មានរឿងមួយតំណាលថា មានបុរសម្នាក់បានលួចស្រលាញ់កូនស្រីកសិករម្នាក់។ នាងជានារីដ៏ស្រស់ស្អាតបំផុតទាំងចរិយា និង រូបសម្បត្តិ។ ដោយអត់ទ្រាំមិនបាន បុរសក៏បានចូលទៅក្នុងផ្ទះរបស់នាង ហើយបាននិយាយប្រាប់ឪពុករបស់នាងអំពីសេចក្តីស្រលាញ់ និង សុំការអនុញ្ញាត្តិចូលស្តីដណ្តឹងនាង។
កសិករសំលឹងមើលមុខបុរស ហើយនិយាយទៅកាន់គេថា, «ខ្ញុំនឹងអនុញ្ញាត្តិអោយឯងរៀបការជាមួយកូនស្រីរបស់ខ្ញុំ លុះត្រាណាតែឯងអាចបំពេញតាមលក្ខខ័ណ្ឌរបស់ខ្ញុំបាន»។
លក្ខខ័ណ្ឌនោះគឺថា, «ឯងត្រូវចេញទៅឈរនៅទីវាលខាងមុខក្រោលគោ។ ខ្ញុំនឹងព្រលែងគោបីក្បាល ប៉ុន្តែម្តងមួយក្បាលៗ ហើយឯងត្រូវតែចាប់កន្ទុយគោអោយបាន មួយក្បាលណាក៏បានដែរ។ ប្រសិនបើឯងអាចចាប់កន្ទុយគោមួយណាបាន ក្នុងចំណោមគោទាំងបីនោះ ខ្ញុំនឹងអនុញ្ញាត្តិអោយឯងរៀបការជាមួយកូនស្រីខ្ញុំ»។
បុរសវ័យក្មេងបានចេញទៅឈរនៅមុខក្រោលគោ ហើយរង់ចាំគោរត់ចេញពីក្នុងក្រោល។
ទ្វារក្រោលគោក៏បានបើក ហើយគោធំមួយស្ទុះរត់ចេញមកក្រៅ។ បុរសវ័យក្មេងមិនធ្លាប់ឃើញគោណាដែលធំដូចគោមួយនេះទេ ដូច្នេះគេក៏សំរេចចិត្តអោយវារត់ទៅ ដោយមិនចាប់កន្ទុយរបស់វាទេ ហើយរង់ចាំគោទីពីរចេញមកក្រៅ ក្រែងលោវាតូចជាងនេះ។
ក្រោលគោក៏របើកជាលើកទី ២។ គោមួយទៀតក៏រត់ចេញមកក្រៅ ប៉ុន្តែមួយនេះធំជាងគោមុនទៅទៀត ហើយមើលទៅដូចជាកាចសាហាវខ្លាំងណាស់។ សារជាថ្មីម្តងទៀតបុរសក៏សំរេចចិត្តអោយវារត់ ដោយមិនចាប់កន្ទុយរបស់វាទេ។ គេរង់ចាំគោទី ៣ ដែលនឹងរត់ចេញពីក្រោលក្រែងល្អជាងនេះ។
មិនយូរប៉ុន្មាន, គោទី ៣ ក៏បានរត់ចេញពីក្រោល។ បុរសចាប់ផ្តើមមានសង្ឃឹម គេញញឹម ដោយឃើញគោចុងក្រោយនេះតូចល្មម ហើយហាក់ដូចជាខ្សោយជាងគោមុនៗ ថែមទាំងរត់មិនសូវលឿនទៀតផង។ បុរសក៏ប្រុងប្រៀបខ្លួនដើម្បីចាប់កន្ទុយគោនោះ។ ពេលដែលគោរត់មកដល់ គេក៏ស្ទុះទៅចាប់កន្ទុយគោ ប៉ុន្តែជាអកុសលគោនោះគឺគ្មានកន្ទុយនោះទេ។
បុរសបាត់បង់ឳកាសក្នុងការតាមស្រលាញ់កូនស្រីរបស់កសិករហើយ គេដើរចេញទាំងស្តាយក្រោយ។ គេគិតថាប្រសិនបើគេព្យាយាមចាប់គោទី ១ ប្រហែលជាល្អ។
ន័យអប់រំ៖ ជីវិតរបស់មនុស្សគឺពោរពេញទៅដោយឳកាស។ ដូច្នេះចូរចាប់ឳកាសទី ១ ដែលរត់មករកអ្នក។ កុំទាន់បដិសេធឳកាសនោះ ប្រសិនបើអ្នកមិនទាន់បានសាកល្បង។ ព្យាយាមធ្វើវាអោយបានល្អ ប្រសើរជាងឈរមើលដោយមិនបានសាកល្បង ហើយអង្គុយស្តាយក្រោយពេលដែលវាកន្លងផុតទៅ៕
Comments are closed.