៏ចេះតែខ្លាច ទើបនាំគ្នាធ្វើឧបកិច្ចសុំចាប់ក្រពើ ហើយយកអ្នកប៉ិនប្រសប់ខាងក្រពើ ឲ្យមកចាប់ទាល់តែពាយអស់ទៅ ។ ឥទ្ធិពលអ្នកតាដែលបានរៀបរាប់មកខាងដើមទាំងប៉ុន្មាននេះ សាបរលាបអស់ខ្លះ នៅខ្លះ បើរឿងលេងភ្លេងបន់ស្រន់ សុំឲ្យជួយកុំឲ្យជំងឺបៀតបៀនកូនចៅនៅក្នុងស្រុក នោះតែងតែឆុតឆាប់ ។ ឯការបន់ស្រន់ឲ្យជួយការប្រឡងផ្សេងៗវិញ ជួនកាលក៏ឲ្យឃើញហេតុពិត ថាបានសម្រេចឬមិនសម្រេច ជួនកាលក៏គ្មានឃើញអ្វីជាសម្គាល់ឡើយ ។ ចំពោះរឿងភ្លើងឆេះព្រៃ មិនទាន់ថាសាប ឬ មិនសាបនៅឡើយទេ ព្រោះសព្វថ្ងៃមិនដែលមានភ្លើងឆេះព្រៃ រាលមកក្បែរខ្ទមនោះសោះ ដោយព្រៃតូចតាចដែលអាចបណ្ដាលឲ្យឆេះ មិនមានដុះនៅក្បែរខ្ទមនោះទៀតទេ ។
តាមសេចក្ដីដំណាលថា អ្នកតា តន់ កើតតាំងពីជំនាន់តា ស្វា យាយ ជ្រាំ មកដល់សព្វថ្ងៃនេះ គិតទៅរវាង ២០០ ឆ្នាំ ព្រោះកាលតា ស្វា យាយ ជ្រាំ ទៅនៅដាំពោតនៅព្រែកយោត្រនេះ តាំងពីទើបនឹងបានគ្នាជាប្ដីប្រពន្ធថ្មីៗម្ល៉េះ ហើយគាត់មានកូនចៅតៗរហូតមក ។ គាត់មានកូនប្រាំនាក់ ។
តា ស្វា នេះ ជាអ្នកចម្បាំងមួយរូបខ្លាំងពូកែគ្រាន់បើក្នុងជំនាន់នោះ តែងទៅជួយច្បាំងពួកបក្ខបះបោរទាំងឡាយ ។ ខ្ញុំសួរបញ្ជាក់អំពីដំណើរចម្បាំង លោកតា កែប ប្រាប់ខ្ញុំថា ច្បាំងក្នុងរាជ្យព្រះបាទ អង្គ អេង គឺក្នុងសម័យដែលចៅហ៊្វា មូ និង យោមរាជ បែន ទាស់ទែងខ្វែងគំនិតគ្នា ប្រកាន់បក្ខដោយខ្លួន ហើយបំបះបំបោររាស្ត្រ កែនរាស្ត្រយកទោច្បាំងគ្នាទៅវិញទៅមក ។ បើតាមព័ត៌មាននេះ ក្នុងប្រវត្តិសាស្ត្រក៏មានចែងដែរ អំពីចៅហ៊្វា មូ និងយោមរាជ បែនប្រឆាំងគ្នា ក្នុងគ្រិស្តសករាជ ១៧៩២ បើគិតពីត្រឹមចៅហ៊្វា មូ និងយោមរាជ បែន ទាស់គ្នាមកឥឡូវ2 ចំនួន ១៧៦ ឆ្នាំហើយ ។
សរុបព័ត៌មានទាំងអស់ទៅឃើញថា អ្នកតានេះកើតឡើងរវាង ២០០ ឆ្នាំហើយ អ្នកតានេះកើតឡើងរវាង ២០០ ឆ្នាំហើយ ព្រោះកាលគាត់នៅដាំពោតកន្លែងនោះដំបូង គាត់មិនទាន់មានកូនចៅទេ ដល់ពេលដែលគេកែនគាត់ធ្វើចម្បាំងនោះ គាត់មានកូនធំៗអស់ហើយ ព្រោះមានពាក្យដំណាលដ៏ជាក់ច្បាស់អំពីអ្នកយោត្រសព្វថ្ងៃនេះ តែងនិយាយថា កាលតា ស្វា គាត់ទៅច្បាំង ស្រាប់តែបាត់ខ្លួនមិនឃើញមកផ្ទះវិញសោះ ឯអ្នកដទៃគេត្រឡប់មកផ្ទះអស់ បាត់តែម្នាក់គាត់ កូនចៅសួរអ្នកណាក៏មិនឃើញ មិនដឹងដំណឹង ។
ឯកូនចៅនិងញាតិនឹកស្មានថា គាត់មុខជាស្លាប់ក្នុងចម្បាំងហើយ បានជាបាត់មិនឃើញមកផ្ទះនឹងគេ ។ កូនចៅនិងញាតិមិត្រនាំគ្នារៀបចំបុណ្យ ដើម្បីបញ្ជូនកុសលដល់វិញ្ញាណក្ខន្ធរបស់គាត់ ។ កំពុងតែធ្វើបុណ្យដារ ព្រះសង្ឃកំពុងតែសូត្រសត្កប្បករណាភិធម្ម ស្រាប់តែឃើញគាត់លីគុនដំបងដើរចូលមក កូនចៅនិងញាតិមិត្រដែលនៅធ្វើបុណ្យនោះ ផ្អើលឈូឆរថាគាត់មកលង លុះដឹងថាគាត់មិនស្លាប់ទេ ក៏ត្រេកអរសើចគឹកកងរំពឹងទទួលអំណរ ។ ចម្បាំង ចៅហ៊្វា មូ និង យោមរាជ បែន ១៧៤ ឆ្នាំហើយ ឯតាស្វា គាត់បានបង្កើតអ្នកតា តន់នេះមុនចម្បាំងរវាង ២០ ឆ្នាំហើយ ព្រោះតាំងពីគាត់ទើបនឹងការរហូតដល់កូនគាត់ចេះធ្វើបុណ្យឲ្យ ទើបកើតចម្បាំង ។ បើតាមទម្លាប់របស់ជនជាតិខ្មែរ ដែលជាអ្នកគោរពព្រះពុទ្ធសាសនា ដែលចេះធ្វើបុណ្យឲ្យឪពុកម្ដាយស្រួលបួលនោះ យ៉ាងតិចពីត្រឹមអាយុ ២០ ឆ្នាំឡើងទៅ ។ បានជាយើងអាចសន្និដ្ឋានថា អ្នកតានេះ មានអាយុប្រហែល ២០០ ឆ្នាំនោះ ។
Comments are closed.