មន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូប ដាក់ពាក្យស្នើសុំលាឈប់ពីការងារ ស្រាប់តែលោក ឯកឧត្ដម ខៀវ កាញារីទ្ធ លើកឡើងថា
បាត់ដំបង ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីៗនេះមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំងក្រោយ លោក លី ឌីនូរី ឋានន្តរសក្តិ វរៈមន្ត្រី ថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដែលសព្វថ្ងៃមានតួនាទីមន្ត្រីសាលាខេត្តបាត់ដំបង បានដាក់ពាក្យស្នើសុំលាឈប់ពីការងារ ដោយសារតែមូលហេតុមិនពេញចិត្តនឹងការបង្កើតបក្ខពួកក្នុងសាលាខេត្តបាត់ដំបង។ដែលនេះបង្កជាការភ្ញាក់ផ្អើលខ្លាំងពេញបណ្ដាញសង្គមហ្វេសប៊ុក
ដែលលោក លី ឌីនូរី បានបំពេញភារៈកិច្ចជាមន្ត្រីរាជការក្របខ័ណ្ឌក្រសួងមហាផ្ទៃ ចាប់តាំងពីឆ្នាំ ២០០៧ មកម្ល៉េះរហូតមកដល់បច្ចុប្បន្ននេះ ប៉ុន្តែបែរជាលោកបានសម្រេចចិត្តដាក់ពាក្យសុំលាឈប់ពីក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលក្រសួងមហាផ្ទៃ ព្រោះតែមូលហេតុនេះ ពុំពេញចិត្តនឹងការបង្កើតបក្ខពួក។ការសម្រេចលាឈប់នៅពេលនេះក៏ធ្វើឡើងស្របគ្នា បន្ទាប់ពីសាលាខេត្តបាត់ដំបង
នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានចេញលិខិតអញ្ជើញលើកទី១ ដល់លោក លី ឌីនូរី មន្ត្រីការិយាល័យគ្រប់គ្រងបុគ្គលិកនៃទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តបាត់ដំបង ដើម្បីចូលមកបំពេញការងារនៃការិយាល័យគ្រប់គ្រងបុគ្គលិក ក្រោយពីអវត្តមានគ្មានច្បាប់អនុញ្ញាតជាប់ៗគ្នារយៈពេល២សប្ដាហ៍កន្លងមក
ក្រោយទទួលបានលិខិតអញ្ជើញលោក លី ឌីនូរី ក៏បានឆ្លើយតបបែបនេះទៅវិញថា ៖ថ្ងៃនេះបានទទួលលិខិតអញ្ជើញលើកទី១របស់រដ្ឋបាលខេត្តបាត់ដំបង។ ខ្ញុំមិនបដិសេដទេ ប៉ុន្តែមានសំណួរខ្លះៗ :
១-តើរយ:កាលកន្លងមកក្រុមអស់លោកធ្វើទុក្ខបុកម្នេញខ្ញុំវាមិនទាន់គ្រប់គ្រាន់មែនទេ?
២-នៅពេលដែលខ្ញុំចូលបំពេញការងារ តើធានាទេមានការងារធ្វើសំរាប់ខ្ញុំដូចមន្រ្តីធម្មតា ?រឺត្រឹមតែចង់អោយខ្ញុំមកអង្គុយអានកាសែតដូចរយៈ:កាលមុន? តើខ្ញុំមានកំហុសអ្វី? ប្រសិនបើមកអង្គុយត្រឹមអានកាសែត ខ្ញុំមិនមកល្អជាង សុខចិត្តសុំលាឈប់ទៅធ្វើការងារឯកជនវិញ។
៣- បក្សពួកនិយមខ្លាំងពេកនាំអោយអន្តរាយដល់ស្ថាប័នរដ្ឋ ។ នេះប្រហែលមកពីខ្ញុំមិនមែននៅក្នុងក្រុមគេទេដឹង?
កន្លែងដែលមានបក្សពួកពេក ខ្ញុំមិនធ្វើការជាមួយទេ សូមជ្រាប ។ ក្រោយឃើញមន្ត្រីរដ្ឋបាលជាន់ខ្ពស់មួយរូបនេះ ដាក់ពាក្យស្នើសុំលាឈប់ ស្រាប់តែលោក ឯកឧត្ដម ខៀវ កាញារីទ្ធ លើកឡើងថា ៖ សោកស្តាយ ឃើញយុវជនម្នាក់ដើរចោលការងាររដ្ឋ ព្រោះយល់ថា មានរឿងបក្ខពួក។
អ្វី ដែលខ្ញុំស្តាយគឺប្អូនគិតថា ពិភពលោកមានតែពណ៌ ២ គត់ គឺ ខ្មៅ និង ស ។ តាមពិត ពណ៌ដែលមានច្រើនបំផុតក្នុងលោក គឺពណ៌ប្រផេះ ។ សម័យនេះ ព្រំដែនដែលខណ្ឌ Teamwork និង បក្ខពួក គឺស្តើងណាស់ សំខាន់តើយើងមានជំនាញអីដែលគេត្រូវការយើងទេ ?៕
Comments are closed, but trackbacks and pingbacks are open.