លោកអ្នកដែលបានឮឬទេ? ចាស់ៗតែងនិយាយតៗគ្នាមកថា «សត្វអស្សតរ គឺសេះ ពីដើមមកជាសត្វវិសេស ចេះហោះហើរដើរលើអាកាសបាន តែតមកខាងក្រោយ ក៏ត្រូវគេកាត់សរសៃហោះចោលទៅ» ដូចមានស្នាមនៅជើងអស្សតរជាភស្តុតាងស្រាប់ តែពុំដឹងជាអ្នកឯណាកាត់ ហើយកាត់នោះ តើដោយហេតុអ្វី ពុំមានចែងច្បាស់ ។
លោកអ្នក ដែលបានឃើញឬទេ ? សត្វអស្សតរ កាន់ចរិតមួយយ៉ាងជាប់ជានិច្ច គឺថា សត្វពពួកនេះតែជួបគ្នាវេលាណា តែងចូលទៅហិតមាត់គ្នាជាដរាប ដែលវាប្រព្រឹត្តដូច្នេះ ដោយមានហេតុរឿងដើមដូចម្ដេច ? ។ ចាស់ៗបានដំណាលមកថា :
ក្នុងសម័យបឋមកល្បនោះ សត្វអស្សតរទាំងឡាយ ចេះហោះច្រៀងច្រែលើអាកាស ឥតទើសទាល់តែសត្វទាំងនោះ ពុំទាន់កើតសម្បូណ៌ដូចសព្វថ្ងៃនេះទេ មាននៅតែក្នុងវត្ត ជាយានជំនិះរបស់អ្នកបួសដែលកាន់ធម៌សុចរិត សម្រាប់ជិះហោះទៅយកចង្ហាន់ នៅឧត្តរកុរុទ្វីបម្ដងៗ។
មានសម័យថ្ងៃមួយនោះ ព្រះមហាក្សត្រចាត់អាមាត្យដាំបាយមធុបាយាសយកទៅប្រគេនលោកអ្នកបួសទាំងនោះ ។ លោកក៏ទទួលទុក ដើម្បីឆាន់ដល់ទៅពេលថ្ងៃត្រង់តែម្ដង ហើយបានទុកដាក់យ៉ាងប្រយ័ត្ន គឺលោកដាក់ក្នុងសង្រែក ហើយចងព្យួរទុកយ៉ាងខ្ពស់ ជិតដល់ទៅដំបូលកុដិ រួចលោកនាំអ្នកបួសជាបរិស័ទចូលទៅស្មឹងស្មាធិនៅក្នុងវិហារ ដើម្បីថ្វាយព្រះរាជកុសល ដល់ព្រះមហាក្សត្រដែលជាម្ចាស់ទាន លុះចប់កិច្ចហើយ លោកក៏នាំបរិស័ទមកកាន់កុដិវិញ ។ នៅឱកាសដែលលោកប្រជុំស្មឹងស្មាធិនោះ សត្វអស្សតរធុំក្លិនក្រអូបបាយមធុបាយាស ទ្រាំពុំបានក៏ហោះចូលទៅក្នុងកុដិ ហើយគយគន់រកស្រង់តាមក្លិនទៅឃើញបាយមធុបាយាសព្យួរទុកលើសង្រែក ក៏យកមកបរិភោគអស់រលីង ឥតសេសសល់ ហើយហោះចេញទៅកាន់ទីកន្លែងរបស់ខ្លួនវិញ ។
លុះដល់ពេលថ្ងៃត្រង់ លោកប្រជុំពួកអ្នកបួសជាបរិស័ទ ដើម្បីចែកបាយមធុបាយាសនោះ ព្រោះជាបាយត្រកាលណាស់ មានតែព្រះមហាក្សត្រ ទើបមានសោយ ។ លុះលោកអ្នកបួសមកប្រជុំហើយ ក៏បង្គាប់ឲ្យសាមណេរមួយរូបឲ្យឡើងលើធ្នឹម បង្ហូតសង្រែកចុះមក ស្រាប់តែសាមណេរនោះស្រែកឡើងថា «ពុំឃើញមានអ្វីនៅក្នុងកញ្ជើលើសង្រែក» ថាហើយ ក៏ស្រាយខ្សែបង្ហូតសង្រែកនោះចុះមក ។ លោកគ្រូចៅអធិការនឹកហួសចិត្តណាស់ ក៏លាន់ព្រះឱស្ឋថា «យីអើ ! ឯងអត់ចង្ហាន់តាំងពីព្រឹក