ប្រវត្តិនិងអាថ៌កំបាំងរបស់កំពូលអ្នកប្រាជ្ញ អាល់បឺត អែងស្តែង

អាល់បឺត អែងស្តែង (Albert Einstein)(អានតាមសំនៀងបារាំង៖ អាល់ប៊ែរ អាំងស្តាំង) (១៤ មិនា ១៨៧៩ – ១៨ មេសា ១៩៥៥) ជាអ្នករូបវិទ្យាទ្រឹស្ដី សញ្ជាតិអាមេរិក ដើមកំនើតអាល្លឺម៉ង់។ លោកត្រូវបានគេស្គាល់ច្បាស់តាមរយៈទ្រឹស្ដីរ៉ឺឡាទីវីតេ​របស់លោក និងជាពិសេសតាមរយៈរូបមន្តសមមូលម៉ាស់-ថាមពល គឺ E = mc2។ អែងស្តែង​បានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យា​នៅឆ្នាំ១៩២១ សំរាប់ការបំរើការរបស់លោកក្នុងវិស័យ រូបវិទ្យាទ្រឹស្ដី និងជាពិសេសគឺការរកឃើញច្បាប់ស្ដីពីផលហ្វូតូអគ្គីសនី។
ការរួមចំនែករបស់អែងស្តែងក្នុងផ្នែករូបវិទ្យា មានដូចជា ទ្រឹស្ដីរ៉ឺឡាទីវីតេពិសេស (ដែលតភ្ជាប់មេកានិចនិងអេឡិចត្រូម៉ាញ៉េទិច) និង ទ្រឹស្ដីរ៉ឺឡាទីវីតេទូទៅ (ដែលត្រូវបានគេរំពឹងថាអាចពង្រីកគោលការណ៍រ៉ឺឡាទីវីតេ សំរាប់អនុវត្តជាមួយចលនាមិនឯកសណ្ឋាន និងសំរាប់បង្កើតទ្រឹស្ដីថ្មីស្ដីពីទំនាញសកល។ ការរួមចំនែកផ្សេងៗទៀតមាន កូស្មូឡូស៊ីរ៉ឺឡាទីវីស, ចលនាកាពីលែរ, ចំនោទក្លាស់សិចនៃមេកានិចស្ថិតិនិងបំរើបំរាស់របស់វានៅក្នុងទ្រឹស្ដីកង់ទិច (បំនកស្រាយចលនាប៊្រោននៃម៉ូលេគុល និង អាតូម), ទ្រឹស្ដីកង់ទិចនៃឧស្ម័នម៉ូណូអាតូម, លក្ខណៈទែរមិចនៃពន្លឺដែលមានដង់ស៊ីតេកាំរស្មីបន្សាយទាប (ដែលបានក្លាយជាគ្រឹះនៃទ្រឹស្ដីហ្វូតុង) -ល-។

អែងស្តែងបានបោះពុម្ភស្នាដៃផ្នែកវិទ្យាសាស្ត្រចំនួនជាង៣០០ច្បាប់ និងមិនមែនវិទ្យាសាស្ត្រចំនួនជាង១៥០ច្បាប់។ អែងស្តែងត្រូវបានសហគមន៍រូបវិទ្យាគោរពនិងស្ញើចសរសើរ ហើយនៅឆ្នាំ១៩៩៩ ទស្សនាវដ្ដីថាម បានដាក់ងារអោយលោកថា បុគ្គលប្រចាំសតវត្សរ៍។

កុមារភាពនិងការសិក្សា
អ៊ែនស្ទែនចាប់កំនើតនៅក្នុងគ្រួសារជនជាតិជ្វីហ្វ មួយនៅអាល្លឺម៉ង់ នៅថ្ងៃទី១៤ មិនា ១៨៧៩។ ឪពុករបស់លោកឈ្មោះ ហឺរម៉ែន អ៊ែនស្ទែន (Hermann Einstein) ជាអ្នកលក់ដូរនិងវិស្វករ។ ម្ដាយរបស់លោកឈ្មោះ ផូលីន អ៊ែនស្ទែន (Pauline Einstein)។ នៅឆ្នាំ១៨៨០ គ្រួសារនេះបានប្ដូរទីលំនៅទៅ​ក្រុងមឿនហិន (មុយនិច) ដែលនៅទីនោះ ឪពុកលោករួមគ្នាជាមួយឪពុកមារបស់លោកបានបើកក្រុមហ៊ុនមួយឈ្មោះ Elektrotechnische Fabrik J. Einstein & Cie ដែលជាក្រុមហ៊ុនផលិតបរិក្ខារអគ្គីសនី​ប្រើចរន្តជាប់។
ឪពុក៖ ហឺរម៉ែន អ៊ែនស្ទែនម្ដាយ៖ ផូលីន អ៊ែនស្ទែន

គ្រួសារអ៊ែនស្ទែនមិនមែនជាអ្នកប្រតិបត្តិសាសនាជ្វីហ្វទេ។ អ៊ែនស្ទែន​បានចូលរៀននៅសាលាបឋមសិក្សាកាតូលិក ពីអាយុ៥ឆ្នាំដល់១០ឆ្នាំ។ ទោះបីជាអ៊ែនស្ទែនមានការលំបាកក្នុងការនិយាយស្ដីក៏ដោយ ក៏គាត់អាចក្លាយជាសិស្សឆ្នើមជាងគេក្នុងសាលា។

នៅពេលដែលអ៊ែនស្ទែនមានអាយុ៥ឆ្នាំ ឪពុករបស់គាត់បានបង្ហាញត្រីវិស័យដាក់តាមហោប៉ៅ ដល់គាត់។ អ៊ែនស្ទែនបានគិតឃើញថា ច្បាស់ជាមានអ្វីម្យ៉ាង​ដែលមើលមិនឃើញ​នៅក្នុងលំហ នៅចាំបង្វិលទ្រនិចត្រីវិស័យនោះ។ បទពិសោធនេះជាការចងចាំដ៏ជ្រៅនិងជានិរន្តសំរាប់អ៊ែនស្ទែន និងជាបុព្វហេតុនាំអោយគាត់មានចំនាប់អារម្មណ៍លើវិទ្យាសាស្ត្រធម្មជាតិ។

