គួរចៀសវាងអាហារ ៥ ប្រភេទនេះដាច់ខាត បើចង់ឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពខ្លាំងក្រោយចាក់ហើយ
យោងតាមការស្រាវជ្រាវមួយដែលធ្វើឡើងដោយអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យរដ្ឋ អូហៃអូ និយាយថា របបអាហារដើរតួនាទីយ៉ាងសំខាន់លើរាងកាយ ជាពិសេសគឺកំឡុងពេលចាក់វ៉ាក់សាំងការពារជំងឺ SARS-CoV-2 យើងគួរតែប្រាកដថា អារម្មណ៍និងរាងកាយមានសុខភាពល្អ ។ ដូច្នេះត្រូវទទួលទានអាហារដែលពោរពេញទៅដោយជាតិសរសៃនិងផឹកទឹកឲ្យបានច្រើនជារៀងរាល់ថ្ងៃ ហើយចៀសវាងអាហារខាងក្រោមនេះ៖
១.ពពួកភេសជ្ជៈផ្អែមៗ
អ្នកវិទ្យាសាស្ត្រស្រាវជ្រាវនៅសាលាសុខភាព Harvard T.H. Chan លោក Vasanti S. Malik បានប្រាប់ The New York Times ថាការទទួលទានភេសជ្ជៈផ្អែមៗមិនមានអត្ថប្រយោជន៍ចំពោះសុខភាពទេ ជាពិសេសគឺសម្រាប់អ្នកចាក់វ៉ាក់សាំង។ ក្នុងករណីផ្សេងទៀតអាចធ្វើឲ្យឡើងទម្ងន់ ទឹកនោមផ្អែម ពុកធ្មេញ ខ្លាញ់លើស ឈឺសន្លាក់ បញ្ហាសុខភាពតម្រងនោម ហានិភ័យនៃជំងឺបេះដូងកាន់តែច្រើន កូលេស្តេរ៉ុលខ្ពស់ សុខភាពពោះវៀនខ្សោយ បញ្ហាអរម៉ូន ជាពិសេសអាចឈានទៅរកការបាត់បង់ជាតិទឹក ហើមពោះនិងបង្កើនហានិភ័យនៃការស្លាប់ផងដែរ។
២.ប្រភេទអាហារកែច្នៃ
លោកស្រី Torey Armul អ្នកនាំពាក្យនៃបណ្ឌិត្យសភាអាហាររូបត្ថម្ភនិងរបបអាហារវិទ្យា (AND) និយាយថា “ អាហារដែលកែច្នៃច្រើនតែធ្វើពីគ្រឿងផ្សំច្រើន ដូចជាម្សៅនិងស្ករពណ៌សរួមទាំងខ្លាញ់មិនល្អ ហើយដាក់សារធាតុបន្ថែមដែលបង្កើនកម្រិតជាតិខ្លាញ់សូដ្យូមនិងស្ករដើម្បីរក្សាទុកបានយូរ ” ។ អាហារអស់នោះត្រូវបានផ្លាស់ប្ដូរពីទម្រង់ធម្មជាតិរបស់វា ដោយសារការកែច្នៃចេញពីរោងចក្រ និងត្រូវបានគេដឹងថាជួយជំរុញដល់ភាពធាត់ ដែលអាចជះឥទ្ធិពលដល់របៀបដែលរាងកាយឆ្លើយតបចំពោះវ៉ាក់សាំងកូវីដ ។
៣.ភេសជ្ជៈប៉ូវកម្លាំង
លោក Chris Fernandez នាយកប្រតិបត្តិនៃសុខភាពស្ត្រីនិយាយថា ការទទួលទានភេសជ្ជៈប៉ូវកម្លាំងក្រោយចាក់វ៉ាក់សាំង អាចមានប្រសិទ្ធតិចតួចបំផុតក្នុងការការពារនិងទប់ស្កាត់ពីជំងឺកូវីដ។ ភេសជ្ជៈប៉ូវកម្លាំងត្រូវបានចម្រាញចេញពីសារធាតុរំញោច ដូចជាកាហ្វេអ៊ីននិង Ephedrine ដែលមានផ្ទុកលើសក្រពេញ Adrenal ជាមួយកម្រិតជាតិស្ករសិប្បនិម្មិតរួមទាំងពណ៌ក្លិននិងរសជាតិ ធ្វើឲ្យយើងកាន់តែចង់ទទួលទាន។
៤.អាហារ Fast food
ពពួកអាហារ Fast food ត្រូវបានកែច្នៃខ្ពស់និងពោរពេញទៅដោយជាតិស្ករខ្លាញ់និងអំបិលបន្ថែម ដែលមានដូចជា ប៊ឺហ្គឺ ភីហ្សា សុំាងវិច ភ្លៅមាន់បំពង ដំឡូងបារាំងបំពងដែលទទួលទានហើយបង្កជាផលប៉ះពាល់ដល់សុខភាពជាខ្លាំង បើសិនយើងបានចាក់ថ្នាំការពារទៀត រឹតតែអាក្រក់ចំពោះសុខភាព។ គ្រឿងផ្សំទាំងអស់ដែលនៅក្នុងអាហារនោះ Fast Food នោះនឹងបង្អាក់រាល់សកម្មភាពទាំងនោះចោល។
៥.គ្រឿងស្រវឹង
នៅក្នុងការសិក្សាឆ្នាំ ២០១៨ ការផ្សារភ្ជាប់អ្នកផឹកគ្រឿងស្រវឹងច្រើនជាមួយនឹងការឆាប់ស្លាប់ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្ដី The Lancet អ្នកនិពន្ធបានកត់សម្គាល់ថា “លទ្ធផលរបស់យើងបង្ហាញថា កម្រិតនៃការផឹកដែលមានសុវត្ថិភាពបំផុតគឺគ្មានទេ” ។ ផលប៉ះពាល់ដ៏គ្រោះថ្នាក់នៃការផឹកគ្រឿងស្រវឹងរាល់ថ្ងៃគឺរាប់បញ្ចូលទាំងការឡើងទម្ងន់ ក៏ដូចជាហានិភ័យខ្ពស់នៃជំងឺបេះដូង ហានិភ័យខ្ពស់នៃភាពគ្មានកូន ជំងឺពុកឆ្អឹង ខូចថ្លើម។
បើទោះជាយើងផឹកក្នុងកម្រិតមធ្យមក៏ដោយ ត្រូវប្រាកដថាយើងបានជៀសវាងភេសជ្ជៈមានជាតិអាល់កុលបង្កគ្រោះថ្នាក់បំផុតសម្រាប់រាងកាយ៕
Comments are closed, but trackbacks and pingbacks are open.