ថាទុកពោះឲ្យទំនេរ ដល់ថ្ងៃត្រង់នឹងឆាន់បាយមធុបាយាសឲ្យពេញទំហឹងតែម្ដង ព្រោះក្នុងមួយជាតិកម្របានបាយត្រកាលបែបនេះឆាន់ណាស់ ឱកម្មអើយ ! ឥឡូវនឹងឲ្យដណ្ដាំបាយក៏មិនទាន់ ព្រោះថ្ងៃជ្រេពីត្រង់ទៅហើយ ណ្ហើយ ! អស់លោកនិមន្តទៅវិញចុះ ចាំស្អែកសឹមបិណ្ឌបាតឆាន់ទៅ » ។ ពួកអ្នកបួសនិមន្តចុះពីកុដិលោកគ្រូចៅអធិការអស់ទៅ ។
រីឯលោកគ្រូចៅអធិការ នាកាលមានហេតុ នាំឲ្យមានវិតក្កដូច្នេះហើយ ក៏លោកនិមន្តចូលទៅក្នុងកុដិ សម្ងំស្មឹងស្មាធិ ដំឡើងមេឃច្ឆាយរមិលមើលហេតុភេទទៅឃើញច្បាស់ថា មានសត្វអស្សតរមួយហោះចូលមក បរិភោគបាយមធុបាយាសនោះអស់ទៅ ទើបលោកហៅប្រជុំពួកអស្សតរទាំងប៉ុន្មានមកពិសោធ ។ ក្នុងចំណោមអស្សតរទាំងនោះ អស្សតរជាតួចោរ ក៏ចូលមកប្រជុំដែរ តែអស្សតរទាំងប៉ុន្មានបាននាំគ្នាបដិសេធពាក្យចោទទាំងអស់ ។ លោកគ្រូចៅអធិការក៏ជ្រាបច្បាស់ថា តួអស្សតរណាក៏ចោរដែរ តែមិនមែនបានផ្ចាញ់ផ្ចាលទេ ដោយលោកពិចារណាទៅយល់ឃើញថា «តួអស្សតរ ចំណេរទៅមុខ បើនៅតែមានរឹទ្ធិហោះហើរលើអាកាសបានដូច្នេះ មុខជានឹងធ្វើអន្តរាយផ្សេងៗ ដល់ពួកមនុស្សខ្លាំងណាស់» ទើបលោកមានពុទ្ធដីកាថា «ចាប់ដើមពីថ្ងៃនេះតទៅ អញនឹងបន្ថយរឹទ្ធិឯងរាល់គ្នាឲ្យសមនឹងសភាពរបស់ឯង ដែលល្មមទៅរួមជាមួយនឹងពួកមនុស្សលោកបាន » ។
លុះលោកបានប្រាប់ដូច្នេះហើយ ទើបលោកយកកាំបិតកោ វះកាត់សរសៃហោះរបស់សត្វអស្សតរទាំងនោះចេញ ហើយលោកប្រាប់ថា «តាំងពីថ្ងៃនេះតរៀងទៅ ត្រូវឯងរាល់គ្នាទៅជាសត្វបម្រើមនុស្សលោក ដើម្បីដោះថ្លៃបាយមធុបាយាស ដែលមនុស្សទាំងឡាយគេចិញ្ចឹមអ្នកបួស» ។ ចាប់ដើមពីនោះមក សត្វអស្សតរទាំងឡាយ លែងចេះហោះហើរបានទៀត ក៏មានសេចក្ដីតូចចិត្តទោមនស្សនឹងអស្សតរ ដែលរកមុខមិនឃើញ ក្នុងកិច្ចប្រព្រឹត្តចោរកម្មនោះ ទើបនាំគ្នាតាំងប្ដេជ្ញាថា «នឹងស៊ើបរកមុខឲ្យឃើញប្រាកដ ហើយនឹងព្រួតគ្នាធ្វើទណ្ឌកម្មឲ្យធ្ងន់ពេញកម្លាំងតែម្ដង » ។
ហេតុនេះហើយ បានជាអស្សតរទាំងឡាយ តែកាលណាបានជួបគ្នា វាតែងហិតគ្នាទៅវិញទៅមក លុះហិតបានក្លិនទៅវិញទៅមកឃើញដូចជាក្លិនបាយមធុបាយាស ក៏ចោទគ្នាទៅវិញទៅមក ហើយស្រែកប្រកែកដោយសំឡេងយ៉ាងខ្លាំងៗថា « ទេៗ »។
Comments are closed.