អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៩១នាក់ ដែលភាគច្រើនកើតនៅរាជធានីភ្នំពេញ !!!
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ រកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៩១នាក់ទៀត ក្នុងនោះ ៩០នាក់ ជាករណីឆ្លងសហគមន៍២០កុម្ភៈ ដែលភាគច្រើនមាននៅភ្នំពេញ និង១នាក់ទៀតជាករណីនាំចូល ខណៈមានអ្នកជំងឺ ៣០នាក់ បានជាសះស្បើយនាព្រឹកនេះ។ តាមក្រសួងបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធក្នុងសហគមន៍២០កុម្ភៈ ទាំង ៩០នាក់នោះ គឺកើតនៅលើស្ត្រី-បុរសជនជាតិខ្មែរ និងស្រ្តីជនជាតិវៀតណាមម្នាក់។ ចំពោះ អ្នកជំងឺទាំងអស់នេះ មាននៅភ្នំពេញ ៧៨នាក់ ,ខេត្តតាកែវ ៤នាក់ ,ខេត្តស្វាយរៀង ៣នាក់ ,ខេត្តពោធិ៍សាត់ ១នាក់ , ខេត្តព្រៃវែង ១នាក់ ,ខេត្តត្បូងឃ្មុំ ១នាក់, កំពង់ចាម ១នាក់ និងខេត្តប៉ៃលិន ១នាក់។ បច្ចុប្បន្ន អ្នកជំងឺទាំង ៩០នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរ ពេទ្យតាមបណ្ដាខេត្ត-ក្រុងនីមួយៗ និងនៅសណ្ឋាគារThe Great Duke។ ដោយឡែកចំពោះករណីនាំចូលវិញ គឺជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ ៣៣ឆ្នាំ ស្នាក់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី០៥ ខែមេសា។ បុរសរូបនេះ បច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ សណ្ឋាគារThe Great Duke រាជធានីភ្នំពេញ។ជាមួយគ្នានេះ ក្រសួងក៏បានប្រកាសពីករណីជាសះស្បើយ ៣០នាក់ផងដែរ ដោយក្នុងនោះ មាន ២៩នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ និងម្នាកទៀត ជាអ្នកដំណើរចូលមកកម្ពុជា គឺជនជាតិឥណ្ឌូនេស៊ី អាយុ ៣០ឆ្នាំ ស្នាក់នៅស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ អ្នកជាសះស្បើយទាំង ៣០នាក់ នោះមាន ជនជាតិខ្មែរ ចិន និងជនជាតិវៀតណាម ដែលមានអាសយដ្ឋាននៅភ្នំពេញ ខេត្តកណ្ដាល ព្រៃវែង ត្បូងឃ្មុំ និងខេត្តកោះកុង។សូមជម្រាបថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូ វីដ-១៩ សរុប ២៩១៥នាក់ ក្នុងនោះមានចំនួន ២៣៨៣នាក់ ជាករណីសហគមន៍២០កុម្ភៈ។ ចំណែកឯ អ្នកជំងឺកំពុងសម្រាកព្យាបាលមានចំនួន ១០៦៤នាក់ និងចំនួន ១៨២៤នាក់ បានជាសះស្បើយឡើងវិញ ខណៈអ្នកជំងឺ ២២នាក់ បានស្លាប់បាត់បង់ជីវិត៕
Comments are closed, but trackbacks and pingbacks are open.