កូនខ្មែរអស្ចារ្យមែន​ !! កូនខ្មែរបានយកគ្រឿងបន្លាស់ម៉ូតូចាស់ៗធ្វើរូបចម្លាក់ដ៏ទាក់ទាញបំផុត….

ក្រៅពីមន្ត្រីរាជការ បម្រើការងារនៅវិទ្យាស្ថានជាតិអប់រំ លោក អ៊ូ វណ្ណឌី គឺជាសិល្បៈករសូន្យរូបផ្នែកចម្លាក់ទំនើប ដ៏ល្បីល្បាញមួយរូប ដែលលោកបានធ្វើឱ្យមហាជនបានស្គាល់ពីស្នាដៃ ការច្នៃប្រឌិត និង ទេពកោសល្យរបស់លោកក្នុងការធ្វើរូបចម្លាក់ផ្សេងៗពីគ្រឿងបន្លាស់ម៉ូតូ រថយន្ត និង សម្ភារផ្ទះបាយចាស់ៗឱ្យចេញជារូបផ្សេងៗបានយ៉ាងស្រស់ស្អាត និង ទាក់ទាញបំផុត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ូ វណ្ណឌី គឺជាអតីតនិស្សិតសិល្បៈសូន្យរូបផ្នែកចម្លាក់ទំនើប នៅមហាវិទ្យាល័យសិល្បៈសូន្យរូប( សាលារចនា ក្បែរព្រះបរមរាជវាំង) ដែលលោកបានបញ្ចប់ការសិក្សា នៅឆ្នាំ ២០០៥ ។ ពេលជួបជាមួយ «ប្រជាប្រិយ» លោក អ៊ូ វណ្ណឌី បានមានប្រសាសន៍ថា ខ្ញុំចាប់ផ្តើមធ្វើរូបចម្លាក់នេះ ចាប់តាំងពីឆ្នាំ ២០០៣មកម្ល៉េះ ដោយនៅក្នុងឆ្នាំ ២០០២មានអង្គការមួយ បានទាក់ទងសិស្សពីសាលាសូន្យរូប យកទៅបង្រៀនផ្សារដែក កាត់ដែក ស្លដែក ។ កាលពីចាប់ផ្តើមធ្វើមុនដំបូង គឺយើងចាប់ផ្តើមធ្វើរូបផ្សេងៗពីកាកសំណល់ជាតិផ្ទះ ដែលនៅសេសសល់ពីសម័យសង្គ្រាម ជាមួយ អង្គការ PEASE Art Cambodia ដែលខ្ញុំបានធ្វើការនៅក្នុងអង្គការនោះ រយៈពេល៤ឆ្នាំ ទើបចប់គម្រោង ។ បន្ទាប់មក យើងមានគម្រោងមួយទៀតរបស់ជប៉ុន ដែលយើងបានធ្វើនាគរាជ និង ការអភិវឌ្ឍន៍នៅខេត្តបាត់ដំបង ដែលពួកខ្ញុំបានធ្វើ ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក អ៊ូ វណ្ណឌី បានបន្តទៀតថា ខ្ញុំបានចាប់ផ្តើមធ្វើខ្លួនឯង ជាពីរដំណាក់កាល ដោយនៅឆ្នាំ ២០១៧ -២០១៨ ខ្ញុំបានធ្វើម្តង ប៉ុន្តែមិនទាន់មានការគាំទ្រ ខ្ញុំក៏បានផ្អាកទៅវិញទៅ ទើបនៅដើមឆ្នាំ ២០១៩កន្លងទៅថ្មីៗនេះ ទើបខ្ញុំចាប់ផ្តើមធ្វើរូបធំៗដើម្បីឱ្យមានការចាប់អារម្មណ៍ពីមហាជនវិញ ។ រូបដែលខ្ញុំចាប់ផ្តើមធ្វើឡើងវិញនោះគឺរូប ព្រះពុទ្ធ បដិមា ដែលធ្វើពីស្ពាន ឱ្យសណ្ឋាគារមួយនៅខេត្តព្រះសីហនុ ។ បន្ទាប់មកទៀត ស្ថានទូតបារាំងបានចាប់អារម្មណ៍ជាមួយស្នាដៃខ្ញុំ ក៏បានហៅខ្ញុំចូលរួមតាំងពិព័រនៅស្ថានទូត ខ្ញុំក៏បានធ្វើរូបគោព្រៃមួយមានកម្ពស់ ២,៥០ម៉ែត្រ និង បណ្តោយ ៣ម៉ែត្រ , បន្ទាប់មកទៀតខ្ញុំបានធ្វើរូបផ្សេងៗទៀតប្រហែលពី ១៥ទៅ ២០រូបទៀត ដើម្បីចូលរួមតាំងពិព័រ នៅវិទ្យាស្ថានបារាំង ។ បន្ទាប់ពីខ្ញុំចាប់ផ្តើមធ្វើរូបឡើងវិញ នៅក្នុងឆ្នាំ ២០៩ រហូតមកដល់ពេលនេះគឺ មានរូបចំនួន ២៧រូប ភាគច្រើនជារូបធំៗ ដែលមានកម្ពស់ចាប់ពី ២,៥០ម៉ែត្រឡើងទៅ ។ ក្នុងចំណោមរូបទាំងអស់នោះគឺភាគច្រើនយើងធ្វើពីគ្រឿងបន្លាស់ម៉ូតូចាស់ៗ គ្រឿងបន្លាស់ឡានខ្លះ គ្រឿងសម្ភារផ្ទះបាយខ្លះ ដែលយើងបានយកមកដើម្បីបង្កើតជារូប ដូចជាក្បាលដំរី និង រូបផ្សេងៗជាច្រើនទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងការធ្វើរូបនិមួយៗគឺមានការពិបាកច្រើនណាស់គឺទី ១ ទាក់ទងនឹងការ ការពារខ្លួន ពេលដែលយើងធ្វើប្រសិនបើមិនពាក់ម៉ាស់ ឬ វ៉ែនតា អត់ពាក់ សោមដៃ និង អត់ពាក់ស្បែកជើងទេ វាអាចឆក់ វាអាចខូចភ្នែក វាអាចខូចសួត ។ ទី២ ប្រសិនបើយើងមិនមានការប្រុងប្រយ័ត្ននោះ វាអាចបែកផ្លែកាត់ ឆក់ ឬ មុតជាដើម ។ទី ៣ យើងមានការពិបាកក្នុងការដើររកសម្ភារទាំងអស់នោះដែរ ។ រូបធំៗដែលយើងបានធ្វើនោះគឺប្រើរយៈពេល ៤ខែ ទើបរួចរាល់ មានរូបខ្លះរហូតដល់ ៥ខែកន្លះក៏មាន រាល់ថ្ងៃនេះមានក្រុមការងារចំនួន ៣នាក់ ។ ​គ្រឿងបន្លាស់ម៉ូតូចាស់ៗ ភាគច្រើនគឺគេឱ្យខ្ញុំខ្លះដែរ ហើយខ្លះទៀតទៅទិញពីកន្លែងអេតចាយ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពីមុនខ្ញុំធ្វើរូបតូចៗមិនសូវមានការចាប់អារម្មណ៍ច្រើននោះទេ ប៉ុន្តែនៅពេលខ្ញុំចាប់ផ្តើមធ្វើរូបធំៗទើបមានការចាប់អារម្មណ៍ច្រើន ។ ក្នុងចំណោមរូប ដែលធ្វើបានទាំងអស់នោះលក់បានប្រហែល៧រូបប៉ុណ្ណោះ ។ ចំពោះតម្លៃលក់វិញ គឺ រូបដែលមានតម្លៃទាបបំផុតចាប់ ៣០០ដុល្លារ រហូតដល់ តម្លៃ ២ម៉ឺនដុល្លារ រូបចម្លាក់ ដែលលក់ដាច់ទាំងប៉ុន្មាននោះគឺលក់ដាច់នៅមុនកូវីដ នៅពេលកូវីដចូលរាតត្បាត មានការកម្ម៉ង់តែរូបក្បាលដំរីចំនួន ២ និង រូបហនុមាណប៉ុណ្ណោះ ប៉ុន្តែតម្លៃក៏សមរម្យដែរ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បច្ចុប្បន្ននេះ រោងជាងធ្វើរូបចម្លាក់របស់លោក អ៊ូ វណ្ណឌី មានទីតាំងស្ថិតនៅភូមិ ព្រែកពោរ ឃុំលម្ហែរ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ជាមួយគ្នានេះ លោកក៏បានធ្វើការសំណូមពរដល់ប្រជាពលរដ្ឋឱ្យជួយគាំទ្រស្នាដៃរបស់លោកផង ដើម្បីឱ្យរូបលោកមានកម្លាំងចិត្តក្ុងការធ្វើវាបន្តទៀត ។ បើបងប្អូនមានការចាប់អារម្មណ៍ និង ចង់ទាក់ទងទិញរូបចម្លាក់របស់លោកនោះ អាចទាក់ទងទៅលោក ដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ៖ ០១៥ ៤៧៧៧ ៩៥ ៕

Comments are closed, but trackbacks and pingbacks are open.