ប្រវត្តិមេដឹកនាំអហិង្សា​ដ៏ល្បីល្បាញរបស់ឥណ្ឌា​ និង​ ពិភពលោក ​​មហាត្មៈ ​គន្ធី (Mahatma Gandhi)​

គ្រួសារដែលប្រត្តិបត្តិនូវសាសនាហិណ្ឌូដែលមានវិន័យតឹងរ៉ឹង
មហាត្មៈ ​គន្ធី (Mahatma Gandhi) ​កើត​នៅ​ថ្ងៃ​ទី ​ខែ​តុលា ​ឆ្នាំ ១៨៦៩ នា​ទី​ក្រុងPorbander នៃ​ប្រទេស​ឥណ្ឌា។ ​​កើត​ក្នុង​គ្រួ​សារ​ដែល​ជា​អ្នក​ប្រតិបត្តិ​សាសនា​ហិណ្ឌូ​​តឹងរ៉ឹង ​ហើយ​លោក មាន​ឪពុក​ឈ្មោះ Karamchand Gandhi មាន​តួនាទី​ជា​មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​ផង​ដែរ។ លោក​មហាត្មៈ ​គន្ធី (Mahatma Gandhi)​មាន​បង​ប្អូន​សរុប​ចំនួន ​៤នាក់​ហើយ​មហាត្មៈ គន្ធី​គឺ​ជា​កូនពៅ​នៅ​ក្នុង​គ្រួសារ។
​អតីតកាលជាក្មេងដែលមិនល្អ
បើ​តាម​ឯកសារ​ជា​ច្រើន​ដែល​កត់ត្រា​ពីប្រវត្តិ​មហាត្មៈ គន្ធី បាន​បញ្ជាក់​ថា​ គាត់​គឺ​ជា​ក្មេង​ម្នាក់​ស្លូតបូត ទៀងត្រង់ ​​និង ​អៀនខ្មាស​​ច្រើន ហើយ​ក៏​មិន​សូវ​ចេះ​និយាយ​ច្រើន​នោះ​ដែរ។ ប៉ុន្តែ​បន្ទាប់​ពី​បាន​រាប់​អាន​មិត្ត​ម្នាក់​នៅ​ឯ​សាលា​រៀន​មក អត្តចរិត​របស់​គាត់​ក៏​បាន​ផ្លាស់ប្ដូរ ដោយសារ​តែ​មិត្តភ័ក្ដិ​តែងតែ​បង្រៀន​ឲ្យ​ចេះ​ជក់បារី​ លេង​ល្បែង និង​ធ្វើ​រឿងរ៉ាវ​មិន​ល្អ​ជា​ច្រើន​ទៀត។
កាលនោះ​គាត់​ក៏​បាន​លួច​លុយ​ក្នុង​គ្រួសារ​ផង​ដែរ។ ប៉ុន្តែ​ក្រោយ​មក អំពើ​ដែល​ខ្លួន​បាន​ធ្វើ​នោះ​បាន​នាំ​ឲ្យ​រូប​គាត់​មាន​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ហើយ​ក៏​បាន​សម្រេច​ចិត្ត​សារភាព​ប្រាប់​ទៅ​កាន់​គ្រួសារ​ជា​ពិសេស​ឪពុក​ នូវ​កំហុស​គ្រប់​យ៉ាង។ ជា​ការ​ឆ្លើយតប​កាល​​នោះ ឪពុក​របស់​គាត់​មិន​បាន​ដាក់​ទណ្ឌកម្ម​អ្វី​នោះ​តែ ផ្ទុយ​ទៅវិញ​​បានសរសើរ​ពី​ភាព​ក្លាហាន​របស់​មហាត្មៈ គន្ធី​ក្នុង​ការ​និយាយ​ការ​ពិត​ទាំង​នោះ​ចេញ​មក។
រៀប​ការ​ទាំង​វ័យ​ក្មេង​តាម​ប្រពៃណី​ឥណ្ឌា​
នៅ​អាយុ​១៣​ឆ្នាំ ក្រុម​គ្រួសារ​ក៏​បាន​រៀបចំ​ឲ្យ​មហាត្មៈ គន្ធី​ជា​មួយ​នារី​ម្នាក់​មាន​ឈ្មោះ​ថា Kasturba ដែល​មាន​វ័យ​ប្រហែល​គ្នា​រៀបការ​​ទៅ​​តាម​ប្រពៃណី​។ ក្រោយ​មក​ប្តី​ប្រពន្ធ​វ័យ​ក្មេង​ទាំងពីរ​ក៏ បាន​បង្កើត​កូន​ចំនួន​៤​នាក់។ លុះ​ដល់​ឆ្នាំ ១៨៨៨ លោក​ក៏​បាន​លា​ក្រុម​គ្រួសារ ​ដើម្បី​បន្តការ​សិក្សា​ផ្នែក​ច្បាប់​ក្នុង​ប្រទេស​អង់គ្លេស។ ​
នៅ​ទី​នោះ ​វប្បធម៌​ទំនើប​អង់គ្លេស​មិន​មាន​ឥទ្ធិពល​ខ្លាំងក្លា​ឡើយ​ក្នុង​ជីវិត​របស់​លោក​មហាត្មៈ គន្ធី​ ​ពោល​គឺ​រស់​នៅ​យូរ​ៗ​ទៅ​​ ​ក៏​​មាន​អារម្មណ៍ ធុញទ្រាន់​នូវ​វប្បធម៌​ទាំង​នោះ ​ហើយ​ក៏​បាន​ងាក​មក​អនុវត្ត​យ៉ាង​ជាប់​លាប់​នូវ​ទំនៀមទម្លាប់​​ប្រពៃណី​តាម​បែប​សាសនា​របស់​ខ្លួន​វិញ។ ​បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​ក្នុង​ទីក្រុង​ឡុងរួចមក នៅ​ឆ្នាំ​១៨៩១ មហាត្មៈ គន្ធី​ក៏​បាន ត្រលប់​មក​កាន់​ប្រទេស​ឥណ្ឌា​វិញ។
​​បញ្ចប់​ការ​សិក្សា​ផ្នែក​ច្បាប់​ ​ប៉ុន្តែ​បរាជ័យ​ក្នុង​​​ការងារ​​​​

​ក្រោយ​ពី​បាន​ទៅ​ដល់​ប្រទេស​កំណើត​​​​វិញ​ហើយ​នោះ លោក​ក៏​បាន​ប្រើប្រាស់ជំនាញ​ច្បាប់​របស់​ខ្លួន​ ប៉ុន្តែ​ដោយសារ​តែ​​ពី​ក្មេង​មក​លោក គឺ​ជា​មនុស្ស​អៀន​​ច្រើន ​និង​មិន​សូវ​ចេះ​និយាយ​ផង​​នោះ ​ក៏​បាន​ធ្វើ​ឲ្យ​ការងារ​ច្បាប់​របស់​លោក​ពុំ​ទទួល​បាន​ជោគជ័យ​ឡើយ ។ ​ប្រការ​នេះ​ ​វា​ក៏​បាន​ធ្វើ​ឲ្យ​មហាត្មៈ គន្ធី មាន​ការ​អស់​សង្ឃឹម​។ ក្រោយ​មក​ទៀត​លោក ក៏​បាន​សម្រេច​ចិត្ត​ចាក់​ចេញ​ពី​ប្រទេស​ឥណ្ឌា​ដើម្បី​ទៅ​ធ្វើការ​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ដោយ​ធ្វើ​ជា​​ទីប្រឹក្សា​ច្បាប់​ឲ្យ​អ្នក​ជំនួញ​ឥណ្ឌា​ម្នាក់។

