ការណែនាំថ្មីបើចង់រៀបការ តែត្រូវធ្វើរឿងទាំងនេះជាមុនសិន
យោងអនុសាសន៍ណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសារាចរណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការពង្រឹងការអនុវត្តន៍វិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល ក្នុងសហគមន៍នៃវីរុសកូវីដ-១៩ ជាពិសេស វីរុសបំប្លែងថ្មីប្រភេទអូមីក្រុង ក្រសួងសុខាភិបាល នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានចេញសេចក្តីណែនាំបន្ថែម ស្តីពីការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ជាពិសេសអូមីក្រុងនៅក្នុងសហគមន៍។
នៅត្រង់ចំណុច ឃ ក្នុងសេចក្តីណែនាំខាងលើ ក្រសួងបានលើកទឹកចិត្តដល់ប្រជាជនទូទៅ និងអ្នករៀបចំការជួបជុំមនុស្ស ឬសកម្មភាពសង្គមដទៃទៀត មានជាអាទិ៍ កម្មវិធីសាសនា កម្មវិធីប្រពៃណី ឬកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីកីឡា ឬកម្មវិធីកំសាន្តប្រមូលផ្តុំនានា ដោយអំពាវនាវឱ្យធ្វើការកាត់បន្ថយចំនួនអ្នកចូលរួម ក្នុងកម្មវិធីទាំងនេះ ឱ្យនៅកម្រិតអប្បបរមា ដើម្បីធានាបាននូវការអនុវត្តន៍វិធានគម្លាតសុវត្ថិភាពបុគ្គល និងសង្គម ក្នុងបរិយាកាសដែលមានរំហូរខ្យល់ ចេញចូលគ្រប់គ្រាន់ស្របតាមស្ថានភាពជាក់ស្តែងនៃទីតាំងកម្មវិធីនីមួយៗ និងរក្សាបាននូវអនាម័យដៃ និងផ្លូវដង្ហើមបានត្រឹមត្រូវ។
ជាមួយគ្នានោះ ក្រសួងបានលើកទឹកចិត្តដល់អ្នករៀបចំកម្មវិធី និងអ្នកចូលរួមទាំងអស់ ធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដោយខ្លួនឯង មុននឹងទៅចូលរួមកម្មវិធីជួបជុំ ក្នុងកម្រិតអប្បបរមាណាមួយ និងមិនត្រូវទៅចូលរួមកម្មវិធីណាមួយនោះ ក្នុងករណីដែលបុគ្គលខ្លួនឯងមិនមានសុវត្ថិភាព ឬមានរោគសញ្ញាសង្ស័យជំងឺកូវីដ-១៩។
ម្ចាស់កម្មវិធីត្រូវចាត់ចែងឱ្យមានការពិនិត្យ លើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងយកសំណាកធ្វើតេស្តអ្នក ដែលពុំទាន់បានធ្វើតេស្តរហ័ស មុនអនុញ្ញាតឱ្យចូលរួមកម្មវិធី ដោយត្រូវរៀបចំក្រុមការងារ ដែលមានសុខភាពល្អ ចេះធ្វើតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ធ្វើការយកវត្ថុសំណាកធ្វើតេស្ត ដោយអនុវត្តទៅតាមការណែនាំពីរបៀបធ្វើតេស្ត ទៅតាមប្រភេទតេស្តរហ័សនីមួយៗ ដោយត្រូវប្រើប្រាស់តែឧបករណ៍តេស្ត ដែលមានការទទួលស្គាល់ពីក្រសួងសុខាភិបាល ព្រមទាំងត្រូវវេចខ្ចប់កាកសំណល់ ដែលបានធ្វើតេស្តរហ័សរួច ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាពមុននឹងយកទៅកំទេចចោល។
ដោយឡែក បុគ្គលដែលត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ ត្រូវអនុញ្ញាតឱ្យត្រឡប់ទៅធ្វើការព្យាបាលនៅផ្ទះ តាមមធ្យោបាយសមស្រប និងមានសុវត្ថិភាព៕
Comments are closed, but trackbacks and pingbacks are open.