ត្រៀមខ្លួនទៅ! ភ្នំពេញនិងកណ្ដាលចាក់រួចហើយ ខេត្ត១១នេះ នឹងចាប់ផ្ដើមចាក់វ៉ាក់សាំង ក្នុងពេលឆាប់ៗ
ដើម្បីការពារសុខមានលភាពរបស់ប្រជាជនជនខ្មែរ និងដើម្បីរួមចំណែកគ្រប់គ្រងឱ្យបាននូវការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងប្រទេសកម្ពុជា រាជរដ្ឋាភិបាលកាលពីដើមខែឧសភា ឆ្នាំ២០២១កន្លងទៅនេះ បានសម្រេចដាក់ចេញឱ្យប្រើប្រាស់នូវ «ផែនការយុទ្ធសាស្រ្តយុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ សំដៅបង្កើតឱ្យបានភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១»។
ដើម្បីសម្រេចបាននូវ«យុទ្ធនាការជាតិចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅតំបន់អាទិភាពខ្ពស់ សំដៅបង្កើតឱ្យបាននូវភាពស៊ាំសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក្នុងឆ្នាំ២០២១»និងយោងលើលទ្ធផលនៃយុទ្ធនាការចាក់វ៉ាក់សាំងកន្លងមក ការចាក់វ៉ាក់សាំងបង្កើតភាពស៊ាំនៅក្នុងតំបន់អាទិភាព ត្រូវរៀបចំឡើងជា ៣ ជំហាន អនុលោមតាមអភិក្រម «ផ្ការីក» ចាប់ផ្ដើមចេញពីរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេស ហើយពង្រីកចេញទៅតាមភាពសំខាន់នៃតំបន់ និងភាពប្រទាក់ក្រឡាគ្នានៃសង្គម-សេដ្ឋកិច្ចនៅក្នុតំបន់អាទិភាពខ្ពស់ទាំងអស់ដូចខាងក្រោម៖
ជំហានទី ១-ពីខែ ឧសភា ដល់ពាក់កណ្ដាលខែ កក្កដា ឆ្នាំ២០២១ : ផ្ដោតលើក្រុមប្រជាជនទាំងអស់ ចាប់ពីអាយុ ១៨ ឆ្នាំឡើងទៅ ដែលធ្វើការ និង រស់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលទាំងមូល (គ្របដណ្ដប់ប្រមាណ ២៥ ក្រុង/ស្រុក/ខណ្ឌ) ដែលមានចំនួនសរុបជិត ២,៥ លាននាក់ និងត្រូវការវ៉ាក់សាំងចំនួនជិត ៥លានដូស;
ជំហានទី ២-ពីពាក់កណ្ដាលខែ កក្កដា ដល់ខែ កញ្ញា ឆ្នាំ២០២១ : ផ្ដោតលើក្រុមប្រជាជនទាំងអស់ ចាប់ពីអាយុ ១៨ ឆ្នាំឡើង ដែលធ្វើការ និងរស់នៅក្នុងខេត្តចំនួន ១១ គ្របដណ្ដប់ ៣៣ ក្រុង/ស្រុក (តាកែវ, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, ព្រៃវែង, ក្រុងព្រះសីហនុ, ស្វាយរៀង, សៀមរាប, បន្ទាយមានជ័យ, កែប, និងកំពត) ដែលមានចំនួនសរុបជាង ២លាននាក់ និងត្រូវការចាក់វ៉ាក់សាំងចំនួនជាង ៤លានដូស
ជំហានទី ៣- ពីខែ តុលា ដល់ខែ វិច្ឆិកា ឆ្នាំ២០២១ : ផ្ដោតលើក្រុមប្រជាជនទាំងអស់ ចាប់ពីអាយុ ១៨ ឆ្នាំឡើង ដែលធ្វើការ និងរស់នៅក្នុងខេត្តចំនួន ១២ គ្របដណ្ដប់ ១២ ក្រុង/ស្រុក (កោះកុង, ឧត្ដរមានជ័យ, ប៉ៃលិន, ពោធិ៍សាត់, បាត់ដំបង, ស្ទឹងត្រែង, ត្បូងឃ្មុំ, រតនគិរី, ព្រះវិហ៊ារ, កំពង់ធំ, ក្រចេះ និង មណ្ឌលគិរី) ដែលមានចំនួនសរុបជាង ៤,៤សែននាក់ និងត្រូវការចាក់វ៉ាក់សាំងចំនួនជាង ៩ សែនដូស។
គួរគូសបញ្ជាក់បន្ថែមថា ជាគោលការណ៍ កំណត់នូវជំហាន និង ថិរវេលាខាងលើនេះ មានលក្ខណៈជាការចង្អុលបង្ហាញ ដើម្បីងាយប៉ាន់ប្រមាណលទ្ធភាពក្នុងការអនុវត្តប៉ុណ្ណោះ។ ដោយឡែក ការអនុវត្តជាក់ស្ដែងអាចមានវិសាលភាព និងល្បឿន ខុសពីជំហាន និងថិរវេលាចង្អុលបង្ហាញខាងលើ អាស្រ័យម៉្យាង លើសមត្ថភាពក្នុងការអនុវត្តផែនការចាក់វ៉ាកស់ាំង និងម្យ៉ាងទៀត លើបរិមាណ និងល្បឿននៃការទទួលបានវ៉ាក់សាំង។ ជាគោលដៅរួម សម្រាប់យុទ្ធនាការជាតិចាក់វ៉ាក់សាំងនៅក្នុងតំបន់អាទិភាពខ្ពស់នេះ គឺត្រូវសម្រេចឱ្យបាននូវក្នុងឆ្នាំ២០២១នេះ កាន់តែឆាប់ កាន់តែប្រសើរ។
ជាមួយគ្នានេះដែរ បើគិតមកទល់នឹងពេលនេះ កម្ពុជាសម្រេចបាននូវការចាក់វ៉ាក់សាំងកូវីដ១៩ គិតត្រឹមថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មាន ២៩,៤០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។
យក្នុងនោះ អ្នកចាក់វ៉ាក់សាំងបានមួយដូស មានចំនួន ២,៩៩៤,៨៦៧នាក់ ខណៈអ្នកចាក់បាន២ដូសមានចំនួន ២,៤៨៨,៨៩០ នាក់។ យ៉ាងណាមិញ ក្រោយពីបញ្ចប់ការចាក់វ៉ាក់សាំងជំហានទី១ នៅក្នុងភ្នំពេញនិងខេត្តកណ្ដាល ជំហានទី២ គឺនឹងចាប់ផ្ដើមចាក់នៅក្នុងខេត្តទាំង១១ ដូចដែលបានរៀបរាប់ខាងលើ៕
សូមអានផែនការពេញចំនួន ២២ទំព័រខាងក្រោមនេះលម្អិតបន្ថែម៖
Comments are closed, but trackbacks and pingbacks are open.