​មើល​ឃើញ​ពី​ការ​ជិះជាន់​នៅ​អាហ្វ្រិក​ខាងត្បូង​
ក្នុង​ប្រទេស​អាហ្វ្រិក​ខាងត្បូង​នោះ ក្រុម​អាជ្ញាធរ​អង់គ្លេស​មិន​បាន​ផ្ដល់​តម្លៃ​សោះ​ឡើយ​ចំពោះ ជនជាតិ​ស្បែក​ខ្មៅ ពោល​គឺ​មាន​ការ​រើសអើង​យ៉ាង​ខ្លាំង​តែ​ម្ដង។ និយាយ​អំពី​មហាត្មៈ គន្ធី​វិញ នៅ​ពេល​ដែល​ទៅ​ដល់​ទី​នោះ លោក​បាន​ទិញ​សំបុត្រ​រថភ្លើង​នៅ​ថ្នាក់​ទី​មួយ ប៉ុន្តែ​នៅ​ពេល លោក​ទៅ​អង្គុយ​​នៅ​កន្លែង​​នោះ ពួក​អ្នក​ធ្វើការ​នៅ​​រថភ្លើង​ជាពិសេស ជនជាតិ​ស្បែក​សមិន​អនុញ្ញាត​ឲ្យ​អង្គុយ​នោះ​ឡើយ ព្រោះថា ជាទូទៅ​ជន​ជាតិ​ស្បែក​ខ្មៅ​រួម​ទាំង​ជនជាតិ​ឥណ្ឌា​ផង​ដែរ​នោះ​ គ្មាន​សិទ្ធិ​អង្គុយ​ឡើយ ពោល​គឺ​ថ្នាក់​ទី​១​គឺ​សម្រាប់​តែ​ជនជាតិ ស្បែក​ស​ប៉ុណ្ណោះ។
ដូច្នេះ​ពួក​អ្នកបម្រើ​ការងារ​លើ​រថភ្លើង​ក៏​បាន​ដេញ​ឲ្យ​ទៅ​អង្គុយ​កៅអី​ថ្នាក់​ទី​៣ ដែល​ជា​កន្លែង​សម្រាប់​ពួក​ស្បែក​ខ្មៅ។ ជួប​ប្រទះ​នឹង​កាលៈទេសៈ​បែប​នោះ មហាត្មៈ គន្ធី បាន​ប្រឆាំង​យ៉ាង​ខ្លាំង​ហើយ​មិន​ព្រម​ទៅ​ណា​ឡើយ តែ​ជា​លទ្ធផល​លោក​ត្រូវ​បាន​គេ​ចាប់​បោះ​ចេញ​ពី​លើ​រថភ្លើង។

មាន​គំនិត​ផ្លាស់ប្ដូរ​ ​និង ប្រឆាំង​ការ​ជិះជាន់​​
បទពិសោធន៍​ជូរចត់​គ្រា​នោះ បាន​ធ្វើ​ឲ្យ​​​មាន​ធ្វើ​ការ​សញ្ជឹង​គិត​យ៉ាង​ខ្លាំង ចំពោះ​កា​រជិះជាន់​របស់​ជនជាតិ​ស្បែក​សលើ​ជនជាតិ​ស្បែក​ខ្មៅ។ ម្យ៉ាង​វិញ​ទៀត​រឿង​រ៉ាវ​ទាំង​នោះ បាន​ធ្វើ​ឲ្យ​លោក ចិញ្ចឹម​ចិត្ត​ចង់​ផ្លាស់ប្ដូរ​ស្ថានភាព​អាក្រក់​ចេញ។ ក្រោយ​មក​ទៀត លោក ក៏បានបង្កើត​សហគម​ប្រឆាំង​ទៅ​នឹង​ការ​ជិះជាន់ ដែល​មាន​អ្នក​ចូល​រួម​មក​ពី​បណ្ដា​​សាសនា​ផ្សេងៗ​​។ ប៉ុន្តែ​បើ​ទោះ​បី​ជា មាន​ការ​ប្រឆាំង​យ៉ាង​ណា​ក្តី មហាត្មៈ គន្ធី​មិន​បាន​ប្រើប្រាស់​ការ​ប្រឆាំង​បែប​ហិង្សា​ឡើយ។
ជាក់ស្ដែង​មាន​ច្បាប់​មួយ ដែល​តម្រូវ​ឲ្យ​លុប​ចោល​នូវ​ការ​រៀបការ​តាម​បែប​ប្រពៃណី​សាសនា​ហិណ្ឌូ និង ឥស្លាម។​ ចលនា​ប្រឆាំង​ទៅ​នឹង​ច្បាប់​នោះ​បាន​ធ្វើ​ឡើង​​ដោយ​មានការចូលរួម​ពី​មនុស្សជាច្រើន ដោយ​ពួកគេ​មិន​បាន​ធ្វើការ​តបត​ទៅកាន់​អាជ្ញាធរ​​នោះ​ឡើយ​ បើទោះបី​ជា​មាន​ការ​វាយដំ រហូត​ទាល់តែ​ច្បាប់​នោះ​ត្រូវ​បាន​លុបចោល​វិញ។​ ចលនា​​ប្រឆាំង​បែប​អហិង្សា នេះ​បាន​ជួយ​ឲ្យ​មាន​ការ​លុបចោល​នូវ​ច្បាប់​មួយ​ចំនួន​ដែល​មាន​ការ​ជិះ​ជាន់​ខ្លាំង​ទៅ​លើ​ពួកស្បែក​ខ្មៅ​។តាម​រយៈ​ជ័យជម្នះ​​នេះ មហាត្មៈ គន្ធី​បាន​កត់​សម្គាល់​ឃើញ​ថា ចលនា​មហាជន ពិត​ជា​មាន​ឥទ្ធិពល​ខ្លាំងក្លា។