ដោយមានការទទួចពីម្ដាយ គាត់បានចាប់រៀនវីយូឡុងតាំងពីអាយុ៦ឆ្នាំ។ ទោះជាគាត់មិនចូលចិត្តវា ហើយជួនកាលគេចរៀនកូតវីយូឡុងក៏ដោយ គេឃើញថាគាត់ចូលចិត្តសូណាតាវីយូឡុងរបស់ម៉ូហ្សាត។ នៅពេលអ៊ែនស្ទែនធំបន្តិចទៀត គាត់បានធ្វើម៉ូដែលនិងឧបករណ៍មេកានិច​ផ្សេងៗសំរាប់កំសាន្ត និងចាប់ផ្ដើមបង្ហាញ​ទេពកោសល្យផ្នែកគណិតវិទ្យា។

នៅអាយុ៩ឆ្នាំ អ៊ែនស្ទែនបានស្គាល់ពីវត្តមានទ្រឹស្ដីបទពីតាករ។ គាត់បានគិតរកវិធីស្រាយបញ្ជាក់ទ្រឹស្ដីបទនោះបានយ៉ាងល្អ នៅពេលកំពុងដេក។

អល់បឺត អ៊ែនស្ទែននៅឆ្នាំ១៨៩៣ (អាយុ១៤ឆ្នាំ)
នៅឆ្នាំ១៨៨៩ សិស្សពេទ្យម្នាក់ឈ្មោះ ម៉ាក តាល់មុដ (Max Talmud) ដែលស្និទ្ធស្នាលនឹងគ្រួសារនេះបានណែនាំអ៊ែនស្ទែន(ពេលនោះមានអាយុ១០ឆ្នាំ) ពីសៀវភៅសរសេរពីវិទ្យាសាស្ត្រគន្លឹះ គណិតវិទ្យា និង ទស្សនវិជ្ជា ដែលក្នុងនោះមាន សៀវភៅ Elements របស់អឺគ្លីត (អ៊ែនស្ទែនបានហៅសៀវភៅនោះថា កូនគម្ពីរធរណីមាត្រ)។ អ៊ែនស្ទែនបានយល់ពីគោលការណ៍ទាញបញ្ជាក់តាមហេតុផល ពីអឺគ្លីត ហើយនៅអាយុ១២ឆ្នាំ គាត់បានរៀនពីធរណីមាត្រអឺគ្លីត។ មួយរយៈខ្លីក្រោយមកទៀត គាត់បានរៀនពីគណិតវិទ្យាវិភាគ។ នៅពេលនោះ គាត់ធ្វើស្វ័យសិក្សាទាំងអស់ដោយខ្លួនឯង។
អាល់បឺត អ៊ែនស្ទែននៅឆ្នាំ១៨៩៣ (អាយុ១៤ឆ្នាំ)

នៅឆ្នាំ១៨៩៤ ពេលដែលអ៊ែនស្ទែនមានអាយុ១៥ឆ្នាំ ការរកស៊ីរបស់ឪពុកលោកបានរលាយរលំ បន្ទាប់ពី​ចរន្តជាប់ (DC) ចាញ់ចរន្តឆ្លាស់ (AC) ក្នុងអ្វីដែលគេហៅថា​សង្គ្រាមចរន្តអគ្គីសនី។ ដើម្បីស្វែងរកមុខរបរថ្មី គ្រួសាររបស់គាត់បានរើទៅនៅ មីឡេន (អ៊ីតាលី) និងក្រោយមក ប៉ាវីយ៉ា (អ៊ីតាលី)។ ពេលដែលគ្រួសារ​អ៊ែនស្ទែន​រើទៅនៅ​ប៉ាវីយ៉ា អ៊ែនស្ទែនបន្តនៅមឿនហិន​ដើម្បីបញ្ចប់ការសិក្សា​​មធ្យមសិក្សា​នៅ Luitpold​ Gymnasium។ ឪពុក​របស់លោក​មានបំណង​អោយលោក​បន្តការសិក្សា​ផ្នែកវិស្វកម្ម​អគ្គីសនី ក៏ប៉ុន្តែ​លោកបានប៉ះទង្គិច​ជាមួយសាលា ដោយស្អប់វិធីបង្រៀន​និង​របបគ្រប់គ្រង​របស់សាលា។ នៅពេលក្រោយ​ លោកបានសរសេរនៅក្នុង​សៀវភៅលោកថា «ស្មារតី​ក្នុងការរៀនសូត្រ​និង​គំនិតច្នៃប្រឌិត​បានបាត់បង់ ដោយសារការបង្រៀន​ដែលតំរូវអោយ​ទន្ទេញ​រត់មាត់នោះ»។ នៅរដូវផ្ការីកឆ្នាំ១៨៩៥ គាត់បានប្រើ​លិខិតពិនិត្យ​របស់គ្រូពេទ្រ ដើម្បីសុំសាលាឈប់ រួចរត់ទៅជួបជុំគ្រួសារនៅប៉ាវីយ៉ាវិញ។ នៅក្នុងកំលុងពេលនោះ អ៊ែនស្ទែនបានសរសេរស្នាដៃវិទ្យាសាស្ត្រដំបូងរបស់លោក៖ ការសិក្សាអំពីសភាពរបស់អេទែរនៅក្នុងដែនម៉ាញ៉េទិច។

