នៅខាងកើតភ្នំបាភ្នំ (ភ្នំខ្សាច់ស) ចម្ងាយប្រមាណជា ១.៥០០ម. ខាងអាគ្នេយ៍នៃសាលាស្រុកបាភ្នំសព្វថ្ងៃនេះ ប្រហែលជា ៥០០ម. មានភ្នំមួយតូចស្ថិតនៅក្បែរមាត់ព្រៃ កម្ពស់ប្រមាណជា ១០ម. ។ នៅលើកំពូលភ្នំនោះនិងនៅជាចន្លោះនៃថ្មភ្នំធំៗ ដែលបន្តុបលើគ្នាច្រូងច្រាង គេឃើញមានរោងមួយ ធ្វើដោយស៊ីម៉ងត៍យ៉ាងស្អាត ទំហំប្រហែល ២ម. បួនជ្រុង បែរមុខឆ្ពោះទៅទីវាលខាងកើត ដែលមានផ្លូវបូកស៊ីម៉ងត៍ថែមជាជណ្ដើរបត់បែនឡើងទៅ ។ ក្នុងរោងនោះ ផ្នែកពាក់កណ្ដាលខាងក្រោយ គេធ្វើជាថ្នាក់ខ្ពស់ឡើងប្រហែលកន្លះម៉ែត្រ ផ្ទាប់ទៅនឹងថ្មភ្នំដែលលយចូលមកក្នុងរោង ហើយមានគំនូររូបសត្វផ្សេងៗ ធំខ្លះ នៅល្អខ្លះ បាក់បែកនៅតែខ្លួនហើយបូកស៊ីម៉ងត៍ធ្វើជាក្បាល ដៃ ជើង ថែមឡើងខ្លះ ដាក់តម្រៀបគ្នាជាជួរ៣ សង្កាត់ ។ មានជើង ១សម្រាប់ដោតធូប មានរូបដំរីពីរធ្វើដោយថ្មពណ៌សពព្រូស នៅសងខាងមានផើងដែលពួកចិនយកទៅថ្វាយ ខាងក្រោយបន្ទាប់ពីមោះមក ជាទីធ្លាក្រាលឥដ្ឋពណ៌ ទូលាយល្មមមនុស្សពីរនាក់ ចូលទៅអង្គុយបន់ស្រន់បានដោយស្រួល ។
ឯរោងនិងគ្រឿងសក្ការជារបៀបចិនទាំងអស់ ព្រោះចិនជាអ្នកតាក់តែងធ្វើរោងឡើងជាខាងក្រោយ ។ ពីដើមអ្នកតានេះធ្លាប់មានអាស្រមរួចមកហើយ តែដល់បាក់បែកអស់ទៅ ទើបពួកចិនសាងជាថ្មីជំនួសឡើង ។
ក្នុងចំណោមរូបទាំង ៣សង្កាត់នោះ ត្រង់សង្កាត់កណ្ដាល មានរូបមួយនៅចំកណ្ដាលគេ ជារូបឈរ មានកម្ពស់ប្រហែល ៦០ សង់ទីម៉ែត្រ រូបនោះមានភាពជាស្ត្រីភេទ សក់ក្បាលទំនងជាបួងញាត់ឡើងលើ ពាក់ក្បាំង មុខរាងមូល ថ្ពាល់ពេញ ដោះក្បំស្រួច មានដៃបួន ដៃខាងស្ដាំបត់មកខាងមុខ ទ្ររបស់អ្វីមួយរាងចតុកោណកែង ផតកណ្ដាលបន្តិច ដៃខាងឆ្វេងបត់ឡើងលើ ទន្ទឹមនឹងស្មាកាន់កងចក្រ ដៃមួយទៀតសំយុងចុះក្រោម ចាប់កន្ទុយខ្លា ឬ រាជសីហ ជើងឈរជាន់លើសត្វនោះផ្អៀងមកខាងស្ដាំបន្តិច មានអាការដូចជាប្រឹងលើកសត្វនោះ ដោយមានទឹកមុខបែបអំនួត2 ។ តាម្នាក់ឈ្មោះដោក ថាន់ អាយុ ៧០ឆ្នាំ នៅភូមិរោងដំរី ប្របនឹងជើងភ្នំខាងជើង ដែលនាំដើរមើលបានប្រាប់យើងថា “នេះហើយជារូបអ្នកតាមេស” ដែលជាធំលើសលែងជាងអ្នកតាទាំងប៉ុន្មានក្នុងស្រុកបាភ្នំ និងជាទីគោរពកោតក្រែងរបស់អ្នកស្រុក តាំងពីសម័យបុរាណរហូតមកដល់សព្វថ្ងៃ ។ ឯរូបក្រៅពីនេះ ជាអ្នកតាបន្ទាប់បន្សំ បើរាប់រូបទាំងអស់ ទាំងអ្នកតាមេសផង ឃើញ ១៥រូប ។ នៅខាងមុខអ្នកតាមេសនេះប្រហែល ៥ម. មានអ្នកតាពីរទៀត នៅអមផ្លូវដែលចុះមកពីមេស ហៅថា អ្នកតាទ្វារ ខ្លះហៅថាអ្នកតាឆ្វេង-ស្ដាំ ។ ខាងមុខអ្នកតានេះ ប្រហែលជា ១០ម. ជាកន្លែងកាប់ក្របីថ្វាយអ្នកតា ចម្ងាយពីទីនេះទៅខាងកើតប្រមាណ ១០០ម. ជាកន្លែងកាប់មនុស្សថ្វាយអ្នកតាជាន់មុន តែសព្វថ្ងៃនេះ ត្រង់ទីនោះជាវាលស្រែទៅហើយ ។ អំពីពិធីឡើងអ្នកតាមេស :
កាលពីដើម មិនជាជាពីត្រឹមណាមកទេ ព្រោះគ្មាននរណាចាំបាន តែគេដំណាលថា គេតែងកាប់មនុស្សថ្វាយអ្នកតាមេសនេះរាល់ឆ្នាំរៀងមក សូម្បីមកដល់សម័យក្រឡាហោម ង៉ាង ធម្មាតេជោ ហែន ធម្មាតេជោតី ដែលបានជាអភិបាលខែត្របាភ្នំមកហើយ ក៏នៅមានគេដឹងឮប្រាកដថា មានសម្លាប់មនុស្សថ្វាយនៅឡើយ ។
លោកតាដោក ថាន់បាននិយាយថា ប្រហែល ៦០ឆ្នាំមុន3 ក្នុងសម័យលោកឧកញ៉ាតេជោ (តី) ធ្វើជាអភិបាលខែត្រនោះ គាត់បានទៅមើលគេសម្លាប់មនុស្សថ្វាយអ្នកតា ២ដង (គឺ ២ឆ្នាំ) ។
កំណត់កាប់មនុស្សឬសត្វ ថ្វាយអ្នកតានោះ គេធ្វើតែនៅថ្ងៃសៅរ៍ក្នុងខែជេស្ឋ ខ្នើតក៏បានរនោចក៏បាន ។ តាមពាក្យលោកដោក ថាន់ អភិបាលស្រុកកំពង់ត្របែកថា គេធ្វើតែនៅថ្ងៃពុធខាងខ្នើតខែជេស្ឋ តែលោកតាអ៊ិន វ៉ា អាយុ ៧៣ឆ្នាំ ជាអាចារ្យវត្តប្រាសាទ ឃុំប្រាសាទ ស្រុកកំពង់ត្របែកថា គេធ្វើតែក្នុងថ្ងៃអង្គារ ឬ សៅរ៍ ខាងខ្នើតខែពិសាខឬជេស្ឋ ។ កាលពីដើម ច្រើនតែធ្វើបុណ្យឡើងអ្នកតាយ៉ាងឧឡារិក ៣-៥ ថ្ងៃ ឬ ៧ ថ្ងៃ ព្រមទាំងមានការប្រជុំអស់ទាំងចៅសង្កាត់ គ្រប់សង្កាត់ដែលជាចំណុះខែត្របាភ្នំជំនាន់ដើមផង ។ គេធ្វើរោងបុណ្យនៅទីវត្តវិហារធំ នៅនាទិសពាយ័ព្យនៃអ្នកតាមេស ចម្ងាយប្រហែលជា ១គម. ។ មាននិមន្តព្រះសង្ឃសូត្រនិមន្តនៅទីនោះ ព្រឹកឡើង និមន្តលោកទៅដារនៅទីអ្នកតាមេសខ្លះ នៅទីអ្នកតាក្រហមកនៅខាងជើងភ្នំខ្លះ ដារថ្វាយអ្នកតាសព្វឋាននៅត្រង់ចង្កេះភ្នំធំខាងលិចខ្លះ នៅទីអ្នកតាទួលឈ្នាងនៅលើភ្នំទួលឈ្នាងខាងត្បូង រាល់ថ្ងៃ ទាល់តែដល់ថ្ងៃសៅរ៍ដែលត្រូវបុណ្យឡើងអ្នកតា ។ អំពីរឿងមនុស្សដែលត្រូវគេសម្លាប់ថ្វាយអ្នកតានោះ គឺគេយកតែមនុស្សណាដែលមានទោសធ្ងន់ ត្រូវប្រហារជីវិតបង់ ។ មុននឹងសម្លាប់គេហៅមនុស្សនោះ មកនិយាយប្រាប់ឲ្យដឹងខ្លួនជាមុន ហើយគេបើកឲ្យមនុស្សនោះស៊ីផឹកយ៉ាងឆ្ងាញ់តាមចំណង់ នាំទៅឲ្យមើលល្បែង មើលបុណ្យ ហាក់ដូចជាមនុស្សធម្មតា ។