​​​ត្រលប់​មក​កាន់​ឥណ្ឌា​វិញ​ ​​និង ​ចាប់​ផ្ដើម​ប្រឆាំង​នឹង​​អង់គ្លេស​​

នៅ​ឆ្នាំ​១៩១៥ មហាត្មៈ គន្ធី បាន​ត្រលប់​ទៅ​កាន់​ប្រទេស​ឥណ្ឌា​វិញ ដែល​កាល​នោះ​លោក ​មាន​អាយុ​៤៥​ឆ្នាំ។ ទៅ​ដល់​ប្រទេស​កំណើត​វិញ​នោះ មហាត្មៈ គន្ធី​ក៏​ចាប់​ផ្ដើម​មើល​ឃើញ​ពី​ការ​លំបាក​របស់​ជន​ជាតិ​ឥណ្ឌា​ដែល​បាន​រស់​នៅ​ក្រោម​ការ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​​ និង​​ ​​ជិះជាន់​លើ​ជនជាតិ​របស់​ខ្លួន​ដែល​ធ្វើ​ឲ្យ​ពួកគេ​មាន​ជីវភាព​ក្រីក្រ។ ពេល​នោះ ​លោក​មាន​គំនិត​ចង់​ឲ្យ​ជន​ជាតិ​របស់​ខ្លួន​ទទួល​បាន​សិទ្ធិ​ជា​ម្ចាស់​នៅ​លើ​ទឹកដី​យ៉ាង​ពិតប្រាកដ​ពោល​គឺ មិន​ត្រូវ​ការ​​ការ​គ្រប់​​​គ្រង​ពី​​បណ្ដា​ប្រទេស​ដទៃ​ឡើយ។ ​
ជា​បន្តបន្ទាប់​សកម្មភាព​បំផុស​គំនិត​ដើម្បី​ប្រឆាំង​នឹង​ការ​គ្រប់​គ្រង​របស់​អង់គ្លេស​ក៏​បាន​ធ្វើ​ឡើង​ដ៏​សកម្ម​បំផុត។ មហាត្មៈ គន្ធី បាន​បង្រៀន​ដល់ ប្រជាជន​ឲ្យ​ចេះ​មាន​ការ​អត់ឱន អត់ធ្មត់​ ​និង ​​ចេះ​អធ្យាស្រ័យ​គ្នា ប៉ុន្តែ​មិន​ត្រូវ​ចុះញ៉ម​ក្នុង​ការ​ទាមទារ​រក​សេរីភាព​ឡើយ​​។ ​ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ រាល់​ការ​ប្រមូលផ្ដុំ​ដើម្បី​ធ្វើ​ការ​តវ៉ា​ប្រឆាំង​ទាំង​នោះ​តែង​តែ​ទទួល​រង​នូវ​ការ​បង្ក្រាប​យ៉ាង​ចាស់ដៃ​ពី​សំណាក់​អាជ្ញាធរ​អង់គ្លេស។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មហាត្មៈ គន្ធី​តែង​តែ​ត្រូវ​បាន​អាជ្ញាធរ​អង់គ្លេស​ចាប់​យក​ទៅ​ដាក់​គុក​​ច្រើន​ដង​ផង​ដែរ។
ប៉ុន្តែ​បើ​ទោះបីជា មានការ​បង្ក្រាប​​​យ៉ាង​ខ្លាំងក្លា​យ៉ាង​ណា​ក្ដី ចលនា​ប្រឆាំង​ដែល​ដឹកនាំ​ដោយ មហាត្មៈ គន្ធី​មិន​បាន​ចុះ​ញ៉ម​ឡើយ ពោល​គឺ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​មាន​មនុស្ស​​​ចូលរួម​កាន់តែ​​ច្រើន​​ឡើង​ៗ​។ ជា​ការ​កត់​សម្គាល់​មួយ​ទៀត​នៅ​ពេល​ដែល​លោក ត្រូវ​បាន​គេ​ឃុំឃាំង​ក្នុង​គុក​នោះ មហាត្មៈ គន្ធី​​តែង​ធ្វើ​ការ​ប្រឆាំង​នឹង​ពួក​អង់គ្លេស​​ដោយ​មិន​ទទួល​ទាន​បាយ​ ​ឬ​ ​ទឹក​អ្វី​​ឡើយ។

