អភិបាលរងក្រុងស្វាយរៀង ឆ្លងកូវីដ-១៩, អ្នកពាក់ព័ន្ធសូមរាយការណ៍ទៅមន្រ្តីសុខា​ភិបាល

ស្វាយរៀង៖ អភិបាលរងក្រុងស្វាយរៀង លោក សរ សុដានី បានឆ្លងជំងឺកូវីដ-១៩ ដែល​បាន​និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ខណៈលោកបានសូមអ្នកបាន​ប៉ះពាល់ជាមួយលោកដោយផ្ទាល់ ឬដោយប្រយោល ឱ្យរាយការណ៍ជូនមន្រ្តីសុខា​ភិបាល និងអាជ្ញាធរ ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។

សូមរម្លឹកថា កាលពីរសៀលថ្ងៃទី៣០ ខែមីនា រដ្ឋបាលខេត្តស្វាយរៀង បានចេញសេចក្ដីជូនដំណឹងស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ លើលោក សរ សុដានី អាយុ៣៩ឆ្នាំ មានតួនាទីអភិបាលរងក្រុងស្វាយរៀង រស់នៅក្រុងស្វាយរៀង និងការប៉ះពាល់ប្រជាពលរដ្ឋផ្សេងទៀត នៅក្នុងខេត្តស្វាយរៀង។ ក្នុងលិខិតបញ្ជាក់ថា នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១កន្លងមក លោក សរ សុដានី រូបានប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិចិន ២នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ និងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាក ដើម្បីធ្វើតេស្ត នៅវិទ្យាស្ថានសុខភាពសាធារណៈ លទ្ធផលវិជ្ជមានជំងឺកូវីដ-១៩ ហើយក្រុមការងារបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ នៅយប់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។ ក្រុមការងារបានស្រាវជ្រាវរកឃើញ អ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលជាមួយលោក សរ សុដានី ចំនួន១០៥នាក់ ស្រី២៩នាក់ ក្នុងនោះ។ អ្នកប៉ះពាល់ផ្ទាល់ ៤៤នាក់ ស្រី៨នាក់ បានយកវត្ថុវិភាគសំណាកចំនួន៦នាក់ នៅសល់៣៨នាក់ រង់ចាំក្រុមការងារយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងអ្នកប៉ះពាល់ប្រយោល ៦១នាក់ ស្រី២១នាក់ ធ្វើចត្តាឡីស័កនៅតាមផ្ទះ។ រដ្ឋបាលខេត្តស្វាយរៀង និងលោក សរ សុដានី សូមឱ្យអ្នកដែលពាក់ព័ន្ធ ឬដឹងខ្លួនថា ខ្លួនបានប៉ះពាល់ដោយផ្ទាល់ ឬប្រយោលជាមួយលោក ចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ត៕

Comments are closed, but trackbacks and pingbacks are open.