កាលពីព្រេងនាយ មានមនុស្សពីរនាក់ ម្នាក់ខ្វាក់ ម្នាក់ខ្វិន នៅខ្ញុំចិនទាំងពីរនាក់ អស់អ្នកស្រុកគេហៅអាខ្វាក់អាខ្វិន ប៉ុន្តែនៅម្ចាស់ដោយខ្លួន អាខ្វាក់នៅនឹងចិនផ្ទះមួយ អាខ្វិននៅនឹងចិនផ្ទះមួយទៀតជិតគ្នា ។ អាខ្វាក់អាខ្វិនយកគ្នាជាសំឡាញ់ ។ ឯអាខ្វាក់ ៗ ភ្នែកទាំងពីរ មើលមិនឃើញអាខ្វិន ៗជើងទាំងពីរ ដើរមិនរួច បើនឹងទៅណាបានតែកិលនឹងគូថ ។ ចិនជាម្ចាស់ប្រើអាខ្វាក់អាខ្វិន គ្មានប្រណីអាណិតថាខ្វាក់ថាខ្វិនសោះ ។ អាខ្វាក់អាខ្វិននឿយលំបាកណាស់ ក៏គិតគ្នាថា «យើងនឿយហត់លំបាកណាស់ នឹងទ្រាំនៅជាខ្ញុំចិននេះមិនបានទេ មានតែយើងគិតរត់» ហើយអាខ្វាក់សួរអាខ្វិនថា « បើដូច្នោះ យើងនឹងគិតដូចម្ដេច?» ។ អាខ្វិនឆ្លើយឡើងថា « អញឃើញទូកគេនៅកំពង់នោះមាន យើងត្រូវរត់ទៅដោយទូកនោះ ទើបរួច» ។ អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយ លុះយប់ក៏បបួលគ្នាចុះទៅកំពង់ហើយចេញទូកពីកំពង់ទៅ ប៉ុន្តែអាខ្វាក់អាខ្វិន ជាមនុស្សមិនចេះអុំទូក ក៏អង្គុយម្នាក់ឯក្បាល ម្នាក់ឯកន្សៃ ឈមមុខទល់គ្នា ប្រឹងអុំទូកទៅ ។ អាខ្វាក់មើលមិនឃើញអាខ្វិនជាមនុស្សមិនដែលអុំទូកសោះ ហើយយប់ងងឹតមើលមិនឃើញ គិតស្មានថា ទូកលឿនទៅមុខ តែទូកចេះតែវិលនៅត្រង់កំពង់នោះឯង លុះអុំយូរទៅដល់ពាក់កណ្ដាលអាធ្រាត្រ ឮសំឡេងសត្វអកយំ អាខ្វាក់អាខ្វិននិយាយគ្នាថា «យើងប្រឹងអុំទូកឡើង ដល់កន្លែងអន្លង់អកហើយ» ។ អាខ្វាក់អាខ្វិន ខំអុំទៅទៀត លុះដល់ពេលមាន់រងាវ ហើយនិយាយគ្នាថា « យើងជិតដល់ស្រុកគេហើយ ប្រឹងអុំឡើងក្រែងគេតាមទាន់» ។ អាខ្វាក់អាខ្វិនក៏ប្រឹងអុំ លុះត្រាតែមានរងាវកុះ ឮសំឡេងតាវៅយំ ភ្លឺព្រាងៗពីឯកើត អាខ្វិនក៏និយាយប្រាប់ទៅអាខ្វាក់ថា « ដូចជាកំពង់ផ្ទះយើង» ។ លុះភ្លឺបន្តិចឡើងម្ចាស់ចុះមកដងទឹក ឃើញអាខ្វាក់អាខ្វិនអង្គុយអុំទូកឈមមុខទល់គ្នា ហើយគេហៅឲ្យអុំទូកចូលមក គេដឹងថា « អាខ្វាក់អាខ្វិនរត់ ប៉ុន្តែគេគិតថា វានឹងរត់ទៅឯណា បើវាខ្វាក់ខ្វិនដូច្នេះ» គេក៏ឲ្យឡើងទៅផ្ទះវិញ គេមិនបានជេរវាយទេ ។ អាខ្វាក់អាខ្វិនទៅនៅដូចពីដើមវិញ ។