​​​​អង់គ្លេស​ប្រគល់​ឯករាជ្យ​ដល់​ឥណ្ឌា​វិញ​ ​​​​​

សកម្មភាព​តវ៉ា​ទាមទារ​ឯករាជ្យ​កាន់តែ​រីក​ធំ​ឡើង​ៗ ដែល​ធ្វើ​ឲ្យ​អង់គ្លេស​ពិបាក​គ្រប់គ្រង​។ ​ក្នុង​​ពេល​នោះ គេ​សង្កេត​ឃើញ​ថា ជម្លោះ​សាសនា​ក្នុង​ប្រទេស​ឥណ្ឌា​ក៏​បាន​កើត​ឡើង​យ៉ាង​ខ្លាំង​ផង​ដែរ​ រវាង​ក្រុម​អ្នក​កាន់​សាសនា​ហិណ្ឌូ​ និង​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​។
ដោយសារ​តែ​មិន​អាច​គ្រប់គ្រង​ស្ថានការណ៍ នៅ​ថ្ងៃ​ទី ១៥ ខែ សីហា ឆ្នាំ ១៩៤៧ អង់គ្លេស​ក៏​បាន​​សម្រេច​ផ្ដល់​ឯករាជ្យ​ទៅ​ឲ្យ​ឥណ្ឌា​វិញ។ ហើយ​នៅ​ពេល​នោះ​ក៏​ជា​ពេល​ដែល​ឥណ្ឌា​ត្រូវ​បាន​បែក​ចែក​ទឹកដី​មួយ​ភាគ​ទៅ​ឲ្យ​ក្រុម​អ្នក​កាន់​សាសនា​ឥស្លាម​ ហើយ​ក្លាយ​ជា​ប្រទេស​​ប៉ាគីស្ថាន​ រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

​​​​​ស្លាប់​ដោយសារ​ឃាតក​បាញ់​សម្លាប់​
ការ​ពុះ​ប្រទេស​ឥណ្ឌា​ជា​ពីរ​បែប​នេះ​ បាន​ធ្វើ​ឲ្យ​មហាត្មៈ ​គន្ធី ​មាន​ការ​ ពិបាក​ចិត្ត​យ៉ាង​ខ្លាំង​ប៉ុន្តែ​គ្មាន​វិធី​ណា​ដែល​អាច​រួបរួម​គ្នា​វិញ​ឡើយ។​ នៅ​ថ្ងៃ ទី ៣០ ខែ​មករា ឆ្នាំ ១៩៤៨ លោក​មហាត្មៈ​ ​​គន្ធី ត្រូវ​បាន​គេ​លួច​​ធ្វើឃាត​ខណៈ​លោក​កំពុង​ដើរ​ទៅ​កាន់​កន្លែង សូត្រ​ធម៌​។ ឃាតក​ដែល​​បាញ់​សម្លាប់​គាត់​នេះ គឺ​ជា​ពួក​កាន់​សាសនា​ហិណ្ឌូ​និយម​ជ្រុល​ដែល​មិន​សប្បាយ​ចិត្ត​ចំពោះ​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​ពុះ​ចែក​ទឹក​ដី​ឥណ្ឌា។

សម្ដី​សំខាន់ៗ​របស់​លោក​ ​ដែល​អ្នក​គួរ​ចងចាំ​

១) «​​ដំបូង​ ​ពួកគេ​ព្រងើយកន្តើយ​ដាក់​អ្នក​ ​បន្ទាប់​មក​ទៀត​ពួកគេ​សើច​អ្នក​ ​ហើយ​បន្ទាប់​មក​ ពួកគេ​​ប្រឆាំង​នឹង​អ្នក​។ ចុងក្រោយ​អ្នក​​នឹង​ឈ្នះ​»។

២) ​«​គ្មាន​នរណា​ម្នាក់​ អាច​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​បាន​ឡើយ​ លុះត្រាតែ​ខ្ញុំ​យល់ព្រម​»។

៣) ​«​អ្នក​ទាំងឡាយ​ណា​ដែល​ ដឹង​ពី​​វិធី​ក្នុង​ការ​គិត​ គឺ​មិន​ចាំ​បាច់​មាន​គ្រូ​ក៏​បាន»។

៤) ​«​បើ​ទោះ​បី​ជា​ អ្នក​ជា​​មនុស្ស​ភាគតិច​​ក្ដី តែ​សេចក្ដី​ពិត​ គឺ​នៅតែ​ពិត​»។

​​៥) «​ទីណា​មាន​សេចក្ដី​ស្រលាញ់​ ទី​នោះ​មានជីវិត»៕

Comments are closed.