ទោះជាមិនទាន់ចប់វិទ្យាល័យស្រួលបួលក៏ដោយ អ៊ែនស្ទែនបានដាក់ពាក្យទៅ ETH Zurich ដែលជាវិទ្យាស្ថានបច្ចេកវិទ្យាមួយនៅប្រទេសស្វីស។ ដោយខ្វះសញ្ញាប័ត្រវិទ្យាល័យ គាត់ត្រូវបានគេអោយធ្វើការប្រលងចូល ប៉ុន្តែគាត់ប្រលងធ្លាក់ ទោះជាគាត់បានទទួលពិន្ទុល្អ​លើមុខវិទ្យាគណិតវិទ្យានិងរូបវិទ្យាក៏ដោយ។ គ្រួសារគាត់បានបញ្ជូនគាត់ទៅ Aarau (ស្វីស) ដើម្បីរៀនបញ្ចប់មធ្យមសិក្សារបស់គាត់។ នៅទីនោះគាត់ស្នាក់នៅជាមួយគ្រួសារសាស្ត្រាចារ្យ ចូស្ត វីនថេលើរ (Jost Winteler) បានចាប់ចិត្តស្រលាញ់កូនស្រីគ្រួសារនោះឈ្មោះ ម៉ារី (Marie)។ នៅទីនោះគាត់បានរៀនពី ទ្រឹស្ដីអេឡិចត្រូម៉ាញ៉េទិចរបស់ ម៉ាកស្វែល (James Clerk Maxwell)។ នៅអាយុ១៧ឆ្នាំ គាត់បានបញ្ចប់ការសិក្សា រួចប្រកាសខ្លួនជាពលរដ្ឋអាល្លឺម៉ង់(ដោយមានការអនុញ្ញាតពីឪពុករបស់លោក) ដើម្បីគេចពីកាតព្វកិច្ចយោធា។

នៅឆ្នាំ១៨៩៦ អ៊ែនស្ទែនក៏មានលទ្ធភាពចុះឈ្មោះចូលរៀនក្នុងកម្មវិធី​បណ្ដុះបណ្ដាល​គរុកោសល្យ​ផ្នែកគណិតវិទ្យា​និងរូបវិទ្យា​រយៈពេល៤ឆ្នាំនៅ​ETH។ អនាគតភរិយារបស់លោកឈ្មោះ មីលេវ៉ា ម៉ារីក (Mileva Marić) ក៏បានចុះឈ្មោះចូលរៀននៅETH​នៅឆ្នាំជាមួយគ្នាដែរ។ នៅពេលនោះម៉ារីកជាស្ត្រីតែម្នាក់គត់ ក្នុងចំនោម​សិស្ស៦នាក់ ដែល​ចូលរៀនផ្នែកគរុកោសល្យគណិតវិទ្យា​និងរូបវិទ្យា។ រយៈពេលប៉ុន្មានឆ្នាំក្រោយមក មិត្តភាពរវាង​អែងស្តែងនិងម៉ារីក​បានក្លាយទៅជាស្នេហា។ ពួកគេ​ទាំង២​តែងតែអានសៀវភៅ​និយាយពី​រូបវិទ្យា​ក្រៅកម្មវិធីសិក្សា​ជាមួយគ្នា។ ពេលនៅរៀននៅមហាវិទ្យាល័យ អ៊ែនស្ទែនមិនសូវទៅរៀនទៀងទាត់ទេ។ គាត់យកចិត្តទុកដាក់ស្ដាប់តែមុខវិជ្ជាណាដែលគាត់ចូលចិត្ត។ មុខវិជ្ជាពិសោធន៍រូបវិទ្យា គាត់បានទទួលរង្វាយតំលៃកំរិត ១ (ទាបជាងគេ) តែចំពោះមុខវិជ្ជាអគ្គីសនី គាត់ទទួលបានរង្វាយតំលៃកំរិត ៦ (ខ្ពស់ជាងគេ)។ អ៊ែនស្ទែនបញ្ចប់ការសិក្សានៅឆ្នាំ១៩០០ ដោយមានសញ្ញាប័ត្រផ្នែករូបវិទ្យា។ ក្រោយពីបញ្ចប់ការសិក្សា ដោយមិនសូវត្រូវគ្នានិងប្រធានដេប៉ាតឺម៉ង់រូបវិទ្យានៅETH អ៊ែនស្ទែនមិនអាចក្លាយជាគ្រូជំនួយការនៅទីនោះបានទេ។ ជាបណ្ដោះអាសន្ន គាត់ធ្វើជាគ្រូជំនួសនិងគ្រូបង្រៀនតាមផ្ទះ ដើម្បីរកកំរៃចិញ្ចឹមជីវិត។ នៅឆ្នាំដដែល មិត្តម្នាក់របស់លោកឈ្មោះ មីហ្យែល បេសសូ (Michele Besso) បានណែនាំលោកអោយធ្វើការអោយ អឺន ម៉េច (Ernst Mach)។ នៅឆ្នាំបន្ទាប់ អ៊ែនស្ទែនបានបោះពុម្ភនិក្ខេបបទមួយស្ដីអំពីកំលាំងកាពីលែររបស់បំពង់បឺត នៅក្នុងទស្សនាវដ្ដីរូបវិទ្យាអាល្លឺម៉ង់ដ៏ល្បីឈ្មោះ Annalen der Physik (កំនត់ត្រារូបវិទ្យាប្រចាំឆ្នាំ)។ នៅថ្ងៃទី២១ កុម្ភៈ ១៩០១ គាត់បានទទួលសញ្ជាតិស្វីស។

