ភេសជ្ជៈមួយប្រភេទនេះ ល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម!
ពិតណាស់ តែបៃតង ក៏មានអត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកជំងឺទឹកនោមផ្អែមប្រភេទ២ ដែរ។ ហេតុដូច្នេះហើយ អ្នកជំងឺទឹកនោមផ្អែមគួរញ៉ាំតែបៃតងនៅពេលព្រឹក យ៉ាងហោចណាស់ឲ្យបាន ៤ពែង/ថ្ងៃ ដោយមិនដាក់ស្ករ ឬទឹកដោះគោ។ ប៉ុន្តែ ការញ៉ាំតែបៃតងតែមួយមុខមិនទាន់គ្រប់គ្រាន់ឡើយ យើងចាំបាច់ត្រូវហាត់ប្រាណជាប្រចាំ ញ៉ាំអាហារត្រឹមត្រូវ និងញ៉ាំថ្នាំឲ្យបានទៀងទាត់។ យ៉ាងណាមិញ អត្ថប្រយោជន៍ខាងក្រោមនេះហើយ ដែលធ្វើឲ្យតែបៃតងក្លាយជាភេសជ្ជៈដ៏ពេញនិយមបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម។
១. ជួយបង្កើនការផលិតអាំងស៊ុយលីន
ពេលដែលយើងមានជំងឺទឹកនោមផ្អែមប្រភេទ១ រាងកាយយើងមានការពិបាកក្នុងការផលិតអាំងស៊ុយលីន។ បើយោងតាមការសិក្សាមួយចំនួន បានបង្ហាញថា តែបៃតងអាចជួយជំរុញឲ្យរាងកាយយើងផលិតអាំងស៊ុយលីន ក៏ដូចជាគ្រប់គ្រងកម្រិតជាតិស្ករបានល្អ និងបំប្លែងសារជាតិបំប៉ននៅក្នុងអាហារឲ្យទៅជាថាមពលថែមទៀតផង។ បន្ថែមពីនេះ វាក៏អាចបង្កើនមុខងាររបស់លំពែង ដែលមានសារៈសំខាន់ក្នុងការផលិតអាំងស៊ុយលីន និងការពារកោសិកាបេតាលំពែងពីការបំផ្លាញផងដែរ។
២. ជួយគ្រប់គ្រងការឡើងកម្រិតជាតិស្ករ (Hyperglycemia)
បញ្ហាជាតិស្ករក្នុងឈាមខ្ពស់ (Hyperglycemia) រួនជាមួយការមិនទទួលយកជាតិស្ករ គឺជាមូលហេតុចម្បងដែលធ្វើឲ្យយើងកើតជំងឺទឹកនោមផ្អែម។ ប្រសិនបើយើងមិនព្យាបាលទេនោះ វានឹងបញ្ចេញ Oxidative Stress (ជាបញ្ហាអតុល្យភាពរវាងរ៉ាឌីកាល់សេរី និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងខ្លួន) ដែលនាំឲ្យកើតមានបញ្ហាមួយចំនួនដូចជា ខូចសរសៃឈាមបាតភ្នែកដោយសារជំងឺទឹកនោមផ្អែម ដែលអាចបណ្ដាលឲ្យងងឹតភ្នែក និងថ្លង់ជាដើម ប្រសិនបើយើងមិនព្យាបាលឲ្យទាន់ពេលវេលាទេនោះ។
៣. EGCG Catechins កាត់បន្ថយជាតិខ្លាញ់លើសពីក្នុងរាងកាយ
ជាមួយគ្នានេះដែរ តែបៃតងមានផ្ទុក EGCG ដែលអាចជួយដុតបំផ្លាញជាតិខ្លាញ់ពីរាងកាយ និងបង្កើន អុកស៊ីដកម្មជាតិខ្លាញ់។ EGCG Catechins បង្កើនការទទួលយកជាតិស្ករ ដែលអាចការពារយើងពីការវិវត្តទៅជាជំងឺទឹកនោមផ្អែមប្រភេទ១ និងប្រភេទ២បានផងដែរ។
៤. ជំរុញការធ្វើមេតាប៉ូលីស
ជាក់ស្ដែង ការកើនឡើងកម្រិតជាតិស្ករក្នុងឈាមដែលមិនអាចគ្រប់គ្រងបាន នឹងធ្វើឲ្យយើងកើតជំងឺទឹកនោមផ្អែម។ ការញ៉ាំតែបៃតង អាចជួយកាត់បន្ថយការផលិតអ័រម៉ូនអាដ្រេណាលីន (Adrenaline) ដែលបណ្ដាលឲ្យកើនឡើងកម្រិតជាតិស្ករក្នុងឈាម។ ពិសេសជាងនេះទៅទៀត តែបៃតង គឺជាកំពូលភេសជ្ជៈដែលជួយជំរុញការធ្វើមេតាប៉ូលីស ព្រមទាំងធ្វើឲ្យប្រព័ន្ធភាពស៊ាំក្នុងរាងកាយកាន់តែប្រសើរឡើង។
៥. Polyphenols នៅក្នុងតែបៃតងជាភ្នាក់ងារប្រឆាំងនឹងជំងឺទឹកនោមផ្អែម
Polyphenols ដែលមាននៅក្នុងតែបៃតង គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលមានលក្ខណៈប្រឆាំងនឹងជំងឺទឹកនោមផ្អែមបានយ៉ាងមានប្រសិទ្ធភាព។ សមាសធាតុនេះ ក៏អាចជួយរារាំង Oxidative Stress និងបង្កើនការទទួលយកជាតិស្ករថែមទៀតផង។
Comments are closed, but trackbacks and pingbacks are open.