នៅស្រុកមួយមានលោកតាចាស់ម្នាក់ ភរិយាបានចែកឋានទៅ ហើយត្រូវមករស់នៅជាមួយកូនប្រុស កូនប្រសាស្រី និង ចៅប្រុសតូចម្នាក់។ រាល់ថ្ងៃមនុស្សទាំងគ្រួសារបានមកជុំគ្នាហូបបាយល្ងាចលើតុមួយ ដោយសារតែភាពចាស់ជរានៅលោកតាតែងតែធ្វើឲ្យធ្លាក់ស្លាបព្រាប កំពប់សំលរ ប្រលាក់នេះនោះមិនចប់ ទើបធ្វើកូននិងកូនប្រសារស្រីគាត់ខ្នក់ខ្នាញ់លោកតាជាខ្លាំង ហើយថ្ងៃមួយប្តីប្រពន្ធជាកូនក៏ជំនុំគ្នាថាត្រូវតែបំបែកគាត់ឲ្យទៅហូបបាយនៅមួយកន្លែងគៀនជញ្ជាំងហើយទើបបាន។ ក្រោយពិគ្រោះគ្នារួចពីរនាក់ប្តីប្រពន្ធបានដាក់តុតូចមួយក្បែរជញ្ជាំងឆ្ងាយពីតុបាយ ហើយបានដាក់ម្ហូបអាហារឲ្យគាត់ក្នុងចានឈើមួយដោយមិនបារម្ភខ្លាចបែកចាន។ ខណៈពេលអ្នកគ្រប់គ្នាទទួលទានអាហារពេលល្ងាចយ៉ាងរីករាយ លោកតាទទួលទានបាយលាយទឹកភ្នែកសង្វេកខ្លួនតែម្នាក់ឯងទៅវិញ។ ប្តីប្រពន្ធនោះតែងតែស្តីបន្ទោសឲ្យឪពុកពេលគាត់ធ្វើធ្លាក់សមស្លាបព្រាជាដើម ដែលរាល់ទង្វើបានដាក់ដាំក្នុងចិត្តកូនតូចអាយុរ៤ឆ្នាំដោយមិនដឹងខ្លួន។
ថ្ងៃមួយមុនពេលបាយល្ងាច ឪពុកបានសង្កេតឃើញកូនប្រុសតូចកំពុងលេងបន្ទះឈើមួយនៅលើកំរាលហើយគាត់ក៏សួរកូនប្រុសតូចថា “តើកូនកំពុងធ្វើចេញជាស្អីហ្នឹង?” កូនក្មេងក៏តបដោយទន់ភ្លន់ថា “ខ្ញុំកំពុងធ្វើចានឈើទុកឲ្យប៉ានិងម៉ាក់ញ៉ាំបាយ” ។ និយាយហើយវាក៏បន្តធ្វើទៀត។
ប្តីប្រពន្ធមួយគូនោះបានលឺសម្តីនេះហើយក្នុងចិត្តសែនក្តុកក្តួល ហើយនឹកឃើញពីទង្វើខ្លួនធ្វើលើឪពុកចាស់នោះ បន្តិចក្រោយមកបុរសជាកូនប្រុសលោកតាក៏បាន ទៅដឹកដៃលោកតាមកចូលរួមតុពិសារអាហារពេលល្ងាច ហើយលែងប្រកាន់នូវផលរំខានចិត្តនានាកើតពីលោកតាទៀតហើយ។
កូនក្មេងតែងតែអង្កេតមើលគំរូ ស្តាប់សម្តី ហើយចិត្តគំនិតរបស់គេក៏ដុះដាលតាមអ្វីទាំងនោះដែលគេទទួលបាន។ ប្រសិនបើពួកគេមើលឃើញយើងព្យាយាមបង្ករបរិយាសដល់សមាជិកគ្រួសារនោះ ពួកគេនឹងអាចធ្វើតាមទង្វើល្អៗនោះ។ ឪពុកម្តាយឆ្លាតតែងតែសាងធ្វើជាគំរូដល់កូនបន្តិចម្តងៗក្នុងជីវភាពប្រចាំថ្ងៃ ឲ្យពួកគេក្លាយជាមនុស្សល្អក្នុងសង្គម។
Comments are closed.