ព្រះគណេសជាទេពរបស់ឥណ្ឌា មានខ្លួនជាមនុស្ស ក្បាលដំរី តាមប្រក្រតីមានដៃបួន អ្នកឥណ្ឌារាប់អានថា ជាទេពប្រចាំសេចក្ដីជំពាក់ស្មុគស្មាញ និងជាអ្នកផ្ដល់នូវសេចក្ដីសម្រេចកិច្ចផ្សេងៗ ។ ហេតុដូច្នោះព្រះគណេស ទើបបាននាមជា ពិឃេស្វរៈ ប្រែថា “អ្នកជាធំក្នុងសេចក្ដីជាប់ជំពាក់” និង សិទ្ធិជាតា ប្រែថា “អ្នកឲ្យសេចក្ដីសម្រេចផល” ។ មានគតិប្រកាន់ថា អ្នកណាបានក្រាបសំពះបូជាព្រះគណេស នឹងមានសេចក្ដីចម្រើនសិរីសួស្ដីជ័យមង្គល (ព្រោះព្រះគណេស មានជាយាពីរអង្គ ឈ្មោះ ពុទ្ធិ និង សិទ្ធិ ហើយមានឱរសឈ្មោះ ក្សេប និង លាភ រាប់ថាជាមង្គលទាំងព្រម) ។ អ្នកស្រុកហិណ្ឌូ កាលនឹងប្រកបកិច្ចពិធីក្នុងលទ្ធិសាសនា ឬ សិក្សារៀនសូត្រ រៀនសិល្បវិទ្យា គេក៏ពោលពាក្យនមស្ការព្រះគណេស សូមសេចក្ដីប្លតភ័យ ឲ្យផុតការជំពាក់ទាក់ទាម ហើយដើម្បីនឹងសូមសេចក្ដីសម្រេចផលក្នុងកិច្ចនោះៗជាមុន ។ ហេតុនេះ ព្រះគណេសជាទេពប្រចាំសិល្បវិទ្យានៃក្រុមសិល្បករ ទើបសៀមឆ្លាក់រូបព្រះគណេសដាក់ក្នុងដួងត្រាប្រចាំក្រុម វង់មូលដែលឡោមរូបព្រះគណេសមានប្រាំពីរវង់ ជាគ្រឿងសម្គាល់ដល់កែវ ៧ដួង ដែលជាតំណាងសិល្បៈ៧យ៉ាងគឺ ១- ការជាងស្មូន ២- ចិត្រកម្ម ៣- តុរ្យាង្គសិល្បៈ ៤- នាដសិល្បៈ ៥- វាទសិល្បៈ ៦- ស្ថាបត្យកម្ម និង ៧- អក្សរសាស្ត្រ ។ សៀវភៅវណ្ណគតិរបស់ឥណ្ឌា ឯខាងដើម សុទ្ធតែមានពាក្យសម្រាប់នមស្ការព្រះគណេស ដើម្បីសូមប្រសិទ្ធិប្រសាធ (សេចក្ដីសម្រេចផល) ដល់សៀវភៅរឿងនោះថា គណេសាយ នបៈ ប្រែថា “សូមថ្វាយបង្គំដល់ព្រះគណេស” ។ សូម្បីតែក្មេងទៅសាលារៀន កាលនឹងផ្ដើមមើលអានសៀវភៅ ក៏ពោលពាក្យនមស្ការព្រះគណេសជាមុនថា ហរិ ឱមៈ ស្រីគណបតយេ នមៈ ប្រែថា “ហរិ ឱមៈ យើងខ្ញុំសូមលំអោនកាយចំពោះព្រះគណបតីជាអ្នកមានសិរី” ។ អ្នកស្រុកហិណ្ឌូដែលជឿមាំក្នុងលិទ្ធសាសនា កាលនឹងប្រកបការលក់ដូរ ឬ ទៅផ្លូវឆ្ងាយ គេមិនលះបង់ការពោលពាក្យស្ដុតិព្រះគណេសឡើយ ហេតុទាំងនោះ ក៏ដើម្បីនឹងសូមសេចក្ដីគ្រប់គ្រង ហើយសូមឲ្យផុតសេចក្ដីជំពាក់ទាក់ទាមផ្សេងៗដែរ ។ ព្រះគណេសមាននាមមួយយ៉ាងទៀតថា ហេរម្ពៈ ប្រែថា “អ្នកគ្រប់គ្រងការពារ” ។ ក្នុងទេវស្ថានខាងលទ្ធិសៃវៈនិងទីដែលរាប់អានព្រះសិវៈជាធំ គ្រប់កន្លែង មានទីតាមជួរថ្នល់ មានទីតាមជួរថ្នល់ ជួរផ្លូវកណ្ដាលវាល និងក្រោមដើមឈើដោយអន្លើ ក៏ច្រើនតែមានរូបព្រះគណេសប្រតិស្ឋានទុកនៅ ដើម្បីប្រជាជនគ្រប់ជាតិ គ្រប់វណ្ណៈ ដែលដើរតាមផ្លូវទៅលក់ដូរ ឬ ធ្វើដំណើរទៅផ្លូវឆ្ងាយ នឹងបានឱកាសក្រាបសំពះបូជា សូមសេចក្ដីគ្រប់គ្រង ហើយនិងការសម្រេចផល ។ ក្នុងគតិទមិឡប្រកាន់ថា: ព្រះគណេសជាទេពប្រចាំស្រុក ទំនងដូចអារក្សស្រុក ឬ អ្នកតារបស់ខ្មែរ ។ ក្រៅអំពីនេះទៅទៀត នៅមានរាប់អានព្រះគណេសជាទេពប្រចាំផ្ទះ ដែលគេត្រូវបូជាក្នុងវេលាចូលដេក ឬវេលាភ្ញាក់ពីដេក គឺពេលលប់មុខរួចមុនទេពអង្គដទៃទាំងអស់ ។ ទេពអង្គដទៃក្នុងទីនេះសំដៅយក ព្រះសិវៈ (ឥសូរ) ព្រះវិស្ណុ (នារាយណ៍) និងព្រះអាទិត្យ (ព្រះអាទិត្យក្នុងទីនេះ សំដៅយកព្រះព្រហ្ម តែសៀមសំដៅយកព្រះខន្ធកុមារមកជំនួសព្រះព្រហ្ម) និងព្រះ ឧមា នូវព្រះលក្ស្មី ។ ពួកព្រាហ្មណ៍កាលបើត្រូវរាយមន្តក្នុងកិច្ចពិធី រមែងសូត្រឡើងជាដំបូងថា ឱម ដែលជាពាក្យប្រកបដោយសំឡេងរួមអក្សរថា អ. ឧ. ម. ។ អ. បានដល់ព្រះព្រហ្ម ឧ បានដល់ ព្រះវិស្ណុ ម. បានដល់ព្រះសិវៈ2នេះក៏ឃើញបានថា សូម្បីតែក្នុងការពោលពាក្យបូជាព្រះជាម្ចាស់ ដែលជាទេពជាន់ខ្ពស់បំផុតហើយក្ដី ក៏នៅតែមិនផុតចំណែកនៃព្រះគណេស គឺនៅតែយកទៅរួមផងជាដរាប ។
