ជីវប្រវត្តិ
ជីវិតនៅស្រុកខ្មែរ
អ្នកស្រី កែវ ច័ន្ទបូរណ៍ មានកំណើតនៅរាត្រីថ្ងៃច័ន្ទ មានខែរះពេញបូរមី បាំងឆ័ត្របីជាន់ ក្នុងផ្ទះខ្ទមសសរឬស្សី ប្រក់ស្បូវភ្លាំង សង់ជាប់របងវត្ត ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្ត បាត់ដំបង (សព្វថ្ងៃនេះ គេបានផ្លាស់ប្តូរ កាត់ភូមិភាគនេះ ទៅជាខេត្ត បន្ទាយមានជ័យ )។ ឈ្មោះកំណើតដើម របស់អ្នកស្រីគឺ ច័ន្ទបូរមី ក្រោយមកបានត្រូវទទួល ពិធីឧបកិច្ចពិសេសមួយ ដើម្បីប្រគល់ទារកតូច នាមច័ន្ទបូរមីនេះ អោយទៅឪពុកម្តាយធម៌ យកទៅចិញ្ចឹមវិញ។ ទារកនេះ បានទទួលប្រតិស្ឋនាមថ្មី មួយទៀតថា ច័ន្ទបូរណ៍ ដោយ ព្រះគ្រូសង្ឃរាជ ចៅអធិការវត្ត ប្រចាំភូមិ ត្បិតកាលនោះ អ្នកស្រី មានជម្ងឺរ៉ាំរ៉ៃ តាំងពីពេលប្រសូត្រភ្លាមមក ដែលជាជម្ងឺ បណ្តាលមកពី ម្តាយអ្នកស្រីបរិភោគ ស្រាថ្នាំព្យាបាលសរសៃខ្ចី ពេលនៅបំបៅដោះកូននៅឡើយ ទើបបណ្តាល អោយមានជាតិស្រាប៉ះពាល់ដល់ សុខភាពប្រព័ន្ធសរសៃខួរក្បាល របស់ទារក។ កូនទីមួយ (ដែលជាបងស្រី របស់អ្នកស្រី កែវ ច័ន្ទបូរណ៍) បានធ្វើមរណកាលទៅ នៅក្នុងវ៍យ៩ខែ ដោយសារផលវិបាក នៃការបរិភោគ ស្រាថ្នាំសរសៃខ្ចី របស់លោកជាម្តាយ ក្នុងពេលដែលលោក នៅបំបៅដោះកូនខ្ចី នៅឡើយ។ ក្នុងកំឡុងពេលនោះដែរ លោកឪពុក របស់អ្នកស្រីច័ន្ទបូរណ៍ បានធ្វើដំណើរឃ្លាតឆ្ងាយ ពីក្រុមគ្រួសារ ទៅបន្តការសិក្សាជាន់ខ្ពស់ ឯទីក្រុង អស់ជាច្រើនឆ្នាំ។ លោកត្រឡប់ មកលេងផ្ទះវិញ ម្តងមួយកាល ប្រមាណ ៥ឬ៦ខែម្តង ម៉្លោះហើយ ការរស់នៅ របស់ក្រុមគ្រួសារអ្នកស្រី ឯស្រុកកំណើត ពិតជាអត្តខាត់ណាស់ គឺពឹងផ្អែក ទៅលើញាតិជិតខាង (ដែលស្ទើរតែគ្មាន ការសិក្សា និងចំណេះវិជ្ជាអ្វីសោះ) ដែលតែងតែជួយហុចដៃ ជួយជានិច្ច ពេលមានកង្វះខាត ឬមានអាសន្នអន់ក្រ ម្តងៗ ពេលលោកឪពុកមិននៅ។ ដូច្នេះហើយ ទើបក្រុមគ្រួសាររបស់អ្នកស្រី ត្រូវបាត់បង់សមាជិក ខ្លះៗ ដោយសារការខ្វះខាត ចំណេះចេះដឹង ផ្នែកវិជ្ជាពេទ្យ និងការសិក្សាជាទូទៅ នោះឯង។
