គួរ​ចៀសវាង​អាហារ ៥ ប្រភេទ​នេះ​ដាច់ខាត បើ​ចង់​ឲ្យ​វ៉ាក់សាំង​មាន​ប្រសិទ្ធភាព​ខ្លាំងក្រោយចាក់​ហើយ

យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​រដ្ឋ​ អូហៃអូ​ និយាយ​ថា ​របប​អាហារ​ដើរ​តួនាទី​យ៉ាង​សំខាន់​លើ​រាងកាយ​ ជា​ពិសេស​គឺ​កំឡុង​ពេល​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ SARS-CoV-2 យើង​គួរតែ​ប្រាកដ​ថា ​អារម្មណ៍​និង​រាងកាយ​មាន​សុខភាព​ល្អ​ ។ ដូច្នេះ​ត្រូវ​ទទួលទាន​អាហារ​ដែល​ពោរពេញ​ទៅ​ដោយ​ជាតិ​សរសៃ​និង​ផឹកទឹក​ឲ្យ​បាន​ច្រើន​ជា​រៀងរាល់​ថ្ងៃ​ ហើយ​ចៀសវាង​អាហារ​ខាង​ក្រោម​នេះ៖
១.ពពួក​ភេសជ្ជៈ​ផ្អែមៗ
អ្នក​វិទ្យាសាស្ត្រ​ស្រាវជ្រាវ​នៅ​សាលា​សុខភាព Harvard T.H. Chan លោក Vasanti S. Malik បាន​ប្រាប់ The New York Times ថា​ការ​ទទួលទាន​ភេសជ្ជៈ​ផ្អែមៗ​​មិន​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ទេ ​ជា​ពិសេស​គឺ​សម្រាប់​អ្នក​ចាក់​វ៉ាក់សាំង។ ក្នុង​ករណី​ផ្សេងទៀត​អាច​ធ្វើ​ឲ្យ​ឡើង​ទម្ងន់ ទឹកនោមផ្អែម ពុក​ធ្មេញ ខ្លាញ់​លើស ឈឺ​សន្លាក់ បញ្ហា​សុខភាព​តម្រងនោម ហានិភ័យ​នៃ​ជំងឺ​បេះដូង​កាន់​តែ​ច្រើន កូលេស្តេរ៉ុល​ខ្ពស់​ សុខភាព​ពោះវៀន​ខ្សោយ ​បញ្ហា​អរម៉ូន ជា​ពិសេស​អាច​ឈាន​ទៅ​រក​ការ​បាត់បង់​ជាតិទឹក ហើមពោះ​និង​បង្កើន​ហានិភ័យ​នៃ​ការ​ស្លាប់​ផង​ដែរ។
២.ប្រភេទអាហារកែច្នៃ
លោកស្រី Torey Armul អ្នក​នាំ​ពាក្យ​នៃ​បណ្ឌិត្យ​សភា​អាហារ​រូបត្ថម្ភ​និង​របប​អាហារ​វិទ្យា (AND) និយាយ​ថា “ អាហារ​ដែល​កែច្នៃ​ច្រើន​តែ​ធ្វើ​ពី​គ្រឿងផ្សំ​ច្រើន ​ដូចជា​ម្សៅ​និង​ស្ករ​ពណ៌ស​រួម​ទាំង​ខ្លាញ់​មិនល្អ​ ហើយ​ដាក់​សារធាតុ​បន្ថែម​ដែល​បង្កើន​កម្រិត​ជាតិ​ខ្លាញ់​សូដ្យូម​និង​ស្ករ​ដើម្បី​រក្សា​ទុក​បាន​យូរ ” ។ អាហារ​អស់នោះ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ពី​ទម្រង់​ធម្មជាតិ​របស់​វា ​ដោយសារ​ការ​កែច្នៃចេញ​ពី​រោងចក្រ និង​ត្រូវ​បាន​គេ​ដឹង​ថា​​ជួយ​ជំរុញ​ដល់​ភាព​ធាត់​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​របៀប​ដែល​រាង​កាយ​ឆ្លើយ​តប​ចំពោះ​វ៉ាក់សាំង​កូវីដ ។