លុះនៅយូរទៅ អាខ្វាក់អាខ្វិនបបួលគ្នារត់ទៀត អាខ្វិននិយាយនឹងអាខ្វាក់ថា « យើងរត់ម្ដងនេះទៀត កុំឲ្យម្ចាស់គេតាមទាន់ យើងកុំទៅជើងទឹក ទៅផើងគោកវិញ» ។ អាខ្វាក់ឆ្លើយថា «ទៅដូចម្ដេចនឹងបានជើងគោកនោះ បើអញខ្វាក់ ឯងខ្វិននឹងរត់ទៅឯណារួច» ។ អាខ្វិនឆ្លើយឡើងថា « ឯងកុំព្រួយចិត្ត ឯងឲ្យអញជិះលើឯង ហើយអញបង្ហាញផ្លូវ » ។ អាខ្វាក់អាខ្វិនគិតគ្នាព្រមហើយ លុះដល់យប់ស្ងាត់គេដេកលក់អស់ អាខ្វាក់លើកអាខ្វិនឲ្យជិះលើស្មា ដើម្បីឲ្យបង្ហាញផ្លូវនឹងដើរទៅ ។ ឯម្ចាស់លុះព្រឹកឡើង មិនឃើញអាខ្វាក់អាខ្វិន ដឹងថាអាខ្វាក់អាខ្វិនរត់ ប៉ុន្តែគិតថា«មនុស្សខ្វាក់ខ្វិនវានឹងរត់ទៅណារួច» គេក៏មិនទៅតាម ។ អាខ្វាក់អាខ្វិនខំរត់ទៅពីរបីថ្ងៃបានដល់ស្រុកមួយ ស្រុកនោះ មានខ្លាសាហាវអ្នកស្រុកគេហាមប្រាម កូនចៅគេថា «ព្រលប់យប់ងងឹតហើយកុំលេងនៅដីខ្លាចខ្លា» ។ អាខ្វាក់អាខ្វិនទៅដល់ស្រុកនោះ ជួនជាព្រលប់យប់ងងឹតហើយគិតគ្នាថា « យើងដល់ស្រុកគេហើយ បើដូច្នេះ យើងគិតធ្វើស្រែ តើយើងបាននង្គ័លរនាស់ក្របីគោពីណា នឹងធ្វើស្រែនឹងគេមានតែយើងគិតលួចគេទើបបាន » ។ អាខ្វិនបញ្ចេះអាខ្វាក់ឲ្យដើរចូលទៅភូមិគេ អស់អ្នកស្រុកគេឃើញ គេប្រាប់ថា « ស្រុកនេះមានខ្លាសាហាវណាស់» ។ អាខ្វិនឆ្លើយឡើងថា « ឃ្លេមិនខ្លាចទៅខ្លាចខ្លា» ។ ខ្លាក៏ជួនជាមកលបខាំគោពេលនោះដែរ ដល់ឮអាខ្វាក់ថា « ឃ្លេមិនខ្លាចទៅខ្លាចខ្លា» ក៏គិតគ្នាថា « ពីដើមគេខ្លាចតែអញ ឥឡូវមានឃ្លេផ្សេង គេខ្លាចជាងអញទៅទៀត អញមិនដែលឃើញមិនដែលឮសោះទេឃ្លេនោះ បើដូច្នេះអញចាំលបមើលឲ្យឃើញច្បាស់ប្រាកដ» ។ អាខ្វិនឃើញក្រោលគោគេ ហើយប្រាប់អាខ្វាក់ថា « ឯងទៅលួចគោចុះ អញចាំឯងនៅក្រោយរបងនេះ » ។ អាខ្វាក់ដាក់អាខ្វិនចុះ ហើយដើរស្ទាប! ចូលទៅជួនជាជួបនឹងខ្លា ។ ខ្លាឃើញអាខ្វាក់ គិតស្វានថាជាឃ្លេ ក៏ខ្លាចមិនហ៊ានកម្រើកខ្លួនអាខ្វាក់ស្ទាប់អស់ទាំងខ្លួនខ្លាគិតស្មានថាគោ ហើយស្ទាបទៅលើក្បាលខ្លា មិនឃើញស្នែងនឹកអរថា «គោនេះស្នែងនប់ធាត់ល្អណាស់ អញទុកជាអានប់កូនក្រោល» អាខ្វាក់ក៏ចាប់ទាញខ្លាដឹកយកមកនឹងខ្លុះ ។ ឯខ្លាគិតខ្លាចអាខ្វាក់ដោយស្មានថាឃ្លេ អាខ្វាក់ធ្វើម្ដេចក៏ចេះតែទៅតាមអាខ្វាក់ដឹកមកដល់ក្រៅរបង ហើយប្រាប់ទៅអាខ្វិន ឲ្យយកកន្លុះមកនឹងខ្លុះអានប់កូនក្រោល អាខ្វិនឃើញហើយប្រាប់អាខ្វាក់ថា «អាខ្វាក់! ខ្លាទេ! » ។ អាខ្វាក់ឆ្លើយថា « បើឯងខ្លាច ឯងឲ្យកន្លុះមកអញ ៗ នឹងចាក់ច្រមុះយកទៅភ្ជួរស្រែ» ។ អាខ្វិនក៏ហុចកន្លុះទៅឲ្យអាខ្វាក់ ។ បានកន្លុះហើយចាក់ច្រមុះខ្លា ។ ខ្លាឈឺច្រមុះទ្រាំមិនបាន ក៏ស្ទុះច្រឡោតស្រែកឮតែរ៉ូមៗ ហើយរត់ទៅ ។ ក្នុងពេលនោះ អាខ្វិនខ្លាចស្ទើរនឹងស្លាប់ ប៉ុន្តែអាខ្វាក់មិនព្រម ចេះតែទន្ទេញថា « ស្ដាយអានប់កូនក្រោលអញធាត់ល្អណាស់ » ហើយក៏ទៅតាម ។
លុះទៅដល់កណ្ដាលស្រែ បានឃើញខ្ទមស្រែគេមួយ មានទាំងរនាស់ហើយ ឃើញអណ្ដើកមួយ អាខ្វិនឃើញហើយនិយាយប្រាប់អាខ្វាក់ថា « វ៉ើយអាខ្វាក់មានខ្ទមស្រែគេ ហើយមានខ្សែពួរ និងចង្អេរ សន្ធឹកផង » ។ អាខ្វាក់ថា « ចេះតែយកឲ្យអស់ » ។ អាខ្វិនប្រកែកថា « យកធ្វើអ្វីធ្ងន់ឥតអំពើ » ។ អាខ្វាក់ថា « ធ្ងន់អីឯង ធ្ងន់តែអញទេ ចេះតែយកទៅ » ។ ហើយអាខ្វាក់អាខ្វិនយករបស់ទាំងអស់មានបាយមួយឆ្នាំដែលគេដាំទុកនៅជើងក្រានផង អាខ្វិនកាលកាន់យករបស់សព្វគ្រប់អស់ហើយ ក៏ឡើងជិះលើអាខ្វាក់ទៀត ។ អាខ្វាក់ជាមនុស្សមានកម្លាំងខ្លាំងក៏យករបស់ទាំងអស់ទៅ លុះដើរចូលព្រៃលេចវាលទៅត្រាតែភ្លឺ បានជួបមនុស្សម្នាក់គេមកយកឃ្មុំ ។ អាខ្វិនឃើញប្រាប់អាខ្វាក់ថា « នៃវ៉ើយមានគេមកយកឃ្មុំ» អាខ្វាក់ឮហើយស្រែកហៅទៅអ្នកយកឃ្មុំថា « វ៉ើយចែកឃ្មុំគ្នាស៊ីផង» អ្នកយកឃ្មុំឆ្លើយថា «គ្នាស៊ីតែទឹកទេ ទុកកាកឲ្យឯង» ហើយអ្នកយកឃ្មុំដោះទុក្ខសត្វធំដាក់បំពង់ចុកជិតយកទៅឲ្យអាខ្វាក់អាខ្វាក់កាន់យកទៅ លុះដើរលេចវាលចូលព្រៃ ថ្ងៃណាស់ហើយឃ្លានបាយ ទើបនិយាយគ្នាថា «យើងស៊ីបាយសិន ឲ្យមានកម្លាំងសឹមទៅទៀត» ។ អាខ្វាក់ដាក់អាខ្វិនចុះ ហើយដាក់របស់ចេញពីខ្លួន យកបំពង់ឫស្សីដែលអ្នកយកឃ្មុំឲ្យនោះ ដោយស្មានថាជាសាច់ឃ្មុំមកស៊ីនឹងបាយ ដល់ដកឆ្នុកឡើងធំស្អុយលាមក អាខ្វាក់ថា កន្លែងសំណាក់នេះស្អុយលាមកហើយយើងទៅរកដំណាក់ឈប់ឯមុខទៀត» ។ អាខ្វាក់ចុកបំពង់លាមកហើយ ក៏បបួលអាខ្វិនទៅឈប់ឯមុខទៀតដល់បន្តិចទៅអាខ្វាក់ថា «អស់កម្លាំងឃ្លានបាយណាស់ រកកន្លែងឈប់ស៊ីបាយ» អាខ្វិនក៏មើលឃើញម្លប់ល្អ ហើយមានទឹកត្រពាំងល្មមស៊ីបាយបាន អាខ្វិនទះកំផ្លៀងអាខ្វាក់ឲ្យតម្រង់ចូលទៅកន្លែងម្លប់ឈើនោះឯង ដល់ហើយអាខ្វាក់ដកឆ្នុកបំពង់នោះឡើង ធុំស្អុយទៀត អាខ្វាក់ប្រាប់ទៅអាខ្វិនដូចមុន អាខ្វាក់អាខ្វិនចេះតែស្អុយដូច្នេះឯងពីរបីដង ។ ក្រោយទៀតអាខ្វាក់ឃ្លានបាយណាស់បបួលអាខ្វិនឈប់ ហើយដកឆ្នុកបំពង់យកដៃលូកទៅធុំស្អុយលាមកដឹងថាលាមកក៏ប្រាប់ទៅអាខ្វិនថា «វ៉ើយអាខ្វិន ! អាដែលយកឃ្មុំនោះវាបញ្ឆោតយើង ជុះលាមកដាក់បំពង់ហើយចុកមាត់បំពង់ឲ្យមកយើង» ។ អាខ្វាក់ខឹងណាស់ លាងដៃរួចហើយស៊ីបាយពីរនាក់នឹងអាខ្វិននិយាយគ្នាថា» យើងស៊ីបាយឲ្យមានកម្លាំង រួចហើយយើងទៅតាមសម្លាប់អាចង្រៃ ដែលវាបញ្ឆោតឲ្យលាមកយើង ឲ្យវាស្លាប់កុំឲ្យវាធ្លាប់តែបញ្ឆោតយើងដូច្នេះ» ។ អាខ្វាក់អាខ្វិនស៊ីបាយហើយប្រញាប់ទៅរកអ្នកយកឃ្មុំនោះ លុះទៅវង្វេងផ្លូវមិនដឹងជាទៅឯណា ។ អាខ្វាក់ឮសត្វសសេះចោះដើមឈើយកកណ្ដៀស៊ី គិតស្មានថាអ្នកយកឃ្មុំ ក៏ស្រែកហៅថា « ឯងមានចិត្ត ឯងចុះពីលើដើមឈើមក ។ លុះដើរទៅដល់អាខ្វិនប្រាប់ថា «សត្វសសេះចោះដើមឈើទេ មិនមែនមនុស្សទេ» ។
