អ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ៩១នាក់ ដែលភាគច្រើនកើតនៅរាជធានីភ្នំពេញ !!!

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ រកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩ចំនួន ៩១នាក់ទៀត ក្នុងនោះ ៩០នាក់ ជាករណីឆ្លងសហគមន៍២០កុម្ភៈ ដែលភាគច្រើនមាននៅភ្នំពេញ និង១នាក់ទៀតជាករណីនាំចូល ខណៈមានអ្នកជំងឺ ៣០នាក់ បានជាសះស្បើយនាព្រឹកនេះ។ តាមក្រសួងបានបញ្ជាក់ថា អ្នកឆ្លងជំងឺកូវីដ-១៩ ដែលពាក់ព័ន្ធក្នុងសហគមន៍២០កុម្ភៈ ទាំង ៩០នាក់នោះ គឺកើតនៅលើស្ត្រី-បុរសជនជាតិខ្មែរ និងស្រ្តីជនជាតិវៀតណាមម្នាក់។ ចំពោះ អ្នកជំងឺទាំងអស់នេះ មាននៅភ្នំពេញ ៧៨នាក់ ,ខេត្តតាកែវ ៤នាក់ ,ខេត្តស្វាយរៀង ៣នាក់ ,ខេត្តពោធិ៍សាត់ ១នាក់ , ខេត្ត​ព្រៃវែង ១នាក់ ,ខេត្តត្បូងឃ្មុំ ១នាក់, កំពង់ចាម ១នាក់ និងខេត្ត​ប៉ៃលិន ១នាក់។ បច្ចុប្បន្ន អ្នកជំងឺទាំង ៩០នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាល​ នៅមន្ទីរ ពេទ្យតាមបណ្ដាខេត្ត​-ក្រុងនីមួយៗ និងនៅសណ្ឋាគារThe Great Duke។ ដោយឡែកចំពោះករណីនាំចូលវិញ គឺជាបុរសជនជាតិឥណ្ឌូនេស៊ី អាយុ ៣៣ឆ្នាំ ស្នាក់នៅ​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី០៥ ខែមេសា។ បុរសរូបនេះ បច្ចុប្បន្ន ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ សណ្ឋាគារThe Great Duke រាជធានីភ្នំពេញ។ជាមួយគ្នានេះ ក្រសួងក៏បានប្រកាសពីករណីជាសះស្បើយ ៣០នាក់ផងដែរ ដោយក្នុងនោះ មាន ២៩នាក់ ជាអ្នកឆ្លងក្នុងសហគមន៍ និងម្នាកទៀត ជាអ្នកដំណើរចូលមកកម្ពុជា គឺជនជាតិ​ឥណ្ឌូនេស៊ី អាយុ ៣០ឆ្នាំ ស្នាក់នៅ​ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ បានធ្វើដំណើ​រមកដល់​កម្ពុជានៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ អ្នកជាសះស្បើយទាំង ៣០នាក់ នោះមាន ជនជាតិ​ខ្មែរ ចិន និងជនជាតិវៀតណាម ដែលមានអាសយដ្ឋាននៅភ្នំពេញ ខេត្តកណ្ដាល ព្រៃវែង ត្បូងឃ្មុំ និងខេត្តកោះកុង។សូមជម្រាបថា គិតត្រឹមថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកឆ្លងជំងឺកូ វីដ-១៩ សរុប ២៩១៥នាក់ ក្នុងនោះមានចំនួន ២៣៨៣នាក់ ជាករណីសហគមន៍២០កុម្ភៈ។ ចំណែកឯ អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាលមានចំនួន ១០៦៤នាក់ និងចំនួន ១៨២៤នាក់ បានជាសះ​ស្បើយ​​ឡើងវិញ ខណៈអ្នកជំងឺ ២២នាក់ បានស្លាប់បាត់បង់ជីវិត៕

Comments are closed, but trackbacks and pingbacks are open.