នៅភូមិបារ៉ាយ សង្កាត់ភឿតតឹម ស្រុកបាសាក់ ខែត្រឃ្លាំង2 មានអ្នកតា ១ ឈ្មោះអ្នកតាសំពៅធ្លាយ មានរឿងដែលចាស់ព្រឹទ្ធាចារ្យ ធ្លាប់បានតំណាលតៗគ្នាមក ប៉ុន្តែមិនមានក្បួនច្បាប់អ្វីជាសំអាងទេ គ្រាន់តែមានទីឋានជាកេរ្តិ៍ដំណែលនិងភស្តុតាងជាច្រើនកន្លែងល្មមឲ្យសង្កេតបានប៉ុណ្ណោះ ។
សេចក្ដីតំណាលថា កាលពីយូរអង្វែងមកហើយនោះ (សករាជមិនប្រាកដ) មានព្រះញាតិវង្សនៃព្រះមហាក្សត្រ ២ព្រះអង្គ (ព្រះនាមមិនប្រាកដ) ទ្រង់យាងទៅគង់ក្នុងស្រុកបាសាក់ ។ ត្រង់កន្លែងដែលទ្រង់គង់នោះ អ្នកស្រុកសន្មតហៅថាទីប្រាសាទគង់ មានសង់ប្រាសាទឈើ ដែលសព្វថ្ងៃនេះនៅសល់តែខឿន ឥឡូវនេះគេសង់ព្រះវិហារលើខឿនប្រាសាទចាស់នោះ អ្នកស្រុកសន្មតហៅថា វត្តប្រាសាទគង់ក្នុងភូមិប្រាសាទ សង្កាត់ថាមដូង ខែត្រឃ្លាំង ។
វត្តហ្លួងបាសាក់ កាលព្រះអង្គម្ចាស់ក្សត្រាក្សត្រីទាំងពីរអង្គគង់ក្នុងស្រុកបាសាក់នោះ ទ្រង់បានសាងអារាម ១ទុកជាវត្តព្រះរាជទ្រព្យហៅថា “វត្តហ្លួងបាសាក់” នៅដរាបដល់សព្វថ្ងៃនេះ ក្នុងភូមិបាយឆៅ ឃុំធ្វៀង ខែត្រឃ្លាំង ។
អំពីការសាងរូប លុះព្រះមហាក្សត្រជាព្រះវរបិតា ទ្រង់សោយរាជ្យនៅកោះគោកធ្លក ទ្រង់ជ្រាបថា ព្រះរាជបុត្រព្រះអង្គបាននាំគ្នាកសាងទីអារាមនិងព្រះវិហារ ១ ក្នុងស្រុកបាសាក់ ស្ដេចទ្រង់មានព្រះរាជឱង្ការប្រើជាងឲ្យយកថ្មសាងជាព្រះពុទ្ធរូប មានភាព ៤ជ្រុងដូចព្រះចេតិយ ។ ក្នុងជ្រុងនីមួយៗ មានឆ្លាក់ជាព្រះពុទ្ធរូប ៥ព្រះអង្គ ហើយសាងពីររូបទៀតគឺ រូបព្រះនារាយណ៍ ១ រូបព្រះនាងឧមាភគវតី ១ សាងស្រេចហើយ ទ្រង់ឲ្យក្នុងដាក់សំពៅនាំទៅប្រទានដល់ព្រះរាជបុត្រ ដើម្បីតម្កល់ទុកជាកិត្តិយសរបស់ស្រុកបាសាក់ ។ ឯសំពៅនោះ ពេលដែលបើកទៅត្រូវយប់ងងឹត ក៏ពារទៅលើកោះ ធ្លាយលិចក្នុងទីនោះទៅ ។
អ្នកតាសំពៅធ្លាយ កាលព្រះអង្គម្ចាស់ក្សត្រាក្សត្រីទ្រង់បានជ្រាបថាសំពៅធ្លាយលិចដូច្នោះ ទ្រង់ក៏យាងទៅទតសំពៅធ្លាយនោះ រួចទ្រង់ឲ្យសាងព្រះវិហារមួយ តម្កល់ព្រះពុទ្ធរូបនោះសន្មតឈ្មោះថា វត្តព្រះនារាយណ៍ចេតិយ (សព្វថ្ងៃនេះគេហៅថា វត្តព្រះបួនព្រះភក្ត្រ) នៅត្រង់កន្លែងដែលសំពៅធ្លាយលិចនោះ ស្រេចហើយ ទ្រង់ឲ្យសាងទេវស្ថាន ១ទៀត តម្កល់ព្រះនារាយណ៍ និងព្រះនាងឧមាភគវតី សន្មតឈ្មោះថា “អ្នកតាដូនរាយ” ។ សព្វថ្ងៃនេះអ្នកស្រុកហៅថា “អ្នកតាសំពៅធ្លាយ” វិញ (ដោយកំណត់យកហេតុសំពៅធ្លាយនោះជាឈ្មោះអ្នកតា) វត្តនិងអ្នកតានេះឋិតនៅភូមិជាមួយគ្នា គឺភូមិបារាយណ៍ សង្កាត់ភឿកតឹម ខែត្រប្រាសាក់ ។
