រុស្ស៊ីកំពុងតាមដាន នាវាពិឃាតបំពាល់មីស៊ីលអាមេរិក ដែលកំពុងចល័តក្នុងដែនសមុទ្រខ្មៅ

(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅព្រឹកថ្ងៃចន្ទនេះបានថ្លែងឲ្យដឹងថា កងនាវាប្រចាំការនៅសមុទ្រខ្មៅរបស់ខ្លួន បានធ្វើការតាមដានលើ នាវាពិឃាតបំពាក់មីស៊ីលរបស់អាមេរិកមួយគ្រឿង ដែលបានចូលមកក្នុងដែនទឹកសមុទ្រខ្មៅ កាលពីថ្ងៃអាទិត្យម្សិលមិញ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០។

តាមរយៈសេចក្តីរាយការណ៍ខាងលើ ក្រសួងការពារជាតិរុស្ស៊ី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កងកម្លាំងចំណុះឲ្យកងនាវាចរប្រចាំដែនសមុទ្រខ្មៅ បានចាប់ផ្តើមតាមដាននាវាពិឃាទ USS ផតធើ (USS Porter) របស់សហរដ្ឋអាមេរិក កាលពីពេលវេលាម៉ោង ១៩៖៤៥នាទីយប់ (ម៉ោងនៅក្នុងស្រុក) ថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២០»។

គួរបញ្ជាក់ថា នៅមុននេះមួយថ្ងៃ កងនាវាចរទី ៦ របស់សហរដ្ឋអាមេរិក បានរាយការណ៍ថា នាវាពិឃាទ USS Porter របស់ខ្លួន បានធ្វើដំណើរចូលទៅសមុទ្រខ្មៅ ដើម្បីចូលរួមសមយុទ្ធ ស៊ីប្រ៊ីស ២០២០ (Sea Breeze 2020) ជាមួយប្រទេសអ៊ុយក្រែន។ សមយុទ្ធដែលនឹងចាប់ផ្តើម ចាប់ពីថ្ងៃចន្ទនេះរហូតដល់ថ្ងៃអាទិត្យ ហើយវាត្រូវបានគេរំពឹងថា មានទាហានចូលរួមប្រមាណ ២,០០០នាក់, នាវា ២៧គ្រឿង និងយន្តហោះ ១៩គ្រឿង មកពីប្រទេសចំនួន ០៩ប្រទេស រួមមានប្រទេសប៊ុលហ្គារី ហ្សកហ្ស៊ី អេស្ប៉ាញ ន័រវែស រ៉ូម៉ានី អាមេរិក តួកគី បារាំង និងអ៊ុយក្រែន៕

Comments are closed, but trackbacks and pingbacks are open.