កាលជំនាន់នោះ ភូមិ ត្រពាំងថ្ម ជាភូមិជនបទ ដាច់ស្រយាល ធ្វើដំណើរទៅណាមកណា ដោយជើង កង់ សេះ និងរទេះគោ។ នៅទីនោះ មានគ្រួសារខ្មែរ ប្រហែល២០គ្រួ និងគ្រួសារជាជនជាតិកួយ ប្រហែល២០គ្រួទៀត ដែររស់នៅរាយប៉ាយ ឆ្ងាយៗគ្នា ដោយសារគម្លាតផ្ទៃដី ដាំដំណាំនិងធ្វើស្រែ ម៉្យាងដោយខ្វះខាតទឹក សម្រាប់ផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃផង ជាពិសេស គឺនៅរដូវប្រាំង។ អ្នកស្រុកនៅតំបន់នេះ ច្រើនមានមុខរបរ រកស៊ីធ្វើស្រែ ដាំដំណាំអំពៅ ដំឡូង និងត្បាញសូត្រ បែប ផាមួងលាតផាមួងបន្តក់ អន្លូញ សារុងសូត្រ ចរបាប់ និង ស៊ឹង។ អ្នកស្រុកនៅតំបន់នេះ មិនសូវមានការសិក្សាទេ ក្រៅតែពីទៅបួស រៀនអក្សរនិងធម៌អាឋ៌ នៅវត្តតូចមួយ ឈ្មោះថា វត្ត ត្រពាំងថ្ម។ នៅរវាងឆ្នាំ១៩៥៦ សាលាបថមសិក្សា តូចមួយ មានចំនួន បួនថ្នាក់បានត្រូវបង្កើតឡើង ដោយក្រសួងសិក្សាធិការ នៃសង្គមរាស្ត្រនិយម ពីកម្រិតកុមារដ្ឋាន (ថ្នាក់ទី១) ដល់មជ្ឈឹមដ្ឋានទីមួយ (ថ្នាក់ទី៤)។ ក្រោយមក អ្នកស្រីបានមករស់នៅ ជួបជុំជាមួយក្រុមគ្រួសារ នៅក្រុង បាត់ដំបងបានបន្តការសិក្សា នៅ ទក្ខិណសាលា និងនៅវិទ្យាល័យ អ៊ាបឃុត នេតយ៉ង់។ កាលមកដល់ក្រុង បាត់ដំបង លើកដំបូង អ្នកស្រីជាសិស្ស ដែលរៀន ខ្សោយជាងគេបំផុត នៅក្នុងថ្នាក់រៀន ម៉្យាងដោយសារ ជម្ងឺរ៉ាំរ៉ៃពីកុមារភាព ពីរដោយសារ ភាពខ្វះខាត ក្នុងក្រុមគ្រួសាររបស់ខ្លួន បីដោយសារ សង្គមរស់នៅ ក្នុងទីក្រុង រួមទាំងសង្គមសិក្សា មិនសូវលើក កម្លាំងចិត្តក្មេង មកពីជនបទ ដែលមាន សំដីនិងភាសា រដឺនៗប្លែកៗ ទាំងនោះឡើយ។ តែអ្នកស្រីមិនលះបង់ ការចង់ចេះចង់ដឹង និងការចង់ផ្លាស់ប្តូរខ្លួន អោយប្រសើររុងរឿងនោះដែរ។ ដោយសារមូលហេតុនេះហើយ ទើបអ្នកស្រីនាំខ្លួន ចូលជាសមាជិក ពុទ្ធិកសមាគមប្រាជ្ញាខ្មែរ នៅ វត្តពោធិវាល បាត់ដំបង ដោយមានសម្តេចសង្ឃរាជ ប៉ុន សុម្ភាចន៍ ជាមេគណប្រចាំខេត្ត ហើយបានចូលរៀន