អាខ្វាក់អាខ្វិនដើរលេចវាលចូលព្រៃ លេចព្រៃចូលវាល ទៅឆ្ងាយណាស់ក៏បានដល់ស្រុកគេមួយ ស្រុកនោះឯងមានស្ដេចគង់នៅនោះហើយមានយក្ខតែងមកស៊ីមនុស្សនៅសាលា។ ថ្ងៃដែលអាខ្វាក់អាខ្វិនទៅដល់នោះ ស្ដេចឲ្យយកនាងពៅជាព្រះរាជបុត្រីក្រមុំតែមួយ ជាបុត្រីសម្លាញ់ ប៉ុន្តែយក្ខវាចង់ស៊ី បើមិនឲ្យនាងពៅទៅយក្ខស៊ី នោះយក្ខវានឹងស៊ីមនុស្សក្នុងនគរ ទាំងនាហ្មឺនទាំងស្ដេច ។ នាងពៅអាណិតអស់រាស្ត្រ នូវនាហ្មឺននិងស្ដេច បានជាមកឲ្យយក្ខស៊ី ។ ជួនជាថ្ងៃនោះឯងអាខ្វាក់ខ្វិនទៅដល់សាលានោះ ហើយអាខ្វិនប្រាប់អាខ្វាក់ថា « យើងដល់សាលាសំណាក់ដែលគេឈប់ យើងក៏ល្មមពេលនឹងឈប់» ហើយអាខ្វាក់អាខ្វិនចូលទៅក្នុងសាលា ។ ឯនាងពៅនៅក្នុងស្គរ ឮមាត់អាខ្វាក់អាខ្វិនចូលទៅក្នុងសាលា ។ ឯនាងពៅនៅក្នុងស្គរ ឮមាត់អាខ្វាក់អាខ្វិននិយាយហើយសួរទៅថា «អ្នកមកពីណា ត្បិតសាលានេះ ស្ដេចធ្វើសម្រាប់ដាក់មនុស្សឲ្យយក្ខវាស៊ីសព្វថ្ងៃ តែដល់ព្រលប់យក្ខវាហោះមកឮសន្ធឹកដូចជាផ្គរ វាមកស៊ីមនុស្សនៅសាលានេះ ឯខ្លួនខ្ញុំមកឲ្យជាចំណីយក្ខ ដូច្នេះចូរអ្នកចេញទៅជាឆាប់ ខំតែនៅមុខជាយក្ខវាស៊ីជាចំណីវាមិនខានទេ» ។ ឯអាខ្វាក់ហេតុតែជាមនុស្សខ្វាក់ពីកំណើតមិនចេះខ្លាចអ្វីផង មានកម្លាំងមានកម្លាំងមានរឹទ្ធិផង ឮហើយក៏ឆ្លើយថា ខ្លាចអីយក្ខនោះ បើវាមក យើងមិនចេះកាប់វាឲ្យស្លាប់ទៅនាងឯងនៅឲ្យតែស្ងៀម យកបាយចំណីចំណុកមកឲ្យយើងស៊ី មានកម្លាំងនឹងកាប់យក្ខនោះឲ្យស្លាប់ នាងឯងរកតែដាវឲ្យមុតល្អ យើងនឹងកាប់យក្ខនោះ» ។ នាងពៅឮអាខ្វាក់ថាដូច្នោះ ក៏ប្រាប់ទៅថា «បើអ្នកសម្លាប់យក្ខនោះបាន របស់ទ្រព្យទាំងប៉ុន្មានដែលគេយកឲ្យយក្ខនោះ ខ្ញុំជូនអ្នកទាំងអស់» ។ អាខ្វាក់បានឮដូច្នោះអរណាស់ បង្គាប់ទៅអាខ្វិនថា «ឲ្យយកបាយចំណីចំណុកមកស៊ីឲ្យមានកម្លាំងនឹងអាលសម្លាប់យក្ខ» ។ អាខ្វិនឮនាងពៅថា «យក្ខវានឹងមកស៊ី» ក៏ភ័យស្ទើរនឹងស្លាប់ ។ អាខ្វាក់ស៊ីបាយឆ្អែតហើយ បិទទ្វារសាលាទាំងអស់ ។ លុះដល់ព្រលប់ងងឹតបន្តិច ល្មមវេលាយក្ខមកស៊ីមនុស្ស យក្ខហោះមកឮសន្ធឹកដូចព្យុះលាន់ខ្ទរទាំងដី ។ អាខ្វិនភ័យណាស់ ស្ទើរនឹងលេចអាចម៍លេចនោម, នាងពៅក៏សន្លប់នៅក្នុងស្គរ ។ អាខ្វាក់ឮសន្ធឹកយក្ខមកមិនខ្លាចសោះ អង្គុយចាំនៅមាត់ទ្វារ លុះដល់យក្ខមកហើយ ឃើញទ្វារសាលាបិទ យក្ខស្រែកសន្ទាប់ដូចរន្ទះថា « នរណាបិទទ្វារសាលាអញ? ។ អាខ្វាក់គ្មានខ្លាចស្រែកតបវិញថា «អញបិទទ្វារសាលាអញខ្លាចអីឯង» ។ យក្ខឆ្លើយថា «មនុស្សមកពីណាចិត្តធំដល់ម្ល៉េះ? » អញសុំមើលថ្លើមឯងប៉ុនណា បានជាឯងចិត្តធំដល់ម្ល៉េះ? » ។ អាខ្វាក់បោះចង្អេរគ្រាងធំទៅឲ្យ យក្ខវាមើលឃើញចង្អេរគ្រាងហើយ គិតក្នុងចិត្តថា « ថ្លើមអានេះធំណាស់សមខ្លួនវាធំជាងខ្លួនអញ «ហើយយក្ខថា « បើថ្លើមឯងធំប៉ុណ្ណេះចៃឯងធំប៉ុនណា? ។ អាខ្វាក់បោះអណ្ដើកទៅឲ្យយក្ខមើល ។ យក្ខស្មានថា ជាចៃមែន ហើយគិតក្នុងចិត្តថា « ចៃវាធំប៉ុណ្ណេះសមខ្លួនវាធំមែន» យក្ខសួរទៅទៀតថា «រោមជើងឯងធំប៉ុនណា»? ។ អាខ្វាក់បោះពួរដែលគេទាក់ក្របីទៅឲ្យយក្ខមើលហើយថា «រោមជើងអញប៉ុណ្ណេះ» ។ យក្ខភិតភ័យរត់ត្រឡប់ទៅវិញ ។ អាខ្វាក់អាខ្វិនប្រាប់ទៅនាងពៅថា « យក្ខវាត្រឡប់ទៅវិញ ។ ត្បិតវាខ្លាចយើងបើដូច្នេះនឹងមានយក្ខមកទៀតឬទេ? » ។ នាងពៅក្រោកពីភ័យសន្លប់ឡើង ប្រាប់ទៅអាខ្វាក់ថា « នៅមានយក្ខញីមួយទៀត យប់បន្តិចវានឹងមក» ។ អាខ្វាក់ឮនាងពៅប្រាប់ដូច្នោះ ក៏ប្រាប់ទៅអាខ្វិនថា «ឯងទៅរើសថាវមួយ ឲ្យមុតធំវែងល្មមនឹងកម្លាំងអញ» ។ អាខ្វិនទៅរើសដាវឲ្យអាខ្វាក់ ។ លុះយប់យូរបន្តិចទៅ យក្ខញីវាហោះមកឮសន្ធឹកដូចផ្គរ ។ អាខ្វាក់ឮសន្ធឹកយក្ខមកដូច្នោះ ក៏ឈរកាន់ដាវចាំនៅមាត់ទ្វារ ហើយបិទទ្វារទុក លុះយក្ខនោះមកដល់ហើយ វាច្រានទ្វារអើតកចូលមក អាខ្វាក់ឮសន្ធឹកយក្ខច្រានទ្វារកាប់ស្មានទៅ ត្រូវយក្ខដាច់កស្លាប់នៅទីនោះឯង ។ អាខ្វាក់អាខ្វិនដឹងថា យក្ខស្លាប់ហើយក៏បបួលគ្នាយកទ្រព្យមាសប្រាក់នោះទៅ ។