លក្ខណៈអ្នកតាសំពៅធ្លាយ ក្នុងអាស្រមអ្នកតាសំពៅធ្លាយមានរូបពីរគឺ រូបអ្នកតាភេទប្រុសមួយ រូបអ្នកតាភេទស្រីមួយ ។ ឯក្បាលនិងដៃជើងបាក់ទាំងអស់ ភាគដែលបាក់នោះ បាត់អស់ទៅ នៅសល់តែដងខ្លួន ។
ក- អ្នកតាភេទប្រុសគឺ រូបព្រះនារាយណ៍ មានដៃបួន ក្បាលបាក់ត្រឹមក ដៃបាក់កែង ដៃម្ខាងៗ មាននៅតែជាហេតុស្នាមព្រែកជាពីរៗ ជើងបាក់ត្រឹមចុងភ្លៅ ទំហំស្មា ០ម៤៥ ពីត្រឹមស្មាដល់ចុងភ្លៅដែលបាក់នោះប្រវែង ០ម៧០ ។
គ្រឿងប្រដាប់ ពីស្មាទៅទល់ចង្កេះលែងខ្លួនទទេ លើទ្រូងនិងលើស្មាមានក្បាច់តិចតួច តែពិនិត្យមិនច្បាស់ ដោយសឹករលីងស្ទើរអស់ ។ ត្រង់ចង្កេះមានខ្សែក្រវាត់ក្បាច់បីជាន់ មួយជាន់ខាងលើ ក្បាច់ត្របកឈូកចុងឡើងលើ ជាន់កណ្ដាលក្បាច់ដកចន្ទន៍ មានខ្សែអមសងខាង ជាន់ក្រោមបង្អស់ក្បាច់ជរធំៗ សំយុងចុះក្រោម ។ ខាងមុខមានចងណា ទ្រង់ព្រះពស្ត្រ ឬ ទ្រង់ខោស្នាប់ភ្លៅមិនប្រាកដ ព្រោះខាងក្រោមខ្សែក្រវាត់បែកជាពីរ មានស្នាមផ្គុំឡើងវិញ ។ រូបនោះតាមពិនិត្យទៅ ដូចជារូបព្រះនារាយណ៍ដែលធ្លាប់ឃើញក្នុងទីដទៃៗនោះដែរ ។
ខ- អ្នកតាមានភេទជាស្រី អាចស្គាល់បានជារូបក្សត្រីពិតមែន មានក្បាលបាក់ត្រឹមក ដៃបាក់ត្រឹមស្មា ជើងបាក់ត្រឹមកជើង ទំហំទទឹងស្មា ០ម.៣៥ ពីត្រឹមស្មាទៅទល់កជើងដែលបាក់នោះ ១ម៨០ ។ អំពីគ្រឿងប្រដាប់ ប្រដាប់តែងកាយអ្នកតានោះ ពីត្រឹមស្មាទៅទល់ចង្កេះលាតស្មើ សុដន់នៅទទេ លើស្មានិងសុដន់មានស្នាមគំនូសរាក់ៗ ហាក់ដូចជាពាក់សង្វារ ឬសូរងកមិនប្រាកដ ។ ពីត្រឹមចង្កេះចុះក្រោម ស្លៀកសំពត់សម្លុយស្នាមឆ្នូតៗ ដូចសំពត់អន្លូញបញ្ឈរ ។ នៅចង្កេះមានខ្សែក្រវាត់ក្បាច់បីជួ ខាងលើក្បាច់មូលៗដូចពងត្រី បន្ទាប់មកជាខ្សែ១ ត្រង់កណ្ដាលក្បាច់ត្របកឈូក ពីក្រោមត្របកឈូក មានខ្សែ១ទៀត ខាងក្រោមខ្សែនោះមានក្បាច់មូលៗ ដូចពងត្រីមួយជួរទៀត ។
របៀបឡើងអ្នកតា គ្រឿងសែនអ្នកតានោះ ពីបុរាណនិងបច្ចុប្បន្នកាលក៏ដូចគ្នាដែរ ហើយក្នុងប៉ុន្មានឆ្នាំនេះ មានចិន យួន ចូលសែនផងជាច្រើននាក់ ។ ជាទំនៀម តែដល់ខែពិសាខ ជេស្ឋ អ្នកស្រុកតែងនាំគ្នាឡើងអ្នកតានោះ ។
នៅថ្ងៃដែលត្រូវឡើងអ្នកតា គេយកដើមចេកប្រវែង ១ ទោម ឬ ១ ចំអាម ចិតចុងឲ្យស្រួច យកស្លឹកដូងដោតធ្វើជាស្លាជម មានអំបោះចំណងដៃដាក់ពីលើស្លាជម របៀបបែបនេះមានធ្វើគ្រប់ផ្ទះអ្នកដែលឡើងអ្នកតា ។