ជាសិស្សផ្ទាល់ ជាមួយ ព្រះសង្ឃរាជ ជាគ្រូច្រើនព្រះអង្គទៀត ដូចជា នៅវត្តកំផែង វត្តគរ វត្តធម្មយុត្តិ វត្តដំរីស និងវត្តសង្កែ ក្នុងការបណ្តុះបណ្តាល ផ្នែកអក្សរសិល្ប៍ខ្មែរ ផ្នែកកម្រងកែវ ក្បាច់កាព្យ ក្បាច់ទំនុកច្រៀងប្រជាប្រិយ ក្បាច់ចម្រៀងគ្រលាស់គាត់គ្រលាត់គាស់ ក្បាច់ប្រឡែងបរិវារស័ព្ទខ្មែរ ក្បាច់និពន្ធបង្កសន្ទេហវិធី ពូតអារម្មណ៍អ្នកអាន បណ្តុះការចេះដឹង និងទេពកោសល្យរបស់ខ្លួន អោយមានជំនាញ កាន់តែប្រសើរជាងមុន ល្អឡើងៗ ជាលំដាប់។ ដោយសារតែមានការគាំទ្រ និងលើកទឹកចិត្តពី លោកឪពុករបស់អ្នកស្រី ដែលជាអ្នកមានទេពកោសល្យ ខាងបទភ្លេង និងសំនួនវោហារកម្រងកែវ យ៉ាងចំណានផង អ្នកស្រីបានដុះខាត់ ស្នាដៃរបស់ខ្លួន ផ្នែកនិពន្ធអក្សរសិល្ប៍ ទាំងសំណេរអត្ថបទ ទាំងទំនុកច្រៀងនិងបទភ្លេង កាន់តែភ្លឺថ្លាពណ្ណរាយ បន្ថែមទៀត។
ជីវិតនៅសហរដ្ឋអាមេរិក
អ្នកស្រីបានរស់នៅឆ្លងកាត់ សម័យប៉ុលពត តាំងពីឆ្នាំ១៩៧៥ដល់១៩៧៩។ អ្នកស្រីបានទទួលរង គ្រោះទោសទណ្ឌ របស់ខ្មែរក្រហម នៅវត្តឯកភ្នំ បាត់ដំបង បានភៀសខ្លួន រួចរស់ជីវិត ទាំងប្រផិតប្រផីយ នៅឆ្នាំ១៩៧៧ តែបានត្រូវខ្មែរក្រហម កៀរកេណ្ឌម្តងទៀតទៅភ្នំឆ័ត្រ នៅឆ្នាំ១៩៧៩។ អ្នកស្រី បានភៀសខ្លួនសាជាថ្មី ហើយបានទទួល ការសង្គ្រោះ ពីក្រុមកាកបាទក្រហមអន្តរជាតិ នៅចុងឆ្នាំ១៩៧៩ ក្រោយមកក៏បាន ទទួលការអនុញ្ញាតិ ចូលទៅរស់នៅ សហរដ្ឋអាមេរិក នៅខែមិថុនាឆ្នាំ១៩៨១។ បន្ទាប់ពី អ្នកស្រីទទួល ការវះកាត់ព្យាបាលខ្លួន នៅមន្ទីរពេទ្យនៅឆ្នាំ១៩៨១នោះ អ្នកស្រីក៏វិលត្រឡប់ ចូលបន្ថែមការសិក្សា នៅសកលវិទ្យាល័យ NDSU រដ្ឋ North Dakota បន្ទាប់មក នៅសកលវិទ្យាល័យ U of M រដ្ឋ Minnesota ។ ដោយការខិតខំ ដ៏ស្វិតស្វាញ អ្នកស្រីបានទទួល អាហារូបករណ៍ រៀងរាល់ឆ្នាំ ដើម្បីបន្ថែមវិជ្ជា និងការស្រាវជ្រាវ ផ្នែកចិត្តវិទ្យា សតិវិទ្យា និងគ្រួសារវិទ្យា។ សព្វថ្ងៃ អ្នកស្រីទទួលមុខនាទីការងារ ជាបុគ្គលិកក្រសួងយុត្តិធម៌ ផ្នែកការពារ សិទ្ធិកុមារនិងយុវជន ហើយបានបម្រើ ការងារនេះ តាំងពីឆ្នាំ១៩៨៩ បន្ទាប់ពីបានទទួល បណ្ឌិតបរិញ្ញា ខាងចិត្តវិធីព្យាបាល និងគ្រួសារវិទ្យា។