លុះព្រឹកឡើងអាខ្វាក់ដាក់អាខ្វិនលើកហើយដើរទៅ ឃើញដើមក្រសាំងមួយប្រាប់អាខ្វាក់ឲ្យចូលទៅនឹងចែករបស់គ្នា លុះដល់ហើយ អាខ្វាក់ដាក់អាខ្វិនចុះពីលើកយករបស់មកចែកគ្នា អាខ្វិនជាមេចំណែករើសរបស់ល្អនៅមុខខ្លួន អាក្រក់ដាក់នៅមុខអាខ្វាក់ ហើយសួរទៅអាខ្វាក់ថា «ឯងយករបស់ខាងមុខឯង ឬរបស់ខាងមុខអញ?» ។ អាខ្វាក់មានប្រាជ្ញាគិតថា អាខ្វិនវាយករបស់អាក្រក់ដាក់មុខខ្លួន ក៏ប្រាប់ទៅអាខ្វិនថា «អញយករបស់នៅមុខឯង» ។ អាខ្វិនដឹងថាអាខ្វាក់យករបស់ល្អក៏ប្រាប់ទៅអាខ្វាក់ថា «ចែកម្ដងទៀត ចែកមុននោះមិនស្មើទេ» ហើយអាខ្វិនយករបស់ចែកម្ដងទៀត ដល់ចែកក្រោយទៀត អាខ្វិនយករបស់ល្អដាក់នៅមុខអាខ្វាក់ហើយសួរថា «អាខ្វាក់ឯងយករបស់ខាងណា?» ។ អាខ្វាក់គិតថា «ម្ដងនេះអាខ្វិនយករបស់ល្អមកដាក់នៅមុខខ្លួន» ហើយយកដៃស្ទាប់របស់នៅមុខនោះក៏ប្រាប់អាខ្វិនថា «អញយករបស់នៅមុខអញ» ។ អាខ្វិនឃើញអាខ្វាក់បានរបស់ល្អក៏ឆ្លើយឡើងថា «ចែកមិនត្រូវទេ ចែកម្ដងទៀត»។ អាខ្វាក់ឆ្លើយថា «ឯងចែកខ្លួនឯងហើយឯងថាមិនត្រូវ» ។ អាខ្វិនយករបស់ចែកជាថ្មីទៀត ហើយឲ្យអាខ្វាក់ថាដូចពីមុន ។ អាខ្វាក់ថាត្រូវតែលើរបស់ល្អ ។ អាខ្វិនប្រាប់អាខ្វាក់ថា «មិនត្រូវទេ ចែកម្ដងទៀត» ។ អាខ្វាក់អាខ្វិនប្រកែកគ្នាទៅវិញទៅមក ពេលនោះផ្លែក្រសាំងជ្រុះមកត្រូវក្បាលអាខ្វាក់ៗគិតស្មានថាអាខ្វិនវាយក៏ឆ្លើយថា «និយាយតែត្រឹមមាត់មិនអស់ចិត្ត ដៃដល់ផងទៀត»ហើយអាខ្វាក់ស្ទុះទៅធាក់ដាល់អាខ្វិនទាល់តែអាខ្វិនត្រង់ដៃត្រង់ជើងទាំងអស់ ឯអាខ្វិនស្ទុះទៅដាល់អាខ្វាក់ត្រូវភ្នែកៗក៏ជាភ្លឺទាំងពីរឡើង អ្នកទាំងពីរក៏បបួលគ្នាចែករបស់តាមល្អតាមអាក្រក់ស្មើគ្នាទាំងពីរនាក់ ហើយបបួលគ្នាដើរទៅទៀត ។