លុះដល់ថ្ងៃសម្លាប់ គេរៀបចំដាក់ឃ្នាងមនុស្សនោះ ហើយដង្ហែចេញទៅពីទីប្រជុំបុណ្យ ដោយក្បួនហែយ៉ាងអ៊ឹកធឹក មានទាហានកាន់សស្ត្រាវុធ ឬ កាំភ្លើងមុខក្រោយ ព្រមដោយអ្នកស្រុករាប់ពាន់នាក់ ហែទៅកាន់ទីអ្នកតាព្រះស្រុក (មេស្រុក) នៅខាងកើតវត្តវិហារធំ ចម្ងាយប្រហែល ៥០០ម. ។ គេគំនាប់អ្នកតានោះដោយអុជផាវ បាញ់កាំភ្លើង រួចហើយ ទើបគេគេហែមនុស្សទោសសំដៅទៅអ្នកតាមេស ដែលស្ថិតនៅខាងត្បូងអ្នកតាព្រះស្រុកនេះប្រហែល ៨០០ម. ។ ដល់ហើយ គេក៏រៀបចំបួងសួងបន់ស្រន់ សូមឲ្យអ្នកតាមេសជួយឲ្យស្រុកបានសុខសប្បាយ ជួយអភិបាលស្រុក នាម៉ឺនសព្វមុខមន្ត្រីនិងបណ្ដារាស្ត្រ ព្រមទាំងសូមឲ្យទឹកភ្លៀងធ្លាក់ចំតាមរដូវកាល ។ល។
រួចហើយ គេទើបគេស្រែកភូមា (យក្សអឺ!) ៣ដង ទើបអ្នកសម្លាប់ដែលមានងារជាមនោ (អ៊ិន) ដែលកាន់ដាវរាំរែកដើរក្រឡឹងជុំវិញមនុស្សទោស យារដាវកាប់តែ ១ខ្វាប់ដាច់កតែម្ដង ហើយគេសម្គាល់មើល បើឈាមបាញ់ទៅលើ ទៅខាងស្មើគ្នា ថាទឹកភ្លៀងនឹងធ្លាក់ស្មើគ្រប់ស្រុក បើឈាមបាញ់ទៅតែខាងណា ថាភ្លៀងនឹងធ្លាក់តែនៅស្រុកខាងនោះ ។ ក្នុងពេលដំណាលគ្នានេះ មានបាញ់កាំភ្លើង អុជផាវ យ៉ាងគគ្រឹកគគ្រេងផង ។ ចំណែកខាងក្រុមដែលដង្ហែទៅអ្នកតាក្រហមក អ្នកតាសព្វស្ថាន និងអ្នកតាទួលឈ្នាង ។ លុះឮសូរកាំភ្លើងខាងអ្នកតាមេសហើយ ទើបបាញ់កាំភ្លើង អុជ ផាវគំនាប់អ្នកតាខាងខ្លួនជាលំដាប់បន្ទាប់ៗគ្នាទៅ ។ ឯមនុស្សដែលគេសម្លាប់រួចនោះ យកក្បាលទៅដោតថ្វាយអ្នកតាមេស ព្រមទាំងអារយកសាច់ដោតជា ១០០ ច្រនួចថ្វាយផង ។ រួចហើយយកសាច់ ៥០ ច្រនួចទៀត បញ្ជូនទៅថ្វាយអ្នកតាក្រហម ៥០ច្រនួចសម្រាប់អ្នកតាសព្វស្ថាន និង ៥០ ច្រនួចទៀតថ្វាយអ្នកតាទួលឈ្នាង ។
ក្នុងសម័យលោកធម្មាតេជោ តី នេះដែរ ដែលតមកខាងក្រោយគេលែងសម្លាប់មនុស្ស ប្រែជាសម្លាប់ក្របីជំនួសវិញ ប៉ុន្តែគេរើសរកតែក្របីឡើងកមានតម្លៃ ៥០ រៀលឡើងទៅ (តម្លៃជំនាន់នោះ) ។