ជីវិតគ្រួសារ
អ្នកស្រីបានរៀបការ ជាមួយស្វាមី នាម មេង សួង សុវណ្ណធី ជាអតីតសាស្រ្តាចារ្យ នៅសកលវិទ្យាល័យ វិចិត្រសិល្បៈ ផ្នែករបាំបុរាណ និងមានបុត្រីមួយរូប នាម សុវណ្ណធី ធម្មិកា បារមីបុណ្យ។ អ្នកស្រី កែវ ច័ន្ទបូរណ៍ បានទទួលចិញ្ចឹម បីបាច់ថែរក្សាកូនខ្មែរ ចំនួនច្រើននាក់ទៀត ដែលកំព្រាឪពុកម្តាយ ដោយសារសង្គ្រាម ខ្មែរក្រហម និងសង្គ្រាមវៀតណាម រហូតដល់ពួកគេ បានទទួលចំណេះវិជ្ជា អាចទ្រទ្រង់ ជីវិតរបស់ខ្លួនឯង យ៉ាងរឹងប៉ឹងមាំមួន។
ប្រវត្តិទេពកោសល្យនិពន្ធ
ប្រវត្តិនិពន្ធមុនឆ្នាំ១៩៧៥
អ្នកស្រីជាកូនទីពីរ របស់លោក ប៊ុន ថង អតីតអគ្គានុរក្ស វិទ្យាល័យអ៊ាបឃុត បាត់ដំបង និងជាតារាល្បីល្បាញប្រចាំខេត្ត ខាងភាសា កម្រងកែវ កំប្លែងស្ងួត ខាងអប់រំ បំបែកភាសិត និងពាក្យប្រដៅខ្មែរ ព្រមទាំងចម្រៀង ប្រើភាសា គ្រលាស់គាត់គ្រលាត់គាស់ផង។ ម្តាយបង្កើតរបស់អ្នកស្រី ជាមនុស្សដែលធ្លាប់មាន ទេពកោសល្យខ្ពស់ ខាងច្រៀងចម្រៀងខ្មែរ និងខាងរបាំប្រជាប្រិយណាស់ តែលោកជាមនុស្សស្ងាត់ស្ងៀម មិនសូវចេញមុខមាត់ ក្នុងសង្គមប៉ុន្មានឡើយ ម៉្លោះហើយ ទេពកោសល្យរបស់លោក ក៏ត្រូវបាត់បង់ទៅវិញ ដោយមិនបានយកមកប្រើ ដុសខាត់ជាប្រយោជន័។ ចំណែក លោក ប៊ុន ថងពូកែវាយស្គរ ច្រៀងប្រដេញប្រាជ្ញា និងដេញចាប៉ីផ្លែសាច់ភ្លេង ព្រោះនោះជា ចំណូលចិត្តរបស់លោក ប្រចាំថ្ងៃ។ នៅក្នុងភូមិដែលលោករស់នៅ លោក ប៊ុន ថង ធ្លាប់ជាគ្រូបង្រៀន ខាងកម្រងកែវ ទំនុកវោហារ ទំនុកចម្រៀង និងបទភ្លេង របស់ រស់ សិរីសុទ្ធា ឬ រស់សេរីសុទ្ធា(និងប្អូនៗ) ប៉ែន រ៉ន (និងប្អូនស្រីបីនាក់ ជាអ្នកចម្រៀងដែរ) ហួយ មាស និង អ៊ឹម សុងសឺម។ ថ្វីបើ អ្នកស្រីច័ន្ទបូរណ៍ បានរស់នៅ ឯស្រុកកំណើត បែកពីលោកឪពុក ក្នុងឧិកាសដែលលោក