អាពាហ៍ពិពាហ៍និងគ្រួសារ
អ៊ែនស្ទែននិងម៉ារីកមានកូនស្រីម្នាក់ឈ្មោះ លីសឺល អ៊ែនស្ទែន (Lieserl Einstein) ដែលបានកើតនៅឆ្នាំ១៩០២ (គេមិនបានដឹងអំពីជោគវាសនារបស់នាងទេ)។ អ៊ែនស្ទែននិងម៉ារីករៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី៦ មករា ១៩០៣ ទោះបីជាមានការជំទាស់ពីម្ដាយរបស់អ៊ែនស្ទែនក៏ដោយ។ កូនប្រុសទី១របស់គេទាំង២ឈ្មោះ ហានស៍ អលបឺត អ៊ែនស្ទែន (Hans Albert Einstein) កើតនៅថ្ងៃទី១៤ ឧសភា ១៩០៤ នៅ ប៊ែន, ប្រទេសស្វីស ចំនែកកូនប្រុសទី២ឈ្មោះ អេឌូអាដ អ៊ែនស្ទែន (Eduard Einstein) កើតនៅថ្ងៃទី២៨ កក្កដា ១៩១០ នៅមឿនហិន, ប្រទេសអាល្លឺម៉ង់។ អ៊ែនស្ទែននិងម៉ារីកបានលែងលះគ្នាំនៅថ្ងៃទី១៤ កុម្ភៈ​ ១៩១៩ បន្ទាប់ពីនៅបែកគ្នារយៈពេល៥ឆ្នាំក្រោយមក។

នៅថ្ងៃទី២ មិថុនា ឆ្នាំ១៩១៩ អ៊ែនស្ទែនបានរៀបការជាមួយនាង អែលសា ឡឺវិនថាល (Elsa Löwenthal)។ គេទាំង២នាក់រួមគ្នាចិញ្ចឹមកូនដើមរបស់អែលសា ឈ្មោះ ម៉ារហ្គុត (Margot) និង អ៊ីលសេ (Ilse)។ ចំនងអាពាហ៍ពិពាហ៍ថ្មីនេះ មិនបានបង្កើតបុត្រាបុត្រីទេ។

ការិយាល័យប៉ាតង់
បន្ទាប់ពីបញ្ចប់ការសិក្សា អែងស្តែងមិនអាចរកប៉ុស្តិ៍បង្រៀនបានទេ។ ដោយរកការងារ២ឆ្នាំហើយមិនបាន ឪពុករបស់អតីតមិត្តរួមថ្នាក់ម្នាក់​បានជួយអោយគាត់បានធ្វើការងារជាជំនួយការវិនិច្ឆ័យ នៅការិយាល័យសហព័ន្ធសំរាប់កម្មសិទ្ធបញ្ញា (ការិយាល័យប៉ាតង់) នៅទីក្រុងប៊ែន។ ការងាររបស់គាត់គឺ​វាយតំលៃពាក្យសុំប៉ាតង់​ទាក់ទិននឹង​ឧបករណ៍អេឡិចត្រូម៉ាញ៉េទិច។
ជាមួយនឹងមិត្តភក្តិនៅប៊ែន អែងស្តែងបានបង្កើតក្លឹបពិភាក្សាពីវិទ្យាសាស្ត្រនិងទស្សនវិជ្ជា រៀងរាល់សប្តាហ៍។ ក្នុងកំលុងពេលនោះ អែងស្តែងមិនសូវមានទំនាក់ទំនងជាឯកជន​ជាមួយសហគមន៍រូបវិទ្យាទេ។

Annus Mirabilis (ឆ្នាំអច្ឆរិយៈ)
នៅឆ្នាំ១៩០៥ កំលុងពេលដែលអែងស្តែងធ្វើការនៅការិយាល័យប៉ាតង់ គាត់បានបោះពុម្ភនិក្ខេបបទ៤ នៅក្នុង Annalen der Physik។ និក្ខេបបទទាំងនេះត្រូវបានគេស្គាល់ថាជា និក្ខេបបទ Annus Mirabilis។
និក្ខេបបទរបស់លោក ស្ដីពីធម្មជាតិជាភាគល្អិត​របស់ពន្លឺ ដែលនិយាយថាពន្លឺជាកញ្ចប់ថាមពល (កង់តា) ជួយអោយគេពន្យល់បានយ៉ាងងាយពីបាតុភូតមួយចំនួនដូចជា ផលហ្វូតូអគ្គីសនី។ គំនិតនេះត្រូវបានលើកឡើងដំបូងដោយ ម៉ាក ផ្លង់ (Max Planck) នៅឆ្នាំ១៩០០ ក្នុងទំរង់ជាការគណនាបែបគណិតវិទ្យាសុទ្ធសាត។ គំនិតនេះហាក់ដូចជាប្រឆាំងនឹងទ្រឹស្តីធម្មជាតិជារលករបស់ពន្លឺ ដែលត្រូវបានគេស្គាល់នៅពេលនោះ។ ការរកឃើញនេះត្រូវបានអែងស្តែងខ្លួនឯងអោយឈ្មោះថា បដិវដ្ដន៍។
និក្ខេបបទស្ដីពីចលនាប៊្រោន ពន្យល់ពីចលនាចៃដន្យនៃរាល់វត្ថុតូចៗ ដែលគាំទ្រទ្រឹស្ដីអាតូមិច។
និក្ខេបបទស្ដីពីអេឡិចត្រូឌីណាមិចនៃអង្គធាតុមានចលនា ដែលនាំទៅដល់ទ្រឹស្ដីរ៉ឺឡាទីវីតេពិសេស។
និក្ខេបបទស្ដីពីរូបមន្តសមមូលម៉ាស់និងថាមពល ដែលអែងស្តែងបានទាញចេញពីសមីការរ៉ឺឡាទីវីតេពិសេសរបស់គាត់ ដែលក្រោយមកត្រូវបានគេស្គាល់ជាទំរង់ E = mc2។ ទ្រឹស្ដីនេះនិយាយថាបរិមាណម៉ាស់ដ៏តិចតួច​អាចបំលែងជាបរិមាណថាមពលដ៏មហិមា។
នៅអាយុ២៦ឆ្នាំ អែងស្តែងបានទទួលសញ្ញាប័ត្រថ្នាក់បណ្ឌិតពី សាកលវិទ្យាល័យហ្សឺរីហ (University of Zurich)។ សារណាថ្នាក់បណ្ឌិតរបស់លោកមានចំនងជើងថា A New Determination of Molecular Dimensions (ការកំនត់ជាថ្មីនៃវិមាត្ររបស់ម៉ូលេគុល)។ ក្នុងរយៈពេលតែ១ឆ្នាំ អែងស្តែងអាចសរសេរនិក្ខេបបទបាន៥។ ឆ្នាំនោះត្រូវបានគេហៅថា ឆ្នាំអច្ឆរិយៈរបស់អែងស្តែង។

