មិនបាច់លេបវីតាមីនចម្រុះទេ! អាហារទាំងនេះសម្បូរសារធាតុចិញ្ចឹមច្រើនជាង
រាងកាយត្រូវការវីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមសំខាន់ៗដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំអាចប្រយុទ្ធប្រឆាំងជំងឺផ្សេងៗ។ ទោះជាយ៉ាងណាអ្នកមិនចាំបាច់ពឹងផ្អែកលើថ្នាំគ្រាប់វីតាមីនចម្រុះដើម្បីផ្ដល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ឡើយ ខណៈដែលអាហារមួយចំនួនមានផ្ទុកសារធាតុចិញ្ចឹមច្រើនជាងផង។
ខាងក្រោមនឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរព្យាយាមរួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃដើម្បីទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដោយមិនបាច់លេបថ្នាំ ៖
១. សារាយសមុទ្រ៖ កង្វះជាតិអ៊ីយ៉ូដជះឥទ្ធិពលដល់មនុស្សជាច្រើននៅជុំវិញពិភពលោក។ មនុស្សពេញវ័យដែលមានកម្រិតជាតិអ៊ីយ៉ូដទាបប្រឈមមុខខ្ពស់នឹងហានិភ័យនៃបញ្ហាក្រពេញទីរ៉ូអ៊ីត។ រីឯស្ត្រីមានផ្ទៃពោះដែលមានកម្រិតជាតិអ៊ីយ៉ូដទាបវិញអាចប្រឈមមុខនឹងបញ្ហាមិនប្រក្រតីចំពោះទារកក្នុងផ្ទៃ។ វិធីដ៏ប្រសើរបំផុតមួយដើម្បីបង្កើនកម្រិតអ៊ីយ៉ូដក្នុងរាងកាយ គឺតាមរយៈការទទួលទានសារាយសមុទ្រ។ ទោះជាយ៉ាងណាអ្នកមិនត្រូវទទួលទានច្រើនពេកឡើយ។
២. បន្លែបៃតង៖ ជាប្រភពដ៏ប្រសើរបំផុតមួយនៃសារធាតុចិញ្ចឹម វីតាមីន ជាតិរ៉ែ ជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ដូច្នេះកុំភ្លេចបង្កើនការទទួលទានបន្លែបៃតងដើម្បីឱ្យរាងកាយទទួលបានសារធាតុចិញ្ចឹមគ្រប់គ្រាន់។
៣. ថ្លើមសត្វ៖ មានផ្ទុកសម្បូរទៅដោយវីតាមីន A សារធាតុ folate វីតាមីន B12 ជាតិដែក និងទង់ដែង។ វីតាមីន B12 ក្នុងថ្លើម គឺជាវីតាមីនសំខាន់បំផុតមួយដែលមនុស្សភាគច្រើនខ្វះក្នុងប្រព័ន្ធរាងកាយ។ វីតាមីននេះដើរតួនាទីចាំបាច់ក្នុងខួរក្បាល ប្រព័ន្ធសសៃប្រសាទ និងសុខភាពកោសិកា។ អ្នកគួរទទួលទានថ្លើមសត្វ ២ ដងក្នុងមួយសប្តាហ៍ជាប្រចាំដើម្បីបង្កើនកម្រិតនៃសារធាតុចិញ្ចឹមដោយសុវត្ថិភាព។
៤. ត្រីសម្បូរខ្លាញ់៖ ការរួមបញ្ចូលត្រីសម្បូរខ្លាញ់ គឺចាំបាច់ណាស់ដោយអាហារនេះមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយរក្សាសុខភាពបេះដូង។ ក្រៅពីអាស៊ីតខ្លាញ់សុខភាពល្អ ត្រីសម្បូរខ្លាញ់ក៏មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ផ្សេងទៀតផងដែរ។
៥. ម្ទេសផ្លោកពណ៌លឿង៖ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាខ្វះវីតាមីន C ចូរព្យាយាមរួមបញ្ចូលម្ទេសផ្លោកពណ៌លឿងក្នុងរបបអាហារប្រចាំថ្ងៃ។ វីតាមីននេះចាំបាច់ណាស់ក្នុងការរក្សាសុខភាពរាងកាយដោយវាជួយពង្រឹងប្រព័ន្ធភាពស៊ាំ។ បើប្រៀបធៀបនឹងក្រូច ម្ទេសផ្លោកពណ៌លឿងមានផ្ទុកវីតាមីន C ច្រើនជាង៕
Comments are closed, but trackbacks and pingbacks are open.