៣.ភេសជ្ជៈប៉ូវ​កម្លាំង
លោក Chris Fernandez នាយក​ប្រតិបត្តិ​នៃ​សុខភាព​ស្ត្រី​និយាយ​ថា​ ការ​ទទួលទាន​ភេសជ្ជៈ​ប៉ូវ​កម្លាំង​​ក្រោយ​ចាក់​វ៉ាក់សាំង​ អាច​មាន​ប្រសិទ្ធ​តិចតួច​បំផុត​ក្នុង​ការ​ការពារ​និង​ទប់ស្កាត់​ពី​ជំងឺ​កូវីដ។ ភេសជ្ជៈ​ប៉ូវ​កម្លាំង​ត្រូវ​បាន​ចម្រាញ​ចេញ​ពី​សារធាតុ​រំញោច​ ដូចជា​កាហ្វេអ៊ីន​និង Ephedrine ដែល​មាន​ផ្ទុក​លើស​ក្រពេញ Adrenal ​​ជាមួយ​កម្រិត​ជាតិ​ស្ករ​សិប្បនិម្មិត​រួម​ទាំង​ពណ៌​ក្លិន​និង​រសជាតិ​ ធ្វើ​ឲ្យ​យើង​កាន់​តែ​ចង់​ទទួល​ទាន។
៤.អាហារ Fast food
ពពួក​អាហារ Fast food ត្រូវ​បាន​កែច្នៃ​ខ្ពស់​និង​ពោរពេញ​ទៅ​ដោយ​ជាតិ​ស្ករ​ខ្លាញ់​និង​អំបិល​បន្ថែម​ ដែល​មាន​ដូចជា ​ប៊ឺហ្គឺ ភីហ្សា សុំាងវិច ​ភ្លៅ​មាន់​បំពង ដំឡូង​បារាំង​បំពង​ដែល​ទទួលទាន​​ហើយ​បង្ក​ជា​ផល​ប៉ះពាល់​ដល់​សុខភាព​ជា​ខ្លាំង​ បើ​សិន​យើង​បាន​​ចាក់ថ្នាំ​ការពារ​ទៀត ​​រឹតតែ​អាក្រក់​ចំពោះ​សុខភាព។ គ្រឿងផ្សំ​ទាំងអស់​ដែល​នៅ​ក្នុង​អាហារ​នោះ​ Fast Food នោះ​នឹង​បង្អាក់​រាល់​សកម្មភាព​ទាំង​នោះ​ចោល។
៥.គ្រឿងស្រវឹង
នៅ​ក្នុង​ការ​សិក្សា​ឆ្នាំ ២០១៨ ការ​ផ្សារ​ភ្ជាប់​អ្នក​ផឹក​គ្រឿង​ស្រវឹង​ច្រើន​ជាមួយ​នឹង​ការ​ឆាប់​ស្លាប់​ដែល​ត្រូវ​បាន​បោះពុម្ព​ផ្សាយ​នៅ​ក្នុង​ទស្សនាវដ្ដី The Lancet អ្នក​និពន្ធ​បាន​កត់​សម្គាល់​ថា “លទ្ធផល​របស់​យើង​បង្ហាញ​ថា​ កម្រិត​នៃ​ការ​ផឹក​ដែល​មាន​សុវត្ថិភាព​បំផុត​គឺ​គ្មាន​ទេ” ។ ផល​ប៉ះពាល់​ដ៏​គ្រោះថ្នាក់​នៃ​ការ​ផឹក​គ្រឿង​ស្រវឹង​រាល់​ថ្ងៃ​គឺ​រាប់​បញ្ចូល​ទាំង​ការ​ឡើង​ទម្ងន់​ ក៏​ដូចជា​ហានិភ័យ​ខ្ពស់​នៃ​ជំងឺ​បេះដូង ហានិភ័យ​ខ្ពស់​នៃ​ភាព​គ្មាន​​កូន​ ជំងឺ​ពុក​ឆ្អឹង ខូច​ថ្លើម​។
បើ​ទោះ​ជា​​យើង​ផឹក​ក្នុង​កម្រិត​មធ្យម​ក៏​ដោយ ​ត្រូវ​ប្រាកដ​ថា​​យើង​បាន​ជៀសវាង​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​បង្កគ្រោះថ្នាក់​បំផុត​សម្រាប់​រាងកាយ៕

Comments are closed, but trackbacks and pingbacks are open.