ទារិកាអាយុត្រឹមតែ១១ខែម្នាក់បានឆ្លងកូវីដ-១៩ ស្ថិតនៅខេត្តត្បូងឃ្មុំ
ត្បូងឃ្មុំ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅយប់ថ្ងៃទី២៦មីនាកន្លងទៅ បានចេញសេចក្តីប្រកាសព័ត៌មានដល់សាធារណជន ឱ្យដឹងថា មានកុមារីម្នាក់ អាយុ១១ខែ បានឆ្លងជំងឺកូវីដ-១៩ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ មានអាសយដ្ឋាននៅភូមិលាចលើ ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សេចក្ដីប្រកាសដដែល បានបញ្ជាក់ពីមូលហេតុដែលកុមារីខាងលើត្រូវឆ្លងកូវីដនោះថា នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១ កុមារីខាងលើ ត្រូវបានឪពុកម្តាយនាំទៅ«មណ្ឌលសុខភាពជាំ» ដោយសារជំងឺរលាកផ្លូវដង្ហើម។
បន្ទាប់មកនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ ឪពុកម្តាយ និងកុមារីដដែល ក៏ទៅពិនិត្យជំងឺនៅផ្ទះពេទ្យនៅ ភូមិម៉ាស៊ីនទឹក ឃុំមេមត់ តែដោយសារឪពុកមានជំងឺគ្រុនក្តៅ លោកគ្រូពេទ្យបានព្យួរសេរ៉ូម ហើយបានអោយត្រលប់ទៅផ្ទះវិញក្នុងថ្ងៃដដែល។
នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ម្តាយមីងពីរនាក់ បានធ្វើដំណើរមកពីភ្នំពេញសួរសុខទុក្ខកុមារីខាងលើ។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ ឪពុករបស់កុមារី បានទៅមណ្ឌលសុខភាពជាំ ដោយសារមានជំងឺក្តៅខ្លួន។បន្ទាប់មក នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១១ វេលាម៉ោង៩ព្រឹក ឪពុកម្តាយ និងកុមារី បានមកពិនិត្យជំងឺនៅផ្ទះ ពេទ្យ ជិន ប៊ុនធឿន នៅភូមិត្បូងវត្ត ឃុំមេមត់ ដោយសារឪពុកមានជំងឺគ្រុនក្តៅ ប៉ុន្តែគ្រូពេទ្យមិនទទួលអោយសម្រាក ហើយនៅម៉ោង១០ព្រឹកនៅថ្ងៃដដែល ពួកគាត់បានទៅ«មន្ទីរសម្រាកព្យាបាលមេឌីកា២៤ម៉ោង» ដើម្បីព្យាបាលឪពុកដែលមានជំងឺគ្រុនក្តៅ។នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឪពុកម្តាយ និងកុមារី ត្រូវបានគេឱ្យយកសំណាកទៅតេស្ត ដោយសារ«គ្លីនិកមេឌីកា»នោះ មានជាប់ពាក់ព័ន្ធនឹងអ្នកដែលបានឆ្លងកូវីដ-១៩ រួចហើយ ឈ្មោះ «ឡេង ពៅ» ដែលឆ្លងកូវីដ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១១ កន្លងទៅ ដែលធ្លាប់ចូលទៅព្យាបាលនៅគ្លីនិកនោះ ចាប់តាំងពីថ្ងៃទី១៥-១៧ ខែមីនាកន្លងទៅ។ ជាលទ្ធផលនៃការធ្វើតេស្តសំណាករកកូវីដ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ បានរកឃើញថា ឪពុកម្តាយមិនឆ្លងកូវីដនោះទេ តែជាកុមារីដែលមានអាយុត្រឹមតែ១១ខែ បានឆ្លងកូវីដ-១៩ទៅហើយ។ដើម្បីជ្រាបកាន់តែច្បាស់សូមអានសេចក្តីប្រកាស់របស់រដ្ឋបាលខេត្តត្បូងឃ្មុំខាងក្រោម៖
Comments are closed, but trackbacks and pingbacks are open.