ចេញចាកឆ្ងាយក្រុមគ្រួសារ ទៅបំពេញវិជ្ជាសិក្សាជាន់ខ្ពស់ អស់ជាច្រើនឆ្នាំ តែអ្នកស្រី ជាកូនតែមួយគត់ ដែលចម្លងសម្បទា និងទេពកោសល្យ ផ្នែកភាសាកម្រងកែវ បានច្រើនជាងគេ ពីលោកឪពុករបស់អ្នកស្រី ជាពិសេស ខាងផ្នែកនិពន្ធកម្រងកែវ ពាក្យចួន ពាក្យកាព្យ ទំនុកច្រៀងគ្រលាស់គាត់គ្រលាត់គាស់ និងបំណកស្រាយភាសិត បែបសុទដ្ឋិនិយម។ កាលនោះ អ្នកស្រីបានហាត់រៀន ទេពកោសល្យ ប្រើសម្លេង ក្នុងការអានកម្រងកែវ ទំនុកវោហារ សម្រាប់វិទ្យុជាតិ ប្រចាំខេត្ត ជាមួយអ្នកស្រី ហួយ មាសនិងសិស្សប្រុសស្រី ជាច្រើនរូបទៀត។ បួនឆ្នាំបន្ទាប់ពី អ្នកស្រី ហួយ មាស បានទទួល រហស្សនាមប្រជាប្រិយថា មាស មេត្រីចំពោះទេពកោសល្យ ក្នុងការប្រើថ្វីមាត់ សូត្រកំណាព្យបុរាណខ្មែរ យ៉ាងល្បីប្រចាំខេត្ត អ្នកស្រីកែវច័ន្ទបូរណ៍ ក៏បានទទួល រហស្សនាមប្រជាប្រិយ មួយដែរ គឺ មិត្ត មេត្រី ចំពោះទេពកោសល្យ អានកំណាព្យ និពន្ធកំណាព្យ និងនិពន្ធទំនុកច្រៀង ពាក្យ គ្រលាស់គាត់គ្រលាត់គាស់ បែបកំប្លែងស្ងួត សម្រាប់អប់រំ ដូចជាបំណកស្រាយភាសិត និងពាក្យស្លោកខ្មែរ ជាដើម។
បទចម្រៀង ដែលអ្នកស្រី និពន្ធដំបូងបង្អស់ គឺបទ មេអំបៅក្នុងសួន ដោយប្រើមេសំនួនកាព្យ បែបកាកគតិ តាំងពីមិនទាន់ចេះអាន ចេះសរសេរនៅឡើយ។ នៅឆ្នាំ១៩៦៧ អ្នកស្រីបាននិពន្ធ រឿងកំប្លែងមួយ ជាលើកដំបូង មានឈ្មោះថា យក្សធាត់យក្សស្គម និពន្ធដំបូង ជារឿងនិទានដោយមាត់ សម្រាប់បងប្អូន និងញាតិមិត្តជិតខាង ស្តាប់កំសាន្តលេង ក្នុងភូមិ។ ដោយសាររឿងនេះ មានប្រជាប្រិយភាព នាំមនុស្សអោយសើចសប្បាយ ក្អាកក្អាយ ពេលបានស្តាប់ម្តងៗ អ្នកស្រីបានយករឿងនេះ ទៅសរសេរដោយដៃ ចងក្រងជាសៀវភៅ ហើយយកទៅដាក់ជួល នៅតូបផ្សារក្រោម បាត់ដំបង បានមួយអាទិត្យ ប្រាំកាក់ ចែកគ្នាពាក់កណ្តាលម្នាក់ ជាមួយម្ចាស់តូប ជួនកាលទៀត ក៏បានប្រាក់កម្រៃឈ្នួលច្រើនជាងនោះ។ តរៀងបន្ទាប់មក អ្នកស្រីបាននិពន្ធរឿងខ្លីៗ បែបកំសាន្តខ្លះ បែបអប់រំខ្លះ សម្រាប់ដាក់ជួល នៅទីផ្សារ មានដូចជារឿង ភូមិបព្វតាសម្ព័ន្ធ នភាមណី វិស្សមកាលនៅភូមិដ្ឋានមេធ្មប់ សន្យា៤៩ថ្ងៃ យំដើម្បីឈប់យំ (ជារឿងពិតប្រឌិតផ្សំ) និងរឿង ចំណងបុព្វនិស្ស័យ ជាដើម។ ចំពោះ រឿងចំណងបុព្វនិស្ស័យនេះ បាននិពន្ធឡើង នៅឆ្នាំ១៩៧៤ មានចំនួន ៩០ទំព័រ បានចេញផ្សាយ ប្រមាណ៨ខែ មុនប្រទេសខ្មែរ ធ្លាក់ចូល របបកុំមុយនិស្តប៉ុលពត នៅខែមេសាឆ្នាំ១៩៧៥។ នៅឆ្នាំ១៩៨០ ពេលអ្នកស្រីស្នាក់នៅ ជំរំជនភៀសខ្លួន ឈ្មោះខៅអ៊ីដាង អ្នកស្រីបានចងក្រង រឿងនេះសាជាថ្មី ដោយប្រតិស្ឋនាមថ្មី អោយរឿងនេះថា និស្ស័យស្នេហ៍ មានចំនួន១៧០ទំព័រ។ ប៉ុន្តែ រឿងដដែលនេះ បានត្រូវសម្រួលម្តងទៀត អោយខ្លី នៅត្រឹម១៣០ទំព័រ ហើយបានបោះពុម្ពផ្សាយ នៅប្រទេសខ្មែរ ជាទូទៅ នៅឆ្នាំ២០០៤ ហើយបានទទួលប្រិយភាព យ៉ាងខ្ពស់ខ្ពស់បំផុត ពីសំណាក់អ្នកអាន រហូតមកដល់សព្វថ្ងៃ។
នៅឆ្នាំ ១៩៦៨ អ្នកស្រីបានចាប់ផ្តើម និពន្ធកម្រងកែវ ទំនុកច្រៀង និងបទភ្លេងចង្វាក់ប្រជាប្រិយ ចង្វាក់សម័យ បែបមនោសញ្ចេតនា ជាច្រើនបទ ដែលត្រូវបានលោក ពៅ ស៊ីផូ លោក ម៉ា ឡៅពី និងលោក ម៊ែរ ប៊ុន យកទៅសម្រួល ជាបទចម្រៀង អោយអ្នកស្រី រស់ សេរីសុទ្ធា ហួយ មាស ប៉ែន រ៉ន និង អ៊ឹម សុងសឺម ច្រៀងផ្ញើជាចំណងដៃ ដល់អ្នកស្រុកបាត់ដំបង វិញ។ បទចម្រៀងដែលអ្នកស្រីនិពន្ធ បានទទួលនូវប្រិយភាពខ្ពស់ជាងគេបង្អស់ គឺបទ សំនៀងដួងចិត្តក្រមុំច្រៀងដោយ អ្នកស្រី ហួយ មាស និងបទ ស្តាយវ័យកុមារ ច្រៀងដោយ អ្នកស្រី រស់ សេរីសុទ្ធា។
ទេពកោសល្យពិសេស និងចំណុចខ្វះខាត ក្នុងឋានៈជាអ្នកនិពន្ធខ្មែរ រស់នៅបរទេស
អ្នកស្រី កែវ ច័ន្ទបូរណ៍ មានថ្វីដៃចំណាន ខាងគូរគំនូរខ្មៅដៃវាស គំនូរផាត់ជក់ និងឆ្លាក់អក្សរ។ កន្លងមក អ្នកស្រីជាអ្នកនិពន្ធខ្មែរទីមួយ ដែលវាយអក្សរពុម្ព ចងក្រង សំណៅរឿងទាំងឡាយ ជាសៀវភៅដោយខ្លួនឯង ព្រមទាំងបានគូរគំនូរ រចនាក្របសៀវភៅរបស់អ្នកស្រី គ្រប់សំណៅ ដែលបានបោះពុម្ព ចេញផ្សាយនានា