តារាជើងចាស់ បេ វណ្ណារ៉ា វ័យជាង ៦០ ឆ្នាំ តែសម្រស់នៅចាំ សុខភាពមាំទាំ ប្រឡូកសិល្បៈដូចដើម
បើនិយាយដល់តួកុនខ្មែរផ្នែកបុរសជំនាន់ឆ្នាំ ៨០-៩០ ច្បាស់ណាស់ ប្រិយមិត្តនឹងនឹកឃើញដល់វត្តមានតារាប្រុស ទេព រិន្ទដារ៉ូ ខៃ ប្រសិទ្ធ ច័ន្ទ រិទ្ធមេធានី យុត្ថារ៉ា ឆានី ពេជ្រ ភារុន យស បូវណ្ណៈ និង តារាប្រុសជាច្រើនរូបទៀត ហើយក្នុងនេះក៏មានលោក បេ វណ្ណារ៉ា ម្នាក់ផងដែរ ដែលតារាប្រុសទាំងអស់នេះ សុទ្ធសឹងតែជាតួឯកប្រុសដ៏ល្បីល្បាញ មានទេពកោសល្យ និង ការសម្តែងធ្វើឱ្យមហាជនជនចងចាំមិនភ្លេច ។
យ៉ាងណាមិញ បន្ទាប់ពីវិស័យសម្តែងភាពយន្តខ្មែរបានធ្លាក់ចុះខ្លាំងកាលពីជំនាន់ឆ្នាំ ២០០០ នោះ បានធ្វើឱ្យទីផ្សាររបស់តារាសម្តែងខាងលើស្ងប់ស្ងាត់ ដែលធ្វើឱ្យតារាប្រុសខ្លះបង្ខំចិត្តដើរចេញពីវិស័យសិល្បៈ ទៅប្រកបអាជីពផ្សេង និង ខ្លះទៀតក៏បានសម្រេចចិត្តចេញទៅរស់នៅក្រៅប្រទេសដើម្បីបង្កើតជីវភាពថ្មី។ យ៉ាងណា ក្រឡេកទៅមើលលោក បេ វណ្ណារ៉ា វិញនោះ គឺមិនទៅណាឆ្ងាយពីស្រុកកំណើតនោះឡើយ ពោលគឺលោកបានបន្តអាជីពជាតារាសម្តែងក្នុងស្រុកខ្មែរដូចដើម។
លោក បេ វណ្ណារ៉ា មិនត្រឹមតែមានសមត្ថភាពក្នុងការសម្តែងនោះឡើយ តែលោកក៏ជាសិល្បករផ្នែកបុរាណ ចេះទាំងរបាំ និង ចម្រៀងទៀតផង។ កាលនោះគេចាំបានថា អំឡុងឆ្នាំ ២០០០ ជាង លោក បេ វណ្ណារ៉ា ទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងជាថ្មី ក្រោយបានចូលរួមសម្តែងចម្រៀងកាយវិការក្នុងរឿង «ម៉ាក់ថឺង» ជាតួអង្គ ម៉ាក់ថឺង ផ្ទាល់ ព្រមទាំងបានបកស្រាយបទចម្រៀងជាច្រើនទៀតផង។
មកទល់ពេលនេះ តារាសម្តែងជើងចាស់រូបនេះ ក៏បានបោះជំហានចូលប្រឡូកមកកាន់វិស័យសិល្បៈជាថ្មីហើយ ក្រោយពីបាត់មុខមួយរយៈចាយជីវិតយ៉ាងសាមញ្ញ។ ការត្រឡប់មកកាន់សិល្បៈជាថ្មីនេះ តារាជើងចាស់វ័យប្រមាណជាង ៦០ ឆ្នាំរូបនេះ ត្រូវបានមហាជនអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា លោក បេ វណ្ណារ៉ា នៅតែមានសមត្ថភាពដូចដើមក្នុងវិស័យសិល្បៈ។ លើសពីនោះ និយាយពីសម្រស់ក៏នៅសង្ហា សុខភាពមាំទាំ បើទោះជាលោកមានដល់កូន កូនប្រសារ ចៅប្រុស ចៅស្រីហើយក្តី៕
Comments are closed, but trackbacks and pingbacks are open.