សារធាតុ Biphenol A នៅក្នុងសម្ភារៈជ័រ ប៉ះពាល់ចំពោះសុខភាពខ្លាំងណាស់!
សម្ភារៈផលិតពីជ័រច្រើនដែលផ្ទុកសារធាតុ Biphenol A ហើយផលិតផលទាំងនោះមានទាំងប្រអប់បាយ ចាន កែវទឹក ធ្វើឡើងពីប្លាស្ទិក ឬជ័រជាដើម។ លោកវេជ្ជបណ្ឌិតផ្នែកទូទៅ លី ឫទ្ធីគុណ បានឲ្យដឹងថា សារធាតុ Biphenol A អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សដូចជាមានជំងឺបេះដូង ប៉ះពាល់ដល់ខួរក្បាល និងបណ្ដាលឲ្យមានមហារីក។
វេជ្ជបណ្ឌិតរូបនោះបន្តទៀតថា បច្ចុប្បន្នមានសម្ភារៈផ្ទុកសារធាតុ Biphenol A (BPA) ដើម្បីខ្ចប់ចំណីអាហារ ដែលមានការពេញនិយមជាខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងប្រុស-ស្រី ព្រោះតែមានភាពងាយស្រួល ហើយមិនសូវយល់ដឹងពីផលប៉ះពាល់នៃសារធាតុនេះ។
ម្ចាស់សេវាថែទាំមនុស្សចាស់តាមគេហដ្ឋានបានបន្តទៀតថា ពេលយកយកចំណីអាហារក្ដៅៗទើបចម្អិនរួចមកដាក់ក្នុងថង់ ចាន ឬប្រអប់ស្នោ ធាតុក្ដៅនឹងបញ្ចេញសារធាតុគីមី Biphenol A នេះជាច្រើន ហើយជាតិពុល នឹងសាយភាយចូលក្នុងម្ហូបអាហារនាំឲ្យប៉ះពាល់ដល់សុខភាពខ្លាំងណាស់។ ក្នុងនោះអាចឲ្យយើងប្រឈមនឹងជំងឺច្រើនដូចជា៖
– មហារីកបំពង់ក
– ជំងឺលើសឈាម
– ជំងឺមហារីក
– បេះដូង
– តម្រងនោម
– អត់មានកូន
– មហារីកសុដន់
– មហារីកក្រពេញប្រូស្តាត
Biphenol A គឺជាសារធាតុគីមីម្យ៉ាងប្រើជាល្បាយសម្រាប់ផលិតរបស់របរប្រើប្រាស់ ដូចជាប្រអប់ប្លាស្ទិកដាក់ម្ហូបអាហារ ដបទឹកជ័រ ប្រអប់អាហារកំប៉ុង ដបទឹកដោះគោទារកជាដើម។ វេជ្ជបណ្ឌិតរូបនោះបានបញ្ជាក់ថា នៅក្នុងដបទឹក និងប្រអប់សម្រាប់ដាក់ម្ហូបអាហារ ធ្វើពីជ័រប្លាស្ទិកបានបញ្ចេញ និងជ្រាបចូលទៅក្នុងអាហារ ឬភេសជ្ជៈ ហើយក៏ចូលទៅក្នុងរាងកាយមនុស្ស។ ដូច្នេះបើយើងចង់ប្រើប្រាស់សម្ភារៈធ្វើអំពីជ័រទាំងនោះ គួរពិនិត្យលើដប ឬកំប៉ុង ដែលមានដាក់អក្សរថា Free BPA នោះទើបមិនមានផលប៉ះពាល់។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
Comments are closed, but trackbacks and pingbacks are open.