ពន្លឺនិងរ៉ឺឡាទីវីតេទូទៅ
នៅឆ្នាំ១៩០៦ ការិយាល័យប៉ាតង់បានតំលើងតំនែងអែងស្តែង​ជាអ្នកវិនិច្ឆ័យផ្នែកបច្ចេកទេសថ្នាក់ទី២ (Technical Examiner Second Class)។ នៅឆ្នាំ១៩០៨ គាត់បានក្លាយជាព្រីវ៉ាតដូសិន (privatdozent) នៅសាកលវិទ្យាល័យប៊ែន (University of Bern)។ នៅឆ្នាំ១៩១០ គាត់បានសរសេរអំពី​អូប៉ាលេសង់គ្រីទិច ដែលនិយាយពីការពង្រាយពន្លឺបណ្ដាលពីម៉ូលេគុលក្នុង​បរិយាកាស។

នៅឆ្នាំ១៩០៩ អែងស្តែងបានបោះផ្សាយអត្ថបទ “Über die Entwicklung unserer Anschauungen über das Wesen und die Konstitution der Strahlung” (ការរីកចំរើននៃទស្សនៈរបស់ពួកយើង ស្ដីពីធាតុផ្សំនិងសារៈសំខាន់នៃការបញ្ចេញរស្មី)។ អត្ថបទនេះនិយាយពីការធ្វើកង់តាកម្មពន្លឺ។ អត្ថបទនេះក៏បានលើកឡើងជាលើកដំបូងនូវពាក្យ ហ្វូតុង ដែលនាំទៅដល់សញ្ញាណ ធម្មជាតិជារលកផងភាគល្អិតផងរបស់ពន្លឺ នៅក្នុងមេកានិចកង់ទិច។

នៅឆ្នាំ១៩១១ អែងស្តែងបានក្លាយជាសាស្ត្រាចារ្យរងនៃ​សាកលវិទ្យាល័យហ្សឺរីហ។ មួយរយៈខ្លីក្រោយមក គាត់បានសិទ្ឋិជាសាស្ត្រាចារ្យពេញលេញនៅសាកលវិទ្យាល័យឆាលនៃប្រាក (Charles University of Prague)។ នៅទីនោះ អែងស្តែងបានបោះផ្សាយអត្ថបទនិយាយពីផលរបស់ទំនាញសកលលើពន្លឺ។

នៅឆ្នាំ១៩១២ អែងស្តែងត្រលប់ទៅប្រទេសស្វីសវិញ និងព្រមធ្វើជាសាស្ត្រាចារ្យនៅមាតុសាកលវិទ្យាល័យរបស់លោក គឺ ETH។ នៅទីនោះ គាត់បានជួបស្គាល់អ្នកគណិតវិទ្យា ម៉ារសែល ហ្គ្រោសម៉ាន់ (Marcel Grossmann) ដែលបានជួយណែនាំអែងស្តែងពីធរណីមាត្ររីម៉ាន់និងធរណីមាត្រឌីផេរ៉ង់ស្យែល។ ដោយមានការណែនាពីអ្នកគណិតវិទ្យាអ៊ីតាលីឈ្មោះ ទុលល្យូ លឺវី ស៊ីវីតា (Tullio Levi-Civita) អែងស្តែងបានស្វែងយល់អំពីសារៈសំខាន់របស់កូវ៉ារ្យង់ទូទៅ(ជាពិសេសបំរើបំរាស់តង់ស័រ) នៅក្នុងទ្រឹស្ដីទំនាញសកលរបស់គាត់។ នៅឆ្នាំ១៩១៥ គាត់បានបោះផ្សាយពី ទ្រឹស្ដីរ៉ឺឡាទីវីតេទូទៅ។ ទ្រឹស្ដីនេះពន្យល់ថាទំនាញសកលកើតឡើងពីកំហូចទ្រង់ទ្រាយរបស់លំហពេល និងថាពន្លឺអាចត្រូវបានបង្កោងដោយកំលាំងទំនាញ។

នៅឆ្នាំ១៩១៧ អែងស្តែងបានបោះផ្សាយពីលទ្ធភាពដែលអាចមានបន្សាយដោយបង្ខំ។ នេះជាចលនការក្នុងរូបវិទ្យាដែលបង្កើត ម៉ាស៊ែរ និង ឡាស៊ែរ។

នៅពេលមានសូរ្យគ្រាស នាថ្ងៃទី២៩ ឧសភាឆ្នាំ១៩១៩ នៅក្នុងដែនទំនាញរបស់ព្រះអាទិត្យ ពន្លឺត្រូវបានបង្កោង (បាតុភូតនេះគេហៅថាឡង់ទីកំលាំងទំនាញ) ត្រូវបានសង្កេតឃើញ អាធើរ អិដឌីងថុន (Sir Arthur Eddington) ដែលការណ៍នេះបានបញ្ជាក់ពីសុពលភាពរបស់ទ្រឹស្ដីរ៉ឺឡាទីវីតេរបស់អែងស្តែង។ ព្រឹត្តិការណ៍នេះត្រូវបានបណ្ដាញព័ត៌មាននានាលើកឡើង ហើយអែងស្តែងបានក្លាយជាមនុស្សល្បី​ម្នាក់លើពិភពលោក។