អំពីគ្រឿងសំណែន គ្រឿងសែនតាមទំនៀមនោះ គឺស្រា ១ ដប ភ្លេងខ្មែរ ១ វង់ ស្គរធំ ១ ជ្រូក ១ (ស្ងោរខ្លះ ឆៅខ្លះ) បើឆ្នាំណាកើតទុរ្ភិក្ស មានត្រឹមតែក្បាលជ្រូកក៏បាន ទាស្ងោរ មាន់ស្ងោរ ចេកនិងនំគ្រប់មុខ មាននោះបញ្ចុក នំទៀន អន្សមជ្រូកជាដើម បាយម្ហូបផ្សេងៗ ប្រេងម្សៅ ផ្កា ទៀន ធូប ទឹកអប់ ប្រអប់ស្លា ១ និងសំពៅដើមចេក ១ដើម ។
លុះដល់កំណត់ពេលវេលាហើយ គេទៅជួបជុំគ្នានៅផ្ទះអ្នកតានោះរៀបគ្រឿងសែនព្រេនស្រេចហើយ គេអុជទៀនធូបបិទលើប្រអប់ស្លាចាក់ស្រាសែនបីដង គេហៅថាសែនព្រះពិស្ណុការភ្លេង រួចលេងភ្លេងបីបទ វាយស្គរធំ ៣ ចប់ រួចអុជទៀនធូបម្ដងទៀត បិទនៅនឹងថ្មអ្នកតា ចាក់ស្រាសែនចំពោះអ្នកតាមបីដង ហើយយកស្រាស្រោចលើថ្មអ្នកតា មានទាំងចាប់បាយម្ហូប យកក្បាលជ្រូក ក្បាលទានិងនំគ្រប់មុខដាក់ក្នុងសំណៅសែនបីដងទៀត ទើបមនុស្សចាស់ម្នាក់សូត្រឲ្យពរជ័យសិរីមង្គល ចប់ហើយស្រែកហ៊ោគឹកកងឡើង ហើយជូនសំពៅទៅឲ្យបានឆ្ងាយបន្តិចក៏ដាក់ចោលទៅ ។ គេសន្មតថាជូនខ្មោចបិសាចចង្រៃឲ្យផុតអំពីភូមិស្រុក រួចហើយ គេនាំគ្នាបរិភោគអាហារនំចំណីតាមពេលវេលា ។ យកពីនោះ គេសុំអំបោះចំណងដៃដែលដាក់លើស្លាជមនោះរៀងខ្លួន យកទៅផ្ទះចងដៃកូន-ចៅ គោ ក្របី តាមត្រូវការ ។ កិច្ចបែបនេះជាទំនៀមទម្លាប់ពីបុរាណរៀងមក ។ សេចក្ដីបញ្ជាក់
ក្រៅពីរដូវឡើងអ្នកតា នៅមានការបន់ស្រន់ខ្លះដែរ ដូចជានៅពេលឈឺចាប់បន្តិចបន្តួច គេថ្វាយមាន់ស្ងោរ ស្រា ឬ ភ្លេង ។ បទភ្លេងសម្រាប់លេងថ្វាយអ្នកតានោះមានបួនបទគឺ ៖
ក- ភ្លេងខ្លោង លេងបីបទបួងសួងថ្វាយព្រះពិស្ណុការគ្មានច្រៀងទេ ។
ខ- ភ្លេងជ្រង ចាក់ស្រាសែនអ្នកតា ហើយច្រៀងតាមទំនុកថា ៖
“ជ្រងអើយជ្រងតាង៉ាក រកស៊ីចុងចាក ក្របីព្រៃវាឡើង ។
ផ្ដាំទៅអ្នកស្រុក កុំឲ្យបរបាញ់ អាសូរជ្រងអញ
ទុកវាកាល់ហ្វូង ។ ”
(លេងភ្លេង ៣បទ ច្រៀង ៣បទប្រែភ្លេងម្ដងទៀត) ។
គ- ភ្លេងតូចស្ដើង មានទំនុកបែបនេះ
“ស្ដើងអើយស្រីស្ដើង ស្រីដើរឆាប់ឡើង ទន្ទឹមនឹងបង ។
ស្ដើងអើយស្រីស្ដើង ទៅកៀងក្របី ច្រឡំដើមប្រី
និងកក់កណ្ដៀង ។ ”
(លេងភ្លេង ៣បទ ប្រែភ្លេងទៀត)
ឃ- ភ្លេងសំពៅធ្លាយ (គេចាប់គ្រឿងសំណែនដាក់ក្នុងសំពៅ) ហើយច្រៀងថា ៖
“សំពៅថយទៅសមុទ្រ រលកវាយផុត របើកយុថ្កា
ស្រែកហៅកូនក្មួយ ឲ្យចុះសំប៉ាន ស្រាវពួរឲ្យបាន
សន្ធឹកគ្រូអើយៗ” ។
Comments are closed.