ព្រះគណេស កាលមានគេនិយមបូជាច្រើន ទើបមានរូបតាំងជាទូទៅទៅក្នុងប្រទេសឥណ្ឌា ។ អ្នកស្រុកឥណ្ឌា កាលនាំលទ្ធិសាសនាហិណ្ឌូទៅផ្សាយ ឬ លើកគ្នាចេញទៅតាំងភូមិលំនៅ ធ្វើការលក់ដូរក្នុងប្រទេសដទៃ ក៏ច្រើនតែមានរូបព្រះគណេស ជាប់នឹងខ្លួនទៅផង ។ ហេតុនេះ ទើបរូបព្រះគណេសមានផ្សាយចេញទៅជាច្រើន ដល់ទៅប្រទេសទីបេ និងតាត ។ ចំណែកខាងឯកើត គឺជ្រោយឥណ្ឌូចិន ភូមា សៀម និងខ្មែរ រហូតទៅដល់ ចិន និង ជប៉ុន ដែលឆ្លងសមុទ្រទៅក៏មាន នៅកោះជ្វា បាហ្លី និង បរណេអូ ក៏មាន ។ តែរូបព្រះគណេសក្នុងប្រទេសអម្បាលនេះ មានលក្ខណៈដួលទៅតាមគតិនិយមរាប់អាន ដូចយ៉ាងព្រះគណេសរបស់ចិន ក៏ទ្រង់គ្រឿងបែបចិន និងប្រដាប់ក៏ប្លែកទៀត ។ តាមប្រក្រតីព្រះគណេសកាន់ភ្លុកដំរីមួយកំណាត់ តែព្រះគណេសរបស់ចិន ជប៉ុន និង ទីបេ កាន់មើមឆៃប៉ូវមានស្លឹកឆែកបី ស្រដៀងនឹងរូបត្រីសូរវជិរាវុធ ។ ព្រះគណេសរបស់សៀម តាមរូបភាពដើម មិនដុះពោះស្អុយដូចព្រះគណេសឥណ្ឌាទេ ហើយជួនកាលក៏មានភ្លុកទាំងពីរខាងមានទំនងដូចព្រះគណេសចិន ជប៉ុន និងទិបេត៍ ។ ព្រះគណេសខ្មែរ មានភ្លុកតែម្ខាងក៏មាន មានភ្លុកទាំងសងខាងក៏មាន ។ ចំណែកព្រះគណេសរបស់ឥណ្ឌា មានភ្លុកតែម្ខាងទេ ព្រោះភ្លុកម្ខាងទៀតនោះ ថាត្រូវបរសុរាមចោលដោយពូថៅត្រូវបាក់ទៅហើយ តែព្រះគណេសយកមកកាន់ជាអាវុធខ្ជាប់នៅដៃខ្លួន ។
មានរឿងនិទាន ទាក់ទងនឹងព្រះគណេសនេះច្រើនយ៉ាងណាស់ តែសូមលើកយកខ្លះមកពោលក្នុងទីនេះ ដើម្បីបង្ហាញនូវប្រភពខ្លះ ដែលជាប្រវត្តិនៃអាទិទេពអង្គនេះ ៖
១- ក្នុងគម្ពីរព្រហ្មវៃវត្តបុរាណ ពោលថា កាលព្រះបព៌ត3 ជាមហេសីព្រះសិវៈ ព្រះនាងមិនមានឱរស ព្រះសិវៈត្រង់នាំព្រះនាងឲ្យធ្វើពិធីបន្សាកព្រឹត្តិ គឺបូជាព្រះវិស្ណុ (នារាយណ៍) ក្នុងថ្ងៃ ១៣ កើតខែមាឃ ហើយឲ្យធ្វើជានិច្ចរៀងទៅរាល់ថ្ងៃ អស់កាលមួយឆ្នាំ ដោយចាត់រកផ្កាឈើ ផ្លែឈើ នំ ទឹកដោះ សប្បិ (ទឹកដោះជ្រាយ) នវនីត (ទឹកដោះស្ងួត) ភាជនៈ នូវកែវកង ចិញ្ចៀន មាសប្រាក់ ឲ្យជាទក្ខិណទានព្រាហ្មណ៍មួយពាន់រូបរាល់ថ្ងៃ រហូតដល់ការពិភ័ក្ដិរក្សាជួយចិញ្ចឹមពួកព្រាហ្មណ៍ទាំងនោះផង ។ អ្នកធ្វើពិធីត្រូវមានសីលឲ្យបានបរិសុទ្ធកាយវាចាចិត្ត សម្លឹងតែចំពោះតែព្រះហរិនារាយណ៍ជាម្ចាស់ ។ ព្រះបព៌ត ធ្វើពិធីជាអំឡុងមក ក៏នៅតែមិនបានព្រះឱរសទៀត ទ្រង់មានសេចក្ដីតូចព្រះទ័យក្រៃលែង ។ ខណៈនោះ ស្រាប់តែឮសំឡេងប្រាកដឡើងថា ឲ្យត្រឡប់ទៅបន្ទប់ នឹងកុមារដែលជាអង្គព្រះក្ឫស្ណៈមកកើតជាឱរស ។ ព្រះនាងបានព្រះកុមារដូចបំណង ពួកទេពជ្រាបដំណឹងក៏នាំគ្នាទៅសម្ដែងសេចក្ដីត្រេកអរថ្វាយសាធុការពរ ។ ក្នុងទេពអម្បាលនេះ មានព្រះ សនិ (ព្រះសៅរ៍) ស្ថិតនៅទីនោះផង តែព្រះ សនិ មិនហ៊ានក្រឡេកមើលកុមារទេ ទ្រង់ឱនឈ្ងោកមើលតែផ្ទៃព្រះរោង ។ ព្រះបព៌តីត្រាស់សួរថា ហេតុដូចម្ដេចបានជាធ្វើដូច្នោះ? ព្រះ សនិ តបថា គ្រាមួយនោះ ដោយទ្រង់រវល់តែនឹងភាវនារលឹកដល់ព្រះ វិស្ណុ ភ្លេចគិតដល់ការលួងលោមយកចិត្តភរិយា ភរិយាក្រោធក៏ផ្ដាសាថា បើព្រះ សនិ ក្រឡេកមើលអ្នកឯណា ឲ្យអ្នកនោះដល់នូវសេចក្ដីវិនាស ហេតុនេះទើបខ្លួនមិនហ៊ានក្រឡេកមើលមុខអ្នកណាសោះ ព្រោះខ្លាចផលអាក្រក់បានដល់អ្នកដែលខ្លួនក្រឡេកមើល ។ ព្រះបព៌តីទ្រង់សណ្ដាប់ហើយ ក៏មិនទ្រង់ប្រកាន់ទោស ព្រោះទ្រង់យល់ឃើញថា របស់ណានឹងគប្បីកើត របស់នោះក៏ត្រូវតែកើតដូចព្រហ្មលិខិតកំណត់ទុក ទើបអនុញ្ញាតឲ្យព្រះ សនិ ក្រឡេកមើលព្រះកុមារបាន ។ ទើបព្រះ សនិសូមប្ដឹងឲ្យព្រះ ធម្មរាជ (ព្រះយម) ជួយជាកសិណ ហើយក្រឡេកមើលព្រះកុមារ ។ ក្នុងរំពេចនោះឯង ព្រះសិរនៃព្រះកុមារក៏ដាច់ចេញអំពីព្រះសូរងខ្ទាតឡើងទៅលើគោលា (គឺឋានសួគ៌ព្រះក្រស្ណៈ ព្រោះជាព្រះសិរដែលបែងភាគចុះមកកើតជាកុមារ ទើបត្រូវត្រឡប់ទៅកន្លែងដើមវិញ រឿងក្នុងវគ្គនេះ មានផ្សេងៗគ្នា) ។