រង្វាន់ណូបែល អែងស្តែង, ឆ្នាំ១៩២១
នៅឆ្នាំ១៩២២ អែងស្តែងបានទទួលរង្វាន់ណូបែលផ្នែករូបវិទ្យា សំរាប់ការបំរើការរបស់លោកក្នុងវិស័យ រូបវិទ្យាទ្រឹស្ដី និងជាពិសេសគឺការរកឃើញច្បាប់ស្ដីពីផលហ្វូតូអគ្គីសនី។ នេះសំដៅទៅលើនិក្ខេបបទឆ្នា១៩០៥របស់លោកស្ដីអំពីហ្វូតូអគ្គីសនី៖ “On a Heuristic Viewpoint Concerning the Production and Transformation of Light (ស្ដីពីទស្សនៈមានប្រយោជន៍សំរាប់របកគំឃើញថ្មី ទាក់ទិននិងការផលិតនិងបំលែងពន្លឺ)” ដែលទ្រឹស្ដីនេះត្រូវបានផ្ទៀងផ្ទាត់ដោយការពិសោធន៍។ តាមការសន្យាក្នុងលិខិតលែងលះឆ្នាំ១៩១៩ អែងស្តែងបានប្រគល់ប្រាក់រង្វាន់ទាំងអស់ទៅប្រពន្ធទី១របស់លោកគឺ មីលេវ៉ា ម៉ារីក។

ការធ្វើដំណើរទៅបរទេស
អែងស្តែងធ្វើដំនើរជាលើកដំបូងទៅទីក្រុងញូយ៉កនៅថ្ងៃទី២ មេសា ១៩២១ ដើម្បីប្រមូលមូលនិធិសាងសង់សាកលវិទ្យាល័យហេប៊្រូ​នៅយេរ៉ូសាឡឹម។
នៅឆ្នាំ១៩២២ លោកបានធ្វើ​ដំណើរ​ទៅកាន់​អាស៊ី​ ក្នុង​ដំណើរធ្វើ​សុន្ទរកថា​​រយៈពេល៦ខែ។ លោកបានទៅកាន់សិង្ហបុរី , សីឡុន (ស្រីលង្កា) និង ជប៉ុន។ពេលត្រលប់មកវិញ អែងស្តែងបានឈៀងចូលប៉ាឡេស្ទីន​រយៈពេល១២ថ្ងៃ និងប្រទេសអង់គ្លេស ដែលនៅទីនោះគាត់បានទៅធ្វើទស្សនកិច្ចផ្នូររបស់ញូតុន។

ការចាកចោកអាល្លឺម៉ង់
នៅឆ្នាំ១៩៣២ អែងស្តែងបានចាកចេញ​ពីអាល្លឺម៉ង់ទៅទស្សនកិច្ចអាមេរិក​ជាលើកទី៣។ ប៉ុន្តែនៅឆ្នាំបន្ទាប់ របបណាស៊ីរបស់ហ៊ីត្លែរបានត្រួតត្រាអាល្លឺម៉ង់ ហើយអំពើកាប់សំលាប់ជនជនជ្វីហ្វ​បានរីកដាលឡើង។ អែងស្តែង (ដោយមានដើមកំនើតជាជនជាតិជ្វីហ្វ) គ្មានវាសនានឹងត្រលប់ទៅអាល្លឺម៉ង់វិញជារៀងរហូត។នៅឆ្នាំ១៩៣៣ អែងស្តែងបានក្លាយជាសាស្ត្រាចារ្យ​នៅវិទ្យស្ថានសំរាប់ការសិក្សាថ្នាក់ខ្ពស់ (Institute for Advanced Study)នៅព្រីនស្តុន។
នៅឆ្នាំ១៩៣៥ អែងស្តែងរួមជាមួយ ប៊ីរីស ប៉ូដុលស្គី (Biris Podolsky) និង នេស៊ាន រ៉ូហ្សិន (Nathean Rosen) បានប្រកាសពី ប៉ារ៉ាដុក EPR (E=អែងស្តែង, P=ប៉ូដុលស្គី, R=រ៉ូហ្សិន) ដែលនិយាយពីវដ្ដ មេកានិចកង់ទិច និង ទ្រឹស្ដីរ៉ឺឡាទីវីតេ។ នៅឆ្នាំដដែល អែងស្តែងបានសុំបានសិទ្ធិស្នាក់នៅអចិន្ត្រៃយ៍នៅអាមេរិក និងបានដាក់ពាក្យបន្តសុំសញ្ជាតិអាមេរិក។ នៅឆ្នាំ១៩៣៦ អែងស្តែងនិងរ៉ូហ្សិន បានប្រកាសពីសញ្ញាណរន្ធដង្កូវ (Wormhole) (ស្ពានអែងស្តែង-រ៉ូហ្សិន)។ នៅឆ្នាំនោះភរិយាលោក អែលសាបានទទួលមរណភាព។

សង្គ្រាមលោកលើកទី២និងគំរោងម៉ាន់ហាត់ថាន់
នៅរដូវក្ដៅឆ្នាំ១៩៣៩ គឺប៉ុន្មានខែមុន​សង្គ្រាមលោកលើកទី២ផ្ទុះ អែងស្តែងបានចុះហត្ថលេខា​លើសំបុត្រ​ក្រើនរំលឹកដល់លោកប្រធានាធិបតីអាមេរិក ហ្វ្រេងឃ្លីន រ៉ូសវ៉ែល ថាពួកណាស៊ីអាល្លឺម៉ង់អាចកំពុងអភិវឌ្ឍអាវុធនុយក្លេអ៊ែរ។ ដំបូងឡើយ រ៉ូសវ៉ែល​ មិនជឿនិង​មិនអើពើចំពោះសំបុត្រនេះទេ។ ប៉ុន្តែ​ក្រោយពីជួប​និយាយ​ជាមួយ​អែងស្តែង២លើកមក រ៉សវ៉ែល​បានប្ដូរគំនិត​ភ្លាមមួយ​រំពេច និងចាត់​អោយគេបង្កើតគំរោងម៉ាន់ហាត់ថាន់។

