មកដឹងទាំងអស់គ្នា! នេះជាទំនាយ ក្នុងថ្ងៃសង្ក្រាន្តទាំង ៣ ថ្ងៃ នៃឆ្នាំខាល ឆ្នាំថ្មី ២០២២
ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ នឹងឈានចូលមកដល់ នៅថ្ងៃព្រហស្បតិ៍ ១៣ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៤ ខែមេសា គ្រិស្តសករាជ ២០២២ វេលាម៉ោង ១០ និង ០០ នាទី។
តាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពីទំនាយតាមថ្ងៃសង្ក្រាន្ត នៃឆ្នាំថ្មី ដូចខាងក្រោម ៖
ទំនាយថ្ងៃមហាសង្ក្រាន្ត ថ្ងៃចូលឆ្នាំ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទំនាយថា៖ ឆ្នាំនោះព្រះរាជា ព្រះសង្ឃរាជគណៈ ព្រឹទ្ធាចារ្យចាស់ស្រុកនឹងមានសេចក្ដីក្ដៅក្រហាយខ្លោចផ្សារចិត្តច្រើនជាអនេក។
ទំនាយថ្ងៃវ័នបត ត្រូវនឹងថ្ងៃ សុក្រទំនាយថា៖ ឆ្នាំនោះម្ទេសនឹងមានតម្លៃ សត្វត្មាត ក្អែក ស្លាប់ដោយជំងឺអាសន្នរោគ សត្វព្រៃទាំងឡាយ នឹងវិនាសអន្តរាយទៅដោយប្រការផ្សេងៗ តែឯស្ត្រីមេម៉ាយនឹងមានលាភ។
ទំនាយថ្ងៃឡើងស័ក ថ្ងៃឡើងស័ក ត្រូវនឹងថ្ងៃសៅរ៍ ទំនាយថា៖ ឆាំ្ននោះពពួកទាហានក្លាហានទាំងឡាយប្រកបដោយសេចក្តីសុខ នឹងមានវិជ្ជាការផ្សេងៗ ទោះបីធ្វើយុទ្ធសង្គ្រាម និង បច្ចាមិត្រគ្រប់ទិសទី និង មានជ័យជំនះគ្រប់ពេលវេលា។ ទឹកភ្លៀងទឹកទន្លេធំ តែមានកើតចោរឃ្មួយ ចោរលួចចោរប្លន់ច្រើន។
ពេលវេលាមហាសង្ក្រាន្ត ចូលឆាំ្ននៅវេលាម៉ោង ១០ ព្រឹក នោះព្រះនាងទេវធីតាឈរ នៅលើពាហនៈ ទំនាយថា ៖ បរិជនទាំងឡាយ នឹងមានសេចក្តីវិបត្តិ ប្រែត្រឡប់ទៅជាប្រការដទៃផ្សេងនានាជាអនេក។ ខុនណាងទាំងឡាយ នឹងក្តៅក្រហាយចិត្តជាអនេកកប្បការ។
គួរឱ្យដឹងផងដែរថា ទេវធីតាដែលនឹងយាងមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោក ឆ្នាំថ្មីនេះ ជាបុត្រីទី ៥ នៃកបិលមហាព្រហ្ម ព្រះនាង ករិណីទេវី គង់នៅចាតុម្មហារាជិកាទ្រង់អម្ពរពណ៌ បៃតង លម្អនៅព្រះកាណ៌ដោយសៀតផ្កាមន្ទា អភរណៈកែវមរកត ភក្សាហារទ្រង់សោយ សណ្ដែក-ល្ង ព្រះហស្តស្ដាំទ្រង់ កង្វេរ ព្រះហស្តឆ្វេងទ្រង់ កាំភ្លើង ទ្រង់គង់ឈរបើកព្រះនេតនៅលើខ្នង ដំរី (គជសារ) ជាយានពាហនៈ៕
Comments are closed, but trackbacks and pingbacks are open.