ឃើញអស្ចារ្យដូច្នោះ ព្រះបព៌តីស្ទុះចូលទៅស្រវាឱបកាយព្រះកាយកុមារ ដែលបាត់ព្រះសិរទៅហើយនោះ ផ្ដួលផ្ដេកព្រះកាយទ្រង់ព្រះកន្សែង ។ ដើម្បីនឹងសម្ដែងអធ្យាស្រ័យមេត្រីនឹងព្រះបព៌តី ពួកទេពក៏នាំគ្នាខ្សឹកខ្សួលទៅផង វៀរតែព្រះវិស្ណុ ១អង្គ ស្ដេចឡើងគង់លើគ្រុឌហិចហោះទៅឯទន្លេបុស្សភទ្រ ឃើញដំរីមួយដេកលក់ បែរក្បាលទៅទិសខាងជើង ក៏កាត់ក្បាលដំរីនោះ នាំមកតព្រះសូរងនៃព្រះកុមារៗ ទើបត្រឡប់រស់ឡើងវិញ មានព្រះសិរជាដំរី ។ (គម្ពីរខ្លះថា ដំរីនេះមានភ្លុកតែម្ខាង) ។ ព្រះបព៌តីក៏ប្រទានរង្វាន់មានតម្លៃ ដល់ពួកទេពនិងព្រាហ្មណ៍ ចំណែកព្រះ សនិ ក៏ត្រូវព្រះបព៌តីដាក់បណ្ដាសា ឲ្យដើរឃ្វាចៗ តាំងអំពីកាលនោះមក ។
លក្ខណៈប្រព្រឹត្តិទៅរបស់បណ្ដាទេពតា តាមដែលពោលមកនេះ មើលទៅក៏មិនខុសអ្វីនឹងមនុស្សសាមញ្ញ ហើយទោះបីជារឿងដែលចេញមកអំពីព្រហ្មវៃវត៌បុរាណ សឹងជាគម្ពីរដែលលើកតម្កើងព្រះព្រហ្មក៏ដោយ តែសេចក្ដីនៃរឿងសម្ដែងក៏នៅតែប្រាថ្នានឹងលើកតម្កើងព្រះក្ឫស្ណៈ ដែលព្រះវិស្ណុបែងភាគចុះមកកើត ។ ព្រោះដូច្នោះ ទើបរាប់បានថា ជារឿងរបស់និកាយវៃស្ណវៈ ដែលរាប់ព្រះវិស្ណុជាធំ ។ ព្រះគណេសដែលថាជាឱរសព្រះសិវៈ និងព្រះនាងបព៌តី គួរអ្វីត្រឡប់ជាភាគព្រះក្ឫស្ណ? ។ ឯរូបព្រះគណេសក្នុងរឿងដែលពោលនេះ ច្រើនជាក្មេងវារ មានក្បាលជាដំរី ហៅឈ្មោះថា ពាលគណេស (ព្រះគណេសក្មេង) ។ ត្រឹមតែនាំរឿងកំណើតព្រះគណេសមកពោលជារឿងដំបូង ក៏ធ្វើឲ្យឃើញថា ជារឿងជំពាក់ស្មុគស្មាញណាស់ទៅហើយ ហើយរឿងជាមួយគ្នានេះ កាលធ្លាក់មកដល់ស្រុកអាយក៏មានផ្ទៃរឿងត្រូវគ្នា តែចំពោះសេចក្ដីវិញមានបែកខ្ញែកទៅច្រើនណាស់ ។ ឯរឿងរបស់សៀមស្ដីអំពីកំណើតព្រះគណេស មានសេចក្ដីដូច្នេះ ៖
២- នាងអប្សរមួយអង្គ ធ្វើខុសព្រោះប្រាសចាកធម្មគតិនៃចរិតស្រីទេពអប្សរទាំងឡាយ ក៏ត្រូវច្យុតចុះមកកើតជាដំរីទឹកឈ្មោះ អសុរកង្កី ធ្វើឲ្យកើតសេចក្ដីក្ដៅក្រហាយដល់ត្រៃលោក ។ ព្រះទ្រង់ព្រះតម្រិះឲ្យខន្ធកុមារទៅបង្ក្រាប តែត្រូវធ្វើពិធីសោកាន្តជាមុនសិន ទើបឲ្យប្រជុំទេវតានិងអ្នកសិទ្ធាវិទ្យាធរនាភ្នំកៃលាស ហើយអញ្ជើញព្រះព្រហ្ម