មិនមែនតែម្ដងទេ!! William Guang ចេញសកម្មភាពប្លន់ម្ចាស់បុរីមួយនេះ ម្តងរួចមកហើយ នៅខេត្តកំពង់ស្ពឺ តែមិនបានសម្រេច

នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ក្រុមចោរប្លន់ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានបញ្ជូនទៅកាន់តុលាការរាជធានីភ្នំពេញ​ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ហើយក្នុងនោះដែរ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានបង្ហាញវិដេអូសារភាពរបស់មេខ្លោងធំនៅពីក្រោយការប្លន់មួយនេះដែលគេស្គាល់ថាជាលោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង និងជាប្រធានគណៈបក្សខ្មែរក្រោក ដោយលោកបានសារភាពថា៖

កន្លងមកពួកខ្លួនបានធ្វើសកម្មភាពប្លន់ចំនួន០២លើក:

ទី១គឺនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានធ្វើសកម្មភាពប្លន់ ម្ចាស់បុរីម៉នដានី នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ តែមិនបានសម្រេច ព្រោះនៅថ្ងៃធ្វើសកម្មភាព ស្រាប់តែជនរងគ្រោះមិនបាននៅក្នុងឡានដែលពួកខ្លួនបានកាក់ប្លន់ ក៏ក្លែងធ្វើជាសួរនាំក្នុងនាមសមត្ថកិច្ច ហើយពេលនោះខ្លួនមិនបានចូលរួមទេ គឺឲ្យតែកូនចៅ ០៥នាក់ អាវុធវែង០១ដើម អាវុធខ្លី០២ដើម និងក្លែងឯកសណ្ឋានសមត្ថកិច្ច ចុះទៅធ្វើសកម្មភាព។

ទី២ គឺនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ខ្លួនបានប្រើរូបភាពដូចលើកទី១ដែរ គឺក្លែងឯកសណ្ឋានសមត្ថកិច្ច និងក្លែងដីកាបង្គាប់ឲ្យនាំខ្លួន ចុះទៅធ្វើសកម្មភាព ប្លន់យកទ្រព្យសម្បត្តិ នៅផ្ទះអ្នកឡេអនឡានឈ្មោះ អ៊ាន សៀវម៉ី បានសម្រេចដោយប្រមូលបានគ្រឿងពេជ្រមួយចំនួន តែរំលងបានតែ១យប់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញចុះបង្ក្រាបដល់ផ្ទះ ដោយឃាត់ខ្លួនមនុស្សបានចំនួន១២នាក់ អាវុធវែងខ្លីចំនួន០៥ដើមភ្លាមៗ និងគ្រឿងពេជ្រជាច្រើនឈុតត្រឡប់មកវិញ ក្រោយមកឆែកឃើញអាវុធ០១ដើមទៀត លាក់នៅមាត់លូ សរុបដកហូតបានអាវុធ ០៦ដើម។
ក្រោមវិធានការជំនាញ ក្នុងចំណោមមនុស្ស១២នាក់ ដែលឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញអ្នកពាក់ព័ន្ធចំនួន០៤នាក់ និងបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់តែម្តង៕ ប្រភព៖ #PhnomPenhGRK


Comments are closed, but trackbacks and pingbacks are open.