អ្នកទទួលបានជ័យជម្នះ ដោយការវាយប្រហារទៅលើសត្រូវដោយមិនបញ្ចេញឈ្មោះ ឬបន្លឺវីរភាពដ៏អស្ចារ្យរបស់ខ្លយនឲ្យគេបានដឹង នោះទើបជាកំពូលអ្នកប្រាជ្ញា នឹងជាអ្នកដែលចេះយុទ្ធសាស្រ្តដោយស្ទាត់ជំនាញ។ ការដែលអាចយកជ័យជម្នះបានពីការវាយប្រហារទៅលើសត្រូវដើម្បីជាការឲ្យមនុស្សម្នាទូទៅប្រកាសកេរ្តិ៍ឈ្មោះរបស់ខ្លួនថា គឺជាអ្នកជំនាញក្នុងការប្រើយុទ្ធសាស្រ្ត នោះមិនមែនជាមនុស្សដែលមានប្រាជ្ញាឈ្លាសវាងវៃដ៏ខ្ពង់ខ្ពស់នោះទេ។ សេចក្ដីភ្លឺស្វាងនៃប្រាជ្ញា ក៏មិនមែនកំណត់បានដោយត្រឹមតែការមើលយល់ថា ព្រះចន្ទខុសគ្នាពីព្រះអាទិត្យនោះដែរ។
ឯការលឺសូរសំលេងរន្ទះបាញ់ នោះក៏មិនមែនមានន័យថា ត្រចៀករបស់អ្នកនោះ ឈ្លាសវាងវៃក្នុងការចាប់ស្នូរសំលេងដែរ។ ឯការយកជ័យជម្នះបានក្រោយពីការវាយប្រហារយ៉ាងលំបាកវេទនា នោះក៏មិនមែនជាសញ្ញានៃភាពប៉ិនប្រសប់ដែរ។ ជាការពិតណាស់ អ្នកដែលមានប្រាជ្ញាឈ្លាសវាងវៃ នឹងស្ទាត់ជំនាញក្នុងការប្រើយុទ្ធសាស្ត្រ គឺជាអ្នកដែលអាចយកជ័យជម្នះបានពីសត្រូវដោយភាពងាយស្រួល។ គេគឺជាអ្នកកំណត់ការចាញ់ឲ្យសត្រូវនោះរួចជាស្រេចដោយផែនការដ៏មានប្រសិទ្ធិភាពជាទីបំផុត។ ចំពោះការវាយប្រយុទ្ធ គឺគេចេះប្រើកងទ័ពដោយរបៀបប្រយុទ្ធយ៉ាងពុះកញ្ជ្រោល នឹងអង់អាចក្លាហានដ័យ៉ាងក្រែងលែងរបស់កងទ័ព។ ចំណែក លី មឺង ពន្យល់សេចក្ដីនេះបន្តិចទៀតថាៈ តាមសភាពធម្មតាមនុស្សម្នាទូទៅនោះ មិនអាចយល់បានទេថា អ្នកដែលមានប្រាជ្ញាឈ្លាសវាងវៃ និងស្ទាត់ជំនាញក្នុងការប្រើយុទ្ធសាស្រ្តនោះ គេអាចវាយកម្ទេចសត្រូវឲ្យបរាជ័យបានយ៉ាងធ្ងន់ធ្ងរ ហើយទទួលយកជ័យជម្នះដ៏យ៉ាងធំធេងបានថែមទៀតផង ដោយមិនឲ្យមានឈាមប្រឡាក់នៅជាប់នឹងផ្លែដាវ ឬផ្លែលំពែងរបស់គេផង។
យ៉ាងណាក៏ដោយ ភាពជោគជ័យរបស់គេ គឺជាភាពជោគជ័យដែលកើតឡើងមកបាន ដោយសារកិច្ចការងារដែលគេធ្វើដោយមិនមានការភាន់ច្រឡំ។ មិនមានការភាន់ច្រឡំ នៅក្នុងទីនេះ គឺសំដៅសេចក្ដីថា ក្នុងរាល់កិច្ចការងារជាបឋមរបស់គេនីមួយៗនោះ នោះគេធ្វើឡើងដោយការបានដឹងអំពីចំណុចឈ្នះទៅលើសត្រូវរបស់ខ្លួនគេរួចជាស្រេចទៅហើយ។ ដោយព្រោះហេតុនោះ គេត្រូវតែឈ្នះទៅលើសត្រូវដែលមានលក្ខណៈចាញ់ជាមុនរួចជាស្រេចបាត់ទៅហើយហ្នឹងឯង។ ឬយើងអាចនិយាយមួយបែបទៀតថាៈ គេដឹងថាឈ្នះជាមុនរួចអស់ទៅហើយ នោះទើបគេបញ្ជាកងទ័ពឲ្យចូលទៅប្រយុទ្ធដើម្បីទទួលយកជ័យជម្នះជាខាងក្រោយតែម្ដង។ គឺនៅក្នុងការរៀបចំផែនការដ៏មានប្រសិទិ្ធភាព របៀបប្រយទ្ធយ៉ាងពុះកញ្ជ្រោល និងភាពអង់អាចក្លាហានរបស់កង់ទ័ពហ្នឹងឯង ទើបមេទ័ពធំដែលមានប្រាជ្ញាឈ្លាសវាងវៃ តែងតែមានជំហរខ្លួនឯងដ៏យ៉ាងរឹងមាំ ដែលធ្វើឲ្យកងទ័ពរបស់ខ្លួន មិនមានការបរាជ័យ ហើយមេទ័ពធំឈ្លាសវាងវៃបែបនោះ របែងឆ្លៀតគ្រប់ឱកាសទាំងអស់ ដើម្បីត្រួតត្រាស្ថានភាពរបស់សត្រូវ។
Comments are closed.