ព្រះនារាយណ៍មកចម្រើនព្រះកេសា លុះដល់ថ្ងៃមង្គល ព្រះនារាយណ៍ស្រាប់តែស្ដេចផ្ទំស្កល់ ព្រះឥសូរមានទេវឱង្ការឲ្យព្រះឥន្ទយកមហាស័ង្ខទៅផ្លុំតើនបន្ទុំ ។ ព្រះនារាយណ៍ទ្រង់ឮរន្ទះសំឡេងស័ង្ខ បើកព្រះនេត្រ ឃើញព្រះឥន្ទ្រក៏ត្រាស់សួរថា “លោកសន្និវាសមានហេតុភេទយ៉ាងម្ដេចខ្លះ?” ព្រះឥន្ទ្រទូលថា “ព្រះឥសូរមានព្រះឱង្ការ ឲ្យស្ដេចយាងទៅចម្រើនព្រះកេសាព្រះខន្ធកុមារ” ។ ព្រះនារាយណ៍ភ្លាំងភ្លាត់ព្រះឱស្ឋថា “កូនកំបុតក្បាល រកតែអញដេកឲ្យលក់ស្រួលមិនបាន” ។ រួចស្ដេចយាងមកជាមួយព្រះឥន្ទ្រ ។ ខណៈដែលព្រះនារាយណ៍ត្រាស់ដូច្នោះ ដោយអំណាចវាចាសិទ្ធិ ព្រះសិរព្រះខន្ធកុមារទាំង ៦ (ព្រះខន្ធកុមារមានសិរ ៦) ក៏អន្តរធានបាត់ទៅ ព្រះឥសូរមានទេវឱង្ការឲ្យព្រះវិស្សកម្មទៅកាន់មនុស្សលោក រកកាត់យកក្បាលមនុស្សណាដែលដល់នូវមរណភាព មកតព្រះសិរព្រះខន្ធកុមារ ។ ព្រះវិស្សកម្ម ទទួលទេវបញ្ជាហើយ ក៏មកត្រាច់កក្បាលមនុស្ស ដែលដល់នូវមរណៈក្នុងថ្ងៃនោះ តែមិនមានអ្នកឯណាស្លាប់សោះ ប្រទះតែដំរីដេកបែរក្បាលទៅបស្ចិមទិស ក៏កាត់យកក្បាលដំរី ទៅតជាព្រះសិរព្រះខន្ធកុមារ ទើបព្រះជាម្ចាស់ទាំង ៣ព្រះអង្គព្រមព្រៀងគ្នា ផ្លាស់ព្រះនាមឲ្យហៅថា “ព្រះវិឃ្នេស” ។ ស្រេចហើយវិឃ្នេស ក៏សម្ដែងតេជះឲ្យមានព្រះករ ៤ ព្រះករមួយកាន់ព្រ័ត្រប្រកាំ ព្រះករមួយកាន់កង្វេរ ព្រះករមួយកាន់ដុំដែក ព្រះករមួយទៀតកាន់ដុំដែកក្រហម ទ្រង់មុសិកៈ គឺកណ្ដុរជាពាហនៈ ស្ដេចទ្រង់ទៅយនុនានទី ។ ទ្រង់ចូលប្រយុទ្ធនឹងអសុរកង្កីៗទប់ទល់ពុំបាន ក៏គេចចៀសមុជទៅក្នុងទន្លេ លាក់ខ្លួននៅក្នុងកណ្ដាលប្រវាលមហាសមុទ្រ ។ ព្រះវិឃ្នេសហាព្រះឱស្ឋ ស្រូបយកទឹកទាល់តែរីង ឃើញតួអសុរកង្កី ទើបយកភ្លុកខាងឆ្វេងចោលត្រូវអសុរកង្កី នូវបរិវារទាំងសែនកោដ្ឋ ដល់នូវសេចក្ដីស្លាប់ ហើយទើបខ្ពុរទឹកចេញទុកនៅដូចដើម រួចស្ដេចត្រឡប់ទៅគាល់ព្រះឥសូរ ។