ឯរបៀបរៀងរៀបចំធ្វើបុណ្យក៏នៅមានធ្វើដូចគ្នា ។ វេលាដែលគេសម្លាប់ក្របីនោះទៀត ក៏គេសម្គាល់ឈាមដូចគ្នានឹងការសម្គាល់ឈាមមនុស្សដូចពោលខាងលើនោះដែរ រួចហើយ គេអារសាច់ក្របីដោត ១០០ ច្រនួច ថ្វាយអ្នកតាមេស អារភ្លៅ ១ឲ្យសុភាឆ្វេង យកទៅថ្វាយអ្នកតាក្រហមក អារភ្លៅ ១ ទៀត ឲ្យសុភាស្ដាំ យកទៅថ្វាយអ្នកតាសព្វស្ថាន ។ ឯអ្នកតាទួលឈ្នាងមិនឮនិយាយថាដូចម្ដេចទេ (ប្រហែលជាគេលែងឡើងយូរហើយ ដោយនៅឆ្ងាយពីគេពេក) ។ ប៉ុន្តែ មានការប្លែកម៉្យាងចំពោះក្របីដែលគេសម្លាប់នោះ នៅពេលរៀបសម្លាប់ វាស្ទុះរត់ពីកន្លែងទៅ គេសម្គាល់ថា អ្នកតាមិនទទួល ត្រូវរកទិញក្របីមួយថ្មីទៀត យកមកសម្លាប់ថ្វាយវិញ ។
ដល់មកសម័យលោកធម្មាតេជោ ប្លុង គេឈប់សម្លាប់ក្របីទៅទៀត គេថ្វាយក្របីទាំងរស់ គិតពីនោះមកដល់ឥឡូវនេះ (១៩៤៤) ប្រហែលម្ភៃឆ្នាំហើយ គេបែរជាសម្លាប់ជ្រូកជំនួសវិញ ។ លុះតមកក្រោយរហូតដល់សព្វថ្ងៃនេះ គេឈប់ទាំងសម្លាប់ជ្រូកទៅទៀត គឺគេយកតែសាច់ជ្រូកដែលគេទិញ ចំនួន ១០០ ច្រនួច ទៅថ្វាយតែម្ដង ។ សម័យខាងក្រោយមក នៅពេលឡើងអ្នកតា តែងមានរូបស្នឹងចូលជាន់ផង ។ គេបញ្ជាន់រូប ឲ្យអ្នកតាមេសចូលសណ្ឋិត រួចគេនាំគ្នាសួរពីសុខទុក្ខក្នុងស្រុកគ្រប់ប្រការ ។ល។ ប្រពន្ធលោកតាដោក ថាន់ ជារូបសម្នឹងដែលអ្នកតាមេសចូលជាន់ រូបនោះស៊ីអ្វីមិនបានទេ អ្នកតាតម្រូវឲ្យស៊ីតែបាយសាបជាធម្មតា ម៉្លោះហើយ រូបស្នឹងនេះក៏រីងរៃទាល់តែស្លាប់ទៅ ។ ឯកិច្ចពិធីឡើងអ្នកតាមេស គេនៅតែនាំគ្នាធ្វើរៀងរាល់ឆ្នាំ ប៉ុន្តែធ្វើដោយខ្សត់ខ្សោយណាស់ ធ្វើសោះតែខាន មិនជាអធិកអធមដូចកាលពីសម័យដែលនៅថ្កើងរុងរឿងនោះទេ ។ លុះអ្នកតាមេសរួចហើយ ទើបគេរៀបឡើងអ្នកតាដែលនៅសង្កាត់នានា ជាខាងក្រោយ ។ ចំណែកពួកនាម៉ឺនដែលមានបណ្ដាស័ក្ដិធំៗ មិនដែលហ៊ានទៅជិត ឬ ដើរកាត់មុខអ្នកតាមេសឡើយ ដោយជឿថានឹងស្លាប់ខ្លួន ឬ ខូចបុណ្យសក្ដិ ។
ក្រៅអំពីអ្នកតាដែលពោលខាងលើនេះ នៅមានអ្នកតាខ្លះទៀតដែលនៅជិតៗគ្នានោះគឺ: អ្នកតាទូងស្គរ អ្នកតានាងត្រដាច អ្នកតាសម្ដើងកែវ អ្នកតាព្រះស្រែ អ្នកតាបុះលៀន4 អ្នកច្រកចំបក់ អ្នកតាសូនយក្ស ។ អ្នកតាទាំងអម្បាលនេះ មិនមានរូបទេ មានតែថ្ម ២-៣ ដុំជាសម្គាល់ ដែលឃើញមានរូបថ្មច្រើនតែចំពោះអ្នកតាមេសប៉ុណ្ណោះ ។
Comments are closed.