សញ្ជាតិអាមេរិច
អែងស្តែងបានទទួលសញ្ជាតិអាមេរិក នៅឆ្នាំ១៩៤០។ អែងស្តែងវាយតំលៃទៅលើ«សមត្ថភាពនិយម»​ក្នុងវប្បធម៌អាមេរិច ខ្ពស់ជាងអឺរ៉ុប។ លោកបានសរសើរ​ទៅលើ​សិទ្ធរបស់បុគ្គលនីមួយៗ ដែលអាចគិត​និងបញ្ចេញយោបល់​តាមដែលចិត្តគេចង់ ដោយគ្មានរបាំងសង្គម ដែលការណ៍នេះជួយលើកជំរុញពួកគេ​អោយមានគំនិតច្នៃប្រឌិត។
នៅឆ្នាំ១៩៤៦ អែងស្តែង​បានហៅអ្នករើសអើងពូជសាសន៍​នៅអាមេរិច​ថាជា «ជំងឺអាក្រក់បំផុត»។ លោកបានថ្លែងនាពេលក្រោយមកថា «គួរអោយស្ដាយណាស់ដែល ការអើងពូជសាសន៍​បានក្លាយជាប្រពៃណីអាមេរិចទៅហើយ ហើយវាបន្តពី​មួយជំនាន់ទៅមូយ​ជំនាន់។ ថ្នាំព្យាបាល​ដ៏មានប្រសិទ្ធភាព​តែមួយគត់​គឺការភ្ញាក់រលឹក​​និង​ការអប់រំ​»។

អែងស្តែង (អាយុ៦៨ឆ្នាំ), ឆ្នាំ១៩៤៧
នៅខែវិច្ឆិកា១៩៥២ ប្រធានាធិបតីទី១​របស់អ៊ីស្រាអែលឈ្មោះហែម វ៉ៃស្មាន់ (Chaim Weizmann) បានទទួលមរណភាព​។ លោកនាយករដ្ឋមន្ត្រី​ ដាវីដ បិន ហ្គូរ្យន់ (David Ben-Gurion) បានស្នើសុំអោយអែងស្តែង​ធ្វើជា​ប្រធានាធិបតី​អ៊ីស្រាអែល ប៉ុន្តែ​ត្រូវអែងស្តែងបដិសេដ។

មរណភាព
នៅថ្ងៃទី១៣ មេសា ១៩៥៥ អែងស្តែងបានដួល ដោយមានអារម្មណ៍​ឈឺចាប់នៅត្រង់បរិវេញបេះដូង។ លោកបានចូលដេកពេទ្យ​នៅមន្ទីរពេទ្យ​ព្រីនស្តុន តែបានបដិសេដមិនទទួលយកការវះកាត់ ដោយពោលថា៖ «ខ្ញុំចង់ទៅ​នៅពេលខ្ញុំចង់។ វាគ្មានន័យអ្វីទេ​ក្នុងការបន្ត​ជីវិត​តាមរបៀបសិប្បនិម្មិត។ ខ្ញុំបានធ្វើកិច្ចការដែល​ខ្ញុំត្រូវធ្វើហើយ ហេតុនេះ​​វាល្មមដល់ពេលដែលខ្ញុំត្រូវទៅហើយ។ ខ្ញុំនឹងទៅដោយ​ថ្លៃថ្នូរ»។ ទោះជាពេលកំពុងដេកពេទ្យក៏ដោយ អែងស្តែងនៅតែបន្ត​ការស្រាវជ្រាវរបស់លោក ដោយបានបញ្ជាអោយលេខាលោក យកសំភារៈចាំបាច់នានាមកបន្ទប់លោក។
នៅថ្ងៃទី១៧ មេសា ១៩៥៥ អែងស្តែងបានរងនូវ​ការដាច់សរសៃឈាម​ដែលបណ្ដាលអោយមានការហូរឈាមក្នុងខ្លួន។ នៅថ្ងៃទី១៨ មេសា ១៩៥៥ វេលាម៉ោងជាង១រំលងអាធ្រាត លោកបានទទួលមរណភាព​នៅមន្ទីរពេទ្យព្រីនស្តុន ក្នុងជន្មាយុ៧៦ឆ្នាំ។ គេមិនដឹងអែងស្តែង​បាននិយាយអ្វីជាចុងក្រោយបង្អស់ ដោយលោកនិយាយ​ជាភាសា​អាល្លឺម៉ង់ ហើយគិលានុបដ្ឋាកយិកា​នៅពេលនោះ​មិនចេះភាសា​អាល្លឺម៉ង់​ទេ។
សាកសពរបស់លោកត្រូវបានគេបូជា ហើយអធិធាតុ​របស់លោក​ត្រូវបានគេបាច​នៅក្នុងបរិវេណ វិទ្យាស្ថានស្រាវជ្រាវជាន់ខ្ពស់ (Institute for Advanced Study)។
នៅមុនពេលធ្វើការបូជា វេជ្ជបណ្ឌិតនៅ​មន្ទីរពេទ្យព្រីនស្តុន​បានវះកាត់យកខួរក្បាលរបស់អែងស្តែង យកទៅរក្សាទុក​ដោយមិនមានការអនុញ្ញាតពីគ្រួសារលោក ក្នុងគោលបំនង​រំពឹងថា​វិទ្យសាស្ត្រផ្នែកសរសៃប្រសាទនាពេលអនាគតនឹងមានលទ្ធភាពរក​មើលពី​បុព្វហេតុដែលធ្វើអោយអែងស្តែងឆ្លាតបែបនេះ។

រឿងរ៉ាវផ្សេងៗអំពីអែងស្តែង
1. អែងស្តែងជាមនុស្សកំសាក ម៉ឺងម៉ាត់ តែចិត្តទូលាយ

2. សំរាប់អែងស្តែង ​របកគំឃើញជាការគិតឃើញពិសេសមួយ ប៉ុន្តែមិនដែលគិតថាខ្លួនឯងជាមនុស្សមានទេពកោសល្យទេ។