៣- រឿងព្រះគណេសរបស់យើង ខុសគ្នាអំពីរឿងព្រះគណេសរបស់ព្រាហ្មណ៍ ហើយមិនគ្រាន់តែខុសប៉ុណ្ណោះទេ ថែមទាំងមានរឿងពុទ្ធសាសនាទៅចូលលាយឡំផង ដូចក្នុងរឿងនេះមួយអន្លើទៀតពោលថា ៖
កាលព្រះវិស្សកម្ម ទៅកាត់ក្បាលដំរីមកហើយ ព្រះឥសូររាយមន្តតភ្ជាប់នឹងរាងព្រះខន្ធកុមារជាច្រើនដង តែមិនជាប់ដល់តិចសោះ ត្រូវឲ្យព្រះវិស្សកម្មចុះទៅឋានមនុស្សលោក អារាធនាព្រះគិរិមាន្ទអហរន្តជាម្ចាស់ឲ្យឡើងមកសូត្រសែកគាថាមហាផ្សារ ទើបតព្រះសិរព្រះខន្ធកុមារឲ្យជាប់សម្រេចបាន ។
នៅមានរឿងដែលខ្ពស់ជាងនេះឡើងទៅទៀត ដំណាលថា ព្រះឥសូររៀបសោកាន្តព្រះខន្ធកុមារ ទើបត្រាស់ឲ្យហៅទេវតារកឫក្សពេលជាមង្គល ព្រះរាហូទំនាយថា វេលាសោកាន្ត នឹងមានហេតុ សូមឲ្យនិមន្តព្រះពុទ្ធជាម្ចាស់ឡើងមកគង់ជាមង្គល និងចម្រើនព្រះពុទ្ធមន្ត ។ ព្រះឥសូរទ្រង់ព្រះក្រោធ ត្រាស់ថា “យើងឥសូរក៏ជាមោលីសុរាល័យនិមន្តឡើងមកថ្វីមិនត្រូវ” ហើយត្រាស់ឲ្យធ្វើពិធីតាមទំនើងព្រះហឫទ័យ ឲ្យអញ្ជើញទេវតាមកទាំងអស់ តែភ្លេចអញ្ជើញព្រះអង្គារៗទ្រង់ខ្ញាល់ ក៏ទ្រង់បំបាំងកាយចូលទៅក្នុងរោងពិធី កាត់យកព្រះសិរព្រះគណេសព្រះគិនាយកុមារ យកទៅទម្លាក់ចោលក្នុងសមុទ្រ ។ រឿងតទៅ ក៏ស្រដៀងនឹងរឿងដែលពោលមកហើយ គឺព្រះវិស្សកម្មទៅកាត់ក្បាលដំរីបានពីរមក តនឹងរាងកាយកុមារទាំងពីរក៏មិនជាប់ តោងទៅនិមន្តព្រះពុទ្ធជាម្ចាស់ឡើងមកសូត្រ ទើបតព្រះសិរព្រះគណេសគិនាយជាប់ជាក្បាលដំរីទាំងពីរ ទើបព្រះឥសូរទទួលរាប់អានព្រះពុទ្ធជាម្ចាស់តាំងពីនោះរហូតមក ។
៤- ក្នុងវៃវត៌បុរាណមួយអន្លើទៀតថា ព្រះសិវៈទ្រង់ព្រះក្រោធនឹងព្រះអាទិត្យ ប្រហារព្រះអាទិត្យឲ្យដល់នូវមរណៈ តែពេលក្រោយទ្រង់ជប់ឲ្យរស់ឡើងវិញ តែទោះបីដូច្នោះ ព្រះកស្សបឫសី (ទេពជាបិតារបស់ព្រះអាទិត្យ) ក៏នៅតែព្រះក្រោធ ទើបផ្ដាសាឲ្យឱរស្ឋព្រះសិវៈកំបុតក្បាល ព្រះសិវៈត្រូវទៅកាត់ក្បាលដំរីឯរាវ័ណរបស់ព្រះឥន្ទ្រ មកតជំនួសវិញ ។