ទាំងនៅក្នុងស្រុក និងក្រៅប្រទេស។ អ្នកស្រីបានទទួលរហស្សនាម នៅឆ្នាំ២០០៧ ពីសមាគមអក្សរសិល្ប៍នូហាច នៅពុទ្ធិសាសនបណ្ឌិត្យភ្នំពេញ ថាជា អ្នកនិពន្ធខ្យល់ព្យុះ ដោយព្រោះអ្នកស្រី អាចប្រឌិតសាច់រឿងអប់រំមួយ ហើយអាចវាយអក្សរពុម្ព ចងក្រងជាសំណៅ ដោយខ្លួនឯង ចំនួនជាង២០០ទំព័រ ក្នុងរយៈពេលបួនថ្ងៃគត់ គឹរឿង អំបែងអណ្តែត ដោយមានសាស្រ្តាចារ្យ យូ សុភាអតីតនាយក កម្មវិធីអក្សរសិល្ប៍ PEN នៅកម្ពុជា ជាសាក្សី នៅក្នុងការចងក្រង សៀវភៅមួយក្បាលនោះ។ ដោយសារ ការរស់នៅប្រទេសគេ មានការខ្វះខាត ផ្នែកជំនួយ ពិនិត្យអក្ខរាវិរុទ្ធ ទើបយើងទាំងឡាយ បានប្រទះឃើញ ស្នាដៃរបស់អ្នកស្រី ច្រើនមាន កំហុសអក្ខរាវិរុទ្ធ ដោយអន្លើ។
ម៉្យាងទៀត ដោយសារទេពកោសល្យនិពន្ធ យ៉ាងពូកែ ខាងកំណាព្យ កម្រងកែវ ចម្រៀង ល្ខោននិយាយផ្នែកអប់រំ និងទេពកោសល្យ ប្រើសំនួនវោហារ តាមរយៈសំដី ដ៏ទន់ភ្លន់ មានទឹកដមផ្អែមពិរោះ អ្នកស្រីបានត្រូវ សហគមន៍ខ្មែរ នៅរដ្ឋមីនីសូតា ធ្វើសំណូមពរ ជ្រើសរើសអ្នកស្រី អោយចូលខ្លួនជា បុគ្គលិកស្ម័គ្រចិត្ត បម្រើវិទ្យុជាតិ រដ្ឋមីនីសូតា ផ្នែកវប្បធម៌ និងការសិក្សាអប់រំ ផ្សាយបន្តផ្ទាល់ តាមរលកអាកាស រៀងរាល់សប្តាហ៍ ជាភាសាខ្មែរ ចំនួន១១ឆ្នាំ មុននឹងអ្នកស្រីចូលនិវត្តន៍ ដើម្បីទៅបម្រើ សហគមន៍ អក្សរសិល្ប៍ខ្មែរ នៅកម្ពុជា តាមរយៈអង្គការក្រៅរដ្ឋាភិបាល មជ្ឈមណ្ឌលគរុកោសល្យ សមូហកម្មអក្សរសិល្ប៍នូហាច នៅឆ្នាំ២០០៥។
ចំណែកឯស្នាដៃ ផ្នែកកំណាព្យអប់រំ របស់អ្នកស្រីដទៃទៀត ជាច្រើនរាប់មិនអស់ ក៏បានទទួលការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់មហាជនអនុជនខ្មែរជាទូទៅ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស ដោយមានការចេញផ្សាយ ជាប្រចាំ ដូចជា នៅក្នុងទស្សនាវដ្តីទស្សនៈខ្មែរ ដែលមានដំកល់នូវ បណ្ណាល័យសភាសហរដ្ឋ ទស្សនាវដ្តីខ្មែរ កាសែតខ្មែរ ក្នុងនិងក្រៅប្រទេស។
Comments are closed.