3. អែងស្តែងមិនពាក់ស្រោមជើងទេ។ ។ នៅសម័យនោះ ស្រោមជើងឆាប់រហែកពេក ធ្វើអោយគាត់ស្អប់វា។ ហេតុនេះអែងស្តែងតែងចូលដំនេកដោយពាក់ស្បែកជើងនឹងជើងទទេ។

4. ក្នុងមួយថ្ងៃ អែងស្តែងដេករយៈពេក១០ម៉ោង។

5. អែងស្តែងជាមនុស្សមិនចូលចិត្តសាំញ៉ាំច្រើន។ មានពេកខ្លះគាត់លុបបោកខោអាវជាមួយសាប៊ូលាងដៃ ជូតមុខជាមួយក្រនាត់ជូតផ្ទះ ហូតបាយជាមួយចានដាក់ផេះបារី ជាដើម។ ពេលគេសួរគាត់ថា គាត់មានខ្វល់ពីសំលៀកបំពាក់គាត់ទេ។ គាត់ឆ្លើយថា «វាមិនកំសត់ពេកទេអី បើសិនជាដឹងថាខោអាវហ្នឹងចាញ់ទាំងក្រដាស់ខ្ចប់សាច់ទៀតនោះ។»

6. គេកំរនឹងឃើញអែងស្តែងញញឹមណាស់។ ប៉ុន្តែមានរូបអែងស្តែងលៀនអណ្ដាតដ៏ល្បី ដែលថតនៅថ្ងៃទី១៤ មិនា ១៩៥១ នៅថ្ងៃកំនើតទី៧២ឆ្នាំរបស់លោក។ អ្នកថតរូបអោយក្រុមហ៊ុនទូរគមនាគន៍ INS បានសុំអោយគាត់សើច ហើយគាត់ក៏លៀនអណ្ដាតបែបនេះ។ លើសពីនេះទៅទៀត អែងស្តែងហាក់ដូចជាពេញចិត្តនឹងរូបថតនោះណាស់ ដោយបានសុំអោយគេផ្ដិតបន្ថែម៩សន្លឹកទៀត។ នៅឆ្នាំ១៩៥១ រូបថតនោះបានទទួលរង្វាន់ក្នុងការប្រកួតរូបថតរៀបរៀងដោយកាសែតញូយ៉ក។ ជាងនេះទៅទៀត រូបនេះត្រូវបានគេបោះពុម្ភជាតែមប្រីសនីយ៍ទៀតផង។

7. នៅក្នុងពិធីជប់លៀងមួយ តារាភាពយន្ត ម៉ារីលីន ម៉ុនរ៉ូ បាននិយាយទៅកាន់អែងស្តែងថា «បើសិនជាយើងទាំង២នាក់ ម្នាក់ជាស្រីស្អាតនិងម្នាក់ទៀតមានប្រាជ្ញា មានកូនជាមួយគ្នា មិនដឹងជាអស្ចារ្យយ៉ាងណាទេ?»។ អែងស្តែងបានឆ្លើយតបទៅវិញថា«កូននោះប្រហែលជាមានមុខដូចខ្ញុំ និងមានប្រាជ្ញាដូចនាងផងក៏មិនដឹង»។

8. អែងស្តែងសរសេរអក្ខរាវិរុទ្ធខុសដូចកូនក្មេងបឋមសិក្សា។ នៅក្នុងមួយជិវិតគាត់ គាត់សរសេរអក្សរ «R» ជារូបភាពក្នុងកញ្ចក់របស់វាទៅវិញ។

9. អែងស្តែងមិនសូវប្រសព្វចងចាំតួលេខនិងសញ្ញាសំគាល់ងាយៗទេ។ តួយ៉ាងពេលមានការសំភាសពីភ្នាក់ងារកាសែតម្នាក់ដែលបានសុំអោយលោក​ឆ្លើយពីតំលៃរបស់ល្បឿនពន្លឺ លោកមិនអាចឆ្លើយបានទេ ហើយបាននិយាយតបថា«ហេតុអ្វីក៏យើងត្រូវតែចងចាំនូវអ្វីៗដែលមានសរសេរ​នៅក្នុងសៀវភៅនោះ?»
10. អែងស្តែងជាមនុស្សចូលចិត្តសរសេរសំបុត្រ។ ពេលគាត់ក្លាយជាបុគ្គលល្បីឈ្មោះហើយក៏ដោយ ក៏គាត់នៅបន្តសរសេរសំបុត្រឆ្លើយឆ្លងទៅមក ចំនួនជាង១ម៉ឺនច្បាប់។
11. អែងស្តែងល្បីឈ្មោះថាជាអ្នកដែលបានបន្សល់ទុកនូវពាក្យពេជន៍ល្បីៗ។ ឧទាហរណ៍ គាត់បានពណ៌នាបុគ្គលិកលក្ខណៈមនុស្សថា «ការកែប្រែចិត្តអប្រិយរបស់មនុស្ស វាពិបាកជាងកែប្រែលក្ខណៈសម្បត្តិរបស់ភ្លុយតូនីញ៉ូមទៅទៀត។ ពេលគាត់និយាយពីទ្រឹស្ដីរ៉ឺឡាទីវីតេគាត់បានឧទាហរណ៍បែបនេះថា «ចូរសាកល្បងដាក់ដៃរបស់អ្នកនៅលើចង្ក្រានកំដៅរយៈពេល១នាទី។ អ្នកនឹងមានអារម្មណ៍ថា១នាទីនោះហាក់ដូចជា១ម៉ោងអញ្ចឹង។ ផ្ទុយទៅវិញ បើសិនជាអ្នកចំនាយពេលជាមួយស្រីស្អាតម្នាក់រយៈពេល១ម៉ោងវិញ តើវាយ៉ាងម៉េច? អ្នកនឹងមានអារម្មណ៍ថា១ម៉ោងនោះ ដូចជា១នាទីអញ្ចឹង។ នេះហើយជាអ្វីដែលយើងហៅថា រ៉ឺឡាទីវីតេ។

Comments are closed.