និយាយពីនាងពៅ កាលក្រោយអាខ្វាក់អាខ្វិនទៅ ដល់ព្រឹកភ្លឺមែនទែនឡើងអស់មនុស្សម្នាគេមកមើលនាងពៅនៅសាលា ឃើញនាងនៅរស់ យក្ខពុំស៊ីបានឃើញឯយក្ខស្លាប់ចង្គ្រាងនៅមាត់ទ្វារ អស់មនុស្សម្នាគេទៅក្រាបទូលស្ដេចតាមដំណើរ ស្ដេចទ្រង់ឲ្យទៅយកនាងពៅពីក្នុងស្គរមក ទ្រង់មានព្រះទ័យត្រេកអរណាស់ព្រោះព្រះរាជធីតាបានរួចពីស្លាប់ ទ្រង់មានព្រះបន្ទូលសួរនាងពៅថា «ដូចម្ដេចបានជាកូនរួចពីស្លាប់ ហើយឃើញឯយក្ខស្លាប់ទៅវិញ?» ។ នាងពៅក្រាបទូលព្រះបិតាតាមដំណើរសព្វគ្រប់ ។ ព្រះរាជបិតាបានឮព្រះរាជធីតាក្រាបទូលដូច្នេះ ទ្រង់ឲ្យប៉ាវគងរកអ្នកណាដែលសម្លាប់យក្ខនោះ ទ្រង់នឹងព្រះរាជទានព្រះរាជធីតាជាប្រពន្ធ ហើយឲ្យសោយរាជ្យ ។ ឯអ្នកប៉ាវគងទៅក្នុងស្រុកតូចធំជួបនឹងចៅខ្វាក់ចៅខ្វិន ហើយចៅខ្វាក់ចៅខ្វិនសួរថា « មានកលិយុគកលិយាកអីបានជាស្ដេចឲ្យប៉ាវគង?» ។ អ្នកប៉ាវគងប្រាប់ថា «ស្ដេចឲ្យប៉ាវគងរកអ្នកសម្លាប់យក្ខនឹងយកទៅឲ្យសោយរាជ្យ» ។ ចៅខ្វាក់ចៅខ្វិនឮក៏ត្រេកអរណាស់ប្រាប់ថា « ខ្ញុំនេះហើយសម្លាប់យក្ខ កាលដើមខ្ញុំខ្វាក់ខ្វិន ឥឡូវជាហើយ មិនជឿសោតមានទាំងរបស់ដែលខ្ញុំយកមកជាសម្គាល់ផង» ។ អ្នកប៉ាវគងនាំចៅខ្វាក់ចៅខ្វិនទៅថ្វាយស្ដេចលុះទៅដល់ហើយចៅខ្វាក់ចៅខ្វិន យកទាំងរបស់ដែលយកអំពីសាលាចូលទៅគាល់ស្ដេចគ្រាន់ជាសម្គាល់ ៗ ចៅខ្វាក់ចៅខ្វិនក្រាប់ថ្វាយបង្គំស្ដេច ស្ដេចទ្រង់មានព្រះបន្ទូលសួរថា «ចៅឯងឬដែលសម្លាប់យក្ខ? » ។ ចៅខ្វាក់ចៅខ្វិនក្រាបទូលតាមដំណើរសព្វគ្រប់ ។ ស្ដេចទ្រង់ឲ្យហៅនាងពៅមកឲ្យមើល ហើយទ្រង់សួរថា «ចៅនេះឬដែលសម្លាប់យក្ខ?» ។ នាងពៅក្រាបទូលថា «អ្នកនេះហើយដែលសម្លាប់យក្ខ ប៉ុន្តែកាលពីមុខគាត់ខ្វាក់ខ្វិន ឥឡូវនេះមិនខ្វាក់ទេ» ។ ស្ដេចទ្រង់ជ្រាប ទ្រង់ផ្សំនាងពៅឲ្យជាជាយាចៅខ្វាក់ ឲ្យសោយរាជ្យជំនួសព្រះអង្គ ។ ដល់ចៅខ្វាក់បានសោយរាជ្យហើយ ឲ្យចៅខ្វិនធ្វើជាឧបរាជ ត្បិតជាមនុស្សកម្សត់កម្រផងគ្នា ក៏បានសេចក្ដីសុខរៀងរាបដរាបទៅ ។
ភ្នែកសាច់មិនសម្រេចដូចភ្នែកប្រាជ្ញា
Comments are closed.