សម្តេចតេជោ ហ៊ុន សែន ព្រមាននិងប្រតិកម្មយ៉ាងខ្លាំងចំពោះរដ្ឋមន្រ្តីក្រសួងកសិកម្ម ករណីដំឡើងថ្លៃសាច់ជ្រូកស្រេចតែចិត្ត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ព្រមាននិងប្រតិកម្មយ៉ាងខ្លាំងចំពោះរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចេះធ្វើការសហការជាមួយស្ថាប័នដទៃ ជាពិសេសគឺករណីជ្រូកនេះតែម្តង ដោយនាពេលកន្លងទៅ រដ្ឋមន្រ្តីក្រសួងរូបនេះ បានធ្វើការ មិនចេះស្តាប់គេស្តាប់ឯង ដោយបណ្តោយឲ្យដំឡើងថ្លៃស្រេចតែចិត្ត ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ជាដើមនោះ។
ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ធ្វើឡើងនៅក្នុងពិធីអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២នេះនៅសណ្ឋាគារសុខាភ្នំពេញ។
សម្តេចតេជោ បានលើកឡើងថា តាមរយៈលិខិតឆ្លើយឆ្លងគ្នារវាងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺឯកឧត្តម វេង សាខុន និងរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត្ន នាពេលកន្លងទៅនោះ បានធ្វើឲ្យសម្តេចក្រៅក្រហាយខ្លាំងដោយសារតែរដ្ឋមន្រ្តីក្រសួងសិកម្ម មិនព្រមធ្វើការជាមួយគេដោយបានបណ្តោយឲ្យសាច់ជ្រូកឡើងថ្លៃស្រេចតែចិត្តរបស់ឈ្មួញ។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានស្នើដល់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរូបនេះ ត្រូវបង្កើតគណៈកម្មការជាមួយក្រសួងនានា ជាបន្ទាន់ដើម្បីធ្វើការដោះស្រាយឲ្យបានសមស្របលើករណីតម្លៃជ្រូក ដែលកំពុងមានបញ្ហានាពេលបច្ចុប្បន្ននេះផងដែរ ដើម្បីធ្វើយ៉ាងណាកុំឲ្យបងប្អូនប្រជាពលរដ្ឋ មានការធុញទ្រាន់បន្តទៀតនោះ៕
Comments are closed, but trackbacks and pingbacks are open.