៥- កំណើតព្រះគណេសមួយរឿងទៀត ពោលថា: ព្រះសិវៈច្រើនតែស្ដេចចូលទៅកាន់ទីដែលព្រះបព៌តីកំពុងស្រង់ទឹក ដោយព្រះនាងមិនដឹងខ្លួន ។ ឯព្រះនាងតែងយកក្អែលរមៀតដែលលាបព្រះកាយមកសូន្យ ហើយនិម្មិតជាប្រុសរូបល្អសម្រាប់ជាទ្វារបាល ។ ថ្ងៃមួយ ព្រះសិវៈស្ដេចចូលទៅរកព្រះបព៌តី ក៏ត្រូវអ្នកចាំទ្វារហាមឃាត់ មិនឲ្យស្ដេចចូលទៅ ហើយផ្ដៅវាយបណ្ដេញព្រះសិវៈ ២ខ្វាប់ ព្រះសិវៈទ្រង់ក្រោធនឹងការប្រព្រឹត្តផ្ដេសផ្ដាសរបស់ឆ្មាំ ក៏សម្ដែងព្រះតេជះ ក៏តស៊ូនឹងអ្នកចាំទ្វារមិនបាន សូម្បីតែព្រះវិស្ណុនិងពួកទេពមកជួយ ក៏នៅតែតស៊ូនឹងអ្នកចាំទ្វារមិនបាន នៅទីបំផុត ព្រះវិស្ណុក៏ប្រើឧបាយនិម្មិតជាស្រីរូបល្អ អ្នកចាំទ្វាររវល់តែសម្លឹងមើលរូបស្រីមាយា ទើបជាឱកាសឲ្យព្រះវិស្ណុកាត់កអ្នកចាំទ្វារដាច់ទៅ ។
រឿងនេះ ជ្រាបដល់ព្រះបព៌តីៗទ្រង់ខ្ញាល់ជាអនេកប្រការ ទាល់តែព្រះសិវៈត្រាស់ឲ្យទេពតា ទៅរកកាត់យកក្បាលសត្វ ដែលដេកយកក្បាលទៅឧត្តរទិសមក ទេពតាអង្គនោះបានកាត់ក្បាលដំរីមកត អ្នកចាំទ្វារទើបមានក្បាលជាដំរី ហើយព្រះសិវៈទ្រង់តាំងឲ្យជាធំ ក្នុងពពួកទេពដែលទទួលបម្រើព្រះសិវៈ ដែលហៅថា “វិនាយក” មួយពួកទេពដែលទទួលបម្រើព្រះសិវៈ ដែលហៅថា “វិនាយក” មួយពួក “គណៈ”មួយពួក អ្នកចាំទ្វារទើបបានឈ្មោះថា “គណេស” ឬ (គណបតី” ឬ “វិនាយក” ។
៦- នៅមានរឿងគណេសមួយទៀត ពោលថា ព្រះសិវៈពណ៌នាឲ្យព្រះគណេសស្ដាប់ថា ហេតុអ្វីព្រះគណេសមានព្រះសិរជាដំរី ដោយតម្រាស់ថា “គ្រាមួយ យើងនិងព្រះបព៌តីទៅកាន់ដងព្រៃហិមាល័យបព៌ត ដើម្បីសេចក្ដីសម្រាន្ត ខណៈនោះ បានឃើញដំរីញីមួយរួមរស់ជាមួយដំរីឈ្មោល យើងទាំងពីរក៏កើតតម្រេកឡើង ទើបប្លែងជាដំរីឈ្មោល ចំណែកបព៌តីប្លែងជាដំរីញី ហើយក៏បានរួមសន្ថវៈតាមសេចក្ដីចំណង់ ទើបបានកើតខ្លួនបាមក មានសិរជាដំរី ។
Comments are closed.