រឿងដែកគោលនិង​ ស្នាមធ្លុះ

កំហឹង ប្រៀបបាននិងភ្លើងឥតផ្សែង កាលណាភ្លើងកំហឹងឆាបឆេះឡើងសន្ធោសន្ធៅហើយ អ្វីៗក៏អាចកើតឡើងបានដែរ ​ទើបពេលនេះពួកយើងនឹងលើកយករឿងមួយ​ទាក់ទង និងការគ្រប់គ្រងកំហឹង និង លទ្ធផលដែលទទួលបានពីភ្លើងកំហឹង ។ ខាងក្រោមនេះជាដំណើររឿង

អាឆាវ ជាក្មេងប្រុសម្នាក់មានចរិតឫកពា​ ឆាប់មួរម៉ៅ ខឹងច្រលោតឆេវឆាវគ្មានហេតុផល នណាក៏មិនអាចណែនាំ​ និងហាមឃាត់កំហឹងរបស់គេបានឡើយ ។ ឪពុករបស់អាឆាវ បានដឹងរឿងនេះគាត់ពិបាកចិត្តណាស់ គាត់តែងតែដើរសុំការអធ្យាស្រ័យពីសំណាក់ អ្នកជិតខាងក្នុងភូមិគ្រប់ៗគ្នា កុំអោយមានការគុំគួន កូនរបស់គាត់ ។ ក្រោយពេលត្រឡប់ មកពីវត្ត វិញឪពុកបាន ទូន្មានតាមសង្ឃដិកាអំពីវិធីគ្រប់គ្រងកំហឹង ហើយនៅពេល ទៅដល់ផ្ទះ ក៏បានហុចដែកគោលមួយធុងធំទៅអោយកូន ហើយប្រាប់ថា នៅពេលណាដែលកូន មានអារម្មណ៍មិនល្អ ខឹងអ្នកណារឿងអ្វីមួយ សូមកូនយកដែកគោលដែលពុកឱ្យនេះ ទៅដំភ្ជាប់នៅរបងខាងក្រោយផ្ទះយើងចុះ។

ថ្ងៃដំបូងកន្លងផុតទៅ អាឆាវបានវាយដែលគោលដែលឪពុកអោយនៅលើរបងដល់ទៅ ៤១ដើម។ ថ្ងៃបន្ទាប់ទៀត វាយអស់៣៥ដើម តែពីមួយថ្ងៃទៅមួយថ្ងៃចំនួនដែកគោលបាន ថយចុះទៅៗ ព្រោះក្មេងប្រុសនោះមានអារម្មណ៍ថាការដែលខំព្យាយាមទប់អារម្មណ៍ ធ្វើអោយ ចិត្តស្ងប់​ នឹងការស្គាល់ខ្លួនឯងបានច្បាស់វាងាយស្រួលជាងការដើរទៅវាយដែកគោល នៅខាងក្រោយផ្ទះឆ្ងាយណាស់។ រហូតដល់ថ្ងៃមួយ គេអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានចិត្តក៏កាន់តែធ្ងន់ គេក៏ដើរមករកឪពុក ហើយប្រាប់ឪពុកគេថា នៅថ្ងៃនោះគេមិនមានអារម្មណ៍ខឹងអ្វីឡើយដោយអាចគ្រប់គ្រង ខ្លួនឯងបាន។

ឪពុកគេញញឹមហើយប្រាប់កូនប្រុសថា បើពិតជាអញ្ចឹងមែននោះ ចូរកូនព្យាយាមដកដែកគោល ចេញពី របងក្រោយផ្ទះវិញម្តងមួយដើមៗ ជារៀងរាល់ថ្ងៃ។ ក្មេងប្រុសក៏ដកមួយថ្ងៃម្តងៗព្រោះគេលែងមានអារម្មណ៍ខឹងហើយ រហូតដល់ ទីបំផុត ដែកគោលទាំង អស់ត្រូវបានដកចេញអស់ពីរបង ។ ខណៈនោះអាឆាវ សប្បាយចិត្ត ណាស់ ក៏ប្រញ៉ាប់រត់ប្រាប់ឪពុករបស់គេពីរឿងនេះឪពុកក៏ដឹកដៃកូនដើរ សំដៅទៅរបង ខាងក្រោយផ្ទះនោះហើយនិយាយថា៖ “កូនពិតជាធ្វើបានល្អណាស់ពេលនេះ តែចូរកូនក្រឡេក មកមើល ទៅរបងកូនឃើញទេ របងវាមិនមានសភាពដូចដើមទេ! វាពោរពេញទៅដោយស្នាម ប្រហោងធ្លុះធ្លាយដោយសារស្នាដៃ កូន។”

“កូនត្រូវចាំទុកថា កាលណាដែលយើងមិនអាចគ្រប់គ្រង់នូវការខឹងគ្រោធហើយបញ្ចេញ ទៅលើមនុស្ស ឬ វត្ថុ​អ្វីមួយវាតែងតែបន្សល់ទុកស្នាមរបួស ដូចជាស្នាមដែកគោលនេះអញ្ចឹង។ បើទោះបីជាយើងសុំទោស រាប់រយដងក៏មិនអាចលុបស្នាមរបួសឬការឈឺចាប់ដែល កើតឡើងបានដែរ”។
តម្លៃអប់រំ៖ «បុគ្គលដែលមិនចេះគ្រប់គ្រងគំហឹងគឺជាមនុស្សដែលមានវិប្បដិសារីពេញមួយជីវិត» បើយើងព្យាយាមបង្កើតកំហឹងដាក់លើវត្ថុប្រើប្រាស់ ​ឬលើអ្នកណាម្នាក់ អ្នកដែលឈឺចាប់បំផុតគឺខ្លួនអ្នក ព្រោះអ្នកបានព្យាយាមដេកអោបភ្លើងជាប់និងដើមទ្រូងអ្នកទៅហើយ។

Comments are closed.