រឿង​អប់រំ​ខ្លី​៖ បុរស​អ្នក​កាប់​អុស

កាលពីព្រេងនាយ​មាន​អ្នក​កាប់​អុស​ដ៏​ខ្លាំង​ខ្លា​ម្នាក់ បាន​សុំ​ការងារ​នៅ​កន្លែង​លក់​ឈើ​មួយ​កន្លែង ហើយ​គាត់​ក៏​ទទួល​បានការ​ងារ​នោះ​។ ប្រាក់ខែ​ដែល​បុរស​អ្នក​កាប់​អុស​នោះ​ទទួល​បាន គឺ​សម​ទៅ​នឹង​លក្ខ​ខ័​ណ្ឌ​ការងារ​។ ដោយសារ​តែ​ហេតុ​នោះ​ហើយ​ទើប​បានជា អ្នក​កាប់​អុស​ប្តេជ្ញា​ចិត្ត​ធ្វើ​វា​អោយ​បាន​ល្អ​។

ថៅកែ​របស់​គាត់​បានអោយ​ពូថៅ​ដ៏​មុត​មួយ​ទៅ​គាត់ ហើយ​បង្ហាញ​ទីតាំង​ដែល​គាត់​ត្រូវ​ទៅ​កាប់​។

ថ្ងៃ​ដំបូង​, បុរស​អ្នក​កាប់​អុស​កាប់​បាន ១៨ ដើម​។

«​ពិតជា​ល្អ​ខ្លាំង​ណាស់​!» ថៅកែ​លាន់មាត់​សរសើរ​គាត់​, «​ខំប្រឹង​បន្ត​ទៀត​!»

ពាក្យ​សំដី​សរសើរ​របស់​ថៅកែ​ជា​ការ ជម្រុញ​លើកទឹកចិត្ត​ដ៏​ខ្លាំង​មួយ​។ ថ្ងៃ​បន្ទាប់​បុរស​អ្នក​កាប់​អុស​បាន​ខិតខំ​ប្រឹង​ជា​ខ្លាំង ប៉ុន្តែ​គាត់​កាប់​បាន​ត្រឹមតែ ១៥​ដើម​តែ​ប៉ុណ្ណោះ​។ ថ្ងៃ​បន្ទាប់​ទៀត​, បុរស​ខំប្រឹង​កាន់តែ​ខ្លាំង​ថែម​ទៀត ប៉ុន្តែ​គាត់​អាច​កាប់​បាន​ត្រឹមតែ ១០ ដើម​ទេ​។ ថ្ងៃ​បន្ទាប់​ៗ​ទៀត​គាត់​កាប់​បាន​កាន់តែ​តិច​ទៅ​ៗ បើ​ទោះបីជា​គាត់​ខំប្រឹង​ខ្លាំង​ណា​ក៏​ដោយ​។

គាត់​និយាយ​ក្នុង​ចិត្ត​តែ​ម្នាក់ឯង​ថា​, «​ខ្ញុំ​ប្រហែល​ចុះ​ខ្សោយកំលាំង​ហើយ​មើលទៅ​»​។ គាត់​ក៏​បាន​ទៅ​ជួប​ថៅកែ​របស់​គាត់ ហើយ​និយាយ​សុំ​ទោស​។ គាត់​មិនដឹង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ បានជា​មិន​អាច​កាប់​បាន​ច្រើន បើ​ទោះបីជា​គាត់​ខំប្រឹង​ខ្លាំង​យ៉ាងណា​ក៏​ដោយ​។

«​តើ​អ្នក​សំលៀង​ពូថៅ​របស់​អ្នក​ចុង​ក្រោយ​នៅ​ពេល​ណា?​» ថៅកែ​សួរ​ទៅ​កាន់​គាត់​។

«​សំលៀង? ខ្ញុំ​គ្មាន​ពេល​ក្នុង​ការ​សំលៀង​ពូថៅ​របស់ខ្ញុំ​ទេ​។ ខ្ញុំ​រវល់​តែ​ខំប្រឹង​កាប់​ឈើ​»​។

ន័យ​អប់រំ​៖ ជីវិត​របស់​យើង​ក៏​ដូច្នេះ​ដែរ​។ ពេល​ខ្លះ​យើង​រវល់​ខ្លាំង ដែល​មិន​អាច​ពួក​យើង​មាន​ពេល​ដើម្បី​រីករាយ​។ នៅ​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ​, វា​ហាក់ដូចជា​មនុស្ស​គ្រប់​គ្នា​កាន់តែ​រវល់​ឡើង​ៗ ប៉ុន្តែ​ភាព​រីករាយ​កាន់តែ​តិច​ទៅ​ៗ​។

តើ​មក​ពី​ហេតុ​អ្វី? តើ​អាច​មក​ពី​ពួក​យើង​ភ្លេច​រស់នៅ​ជាមួយនឹង​ភាព​រីករាយ? វា​មិន​ទាស់​ខុស​នោះ​ទេ​ដែល​មនុស្ស​ម្នាក់​ៗ​មមាញឹក និង​ខិតខំ​ធ្វើ​ការងារ​។ ក៏​ប៉ុន្តែ​ពួក​យើង​គួរតែ​កុំ​រវល់​ដល់​ថ្នាក់​មិន​អើពើ​ចំពោះ ភាព​សំខាន់​ដ៏​ពិតប្រាកដ​នៅ​ក្នុង​ជីវិត ដូច​ជា​ជីវិត​របស់​យើង​ផ្ទាល់​, ការ​ចំណាយ​ពេលវេលា​នៅ​ជិត​ស្និទ្ធ​ជាមួយនឹង​ឪពុក​ម្តាយ​, ផ្តល់​ពេលវេលា​អោយ​បាន​ច្រើន​ជាមួយ​ក្រុម​គ្រួសារ រឺ​ចំណាយ​ពេលវេលា​រៀន​អ្វី​ៗ​ដែល​ថ្មី​ជាដើម​។

យើង​ទាំងអស់​គ្នា​ត្រូវការ​ពេលវេលា​ដើម្បី​បន្ធូរ​អារម្មណ៍​, ដើម្បី​គិត និង​ពិចារណា​, ដើម្បី​រៀន និង​ពង្រីក​។ ប្រសិនបើ​អ្នក​មិន​ចំណាយពេល ដើម្បី​សំលៀង​ពូថៅ​របស់​អ្នក​នោះ​ទេ​, យើង​នឹង​រិល​បន្តិច​ម្តង​ៗ​រហូត​បាត់បង់​ប្រសិទ្ធិ​ភាព​របស់​យើង​៕

Comments are closed.